លោករូបេនពោលថា៖ «បងបានប្រាប់ឯងរាល់គ្នាហើយថា កុំសម្លាប់ប្អូនយើងឲ្យសោះ តែឯងរាល់គ្នាពុំព្រមស្ដាប់ទេ។ ឥឡូវនេះ យើងត្រូវរងទុក្ខទោស ព្រោះតែយើងបានបង្ហូរឈាមប្អូនរបស់យើង»។
១ ពង្សាវតារក្សត្រ 2:33 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បំណុលឈាមនេះ នឹងធ្លាក់ទៅលើលោកយ៉ូអាប់ និងពូជពង្សរបស់គាត់រហូតតទៅ។ ប៉ុន្តែ ព្រះអម្ចាស់ប្រោសប្រទានឲ្យរាជវង្ស សន្តតិវង្ស និងរាជសម្បត្តិរបស់ព្រះបាទដាវីឌ បានប្រកបដោយសេចក្ដីសុខសាន្តរហូតតទៅ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឈាមរបស់គេនឹងធ្លាក់មកលើក្បាលយ៉ូអាប់ និងពូជពង្សរបស់គាត់ជាដរាបតទៅ តែចំណែកព្រះបាទដាវីឌ និងពូជពង្សរបស់ទ្រង់ ព្រមទាំងជំនួរវង្ស រាជ្យរបស់ទ្រង់ នោះនឹងបានសេចក្ដីសុខសាន្ត មកពីព្រះយេហូវ៉ាជានិច្ចតទៅ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឈាមរបស់គេនឹងធ្លាក់មកលើក្បាលយ៉ូអាប់ ហើយនឹងពូជពង្សវាជាដរាបទៅ តែចំណែកឯដាវីឌ នឹងពូជពង្សទ្រង់ ព្រមទាំងជំនួរវង្សទ្រង់ ហើយរាជ្យរបស់ទ្រង់នោះនឹងបានសេចក្ដីសុខសាន្ត មកអំពីព្រះយេហូវ៉ា ជានិច្ចតទៅវិញ អាល់គីតាប បំណុលឈាមនេះ នឹងធ្លាក់ទៅលើលោកយ៉ូអាប់ និងពូជពង្សរបស់គាត់រហូតតទៅ។ ប៉ុន្តែ អុលឡោះតាអាឡាប្រោសប្រទានឲ្យរាជវង្ស សន្តតិវង្ស និងរាជសម្បត្តិរបស់ស្តេចទត បានប្រកបដោយសេចក្តីសុខសាន្តរហូតតទៅ»។ |
លោករូបេនពោលថា៖ «បងបានប្រាប់ឯងរាល់គ្នាហើយថា កុំសម្លាប់ប្អូនយើងឲ្យសោះ តែឯងរាល់គ្នាពុំព្រមស្ដាប់ទេ។ ឥឡូវនេះ យើងត្រូវរងទុក្ខទោស ព្រោះតែយើងបានបង្ហូរឈាមប្អូនរបស់យើង»។
ស្ត្រីនោះទូលថា៖ «បពិត្រព្រះករុណាជាអម្ចាស់ ទោះបីមានហេតុការណ៍អ្វីកើតឡើងក្នុងរឿងនេះក៏ដោយ ខ្ញុំម្ចាស់ និងក្រុមគ្រួសារសុខចិត្តទទួលខុសត្រូវទាំងស្រុង មិនឲ្យកំហុសនេះធ្លាក់លើព្រះករុណា ឬរាជបល្ល័ង្កឡើយ»។
ព្រះអម្ចាស់ធ្វើឲ្យបំណុលឈាមនេះធ្លាក់ទៅលើលោកយ៉ូអាប់ ព្រោះគាត់បានប្រហារជីវិតមនុស្សសុចរិតពីរនាក់ដែលល្អជាងគាត់ ដោយមិនឲ្យព្រះបាទដាវីឌជាបិតារបស់យើងជ្រាប គឺគាត់បានសម្លាប់លោកអប៊ីនើរ ជាកូនរបស់លោកនើរ ជាមេទ័ពអ៊ីស្រាអែល និងលោកអម៉ាសា ជាកូនរបស់លោកយេធើរជាមេទ័ពយូដា ដោយមុខដាវ។
ព្រះរាជាមានរាជឱង្ការទៀតថា៖ «តើលោកនឹកឃើញអំពើអាក្រក់ទាំងប៉ុន្មាន ដែលលោកបានប្រព្រឹត្តចំពោះព្រះបាទដាវីឌ ជាបិតារបស់យើងឬទេ? ព្រះអម្ចាស់នឹងដាក់ទោសលោក តាមអំពើអាក្រក់ដែលលោកបានប្រព្រឹត្ត។
សូមព្រះអង្គដែលគង់នៅស្ថានបរមសុខ ទ្រង់ព្រះសណ្ដាប់ ហើយវិនិច្ឆ័យទោសឲ្យអ្នកបម្រើរបស់ព្រះអង្គ។ សូមដាក់ទោសអ្នកដែលធ្វើខុស សមនឹងកំហុសដែលគេបានធ្វើ ហើយផ្ដល់យុត្តិធម៌ដល់មនុស្សសុចរិត តាមអំពើដែលគេបានប្រព្រឹត្ត។
ដូច្នេះ រោគឃ្លង់របស់លោកណាម៉ាន់នឹងកើតដល់ឯង ព្រមទាំងកូនចៅឯងរហូតតទៅ!»។ កាលកេហាស៊ីចាកចេញពីព្យាការីអេលីសេទៅ គាត់ក៏កើតរោគឃ្លង់ ហើយខ្លួនប្រាណរបស់គាត់ឡើងសដូចសំឡី។
ឱព្រះអម្ចាស់អើយ ឥឡូវនេះ ព្រះអង្គសព្វព្រះហឫទ័យប្រទានពរដល់ពូជពង្សរបស់ទូលបង្គំ ដើម្បីឲ្យគេបានស្ថិតស្ថេរនៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គតរៀងទៅ ដ្បិតព្រះអង្គប្រទានពរដល់នរណា អ្នកនោះនឹងទទួលព្រះពរអស់កល្បជានិច្ច»។
រាល់ព្រឹក ទូលបង្គំបំបិទមាត់មនុស្សអាក្រក់ ទាំងប៉ុន្មាននៅក្នុងស្រុក ទូលបង្គំដកពួកទុច្ចរិត ចេញពីទីក្រុងរបស់ព្រះអម្ចាស់។
ប្រសិនបើបុត្ររបស់អ្នក កាន់តាមសម្ពន្ធមេត្រីរបស់យើងតៗគ្នា ហើយប្រតិបត្តិតាមដំបូន្មាន ដែលយើងប្រៀនប្រដៅ ពូជពង្សរបស់គេក៏នឹងឡើងគ្រងរាជសម្បត្តិ របស់អ្នករហូតតរៀងទៅដែរ»។
ពេលព្រះរាជាទូលសូមជីវិត ព្រះអង្គប្រទានឲ្យស្ដេចមានជីវិត និងមានជន្មាយុយឺនយូរជាអង្វែងតរៀងទៅ។
យើងនឹងធ្វើឲ្យពូជពង្សរបស់គេ នៅស្ថិតស្ថេររហូតតទៅ ហើយរាជ្យរបស់គេនឹងគង់វង្ស នៅជាយូរអង្វែងដូចផ្ទៃមេឃដែរ។
បើស្ដេចចង់ពង្រឹងរាជសម្បត្តិដោយយុត្តិធម៌ តោងដកមនុស្សអាក្រក់ចេញឲ្យឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអង្គជាមុនសិន។
ហេតុនេះ ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «យើងជាព្រះដ៏មានជីវិតគង់នៅ! ស្ដេចស្រុកអ៊ីស្រាអែលក្បត់នឹងពាក្យសច្ចាប្រណិធាន ដែលគេបានស្បថជាមួយយើង ហើយក៏ផ្ដាច់សម្ពន្ធមេត្រីដែលគេបានចងជាមួយយើងដែរ។ យើងនឹងដាក់ទោសគេ តាមពាក្យដែលគេស្បថ។
ផ្ទុយទៅវិញ ប្រសិនបើអ្នករាល់គ្នាមិនធ្វើដូច្នេះទេ បានសេចក្ដីថាអ្នករាល់គ្នាប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យព្រះអម្ចាស់ ហើយអ្នករាល់គ្នាមុខជាទទួលទោស ព្រោះតែអំពើបាបរបស់ខ្លួនមិនខាន។
ប្រជាជនឆ្លើយឡើងទាំងអស់គ្នាថា៖ «យើងខ្ញុំ និងកូនចៅរបស់យើងខ្ញុំ ទទួលខុសត្រូវក្នុងការប្រហារជីវិតជននេះ!»។
«សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ នៅស្ថានដ៏ខ្ពស់បំផុត ហើយសូមឲ្យមនុស្សលោកដ៏ជាទីស្រឡាញ់របស់ព្រះអង្គបានប្រកបដោយសេចក្ដីសុខសាន្ត នៅលើផែនដី!»។
ប៉ុន្តែ ដោយសាសន៍យូដាចេះតែប្រឆាំងនឹងលោក ហើយជេរប្រមាថលោកទៀតផងនោះ លោកក៏រលាស់ធូលីដីពីអាវរបស់លោក ទាំងមានប្រសាសន៍ថា៖ «បើអ្នករាល់គ្នាវិនាសបាត់បង់នោះ គឺមកតែពីកំហុសរបស់អ្នករាល់គ្នាផ្ទាល់ប៉ុណ្ណោះ គ្មានជាប់ជំពាក់អ្វីជាមួយខ្ញុំទេ ចាប់ពីពេលនេះ ខ្ញុំនឹងទៅរកសាសន៍ដទៃវិញ»។
ដូច្នេះ ពួកគេទទួលទោសចំពោះឃាតកម្មដែលខ្លួនបានប្រព្រឹត្ត គឺសម្លាប់កូនប្រុសរបស់លោកយេរូបាល ទាំងចិតសិបនាក់។ លោកអប៊ីម៉ាឡេកទទួលទោស ព្រោះបានសម្លាប់បងប្អូនរបស់ខ្លួន រីឯអ្នកមុខអ្នកការនៅស៊ីគែមទទួលទោស ព្រោះតែសមគំនិតជាមួយគាត់ក្នុងឃាតកម្មនេះ។