អ្នកបានប្រព្រឹត្តអាក្រក់ជាងអស់អ្នកមុនៗទៅទៀត គឺអ្នកបានធ្វើរូបព្រះផ្សេងៗ ព្រមទាំងសិតធ្វើរូបបដិមា ដើម្បីបញ្ឆេះកំហឹងរបស់យើង ហើយអ្នកបានបែរខ្នងដាក់យើងថែមទៀត។
១ ពង្សាវតារក្សត្រ 12:28 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចបានរិះគិតអំពីមធ្យោបាយមួយ គឺឲ្យគេសិតធ្វើរូបគោមាសពីរ ហើយមានរាជឱង្ការទៅកាន់ប្រជាជនថា៖ «អ្នករាល់គ្នាធ្វើដំណើរទៅក្រុងយេរូសាឡឹមជាច្រើនដងហើយ អ៊ីស្រាអែលអើយ! នេះនែ៎ ព្រះដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ស្ដេចក៏មានគំនិតធ្វើរូបកូនគោមាសពីរ ហើយមានរាជឱង្ការទៅកាន់ប្រជាជន ថា៖ «ឱអ៊ីស្រាអែលអើយ អ្នករាល់គ្នាបានឡើងទៅក្រុងយេរូសាឡិមយូរណាស់ហើយ ឥឡូវនេះ មើល៍! នេះនែ ព្រះរបស់អ្នក ដែលបាននាំអ្នករាល់គ្នា ឡើងចេញពីស្រុកអេស៊ីព្ទមក»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ស្តេចទ្រង់ក៏ជំនុំការ រួចធ្វើរូបកូនគោមាស២ ហើយមានបន្ទូលថា ឱអ៊ីស្រាអែលអើយ ឯងរាល់គ្នាបានឡើងទៅឯក្រុងយេរូសាឡិម ជាយូរណាស់ហើយ ឥឡូវនេះ មើល នេះនែ ព្រះរបស់ឯង ដែលបាននាំឯងរាល់គ្នា ឡើងចេញពីស្រុកអេស៊ីព្ទមក អាល់គីតាប ស្តេចបានរិះគិតអំពីមធ្យោបាយមួយ គឺឲ្យគេសិតធ្វើរូបគោមាសពីរ ហើយជម្រាបទៅកាន់ប្រជាជនថា៖ «អ្នករាល់គ្នាធ្វើដំណើរទៅក្រុងយេរូសាឡឹមជាច្រើនដងហើយ អ៊ីស្រអែលអើយ! នេះនែ៎ ព្រះដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប»។ |
អ្នកបានប្រព្រឹត្តអាក្រក់ជាងអស់អ្នកមុនៗទៅទៀត គឺអ្នកបានធ្វើរូបព្រះផ្សេងៗ ព្រមទាំងសិតធ្វើរូបបដិមា ដើម្បីបញ្ឆេះកំហឹងរបស់យើង ហើយអ្នកបានបែរខ្នងដាក់យើងថែមទៀត។
ស្ដេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ និងដើរតាមផ្លូវរបស់បិតា គឺទ្រង់ប្រព្រឹត្តអំពើបាប ហើយនាំប្រជាជនអ៊ីស្រាអែលឲ្យប្រព្រឹត្តអំពើបាបដែរ។
ស្ដេចសុគតដូច្នេះ ព្រោះតែអំពើបាប និងអំពើអាក្រក់ដែលទ្រង់បានប្រព្រឹត្ត មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ គឺទ្រង់ដើរតាមផ្លូវរបស់ព្រះបាទយេរ៉ូបោម ដោយប្រព្រឹត្តអំពើបាប ហើយនាំប្រជាជនអ៊ីស្រាអែលឲ្យប្រព្រឹត្តអំពើបាបដែរ។
ប៉ុន្តែ ទ្រង់ពុំបានងាកចេញពីអំពើបាប ដែលព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាត បាននាំប្រជាជនអ៊ីស្រាអែលឲ្យប្រព្រឹត្ត ដោយគោរពរូបគោមាសនៅបេតអែល និងក្រុងដាន់ឡើយ។
ពួកគេបោះបង់ចោលបទបញ្ជាទាំងប៉ុន្មានរបស់ព្រះអម្ចាស់ ជាព្រះរបស់ខ្លួន ហើយនាំគ្នាសិតធ្វើរូបកូនគោពីរ ដំឡើងបង្គោលថ្វាយព្រះអាសេរ៉ា ព្រមទាំងនាំគ្នាក្រាបថ្វាយបង្គំផ្កាយទាំងប៉ុន្មាន នៅលើមេឃ និងគោរពបម្រើព្រះបាល។
ពួកគេធ្វើតាមទំនៀមទម្លាប់របស់ប្រជាជាតិនានា ដែលព្រះអម្ចាស់បានបណ្ដេញចេញពីមុខជនជាតិអ៊ីស្រាអែល ព្រមទាំងធ្វើតាមទម្លាប់ផ្សេងៗ ដែលស្ដេចស្រុកអ៊ីស្រាអែលបានបង្កើតឡើងនោះផង។
ពួកលេវីបោះបង់ចោលផ្ទះសំបែង និងដីធ្លីរបស់ខ្លួន ទៅរស់នៅក្នុងស្រុកយូដា និងក្រុងយេរូសាឡឹម ព្រោះព្រះបាទយេរ៉ូបោម ព្រមទាំងបុត្រ មិនឲ្យពួកគេបំពេញមុខងារជាបូជាចារ្យបម្រើព្រះអម្ចាស់ទេ។
ព្រះបាទយេរ៉ូបោមបានជ្រើសតាំងមនុស្សឲ្យធ្វើជាបូជាចារ្យ នៅកន្លែងសក្ការៈតាមទួលខ្ពស់ៗ ដើម្បីបម្រើព្រះក្លែងក្លាយ មានរូបពពែឈ្មោល និងកូនគោ ដែលស្ដេចបានសូន។
ឥឡូវនេះ អ្នករាល់គ្នាគិតប្រឆាំងតទល់នឹងរាជអំណាចរបស់ព្រះអម្ចាស់ ដែលស្ថិតនៅក្រោមការគ្រប់គ្រងនៃកូនចៅរបស់ព្រះបាទដាវីឌទៀត។ អ្នករាល់គ្នាមានកងទ័ពយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយក៏មានរូបកូនគោមាស ដែលស្ដេចយេរ៉ូបោមបានសិតធ្វើជាព្រះឲ្យអ្នករាល់គ្នាគោរពបម្រើ នៅជាមួយដែរ។
ក្នុងអំឡុងពេលដ៏យូរលង់ ជនជាតិអ៊ីស្រាអែលគ្មានព្រះពិតប្រាកដ គ្មានបូជាចារ្យសម្រាប់បង្ហាត់បង្រៀន ហើយក៏គ្មានក្រឹត្យវិន័យដែរ។
ស្ដេចបានស្វែងរកព្រះនៃអយ្យកោរបស់ស្ដេច និងធ្វើតាមបទបញ្ជារបស់ព្រះអង្គ គឺទ្រង់មិនធ្វើដូចអ្នកស្រុកអ៊ីស្រាអែលទេ។
ស្ដេចដើរតាមមាគ៌ារបស់ស្ដេចទាំងឡាយនៅស្រុកអ៊ីស្រាអែល និងប្រព្រឹត្តដូចរាជវង្សរបស់ព្រះបាទអហាប់ដែរ ព្រោះស្ដេចបានរៀបអភិសេកជាមួយបុត្រីរបស់ព្រះបាទអហាប់ ហើយស្ដេចប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់។
ព្រះបាទម៉ាណាសេយករូបបដិមា ដែលស្ដេចបានឲ្យគេឆ្លាក់ ទៅតម្កល់ក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ ថ្វីដ្បិតតែព្រះជាម្ចាស់ធ្លាប់មានព្រះបន្ទូលមកកាន់ព្រះបាទដាវីឌ និងព្រះបាទសាឡូម៉ូនជាបុត្រថា “យើងបានជ្រើសរើសព្រះដំណាក់ និងក្រុងយេរូសាឡឹម ពីចំណោមកុលសម្ព័ន្ធទាំងប៉ុន្មាននៃជនជាតិអ៊ីស្រាអែល ទុកជាកន្លែងសម្រាប់នាមយើង រហូតតទៅ។
ដូច្នេះ យើងត្រូវមានវិធានការទប់ស្កាត់ពួកគេ កុំឲ្យកើនចំនួនច្រើនឡើងទៀត។ បើមិនដូច្នោះទេ ពេលណាកើតសង្គ្រាម ពួកគេមុខជាចូលដៃជាមួយខ្មាំងសត្រូវ ដើម្បីវាយយើង ហើយនាំគ្នារត់ចេញពីស្រុក»។
មិនត្រូវឆ្លាក់រូបអ្វី ឬយកវត្ថុដែលជាតំណាងអ្វីមួយ នៅលើមេឃ នៅលើផែនដី ឬនៅក្នុងទឹក ក្រោមដី ធ្វើជាព្រះឡើយ។
លោកម៉ូសេឃើញថា លោកអើរ៉ុនបណ្ដោយឲ្យប្រជាជនធ្វើអ្វីតាមអំពើចិត្ត ជាហេតុនាំឲ្យសត្រូវមើលងាយ។
លោកអើរ៉ុនយកក្រវិលទាំងនោះទៅសិតធ្វើជារូបកូនគោមួយ។ បន្ទាប់មក ពួកគេស្រែកឡើងថា៖ «អ៊ីស្រាអែលអើយ នេះជាព្រះដែលបាននាំអ្នកចេញពីស្រុកអេស៊ីប!»។
ពួកគេឆាប់ងាកចេញពីមាគ៌ា ដែលយើងបានបង្ហាញដល់ពួកគេ គឺពួកគេបានសិតធ្វើរូបកូនគោមួយ ហើយក្រាបថ្វាយបង្គំ និងថ្វាយយញ្ញបូជាដល់រូបកូនគោនោះ ទាំងពោលថា “អ៊ីស្រាអែលអើយ នេះជាព្រះដែលនាំអ្នកចេញពីស្រុកអេស៊ីប!”»។
មនុស្សខ្លះយល់ថា ផ្លូវដែលខ្លួនដើរជាផ្លូវត្រឹមត្រូវ ក៏ប៉ុន្តែ នៅទីបំផុត ផ្លូវនោះនាំទៅរកសេចក្ដីស្លាប់។
ព្រះអម្ចាស់មានព្រះបន្ទូលថា: កូនៗដែលចេះតែបះបោរ មុខជាត្រូវវេទនាពុំខាន! ពួកគេបានធ្វើតាមគម្រោងការ ដែលយើងមិនបានគ្រោងទុក ពួកគេបានចងសម្ពន្ធមិត្ត ផ្ទុយពីឆន្ទៈរបស់យើង ពួកគេប្រព្រឹត្តអំពើបាបផ្ទួនៗគ្នា។
គេបំបិទមាត់ហោរាថា “កុំទាយអី” ហើយប្រាប់គ្រូទស្សន៍ទាយថា “កុំទស្សន៍ទាយការពិត ចូរពោលតែពាក្យបញ្ចើចបញ្ចើ និងរឿងប្រឌិតប៉ុណ្ណោះបានហើយ!
