កាលប្រជាជនទាំងមូលឃើញដូច្នេះ ក៏នាំគ្នាក្រាបថ្វាយបង្គំ ឱនមុខដល់ដី ហើយពោលថា៖ «គឺព្រះអម្ចាស់ហើយជាព្រះដ៏ពិតប្រាកដ!»។
អែសរ៉ា 1:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងចំណោមអ្នករាល់គ្នា អ្នកណាជាប្រជារាស្ត្ររបស់ព្រះអង្គ សូមឲ្យអ្នកនោះវិលទៅកាន់ក្រុងយេរូសាឡឹម ក្នុងស្រុកយូដាវិញ ហើយសង់ព្រះដំណាក់របស់ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល គឺជាព្រះដែលគង់នៅក្រុងយេរូសាឡឹម។ សូមឲ្យព្រះរបស់គេគង់នៅជាមួយគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្នុងចំណោមអ្នករាល់គ្នា អ្នកណាជាប្រជារាស្ត្ររបស់ព្រះអង្គ សូមឲ្យព្រះរបស់អ្នកនោះបានគង់ជាមួយ ហើយឲ្យអ្នកនោះឡើងទៅឯក្រុងយេរូសាឡិម ដែលនៅក្នុងស្រុកយូដា ដើម្បីសង់ព្រះវិហាររបស់ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលចុះ ព្រះអង្គជាព្រះដែលគង់នៅក្រុងយេរូសាឡិម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ នៅក្នុងបណ្តាជនទាំងឡាយ បើមានអ្នកណាជារបស់ផងទ្រង់ នោះសូមឲ្យព្រះនៃអ្នកនោះបានគង់ជាមួយ ហើយឲ្យអ្នកនោះឡើងទៅឯក្រុងយេរូសាឡិមដែលនៅស្រុកយូដា ដើម្បីនឹងស្អាងព្រះវិហារនៃព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលចុះ គឺជាព្រះដែលគង់នៅក្រុងយេរូសាឡិមនោះ អាល់គីតាប ក្នុងចំណោមអ្នករាល់គ្នា អ្នកណាជាប្រជារាស្ត្ររបស់ទ្រង់ សូមឲ្យអ្នកនោះវិលទៅកាន់ក្រុងយេរូសាឡឹម ក្នុងស្រុកយូដាវិញ ហើយសង់ដំណាក់របស់អុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល គឺជាម្ចាស់ដែលនៅក្រុងយេរូសាឡឹម។ សូមឲ្យម្ចាស់របស់គេនៅជាមួយគេ។ |
កាលប្រជាជនទាំងមូលឃើញដូច្នេះ ក៏នាំគ្នាក្រាបថ្វាយបង្គំ ឱនមុខដល់ដី ហើយពោលថា៖ «គឺព្រះអម្ចាស់ហើយជាព្រះដ៏ពិតប្រាកដ!»។
«បពិត្រព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល! នៅលើមេឃ និងនៅលើផែនដី គ្មានព្រះណាមួយដូចព្រះអង្គឡើយ។ ព្រះអង្គរក្សាសម្ពន្ធមេត្រី ហើយសម្តែងព្រះហឫទ័យមេត្តាករុណាចំពោះអ្នកបម្រើរបស់ព្រះអង្គ ដែលដើរតាមព្រះអង្គ ដោយស្មោះអស់ពីចិត្ត។
ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់សម្ដេចសាឡូម៉ូនជាបុត្រថា៖ «ចូរមានកម្លាំង និងចិត្តក្លាហាន ហើយបំពេញការងារឲ្យបានសម្រេច! កុំភ័យខ្លាច ឬតក់ស្លុតឲ្យសោះ ដ្បិតព្រះអម្ចាស់ជាព្រះរបស់បិតានឹងគង់ជាមួយបុត្រ រហូតដល់ការងារសាងសង់ព្រះដំណាក់របស់ព្រះអម្ចាស់បានសម្រេចចប់សព្វគ្រប់ ព្រះអង្គមិនបោះបង់ចោលបុត្រឲ្យនៅតែឯងឡើយ។
ជនជាតិអ៊ីស្រាអែលដែលនៅសេសសល់ ទោះបីរស់នៅទីណាក៏ដោយ ប្រជាជននៅទីនោះត្រូវតែផ្ដល់វិភាគទានដល់ពួកគេ ជាប្រាក់ មាស ទ្រព្យសម្បត្តិ និងសត្វ ព្រមទាំងថ្វាយតង្វាយស្ម័គ្រចិត្ត សម្រាប់ព្រះដំណាក់របស់ព្រះជាម្ចាស់ នៅក្រុងយេរូសាឡឹមផង»។
ប៉ុន្តែ លោកសូរ៉ូបាបិល លោកយេសួរ និងអស់លោកឯទៀតៗ ជាមេក្រុមគ្រួសារនៃជនជាតិអ៊ីស្រាអែល ឆ្លើយទៅពួកគេថា៖ «អស់លោកមិនត្រូវចូលរួមជាមួយពួកយើង ក្នុងការសាងសង់ព្រះដំណាក់ថ្វាយព្រះរបស់ពួកយើងទេ មានតែពួកយើងប៉ុណ្ណោះដែលត្រូវសង់ថ្វាយព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ដូចព្រះចៅស៊ីរូស ជាស្ដេចស្រុកអាស្ស៊ីរី បានបញ្ជាដល់ពួកយើង»។
ប៉ុន្តែ នៅឆ្នាំទីមួយនៃរជ្ជកាលព្រះចៅស៊ីរូស ជាស្ដេចស្រុកបាប៊ីឡូន ស្ដេចបានបញ្ជាឲ្យសង់ព្រះដំណាក់របស់ព្រះជាម្ចាស់ឡើងវិញ។
គ្រាដដែលនោះ លោកថាថ្នាយ ជាទេសាភិបាលនៅតំបន់ប៉ែកខាងលិចទន្លេអឺប្រាត និងលោកសេថារ-បូសណាយ ព្រមទាំងសហការី នាំគ្នាមកជួបជនជាតិយូដា ហើយសួរថា៖ «តើនរណាអនុញ្ញាតឲ្យអ្នករាល់គ្នាសង់ដំណាក់នេះ ព្រមទាំងជួសជុលជញ្ជាំងឡើងវិញ។
ទុកឲ្យជនជាតិយូដាសង់ព្រះដំណាក់របស់ព្រះជាម្ចាស់ឡើងវិញចុះ។ ត្រូវឲ្យទេសាភិបាល និងពួកព្រឹទ្ធាចារ្យរបស់ជនជាតិយូដា សង់ព្រះដំណាក់ត្រង់កន្លែងដើម។
ព្រះអម្ចាស់បានជ្រើសរើសក្រុងស៊ីយ៉ូន ព្រះអង្គសព្វព្រះហឫទ័យគង់នៅក្នុងក្រុងនេះ។
សូមឲ្យគេទទួលស្គាល់ថា មានតែព្រះអង្គប៉ុណ្ណោះដែលជាព្រះអម្ចាស់ ព្រះអង្គជាព្រះដ៏ខ្ពង់ខ្ពស់បំផុត នៅលើផែនដីទាំងមូល!។
«ឱព្រះអម្ចាស់នៃពិភពទាំងមូលអើយ ព្រះអង្គជាព្រះរបស់ជនជាតិអ៊ីស្រាអែល ដែលគង់នៅលើពួកចេរូប៊ីន មានតែព្រះអង្គមួយគត់ដែលជាព្រះរបស់នគរទាំងប៉ុន្មាននៅលើផែនដី ព្រះអង្គបានបង្កើតផ្ទៃមេឃ និងផែនដី។
យើងនិយាយអំពីស្ដេចស៊ីរូសថា អ្នកនេះជាមេដឹកនាំដែលយើងបានតែងតាំង។ គាត់នឹងបំពេញអ្វីៗតាមចិត្ត ដែលយើងប្រាថ្នាចង់បាន គាត់នឹងបញ្ជាឲ្យគេសង់ក្រុងយេរូសាឡឹម និងព្រះវិហារឡើងវិញ”។
យើងនេះហើយជាព្រះអម្ចាស់ គ្មានព្រះអម្ចាស់ណាផ្សេងទៀតឡើយ ក្រៅពីយើង គ្មានព្រះជាម្ចាស់ណាទេ ទោះបីអ្នកមិនស្គាល់យើងក្ដី ក៏យើងបានប្រគល់ឲ្យអ្នកមានឫទ្ធិអំណាច
រីឯព្រះអម្ចាស់វិញ ព្រះអង្គជាព្រះនៃសេចក្ដីពិត ព្រះអង្គជាព្រះដែលមានព្រះជន្មគង់នៅ ជាព្រះមហាក្សត្រដែលនៅស្ថិតស្ថេរ អស់កល្បជានិច្ច។ ពេលព្រះអង្គសម្តែងព្រះពិរោធ នោះផែនដីត្រូវញាប់ញ័រ។ ប្រជាជាតិទាំងឡាយពុំអាចទ្រាំទ្រនឹង ព្រះពិរោធដ៏ខ្លាំងក្លារបស់ព្រះអង្គទេ។
ព្រះរាជាមានរាជឱង្ការមកលោកដានីយ៉ែលថា៖ «ព្រះរបស់អស់លោកពិតជាព្រះលើព្រះនានា និងជាព្រះអម្ចាស់លើព្រះអម្ចាស់នានាមែន! មានតែព្រះអង្គទេដែលសម្តែងគម្រោងការដ៏លាក់កំបាំងទាំងឡាយ ហេតុនេះហើយបានជាលោករកឃើញគម្រោងការដ៏លាក់កំបាំងនេះ»។
យើងសុំចេញបញ្ជាដូចតទៅ គឺមនុស្សទាំងឡាយដែលរស់នៅទួទាំងរាជាណាចក្ររបស់យើង ត្រូវតែគោរពកោតខ្លាចព្រះរបស់លោកដានីយ៉ែល ដ្បិតព្រះអង្គជាព្រះដែលមានព្រះជន្មគង់នៅ ហើយព្រះអង្គនៅស្ថិតស្ថេរអស់កល្បជានិច្ច។ ព្រះរាជ្យរបស់ព្រះអង្គមិនសាបសូន្យឡើយ ព្រះអង្គគ្រងរាជ្យរហូតតរៀងទៅ។
ត្រូវបង្រៀនគេឲ្យប្រតិបត្តិតាមសេចក្ដីទាំងប៉ុន្មាន ដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា។ ចូរដឹងថា ខ្ញុំនៅជាមួយអ្នករាល់គ្នាជារៀងរាល់ថ្ងៃ រហូតដល់អវសានកាលនៃពិភពលោក»។
ព្រះអង្គបានប្រទានព្រះបន្ទូលមកឲ្យជនជាតិអ៊ីស្រាអែល ដោយនាំដំណឹងល្អ*មកប្រាប់គេ អំពីសេចក្ដីសុខសាន្ត តាមរយៈព្រះយេស៊ូគ្រិស្ត* គឺព្រះយេស៊ូនេះហើយ ដែលជាព្រះអម្ចាស់លើមនុស្សទាំងអស់។
ប៉ុន្តែ ខ្មាំងសត្រូវរបស់យើងដឹងស្រាប់ហើយថា ព្រះដែលជាថ្មដារបស់ពួកគេ ពុំអាចផ្ទឹមស្មើនឹងព្រះជាម្ចាស់ ដែលជាថ្មដារបស់យើងឡើយ។
តើយើងមិនបានបង្គាប់អ្នកទេឬថា “ចូរមានកម្លាំង និងចិត្តក្លាហានឡើង! កុំភ័យខ្លាច កុំតក់ស្លុតឲ្យសោះ ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នក គង់នៅជាមួយអ្នក គ្រប់ទីកន្លែងដែលអ្នកទៅ”»។