ព្រះជាម្ចាស់ជ្រាបច្បាស់នូវមាគ៌ាដែលខ្ញុំដើរ ប្រសិនបើព្រះអង្គល្បងលមើលខ្ញុំ ព្រះអង្គមុខជាឃើញថា ខ្ញុំប្រៀបបាននឹងមាសសុទ្ធ។
១ ពេត្រុស 1:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទុក្ខលំបាកទាំងនេះនឹងលត់ដំ ជំនឿរបស់បងប្អូន ឲ្យមានតម្លៃលើសមាស ដែលតែងតែរលាយសូន្យនោះទៅទៀត គឺមាសដែលសម្រាំងក្នុងភ្លើង។ នៅថ្ងៃដែលព្រះយេស៊ូគ្រិស្តសម្តែងខ្លួនឲ្យមនុស្សលោកឃើញ ជំនឿរបស់បងប្អូននឹងទទួលការសរសើរ ទទួលសិរីរុងរឿង និងកិត្តិយសជាមិនខាន។ ព្រះគម្ពីរខ្មែរសាកល ដើម្បីឲ្យជំនឿដែលត្រូវបានពិសោធរបស់អ្នករាល់គ្នា (ជាជំនឿដែលមានតម្លៃជាងមាសដែលរមែងតែងតែសាបសូន្យ ទោះបីជាត្រូវពិសោធដោយភ្លើងក៏ដោយ) ត្រូវបានចាត់ទុកថាសមនឹងការសរសើរ សិរីរុងរឿង និងកិត្តិយស នៅពេលព្រះយេស៊ូវគ្រីស្ទត្រូវបានសម្ដែងឲ្យឃើញ។ Khmer Christian Bible ក៏ដើម្បីឲ្យជំនឿរបស់អ្នករាល់គ្នាដែលវិសេសជាងមាសដែលតែងតែខូច ទោះបីបានសាកដោយសារភ្លើងក៏ដោយ ឃើញថាស្មោះត្រង់ និងបានទទួលការសរសើរ សិរីរុងរឿង និងកិត្ដិយសនៅថ្ងៃដែលព្រះយេស៊ូគ្រិស្ដយាងមក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដើម្បីឲ្យជំនឿដ៏ពិតឥតក្លែងរបស់អ្នករាល់គ្នា កាន់តែមានតម្លៃវិសេសជាងមាសដែលតែងតែខូច ទោះបើបានសាកនឹងភ្លើងក៏ដោយ ហើយអាចទទួលបានការសរសើរ សិរីល្អ និងកេរ្តិ៍ឈ្មោះ នៅពេលព្រះយេស៊ូវគ្រីស្ទលេចមក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដើម្បីឲ្យការសាកលសេចក្ដីជំនឿនៃអ្នករាល់គ្នា ដ៏វិសេសជាងមាសដែលតែងតែខូច ទោះបើបានសាកនឹងភ្លើងក៏ដោយ នោះបានឃើញសំរាប់ជាសេចក្ដីសរសើរ កេរ្តិ៍ឈ្មោះ នឹងសិរីល្អ ក្នុងកាលដែលព្រះយេស៊ូវគ្រីស្ទទ្រង់លេចមក អាល់គីតាប ទុក្ខលំបាកទាំងនេះនឹងលត់ដំជំនឿរបស់បងប្អូន ឲ្យមានតម្លៃលើសមាស ដែលតែងតែរលាយសូន្យនោះទៅទៀត គឺមាសដែលសំរាំងក្នុងភ្លើង។ នៅថ្ងៃដែលអ៊ីសាអាល់ម៉ាហ្សៀសសំដែងខ្លួនឲ្យមនុស្សលោកឃើញ ជំនឿរបស់បងប្អូននឹងទទួលការសរសើរ ទទួលសិរីរុងរឿង និងកិត្ដិយសជាមិនខាន។ |
ព្រះជាម្ចាស់ជ្រាបច្បាស់នូវមាគ៌ាដែលខ្ញុំដើរ ប្រសិនបើព្រះអង្គល្បងលមើលខ្ញុំ ព្រះអង្គមុខជាឃើញថា ខ្ញុំប្រៀបបាននឹងមាសសុទ្ធ។
ព្រះអង្គស្គាល់ចិត្តទូលបង្គំច្បាស់ហើយ ព្រះអង្គបានពិនិត្យមើលចិត្តទូលបង្គំនៅពេលយប់ ព្រះអង្គបានល្បងចិត្តទូលបង្គំ តែពុំឃើញមានបំណងអាក្រក់អ្វីទេ ទូលបង្គំមិនបានពោលពាក្យអ្វីខុសឡើយ ។
គេអាចស្គាល់តម្លៃមាស និងប្រាក់ ដោយសារដុតក្នុងភ្លើង រីឯចិត្តមនុស្សវិញ មានតែព្រះអម្ចាស់ទេដែលអាចលត់ដំ ដើម្បីស្គាល់តម្លៃ។
ផលផ្លែរបស់ខ្ញុំមានតម្លៃជាងមាសទឹកដប់ អ្វីៗដែលខ្ញុំផ្ដល់ឲ្យ មានតម្លៃជាងប្រាក់សុទ្ធទៅទៀត។
អ្នកនោះបាត់បង់ទ្រព្យសម្បត្តិ ដោយប្រការអាក្រក់ណាមួយ ពេលកូនកើតមក នោះគ្មានអ្វីទុកឲ្យកូនឡើយ។
យើងមិនបានឲ្យគេយកភ្លើងមកបន្សុទ្ធអ្នក ដូចគេបន្សុទ្ធប្រាក់នោះទេ គឺយើងលត់ដំអ្នក ដោយទុក្ខលំបាកដ៏ខ្លាំង។
ហេតុនេះបានជាយើងស្រណោះស្រណោកជនជាតិម៉ូអាប់ ហើយយើងក៏ស្រណោះស្រណោកអ្នកក្រុងគារ-ហារ៉ាសែតដែរ ដ្បិតអ្វីៗដែលពួកគេខំសន្សំត្រូវវិនាសអស់។
ហេតុនេះ ព្រះអម្ចាស់នៃពិភពទាំងមូល មានព្រះបន្ទូលថា៖ «មើល៍! យើងនឹងបន្សុទ្ធពួកគេនៅក្នុងភ្លើង ដ្បិតយើងពុំអាចធ្វើអ្វីផ្សេងទៀតក្រៅពីនេះ ចំពោះប្រជាជនរបស់យើងឡើយ។
យើងនឹងយកមួយភាគបីដែលនៅសេសសល់នេះទៅដាក់ក្នុងភ្លើង យើងនឹងបន្សុទ្ធពួកគេដូចបន្សុទ្ធប្រាក់ និងមាស។ ពួកគេនឹងអង្វររកយើង ហើយយើងនឹងឆ្លើយតបមកពួកគេវិញ។ យើងនឹងពោលថា: អ្នកទាំងនេះជាប្រជាជនរបស់យើង ហើយគេនឹងពោលថា: ព្រះអម្ចាស់ជាព្រះរបស់ពួកយើង»។
ព្រះអង្គនឹងគង់កាត់ក្ដី ដូចជាងទងអង្គុយ រំលាយ និងបន្សុទ្ធសាច់ប្រាក់។ ព្រះអង្គនឹងជម្រះកូនចៅលេវីឲ្យបានបរិសុទ្ធ ព្រះអង្គនឹងបន្សុទ្ធពួកគេ ដូចបន្សុទ្ធមាស និងប្រាក់។ ពួកគេនឹងនាំតង្វាយត្រឹមត្រូវតាមវិន័យ មកថ្វាយព្រះអម្ចាស់ដោយចិត្តស្មោះត្រង់។
ផ្ទុយទៅវិញ ប្រសិនបើនាងពុំបានប្រព្រឹត្តអំពើសៅហ្មង គឺនាងមិនបានក្បត់ប្ដីទេ នោះនាងនឹងបានរួចខ្លួន ហើយនាងនឹងមានកូនចៅ។
ព្រះយេស៊ូមានព្រះបន្ទូលទៅពួកសិស្សថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា នៅក្នុងពិភពថ្មី ពេលបុត្រមនុស្ស*គង់លើបល្ល័ង្កប្រកបដោយសិរីរុងរឿង អ្នករាល់គ្នាដែលមកតាមខ្ញុំនេះ ក៏នឹងអង្គុយលើបល្ល័ង្កទាំងដប់ពីរ ហើយគ្រប់គ្រងលើកុលសម្ព័ន្ធទាំងដប់ពីរនៃជនជាតិអ៊ីស្រាអែលទៀតផង។
ម្ចាស់ក៏ពោលទៅគាត់ថា: “ល្អហើយ! អ្នកបម្រើដ៏ប្រសើរមានចិត្តស្មោះត្រង់អើយ! អ្នកបានស្មោះត្រង់នឹងកិច្ចការមួយដ៏តូចនេះ ខ្ញុំនឹងតាំងអ្នកឲ្យមើលខុសត្រូវលើកិច្ចការធំៗ។ ចូរអ្នកចូលមកសប្បាយរួមជាមួយនឹងខ្ញុំចុះ”។
ម្ចាស់ក៏ពោលទៅគាត់ថា: “ល្អហើយ! អ្នកបម្រើដ៏ប្រសើរមានចិត្តស្មោះត្រង់អើយ! អ្នកបានស្មោះត្រង់នឹងកិច្ចការមួយដ៏តូចនេះ ខ្ញុំនឹងតាំងអ្នកឲ្យមើលខុសត្រូវលើកិច្ចការធំៗ។ ចូរអ្នកចូលមកសប្បាយរួមជាមួយនឹងខ្ញុំចុះ”។
ចូរលក់ទ្រព្យសម្បត្តិរបស់អ្នករាល់គ្នា យកប្រាក់ចែកជាទានដល់ជនក្រីក្រចុះ។ ចូរប្រមូលទ្រព្យដែលមិនចេះពុក ជាសម្បត្តិដែលមិនចេះរលាយ ទុកសម្រាប់ខ្លួននៅស្ថានបរមសុខ* ជាស្ថានដែលគ្មានចោរប្លន់ ឬកណ្ដៀរស៊ីឡើយ។
បើអ្នកណាចង់បម្រើខ្ញុំ អ្នកនោះត្រូវមកតាមខ្ញុំ ខ្ញុំនៅទីណា អ្នកបម្រើរបស់ខ្ញុំក៏នឹងនៅទីនោះដែរ។ បើអ្នកណាបម្រើខ្ញុំ ព្រះបិតានឹងលើកកិត្តិយសអ្នកនោះ»។
តើឲ្យអ្នករាល់គ្នាអាចជឿដូចម្ដេចបាន បើអ្នករាល់គ្នាចូលចិត្តទទួលសិរីរុងរឿងតែពីគ្នាទៅវិញទៅមកដូច្នេះ ហើយពុំស្វែងរកសិរីរុងរឿងពីព្រះជាម្ចាស់តែមួយគត់សោះនោះ?
លោកពេត្រុសតបទៅគាត់វិញថា៖ «ចូរឲ្យប្រាក់របស់អ្នកវិនាសអន្តរាយជាមួយអ្នកទៅ អ្នកនឹកស្មានថា អាចយកប្រាក់មកទិញព្រះអំណោយទានរបស់ព្រះជាម្ចាស់បាន!
រីឯសិរីរុងរឿង កិត្តិយស និងសេចក្ដីសុខសាន្ត នឹងកើតមានដល់អស់អ្នកដែលប្រព្រឹត្តអំពើល្អវិញ មុនដំបូងដល់សាសន៍យូដា បន្ទាប់មក សាសន៍ក្រិក!
សាសន៍យូដាដ៏ពិតប្រាកដសំដៅទៅផ្នែកខាងក្នុងចិត្តឯណោះវិញ រីឯការកាត់ស្បែកដ៏ពិតប្រាកដក៏ស្ថិតនៅលើចិត្តដែរ គឺជាការកាត់ស្បែកស្របតាមព្រះវិញ្ញាណ មិនមែនតាមគម្ពីរវិន័យជាលាយលក្ខណ៍អក្សរនោះឡើយ។ សាសន៍យូដាប្រភេទនេះទទួលការកោតសរសើរពីព្រះជាម្ចាស់ មិនមែនពីសំណាក់មនុស្សទេ។
ព្រះអង្គប្រទានជីវិតអស់កល្បជានិច្ចដល់អស់អ្នក ដែលព្យាយាមប្រព្រឹត្តអំពើល្អ ហើយស្វែងរកសិរីរុងរឿង កិត្តិយស និងអ្វីៗដែលមិនចេះសាបសូន្យ
អ្វីៗសព្វសារពើដែលព្រះអង្គបង្កើតមក កំពុងតែអន្ទះអន្ទែង ទន្ទឹងរង់ចាំពេលដែលព្រះជាម្ចាស់នឹងបង្ហាញបុត្ររបស់ព្រះអង្គ
នៅថ្ងៃព្រះជាម្ចាស់យាងមកវិនិច្ឆ័យទោស លទ្ធផលនៃស្នាដៃដែលម្នាក់ៗបានធ្វើ នឹងលេចចេញមក ព្រោះថ្ងៃនោះនឹងមកដល់ដូចភ្លើង ហើយភ្លើងនឹងល្បងលមើលស្នាដៃដែលម្នាក់ៗបានធ្វើ។
ហេតុនេះ សូមបងប្អូនកុំវិនិច្ឆ័យទោសនរណាមុនពេលកំណត់ឡើយ ត្រូវរង់ចាំព្រះអម្ចាស់យាងមកដល់សិន គឺព្រះអង្គនឹងយកអ្វីៗដែលមនុស្សបង្កប់ទុកក្នុងទីងងឹត មកដាក់នៅទីភ្លឺ ហើយព្រះអង្គនឹងបង្ហាញបំណងដែលលាក់ទុកក្នុងចិត្តមនុស្ស។ នៅពេលនោះ ព្រះជាម្ចាស់នឹងសរសើរមនុស្សម្នាក់ៗទៅតាមការដែលខ្លួនបានប្រព្រឹត្ត។
អ្នកណាស៊ូទ្រាំនឹងទុក្ខលំបាក អ្នកនោះពិតជាមានសុភមង្គល ដ្បិតក្រោយដែលព្រះជាម្ចាស់បានល្បងលគេមើលរួចហើយ គេនឹងទទួលជីវិតទុកជារង្វាន់ ដែលព្រះអង្គបានសន្យានឹងប្រទានឲ្យអស់អ្នកដែលស្រឡាញ់ព្រះអង្គ។
ហេតុនេះ សូមបងប្អូនប្រុងប្រៀបចិត្តគំនិតឲ្យមែនទែន កុំភ្លេចខ្លួនឲ្យសោះ ត្រូវមានចិត្តសង្ឃឹមទាំងស្រុងទៅលើព្រះគុណ ដែលព្រះជាម្ចាស់ប្រោសប្រទានឲ្យបងប្អូន នៅថ្ងៃព្រះយេស៊ូគ្រិស្ត*នឹងសម្តែងព្រះអង្គឲ្យមនុស្សលោកឃើញ។
ហើយឫទ្ធានុភាពរបស់ព្រះអង្គថែរក្សាបងប្អូន ដោយសារជំនឿ ដើម្បីឲ្យបងប្អូនទទួលការសង្គ្រោះ ដែលព្រះអង្គបានរៀបចំទុកជាស្រេច ហើយដែលព្រះអង្គនឹងសម្តែងនៅគ្រាចុងក្រោយបំផុត។
សូមបងប្អូនចូលមកជិតព្រះគ្រិស្ត ជាសិលាដ៏មានជីវិត ជាសិលាដែលមនុស្សលោកបានបោះបង់ចោល តែព្រះជាម្ចាស់បានរើសយក ព្រោះព្រះអង្គឈ្វេងយល់ថាមានតម្លៃវិសេស។
ថ្មនេះមានតម្លៃវិសេសសម្រាប់បងប្អូនជាអ្នកជឿ។ រីឯអ្នកដែលមិនជឿវិញ «ថ្មដែលពួកជាងសង់ផ្ទះបោះបង់ចោល បានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុត
បងប្អូនជាទីស្រឡាញ់អើយ! ចំពោះទុក្ខលំបាកដ៏ខ្លាំង ដែលកើតមាន ដើម្បីលត់ដំបងប្អូននោះ សូមកុំងឿងឆ្ងល់ ដោយគិតថាជាព្រឹត្តិការណ៍អ្វីមួយដ៏ចម្លែកឡើយ។
ផ្ទុយទៅវិញ ចូរមានចិត្តរីករាយឡើង ព្រោះបងប្អូនរងទុក្ខលំបាកផ្សេងៗរួមជាមួយព្រះគ្រិស្ត*។ បងប្អូនមុខជាមានអំណរសប្បាយយ៉ាងខ្លាំង នៅពេលព្រះអង្គបង្ហាញសិរីរុងរឿងរបស់ព្រះអង្គ។
ចំពោះព្រឹទ្ធាចារ្យ*ដែលនៅក្នុងចំណោមបងប្អូន ក្នុងនាមខ្ញុំជាព្រឹទ្ធាចារ្យដូចគ្នា ហើយជាបន្ទាល់អំពីទុក្ខលំបាករបស់ព្រះគ្រិស្ត* និងជាអ្នករួមទទួលសិរីរុងរឿង ដែលនឹងត្រូវលេចមក ខ្ញុំសូមដាស់តឿនថា:
ខ្ញុំ ស៊ីម៉ូនពេត្រុស ជាអ្នកបម្រើ និងជាសាវ័ក*របស់ព្រះយេស៊ូគ្រិស្ត* សូមជម្រាបមកបងប្អូនដែលបានទទួលជំនឿ ដោយសារសេចក្ដីសុចរិត*របស់ព្រះយេស៊ូគ្រិស្តជាព្រះជាម្ចាស់ និងជាព្រះសង្គ្រោះរបស់យើង។ ជំនឿរបស់បងប្អូនក៏មានតម្លៃដូចជំនឿរបស់យើងដែរ។
