Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 132 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥


ក្រុង​ស៊ីយ៉ូន​ជា​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ជា​វាំង​របស់​ស្ដេច​ដាវីឌ
បទ​ចម្រៀង​សម្រាប់​ឡើង​ទៅ​ព្រះ‌វិហារ។

1 ឱ​ព្រះ‌អម្ចាស់​អើយ សូម​នឹក​ដល់​ព្រះ‌បាទ​ដាវីឌ និង​ការ​នឿយ‌ហត់​ទាំង​ប៉ុន្មាន​របស់​ព្រះ‌រាជា​ផង។

2 ព្រះ‌រាជា​បាន​ស្បថ​ជា​មួយ​ព្រះ‌អម្ចាស់ គឺ​ទ្រង់​បាន​សន្យា​ជា​មួយ​ព្រះ​ដ៏​មាន​ចេស្ដា របស់​លោក​យ៉ាកុប ​ថា:

3 «ទូលបង្គំ​នឹង​មិន​ចូល​ទៅ​ជ្រក​នៅ​ក្នុង​ពន្លា​ទូលបង្គំ ទូលបង្គំ​នឹង​មិន​ឡើង​ទៅ​ដេក នៅ​លើ​គ្រែ​ទូលបង្គំ​ទេ។

4 ទូលបង្គំ​មិន​ព្រម​បិទ​ភ្នែក ទូលបង្គំ​មិន​ព្រម​ទទួល​ទាន​ដំណេក​លង់‌លក់​ឡើយ

5 ដរាប​ណា​ទូលបង្គំ​ពុំ​ទាន់​រក​បាន កន្លែង​ថ្វាយ​ព្រះ‌អម្ចាស់ ដរាប​ណា​ទូលបង្គំ​ពុំ​ទាន់​រក​បាន ព្រះ‌ដំណាក់​ថ្វាយ​ព្រះ​ដ៏​មាន​ចេស្ដា របស់​លោក​យ៉ាកុប​ទេ​នោះ!»។

6 យើង​បាន​ឮ​គេ​និយាយ​ថា ហិប​នៃ​សម្ពន្ធ‌មេត្រី​ស្ថិត​នៅ​ឯ​ភូមិ​អេ‌ប្រាតា យើង​ក៏​បាន​រក​ឃើញ​ហិប​នេះ​នៅ​តំបន់​យ៉ា‌អើរ។

7 ចូរ​យើង​នាំ​គ្នា​ចូល​ទៅ​ក្នុង ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ចូរ​យើង​ក្រាប​នៅ​ទៀប​ព្រះ‌បាទា​របស់​ព្រះអង្គ!

8 ឱ​ព្រះ‌អម្ចាស់​អើយ សូម​ក្រោក​ឡើង សូម​យាង​មក​ជា​មួយ​ហិប*​នៃ​ឫទ្ធា‌នុភាព របស់​ព្រះអង្គ ហើយ​គង់​នៅ​ក្នុង​ទី​សម្រាក របស់​ព្រះអង្គ​រហូត​ត​ទៅ។

9 សូម​ឲ្យ​ពួក​បូជា‌ចារ្យ​របស់​ព្រះអង្គ ប្រព្រឹត្ត​អំពើ​សុចរិត​ជានិច្ច ហើយ​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ស្រែក​ហ៊ោ​ឡើង​យ៉ាង​សប្បាយ!

10 ដោយ​យល់​ដល់​ព្រះ‌បាទ​ដាវីឌ ជា​អ្នក​បម្រើ​របស់​ព្រះអង្គ សូម​កុំ​បោះ​បង់​ចោល​ស្ដេច​ដែល​ព្រះអង្គ បាន​ចាក់​ប្រេង​អភិសេក​នេះ​ឡើយ!

11 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​សន្យា​ជា​មួយ ព្រះ‌បាទ​ដាវីឌ ដោយ​ឥត​ប្រែ‌ប្រួល​ថា: «យើង​នឹង​តែង‌តាំង​ពូជ‌ពង្ស​របស់​អ្នក ឲ្យ​ឡើង​គ្រង​រាជ្យ​បន្ត​ពី​អ្នក។

12 ប្រសិន​បើ​បុត្រ​របស់​អ្នក កាន់​តាម​សម្ពន្ធ‌មេត្រី​របស់​យើង​តៗ​គ្នា ហើយ​ប្រតិបត្តិ​តាម​ដំបូន្មាន ដែល​យើង​ប្រៀន‌ប្រដៅ ពូជ‌ពង្ស​របស់​គេ​ក៏​នឹង​ឡើង​គ្រង​រាជ​សម្បត្តិ របស់​អ្នក​រហូត​ត​រៀង​ទៅ​ដែរ»។

13 ព្រះ‌អម្ចាស់​បាន​ជ្រើស​រើស​ក្រុង​ស៊ីយ៉ូន ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​គង់​នៅ​ក្នុង​ក្រុង​នេះ។

14 ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា «យើង​នឹង​សម្រាក​នៅ​ទី​នេះ​រហូត​ត​ទៅ យើង​ចង់​រស់​នៅ​ក្នុង​កន្លែង​នេះ​ណាស់!

15 យើង​នឹង​ឲ្យ​ពរ​ក្រុង​នេះ​មាន​អ្វីៗ តាម​តែ​គេ​ត្រូវ​ការ យើង​នឹង​ឲ្យ​ជន​ក្រីក្រ ក្នុង​ក្រុង​នេះ មាន​អាហារ​បរិបូណ៌។

16 យើង​នឹង​សង្គ្រោះ​ក្រុង​នេះ តាម​រយៈ​ពួក​បូជា‌ចារ្យ​របស់​គេ យើង​នឹង​ឲ្យ​ប្រជា‌ជន​នៅ​ក្រុង​នេះ ស្រែក​ហ៊ោ​ដោយ​អំណរ។

17 នៅ​ទី​នេះ យើង​នឹង​ធ្វើ​ឲ្យ​មាន​ស្ដេច ប្រកប​ដោយ​ឫទ្ធា‌នុភាព​កើត​ពី ពូជ‌ពង្ស​របស់​ដាវីឌ យើង​នឹង​រៀបចំ​ឲ្យ​មាន​ស្ដេច មួយ​អង្គ​ស្នង​រាជ្យ ជំនួស​ស្ដេច​ដែល​យើង​បាន​ចាក់​ប្រេង​អភិសេក។

18 យើង​នឹង​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​របស់​គេ ត្រូវ​អាម៉ាស់​មុខ​ជា​ខ្លាំង តែ​យើង​នឹង​ឲ្យ​រាជ្យ​របស់​គេ បាន​ថ្កុំ‌ថ្កើង​រុងរឿង»។

Khmer Standard Version © 2005 United Bible Societies.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម