Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

សុភា‌សិត 8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥


ព្រះ‌ប្រាជ្ញា​ញាណ​ប្រកាស​ហៅ​សា​ជា​ថ្មី

1 ចូរ​ត្រង‌ត្រាប់​ស្ដាប់! ព្រះ‌ប្រាជ្ញា​ញាណ​ស្រែក​ប្រកាស​ហើយ! តម្រិះ​ក៏​បន្លឺ​សំឡេង​ឡើង​ដែរ!

2 ព្រះ‌ប្រាជ្ញា​ញាណ​ឈរ​លើ​ទួល ក្បែរ​មាត់​ផ្លូវ និង​នៅ​ត្រង់​ផ្លូវ​បំបែក

3 ក្បែរ​មាត់​ទ្វារ​ក្រុង នៅ​តាម​ផ្លូវ​ចេញ​ចូល ហើយ​ស្រែក​ឡើង​ថា៖

4 បណ្ដា‌ជន​ទាំង‌ឡាយ​អើយ! ខ្ញុំ​ស្រែក​ហៅ​អ្នក​រាល់​គ្នា ខ្ញុំ​ចង់​និយាយ​ជា​មួយ​មនុស្ស​លោក​ទាំង​អស់។

5 មនុស្ស​មិន​ដឹង​ខុស​ត្រូវ​អើយ ចូរ​រៀន​ពិចារណា​ឡើង មនុស្ស​ឥត​ប្រាជ្ញា​អើយ ចូរ​រៀន​ឲ្យ​មាន​តម្រិះ​ឡើង។

6 ចូរ​នាំ​គ្នា​ស្ដាប់ ដ្បិត​ខ្ញុំ​មាន​សេចក្ដី​សំខាន់ៗ​ប្រាប់​អ្នក​រាល់​គ្នា ខ្ញុំ​និយាយ​ទូន្មាន​អ្នក​រាល់​គ្នា​អំពី​ផ្លូវ​ទៀង‌ត្រង់

7 ខ្ញុំ​ថ្លែង​ប្រាប់​តែ​សេចក្ដី​ពិត​ប៉ុណ្ណោះ ខ្ញុំ​មិន​ចូល​ចិត្ត​និយាយ​សេចក្ដី​អាក្រក់​ឡើយ។

8 អ្វីៗ​ដែល​ខ្ញុំ​និយាយ​សុទ្ធ​តែ​ទៀង‌ត្រង់ គឺ​គ្មាន​ពាក្យ​វៀច‌វេរ ឬ​បោក‌បញ្ឆោត​ទេ។

9 អ្នក​មាន​តម្រិះ​យល់​ថា ពាក្យ​ខ្ញុំ​ស្រួល​ស្ដាប់ រីឯ​អស់​អ្នក​ចេះ​ដឹង​ក៏​យល់​ថា ខ្ញុំ​និយាយ​ត្រឹម​ត្រូវ​មែន​ដែរ។

10 ចូរ​ទទួល​ដំបូន្មាន​ខ្ញុំ​ជា​ជាង​ទទួល​ប្រាក់ រីឯ​ការ​ចេះ​ដឹង​មាន​តម្លៃ លើស​មាស​ទឹក‌ដប់​ទៅ​ទៀត។

11 ប្រាជ្ញា​មាន​តម្លៃ​ជាង​ត្បូង​ពេជ្រ គ្មាន​របស់​អ្វី​មាន​តម្លៃ​ស្មើ​នឹង​ប្រាជ្ញា​ឡើយ។

12 ខ្ញុំ​ជា​ប្រាជ្ញា ការ​ពិចារណា​ស្ថិត​នៅ​ជាប់​ជា​មួយ​ខ្ញុំ ខ្ញុំ​មាន​តម្រិះ​រិះគិត ដោយ​សុភ‌និច្ឆ័យ។

13 អ្នក​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ តែងតែ​ស្អប់​អំពើ​អាក្រក់ ខ្ញុំ​មិន​ចូល​ចិត្ត​ការ​អួត​បំប៉ោង ការ​ព្រហើន អំពើ​អាក្រក់ និង​ការ​ពោល​ពាក្យ​បោក‌បញ្ឆោត​ឡើយ។

14 ខ្ញុំ​មាន​ប្រាជ្ញា និង​យោបល់ ខ្ញុំ​ផ្ដល់​តម្រិះ និង​កម្លាំង

15 ស្ដេច​ទាំង‌ឡាយ​គ្រប់‌គ្រង​ស្រុក ដោយ‌សារ​ខ្ញុំ ហើយ​មេ​ដឹក​នាំ​ទាំង‌ឡាយ តែង​ច្បាប់​ដ៏​ត្រឹម​ត្រូវ ក៏​ដោយ‌សារ​ខ្ញុំ​ដែរ។

16 អ្នក​ធំ​ទាំង‌ឡាយ​ត្រួត‌ត្រា​ស្រុក ដោយ‌សារ​ខ្ញុំ ហើយ​ពួក​នាម៉ឺន​សុទ្ធ​តែ​ជា​ចៅ‌ក្រម​ដ៏​សុចរិត។

17 អ្នក​ណា​ស្រឡាញ់​ខ្ញុំ ខ្ញុំ​ស្រឡាញ់​អ្នក​នោះ​វិញ អ្នក​ណា​ស្វែង​រក​ខ្ញុំ អ្នក​នោះ​ពិត​ជា​រក​ឃើញ។

18 ខ្ញុំ​ផ្ដល់​ទ្រព្យ​សម្បត្តិ និង​សិរី‌រុងរឿង ភាព​ចម្រុង‌ចម្រើន និង​សេចក្ដី​សុចរិត។

19 ផល​ផ្លែ​របស់​ខ្ញុំ​មាន​តម្លៃ​ជាង​មាស​ទឹក‌ដប់ អ្វីៗ​ដែល​ខ្ញុំ​ផ្ដល់​ឲ្យ មាន​តម្លៃ​ជាង​ប្រាក់​សុទ្ធ​ទៅ​ទៀត។

20 ខ្ញុំ​ដើរ​តាម​មាគ៌ា​ដ៏​សុចរិត និង​ប្រព្រឹត្ត​តាម​ផ្លូវ​យុត្តិធម៌។

21 ខ្ញុំ​ផ្ដល់​ទ្រព្យ​សម្បត្តិ​យ៉ាង​បរិបូណ៌ ឲ្យ​អ្នក​ដែល​ស្រឡាញ់​ខ្ញុំ។

22 ព្រះ‌អម្ចាស់​បាន​បង្កើត​ខ្ញុំ​តាំង​ពី​ដើម​ដំបូង​បង្អស់ គឺ​មុន​អ្វីៗ​ដែល​ព្រះអង្គ​បង្កើត​មក​ទៅ​ទៀត។

23 ព្រះអង្គ​បាន​ចាក់​ប្រេង​តែង‌តាំង​ខ្ញុំ តាំង​ពី​អស់‌កល្ប​រៀង​មក គឺ​នៅ​គ្រា​ដំបូង​បង្អស់ មុន​កំណើត​ពិភព‌លោក​ទៅ​ទៀត។

24 កាល​ខ្ញុំ​កើត​មក មិន​ទាន់​មាន​ជម្រៅ​ទឹក ហើយ​ក៏​មិន​ទាន់​មាន​ប្រភព​ទឹក​ដែរ។

25 ព្រះអង្គ​បង្កើត​ខ្ញុំ​មក មុន​ព្រះអង្គ​ធ្វើ​ឲ្យ​ភ្នំ​ធំ​ភ្នំ​តូច​លេច​ឡើង។

26 ពេល​នោះ ព្រះអង្គ​មិន​ទាន់​បង្កើត​ផែនដី និង​លំហ​អាកាស​ទេ ហើយ​ក៏​មិន​ទាន់​បង្កើត​ធាតុ​ដើម​ផ្សេងៗ​ដែរ។

27 កាល​ព្រះ‌អម្ចាស់​លាត​សន្ធឹង​ផ្ទៃ​មេឃ និង​គូរ‌វាស​ជើង​មេឃ​ពី​លើ​មហា​សមុទ្រ ខ្ញុំ​ក៏​នៅ​ទី​នោះ​ដែរ។

28 កាល​ព្រះអង្គ​ដាក់​ពពក​នៅ​លើ​អាកាស ហើយ​កាល​ប្រភព​ទឹក​ផុស​ចេញ​យ៉ាង​ខ្លាំង ពី​ទី​ជម្រៅ

29 កាល​ព្រះអង្គ​កំណត់​ព្រំ‌ដែន​សមុទ្រ ដើម្បី​ខណ្ឌ​ទឹក​កុំ​ឲ្យ​ហៀរ​ចេញ កាល​ព្រះអង្គ​ចាក់​គ្រឹះ​ផែនដី

30 នៅ​គ្រា​នោះ ខ្ញុំ​ជា​មេ​ជាង​ជួយ​ធ្វើ​ការ​ព្រះអង្គ ហើយ​ខ្ញុំ​ធ្វើ​ឲ្យ​ព្រះអង្គ​មាន​អំណរ ជា​រៀង​រាល់​ថ្ងៃ។ ខ្ញុំ​កម្សាន្ត​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ គ្រប់​ពេល​វេលា។

31 ខ្ញុំ​កម្សាន្ត​នៅ​លើ​ដី​ដែល​ព្រះអង្គ​បាន​បង្កើត ខ្ញុំ​មាន​អំណរ​នៅ​ក្នុង​ចំណោម​មនុស្ស​លោក។


សុភមង្គល​របស់​អ្នក​ដែល​ស្ដាប់​ព្រះ‌ប្រាជ្ញា​ញាណ

32 ឥឡូវ​នេះ កូន​អើយ ចូរ​នាំ​គ្នា​ស្ដាប់​ឪពុក អ្នក​ណា​ប្រតិបត្តិ​តាម​មាគ៌ា​របស់​ឪពុក អ្នក​នោះ​ពិត​ជា​មាន​សុភមង្គល!។

33 ចូរ​ស្ដាប់​ដំបូន្មាន​របស់​ឪពុក ដោយ​ឥត​ធ្វេស‌ប្រហែស​ឡើយ នោះ​កូន​នឹង​ទៅ​ជា​អ្នក​មាន​ប្រាជ្ញា។

34 អ្នក​ណា​ស្ដាប់​ខ្ញុំ ហើយ​ឈរ​យាម​មាត់​ទ្វារ​ខ្ញុំ​ជា​រៀង​រាល់​ថ្ងៃ អ្នក​នោះ​ពិត​ជា​មាន​សុភមង្គល។

35 អ្នក​ណា​រក​ខ្ញុំ​ឃើញ អ្នក​នោះ​មាន​ជីវិត ហើយ​ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​អ្នក​នោះ។

36 អ្នក​ណា​រក​ខ្ញុំ​មិន​ឃើញ អ្នក​នោះ​ធ្វើ​បាប​ខ្លួន​ឯង អ្នក​ណា​ស្អប់​ខ្ញុំ អ្នក​នោះ​ស្រឡាញ់​សេចក្ដី​ស្លាប់។

Khmer Standard Version © 2005 United Bible Societies.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម