ចោទិយកថា 31:17 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥17 នៅថ្ងៃនោះ កំហឹងរបស់យើងនឹងឆាបឆេះទៅលើពួកគេ យើងនឹងបោះបង់ចោលពួកគេ យើងលែងរវីរវល់នឹងពួកគេទៀតហើយ។ ខ្មាំងសត្រូវនឹងលេបបំបាត់ពួកគេ ទុក្ខវេទនា និងគ្រោះអាសន្នជាច្រើន កើតមានដល់ពួកគេ។ ពេលនោះ ពួកគេមុខជាពោលថា “ទុក្ខវេទនាកើតមានដល់ខ្ញុំដូច្នេះ មកពីព្រះរបស់ខ្ញុំលែងគង់នៅជាមួយខ្ញុំ!”។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦17 ពេលនោះ កំហឹងរបស់យើងនឹងឆួលឡើងទាស់នឹងគេនៅថ្ងៃនោះ។ យើងនឹងបោះបង់ចោលគេ ហើយគេចមុខចេញពីគេ គេនឹងត្រូវបានលេបត្របាក់អស់ទៅ។ សេចក្ដីអាក្រក់ និងសេចក្ដីវេទនាជាច្រើននឹងកើតឡើងដល់គេ ដល់ម៉្លេះបានជាគេនឹងនិយាយនៅថ្ងៃនោះថា "សេចក្ដីអាក្រក់ទាំងនេះបានកើតឡើងដល់យើង តើមិនមែនដោយព្រោះតែព្រះនៃយើងមិនគង់ក្នុងចំណោមយើងទេឬ?" សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤17 នោះសេចក្ដីកំហឹងរបស់អញនឹងបានកាត់ឡើង ទាស់នឹងគេនៅថ្ងៃនោះ រួចអញនឹងបោះបង់ចោលគេដែរ ហើយនឹងគេចមុខចេញពីគេទៅ នោះគេនឹងត្រូវស៊ីបង្ហិន ហើយនឹងកើតមានសេចក្ដីអាក្រក់ នឹងសេចក្ដីវេទនាជាច្រើនយ៉ាង ដល់ម៉្លេះបានជាគេនឹងនិយាយនៅថ្ងៃនោះថា សេចក្ដីអាក្រក់ទាំងនេះបានមកលើយើង ដោយព្រោះតែព្រះនៃយើង ទ្រង់មិនគង់ក្នុងពួកយើងទេតើ សូមមើលជំពូកអាល់គីតាប17 នៅថ្ងៃនោះ កំហឹងរបស់យើងនឹងឆាបឆេះទៅលើពួកគេ យើងនឹងបោះបង់ចោលពួកគេ យើងលែងរវីរវល់នឹងពួកគេទៀតហើយ។ ខ្មាំងសត្រូវនឹងលេបបំបាត់ពួកគេ ទុក្ខវេទនា និងភាពអាសន្នជាច្រើន កើតមានដល់ពួកគេ។ ពេលនោះ ពួកគេមុខជាពោលថា “ទុក្ខវេទនាកើតមានដល់ខ្ញុំដូច្នេះ មកពីអុលឡោះជាម្ចាស់របស់ខ្ញុំលែងនៅជាមួយខ្ញុំ!”។ សូមមើលជំពូក |
លោកក៏ចេញទៅគាល់ព្រះបាទអេសា ហើយទូលថា៖ «បពិត្រព្រះរាជាអេសា ព្រមទាំងកូនចៅយូដា និងកូនចៅបេនយ៉ាមីន ទាំងអស់គ្នាអើយ សូមស្ដាប់ខ្ញុំ! ព្រះអម្ចាស់គង់ជាមួយអ្នករាល់គ្នា កាលណាអ្នករាល់គ្នាស្ថិតនៅជាមួយព្រះអង្គ។ ប្រសិនបើអ្នករាល់គ្នាស្វែងរកព្រះអង្គ នោះព្រះអង្គនឹងឲ្យអ្នករាល់គ្នារកឃើញ។ ប្រសិនបើអ្នករាល់គ្នាបោះបង់ចោលព្រះអង្គ នោះព្រះអង្គក៏បោះបង់ចោលអ្នករាល់គ្នាដែរ។
លោកគេឌានឆ្លើយតបវិញថា៖ «លោកម្ចាស់អើយ ប្រសិនបើព្រះអម្ចាស់គង់នៅជាមួយយើងមែន ហេតុអ្វីក៏ទុក្ខវេទនាទាំងនេះកើតមានដល់យើង? ឯណាទៅការអស្ចារ្យទាំងប៉ុន្មានដែលដូនតារបស់យើងតែងតែតំណាលប្រាប់ ទាំងបញ្ជាក់ថា ព្រះអម្ចាស់បាននាំយើងចេញពីស្រុកអេស៊ីបមកនោះ? ឥឡូវនេះ ព្រះអម្ចាស់បោះបង់ចោលយើងហើយ ព្រះអង្គបានប្រគល់យើងទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិម៉ាឌាន!»។
រីឯបុត្រវិញ សាឡូម៉ូនអើយ! ចូរទទួលស្គាល់ព្រះជាម្ចាស់ ជាព្រះរបស់បិតា ហើយគោរពបម្រើព្រះអង្គដោយស្មោះអស់ពីចិត្ត និងអស់ពីគំនិត ដ្បិតព្រះអម្ចាស់ឈ្វេងយល់ចិត្តគំនិត និងបំណងទាំងប៉ុន្មានរបស់មនុស្ស។ ប្រសិនបើបុត្រស្វែងរកព្រះអង្គ នោះព្រះអង្គនឹងឲ្យបុត្ររកឃើញ ក៏ប៉ុន្តែ ប្រសិនបើបុត្របោះបង់ចោលព្រះអង្គ នោះព្រះអង្គនឹងលះបង់ចោលបុត្ររហូតតទៅ។
ព្រះអម្ចាស់អើយ! ហេតុអ្វីបានជាព្រះអង្គ បណ្ដោយឲ្យយើងខ្ញុំវង្វេងឆ្ងាយពីមាគ៌ា របស់ព្រះអង្គដូច្នេះ? ហេតុអ្វីបានជាព្រះអង្គបណ្ដោយឲ្យយើងខ្ញុំ មានចិត្តរឹងរូសមិនព្រមគោរពកោតខ្លាច ព្រះអង្គដូច្នេះ? សូមយាងមកវិញ សូមរកយុត្តិធម៌ឲ្យយើងខ្ញុំជាអ្នកបម្រើ និងជាកុលសម្ព័ន្ធផ្ទាល់របស់ព្រះអង្គផង។
ឱព្រះនៃយើងខ្ញុំអើយ ព្រះអង្គជាព្រះដ៏ឧត្ដម ប្រកបដោយឫទ្ធានុភាពគួរឲ្យស្ញែងខ្លាច ព្រះអង្គតែងតែរក្សាសម្ពន្ធមេត្រី ហើយមានព្រះហឫទ័យមេត្តាករុណាជានិច្ច។ ឥឡូវនេះ សូមទ្រង់មេត្តាទតមកយើងខ្ញុំ ដែលកំពុងរងទុក្ខលំបាក គឺស្ដេចរបស់យើងខ្ញុំ មន្ត្រីរបស់យើងខ្ញុំ បូជាចារ្យរបស់យើងខ្ញុំ ព្យាការីរបស់យើងខ្ញុំ ដូនតារបស់យើងខ្ញុំ និងប្រជាជនទាំងមូលរបស់ព្រះអង្គ ចាប់ពីជំនាន់ស្ដេចស្រុកអាស្ស៊ីរី រហូតដល់សព្វថ្ងៃនេះ។
ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់យាងមកសណ្ឋិតលើលោកសាការី ដែលត្រូវជាកូនរបស់លោកបូជាចារ្យយេហូយ៉ាដា។ លោកប្រឈមមុខទល់នឹងប្រជាជន ហើយប្រកាសថា៖ «ព្រះជាម្ចាស់មានព្រះបន្ទូលដូចតទៅ: ហេតុអ្វីបានជាអ្នករាល់គ្នាបំពានលើបទបញ្ជារបស់ព្រះអម្ចាស់? ដោយអ្នករាល់គ្នាបោះបង់ចោលព្រះអម្ចាស់ ព្រះអង្គក៏នឹងបោះបង់ចោលអ្នករាល់គ្នា។ ដូច្នេះ អ្នករាល់គ្នាធ្វើអ្វី ក៏មិនបានសម្រេចដែរ»។
គ្រានោះ ជនជាតិអ៊ីស្រាអែលបានប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់សាជាថ្មី ដោយនាំគ្នាគោរពបម្រើព្រះបាល ព្រះអាសថារ៉ូត ព្រមទាំងព្រះនានារបស់ជនជាតិស៊ីរី ព្រះរបស់ជនជាតិស៊ីដូន ព្រះរបស់ជនជាតិម៉ូអាប់ ព្រះរបស់ជនជាតិអាំម៉ូន និងព្រះរបស់ជនជាតិភីលីស្ទីនទៀតផង។ គេបោះបង់ចោលព្រះអម្ចាស់ ហើយមិនគោរពថ្វាយបង្គំព្រះអង្គទៀតឡើយ។
«សូមអស់លោកអញ្ជើញទៅទូលសួរព្រះអម្ចាស់ឲ្យយើង និងប្រជាជនស្រុកយូដាទាំងមូល ពីសេចក្ដីទាំងប៉ុន្មានក្នុងគម្ពីរដែលទើបរកឃើញនេះផង។ ព្រះអម្ចាស់មុខជាព្រះពិរោធនឹងយើងយ៉ាងខ្លាំង ដ្បិតពួកដូនតារបស់យើង មិនបានស្ដាប់តាមសេចក្ដីទាំងប៉ុន្មាន ដែលមានចែងទុកក្នុងគម្ពីរនេះទេ ហើយក៏មិនប្រតិបត្តិតាមដែរ»។
ហេតុនេះហើយបានជាព្រះអម្ចាស់ទ្រង់ ព្រះពិរោធទាស់នឹងប្រជារាស្ត្ររបស់ព្រះអង្គ ព្រះអង្គលើកព្រះហស្ដ វាយប្រហារពួកគេ ពេលនោះ ភ្នំទាំងឡាយនឹងត្រូវរង្គើ ហើយនឹងមានសាកសពដូចជាសំរាម នៅពាសពេញតាមដងផ្លូវ។ ទោះបីយ៉ាងនេះក្ដី ព្រះពិរោធរបស់ ព្រះអង្គនៅតែមិនស្ងប់ដែរ ព្រះអង្គលើកព្រះហស្ដគំរាមពួកគេដដែល។