សូមព្រះអម្ចាស់ជាព្រះនៃយើង គង់នៅជាមួយពួកយើង ដូចព្រះអង្គគង់នៅជាមួយបុព្វបុរសរបស់ពួកយើងដែរ! សូមព្រះអង្គកុំបោះបង់ និងបំភ្លេចពួកយើងចោលឡើយ។
សូមព្រះយេហូវ៉ាជាព្រះរបស់យើងរាល់គ្នា បានគង់ជាមួយយើង ដូចជាព្រះអង្គបានគង់ជាមួយបុព្វបុរសយើងដែរ សូមកុំឲ្យព្រះអង្គលះបង់ ឬទុកយើងរាល់គ្នាចោលឡើយ
សូមឲ្យព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា បានគង់ជាមួយនឹងយើង ដូចជាទ្រង់បានគង់ជាមួយនឹងពួកឰយុកោយើងដែរ សូមកុំឲ្យទ្រង់លះបង់ ឬទុកយើងរាល់គ្នាចោលឡើយ
សូមអុលឡោះតាអាឡាជាម្ចាស់នៃយើងនៅជាមួយពួកយើង ដូចទ្រង់នៅជាមួយបុព្វបុរសរបស់ពួកយើងដែរ! សូមទ្រង់កុំបោះបង់ និងបំភ្លេចពួកយើងចោលឡើយ។
រីឯបុត្រវិញ សាឡូម៉ូនអើយ! ចូរទទួលស្គាល់ព្រះជាម្ចាស់ ជាព្រះរបស់បិតា ហើយគោរពបម្រើព្រះអង្គដោយស្មោះអស់ពីចិត្ត និងអស់ពីគំនិត ដ្បិតព្រះអម្ចាស់ឈ្វេងយល់ចិត្តគំនិត និងបំណងទាំងប៉ុន្មានរបស់មនុស្ស។ ប្រសិនបើបុត្រស្វែងរកព្រះអង្គ នោះព្រះអង្គនឹងឲ្យបុត្ររកឃើញ ក៏ប៉ុន្តែ ប្រសិនបើបុត្របោះបង់ចោលព្រះអង្គ នោះព្រះអង្គនឹងលះបង់ចោលបុត្ររហូតតទៅ។
ព្រះអម្ចាស់នៃពិភពទាំងមូល* ទ្រង់គង់នៅជាមួយយើង ព្រះរបស់លោកយ៉ាកុបជាជម្រក ដ៏រឹងមាំសម្រាប់យើង។ - សម្រាក
កុំភ័យខ្លាចអ្វី យើងស្ថិតនៅជាមួយអ្នក កុំព្រួយបារម្ភឲ្យសោះ យើងជាព្រះរបស់អ្នក យើងនឹងឲ្យអ្នកមានកម្លាំងរឹងប៉ឹង យើងជួយអ្នក យើងគាំទ្រអ្នក យើងនឹងសម្តែងបារមី រកយុត្តិធម៌ឲ្យអ្នក។
អ្នករាល់គ្នារៀបចំផែនការ តែផែនការទាំងនោះនឹងត្រូវរលាយសូន្យ អ្នករាល់គ្នាចាត់វិធានការ តែវិធានការនោះមិនអាចសម្រេចឡើយ ដ្បិតព្រះជាម្ចាស់គង់នៅជាមួយយើង!
«មើល! ស្ត្រីព្រហ្មចារីនឹងមានផ្ទៃពោះ នាងនឹងសម្រាលបានបុត្រមួយដែលគេនឹងថ្វាយ ព្រះនាមថា “អេម៉ាញូអែល”» ប្រែថា «ព្រះជាម្ចាស់គង់ជាមួយយើង»។
ត្រូវបង្រៀនគេឲ្យប្រតិបត្តិតាមសេចក្ដីទាំងប៉ុន្មាន ដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា។ ចូរដឹងថា ខ្ញុំនៅជាមួយអ្នករាល់គ្នាជារៀងរាល់ថ្ងៃ រហូតដល់អវសានកាលនៃពិភពលោក»។
បើដូច្នេះ តើយើងត្រូវគិតដូចម្ដេចទៀតអំពីសេចក្ដីទាំងនេះ? ប្រសិនបើព្រះជាម្ចាស់កាន់ខាងយើងហើយ តើនរណាអាចនឹងចោទប្រកាន់យើងបាន?
នៅថ្ងៃនោះ កំហឹងរបស់យើងនឹងឆាបឆេះទៅលើពួកគេ យើងនឹងបោះបង់ចោលពួកគេ យើងលែងរវីរវល់នឹងពួកគេទៀតហើយ។ ខ្មាំងសត្រូវនឹងលេបបំបាត់ពួកគេ ទុក្ខវេទនា និងគ្រោះអាសន្នជាច្រើន កើតមានដល់ពួកគេ។ ពេលនោះ ពួកគេមុខជាពោលថា “ទុក្ខវេទនាកើតមានដល់ខ្ញុំដូច្នេះ មកពីព្រះរបស់ខ្ញុំលែងគង់នៅជាមួយខ្ញុំ!”។
ចូរមានកម្លាំង និងចិត្តក្លាហានឡើង! កុំភ័យខ្លាច ឬតក់ស្លុតនៅចំពោះមុខពួកគេឲ្យសោះ ដ្បិតព្រះអម្ចាស់ផ្ទាល់ ជាព្រះរបស់អ្នក នឹងយាងទៅជាមួយអ្នក។ ព្រះអង្គមិនបោះបង់ចោលអ្នកជាដាច់ខាត!»។
ព្រះអម្ចាស់ផ្ទាល់នឹងយាងនៅមុខអ្នក ព្រះអង្គគង់នៅជាមួយអ្នក ហើយព្រះអង្គមិនបោះបង់ចោលអ្នកឡើយ។ ហេតុនេះ កុំភ័យខ្លាច ឬតក់ស្លុតឲ្យសោះ»។
កុំបណ្ដោយខ្លួនឲ្យឈ្លក់នឹងការស្រឡាញ់ប្រាក់ឡើយ គឺត្រូវស្កប់ចិត្តនឹងទ្រព្យសម្បត្តិ ដែលបងប្អូនមាននៅពេលនេះ ដ្បិតព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងមិនទុកអ្នកចោល ហើយក៏មិនបោះបង់អ្នកចោលដែរ»។
ជារៀងរាល់ថ្ងៃ ក្នុងជីវិតរបស់អ្នក គ្មាននរណាអាចប្រឈមមុខតទល់នឹងអ្នកឡើយ។ យើងស្ថិតនៅជាមួយអ្នក ដូចយើងធ្លាប់ស្ថិតនៅជាមួយម៉ូសេដែរ។ យើងនឹងជួយអ្នកជានិច្ច យើងមិនបោះបង់ចោលអ្នកឡើយ។
តើយើងមិនបានបង្គាប់អ្នកទេឬថា “ចូរមានកម្លាំង និងចិត្តក្លាហានឡើង! កុំភ័យខ្លាច កុំតក់ស្លុតឲ្យសោះ ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នក គង់នៅជាមួយអ្នក គ្រប់ទីកន្លែងដែលអ្នកទៅ”»។
លោកយ៉ូស្វេមានប្រសាសន៍ថា៖ «ឥឡូវនេះ ចូរដកព្រះដទៃ ដែលស្ថិតនៅកណ្ដាលអ្នករាល់គ្នា ចោលចេញទៅ ហើយផ្ចង់ចិត្តគំនិតទៅរកព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែលវិញ»។
ដោយយល់ដល់ព្រះនាមដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គ ព្រះអម្ចាស់មិនបោះបង់ចោលប្រជារាស្ត្ររបស់ព្រះអង្គទេ ដ្បិតព្រះអម្ចាស់សព្វព្រះហឫទ័យឲ្យអ្នករាល់គ្នាធ្វើជាប្រជារាស្ត្ររបស់ព្រះអង្គ។