មានតែព្រះអម្ចាស់ទេដែលប្រទានប្រាជ្ញា។ ចំណេះវិជ្ជា និងការដឹងខុសត្រូវ សុទ្ធតែមកពីព្រះអង្គទាំងអស់។
១ កូរិនថូស 4:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើមានអ្វីដែលធ្វើឲ្យអ្នកប្រសើរជាងអ្នកឯទៀតៗ? អ្វីៗដែលអ្នកមាន គឺសុទ្ធតែបានទទួលពីព្រះជាម្ចាស់ទេតើ!។ បើអ្នកបានទទួលពីព្រះអង្គដូច្នេះ ហេតុដូចម្ដេចបានជាអ្នកអួតខ្លួន ធ្វើហាក់ដូចជាមិនមែនមកពីព្រះអង្គទៅវិញ? ព្រះគម្ពីរខ្មែរសាកល តើនរណាយល់ឃើញថា អ្នកពិសេសជាងគេ? តើអ្នកមានអ្វីដែលអ្នកមិនបានទទួល? ប្រសិនបើអ្នកបានទទួលមែន ចុះម្ដេចក៏អ្នកអួតខ្លួនដូចជាមិនបានទទួល? Khmer Christian Bible ដ្បិតតើអ្នកណាបានធ្វើឲ្យអ្នកខុសប្លែកពីគេ? តើអ្នកមានអ្វី ដែលអ្នកមិនបានទទួល? ចុះបើអ្នកបានទទួលហើយ ហេតុអ្វីបានជាអួតខ្លួន ដូចជាមិនបានទទួលដូច្នេះ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតតើអ្នកណាធ្វើឲ្យអ្នកផ្សេងពីគេ? តើអ្នកមានអ្វីដែលអ្នកមិនបានទទួល? ចុះបើអ្នកបានទទួលហើយ ហេតុអ្វីបានជាអ្នកអួតខ្លួន ហាក់ដូចជាអំណោយទាននោះមិនមែនមកពីព្រះអង្គ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតតើអ្នកណាបានធ្វើឲ្យអ្នកផ្សេងពីគេ តើអ្នកមានអ្វីខ្លះ ដែលអ្នកមិនបានទទួល ចុះបើបានទទួលមែន ហេតុអ្វីបានជាអួតខ្លួនដូចជាមិនបានទទួលវិញ អាល់គីតាប តើមានអ្វីដែលធ្វើឲ្យអ្នកប្រសើរជាងអ្នកឯទៀតៗ? អ្វីៗដែលអ្នកមាន គឺសុទ្ធតែបានទទួលពីអុលឡោះទេតើ!។ បើអ្នកបានទទួលពីអុលឡោះដូច្នេះ ហេតុដូចម្ដេចបានជាអ្នកអួតខ្លួន ធ្វើហាក់ដូចជាមិនមែនមកពីអុលឡោះទៅវិញ? |
មានតែព្រះអម្ចាស់ទេដែលប្រទានប្រាជ្ញា។ ចំណេះវិជ្ជា និងការដឹងខុសត្រូវ សុទ្ធតែមកពីព្រះអង្គទាំងអស់។
ចូរប្រកាសថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: ផារ៉ោនជាស្ដេចស្រុកអេស៊ីបអើយ យើងប្រឆាំងនឹងអ្នកហើយ! អ្នកជាក្រពើដ៏ធំសម្បើម ដេកនៅតាមដៃទន្លេ ហើយពោលថា ទន្លេនីលជារបស់អ្នក អ្នកបានបង្កើតទន្លេនេះ។
បពិត្រព្រះរាជា ព្រះដ៏ខ្ពង់ខ្ពស់បំផុតបានប្រទានរាជសម្បត្តិ ភាពឧត្តុង្គឧត្ដម កិត្តិនាម និងសិរីរុងរឿងដល់ព្រះចៅនេប៊ូក្នេសា ជាព្រះបិតារបស់ព្រះករុណា។
ព្រះករុណាបានប្រឆាំងព្រះអម្ចាស់នៃស្ថានបរមសុខ ដោយបញ្ជាឲ្យគេយកពែងពីព្រះវិហាររបស់ព្រះអង្គ មកចាក់ស្រាសម្រាប់ព្រះករុណា សម្រាប់នាម៉ឺនមន្ត្រី សម្រាប់ពួកមហេសី និងពួកស្នំ។ បន្ទាប់មក ព្រះករុណាបានសរសើរតម្កើងព្រះដែលធ្វើពីមាស ប្រាក់ លង្ហិន ដែក ឈើ និងថ្មទៅវិញ ជាព្រះដែលមិនចេះមើល មិនចេះស្ដាប់ ហើយមិនដឹងអ្វីទាំងអស់ គឺព្រះករុណាមិនបានលើកតម្កើងព្រះដែលជាម្ចាស់លើព្រះជន្ម និងជាម្ចាស់លើដំណើរជីវិតរបស់ព្រះករុណាឡើយ។
មុនពេលចេញដំណើរទៅ លោកបានហៅអ្នកបម្រើរបស់លោកដប់នាក់មក ប្រគល់ប្រាក់ឲ្យគេមួយណែន ម្នាក់ៗ ទាំងផ្ដាំថា “ចូរយកប្រាក់នេះទៅរកស៊ី រហូតដល់ខ្ញុំត្រឡប់មកវិញ”។
យើងទាំងអស់គ្នាបានទទួលព្រះគុណមិនចេះអស់មិនចេះហើយ ពីគ្រប់លក្ខណសម្បត្តិរបស់ព្រះអង្គ
លោកយ៉ូហានមានប្រសាសន៍តបទៅគេថា៖ «បើព្រះជាម្ចាស់មិនប្រទានឲ្យទេ គ្មាននរណាម្នាក់អាចធ្វើអ្វីកើតឡើយ។
តាមរយៈព្រះបុត្រា គឺព្រះអម្ចាស់យេស៊ូគ្រិស្ត យើងខ្ញុំបានទទួលព្រះគុណ និងមុខងារជាសាវ័ក ដើម្បីនាំជាតិសាសន៍ទាំងអស់ប្រតិបត្តិតាមជំនឿ សម្រាប់លើកតម្កើងព្រះនាមព្រះអង្គ។
ខ្ញុំសូមជម្រាបបងប្អូន តាមព្រះអំណោយទានដែលព្រះជាម្ចាស់បានប្រទានមកខ្ញុំថា ម្នាក់ៗមិនត្រូវលើកតម្លៃខ្លួនឯងខ្ពស់ ហួសពីគំនិតដែលត្រូវគិតនោះឡើយ តែត្រូវគិតឲ្យបានសមរម្យតាមកម្រិតនៃជំនឿ ដែលព្រះជាម្ចាស់ប្រទានឲ្យម្នាក់ៗ។
យើងមានព្រះអំណោយទានប្លែកៗពីគ្នា ស្របតាមព្រះគុណដែលព្រះជាម្ចាស់ប្រទានមកយើង។ ប្រសិនបើបងប្អូនណាទទួលព្រះអំណោយទានខាងថ្លែង*ព្រះបន្ទូល ត្រូវថ្លែងឲ្យស្របតាមជំនឿ
ប៉ុន្តែ ហេតុដែលខ្ញុំបានដូចសព្វថ្ងៃនេះ ក៏មកតែពីព្រះគុណរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ ព្រះគុណរបស់ព្រះអង្គមកលើខ្ញុំ មិនមែនឥតប្រយោជន៍ទេ ផ្ទុយទៅវិញ ខ្ញុំបានធ្វើការច្រើនជាងសាវ័កទាំងនោះទៅទៀត ក៏ប៉ុន្តែ មិនមែនខ្ញុំទេដែលធ្វើការ គឺព្រះគុណរបស់ព្រះជាម្ចាស់ដែលស្ថិតនៅជាមួយខ្ញុំទេតើ ដែលបានសម្រេចគ្រប់កិច្ចការ។
តើលោកអប៉ូឡូសមានឋានៈអ្វី? រីឯប៉ូលមានឋានៈអ្វីដែរ? អ្នកទាំងពីរគ្រាន់តែជាអ្នកបម្រើ ដែលណែនាំបងប្អូនឲ្យមានជំនឿប៉ុណ្ណោះ គឺម្នាក់ៗបំពេញតែកិច្ចការដែលព្រះអម្ចាស់ប្រទានឲ្យធ្វើ។
បងប្អូនមិនគួរអួតខ្លួនសោះឡើយ! បងប្អូនមិនជ្រាបទេឬ “មេតែបន្តិចអាចធ្វើឲ្យម្សៅទាំងមូលដោរឡើងបាន!”។
ខ្ញុំចង់ឲ្យមនុស្សទាំងអស់បានដូចខ្ញុំដែរ ក៏ប៉ុន្តែ ម្នាក់ៗបានទទួលព្រះអំណោយទានមួយរៀងៗខ្លួនពីព្រះជាម្ចាស់ ម្នាក់ទទួលយ៉ាងនេះ ម្នាក់ទៀតទទួលយ៉ាងនោះ។
គ្រប់អំណោយដ៏ល្អវិសេស និងអ្វីៗទាំងប៉ុន្មានដ៏គ្រប់លក្ខណៈដែលយើងបានទទួល សុទ្ធតែមកពីស្ថានលើទាំងអស់ គឺមកពីព្រះបិតាដែលបង្កើតពន្លឺ ។ ព្រះអង្គមិនចេះប្រែក្រឡាស់ទេ ហើយនៅក្នុងព្រះអង្គ សូម្បីតែស្រមោលនៃការប្រែប្រួលក៏គ្មានផង។
បងប្អូនម្នាក់ៗបានទទួលព្រះអំណោយទានផ្សេងៗពីគ្នាហើយ ដូច្នេះ ចូរយកព្រះអំណោយទានទាំងនេះទៅបម្រើអ្នកឯទៀតៗ ឲ្យសមនឹងនាទីរបស់បងប្អូន ជាអ្នកចាត់ចែងដ៏ល្អ ដែលចែកព្រះអំណោយទាន គ្រប់បែបយ៉ាងរបស់ព្រះជាម្ចាស់។