ដោយសារសិរីរុងរឿង និងព្រះបារមីនេះ ព្រះអង្គបានប្រទានព្រះអំណោយទានដ៏មានតម្លៃវិសេសបំផុតមកយើង តាមព្រះបន្ទូលសន្យា ដើម្បីឲ្យបងប្អូនមានលក្ខណៈជាព្រះជាម្ចាស់ រួមជាមួយព្រះអង្គ ដោយបោះបង់ចោលសេចក្ដីរលួយដែលមកពីការលោភលន់ក្នុងលោកីយ៍។
ដូច្នេះ បងប្អូនជាទីស្រឡាញ់អើយ ក្នុងពេលដែលបងប្អូនទន្ទឹងរង់ចាំហេតុការណ៍ទាំងនេះ ចូរខ្នះខ្នែងធ្វើយ៉ាងណាឲ្យព្រះជាម្ចាស់ឃើញថា បងប្អូនល្អឥតខ្ចោះ ឥតសៅហ្មង និងឃើញបងប្អូនរស់នៅដោយសុខសាន្ត។
ព្រះជាម្ចាស់អាចការពារបងប្អូនមិនឲ្យមានកំហុស ព្រមទាំងឲ្យឈរនៅមុខសិរីរុងរឿងរបស់ព្រះអង្គ ឥតសៅហ្មង និងមានអំណរសប្បាយទៀតផង។
មើល៍! ព្រះអង្គយាងមកនៅកណ្ដាលពពក*។ មនុស្សទាំងអស់នឹងឃើញព្រះអង្គ សូម្បីតែអស់អ្នកដែលបានចាក់ទម្លុះព្រះអង្គ ក៏នឹងឃើញព្រះអង្គដែរ។ កុលសម្ព័ន្ធទាំងប៉ុន្មាននៅលើផែនដីនឹងត្រូវសោកសៅ ព្រោះតែព្រះអង្គ។ មែន! ពិតជាកើតមានដូច្នេះមែន! អាម៉ែន!។
កុំខ្លាចទុក្ខលំបាកដែលអ្នកត្រូវជួបប្រទះនោះឡើយ។ តោងដឹងថា មារ*នឹងចាប់អ្នកខ្លះក្នុងចំណោមអ្នករាល់គ្នា យកទៅឃុំឃាំង ដើម្បីល្បងលមើលអ្នករាល់គ្នា ហើយអ្នកត្រូវរងទុក្ខវេទនាអស់រយៈពេលដប់ថ្ងៃ។ ចូរមានចិត្តស្មោះត្រង់រហូតដល់ស្លាប់ នោះយើងនឹងប្រគល់ជីវិតមកអ្នកទុកជាមកុដ។
ដោយអ្នកបានព្យាយាមប្រតិបត្តិតាមពាក្យយើង យើងក៏រក្សាអ្នកឲ្យរួចផុតពីគ្រាលំបាកដែលនឹងកើតមានក្នុងពិភពលោកទាំងមូល ដើម្បីល្បងលមើលមនុស្សនៅលើផែនដីដែរ។
យើងសុំទូន្មានអ្នកឲ្យមករកទិញមាសពីយើង ជាមាសដែលសម្រាំងនៅក្នុងភ្លើង ដើម្បីឲ្យបានទៅជាអ្នកមាន ហើយទិញសម្លៀកបំពាក់ពណ៌សមកស្លៀកពាក់បិទបាំងកេរខ្មាសរបស់អ្នក កុំឲ្យនៅខ្លួនទទេដូច្នេះ។ ចូរមករកទិញថ្នាំដាក់ភ្នែកពីយើងផងដែរ ដើម្បីឲ្យអ្នកមើលឃើញច្បាស់។
ហេតុនេះ ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ: យើងធ្លាប់សន្យាពីមុនមកថា ពូជពង្សនៃបុព្វបុរសរបស់អ្នក គឺពូជពង្សរបស់អ្នក នឹងបម្រើយើងអស់កល្បជាអង្វែងតរៀងទៅ។ ក៏ប៉ុន្តែ ឥឡូវនេះ យើងសូមប្រកាសយ៉ាងឱឡារិកថា យើងលុបបំបាត់ចោលនូវពាក្យសន្យានោះហើយ! ដ្បិតយើងផ្ដល់កិត្តិយសដល់អស់អ្នកដែលលើកកិត្តិយសយើង តែបើអ្នកណាមើលងាយយើង យើងក៏លែងរាប់រកអ្នកនោះវិញដែរ!