នាងប្រព្រឹត្តអំពើពេស្យាចារជាមួយជនជាតិអេស៊ីប ជាអ្នកជិតខាងដែលមានកម្លាំងមាំមួន។ នាងប្រព្រឹត្តអំពើពេស្យាចារកាន់តែច្រើនឡើងៗ រហូតដល់ធ្វើឲ្យយើងខឹង។
នាងពុំបានលះបង់អំពើពេស្យាចារដែលខ្លួនធ្លាប់ប្រព្រឹត្ត តាំងពីនៅស្រុកអេស៊ីបនោះឡើយ កាលនៅពីក្មេង នាងប្រគល់ខ្លួនទៅឲ្យប្រុសៗ ពួកគេបង្ខូចព្រហ្មចារីរបស់នាងធ្វើឲ្យនាងក្លាយទៅជាស្រីពេស្យា។
ព្រះចៅនេប៊ូក្នេសាបានកសាងរូបបដិមាមួយពីមាស មានកម្ពស់ហុកសិបហត្ថ និងទទឹងប្រាំមួយហត្ថ។ ស្ដេចដំឡើងរូបនោះនៅវាលទំនាបឌូរ៉ា ក្នុងអាណាខេត្តបាប៊ីឡូន។
យើងនឹងធ្វើទោសពួកគេ តាមចិត្តយើង ជាតិសាសន៍នានានឹងលើកគ្នាមកវាយពួកគេ ដើម្បីដាក់ទោសពួកគេ ព្រោះតែកំហុស ទាំងពីរដែលពួកគេបានប្រព្រឹត្ត។
ចំណែកឯទីសក្ការៈទាំងឡាយនៅអាវេន ជាកន្លែងដែលប្រជាជនអ៊ីស្រាអែល ប្រព្រឹត្តអំពើបាប ក៏ត្រូវបំផ្លាញចោលដែរ។ រពាក់ និងអញ្ចាញ នឹងដុះលើអាសនៈរបស់គេ។ ពេលនោះ គេនឹងនិយាយទៅកាន់ភ្នំធំៗថា: ចូរជួយលាក់យើងខ្ញុំផង! ហើយគេក៏និយាយទៅកាន់ភ្នំតូចៗថា: ចូររលំសង្កត់លើយើងខ្ញុំមក!។
កុំទៅបេតអែល កុំទៅគីលកាល កុំទៅបៀរសេបាឡើយ ដ្បិតអ្នកក្រុងគីលកាលនឹងត្រូវគេកៀរយកទៅ ជាឈ្លើយទាំងអស់គ្នា រីឯបេតអែលដែលជាដំណាក់របស់ព្រះជាម្ចាស់ នឹងក្លាយទៅដំណាក់ទុច្ចរិត»។
អ្នកណាស្បថក្នុងនាមព្រះក្លែងក្លាយ នៅក្រុងសាម៉ារីថា: “ខ្ញុំសូមស្បថ ដោយយកព្រះជន្ម របស់ព្រះនៅក្រុងដាន់ជាសាក្សី” “ខ្ញុំសូមស្បថ ដោយយក ព្រះនៅបៀរសេបាជាសាក្សី” អ្នកនោះមុខជាដួលស្លាប់ ក្រោកឡើងវិញមិនរួចឡើយ។»
ពួកគេសន្យាថានឹងផ្ដល់សេរីភាពឲ្យអ្នកទាំងនោះ តែខ្លួនឯងផ្ទាល់ជាខ្ញុំកញ្ជះនៃសេចក្ដីអន្តរាយ ដ្បិតម្នាក់ៗជាខ្ញុំកញ្ជះនៃអ្វីៗដែលមានអំណាចលើខ្លួន។
លោកដាវីឌរិះគិតថា៖ «ថ្ងៃណាមួយ ព្រះបាទសូលមុខជាសម្លាប់ខ្ញុំមិនខាន។ គ្មានផ្លូវណាល្អជាងរត់ភៀសខ្លួនទៅនៅស្រុកភីលីស្ទីនទេ ធ្វើដូច្នេះ ព្រះបាទសូលនឹងបោះបង់ចោលគំនិតដេញតាមចាប់ខ្ញុំ នៅក្នុងទឹកដីអ៊ីស្រាអែលទៀត ហើយខ្ញុំនឹងរួចផុតពីកណ្ដាប់ដៃរបស់ស្ដេច»។