អែសរ៉ា 1 - អាល់គីតាបមាតុភូមិនិវត្តន៍ក្រោមការដឹកនាំរបស់លោកសូរូបាបិល ស្តេចស៊ីរូសអនុញ្ញាតឲ្យសង់ម៉ាស្ជិទឡើងវិញ 1 ក្នុងឆ្នាំទីមួយនៃរជ្ជកាលស្តេចស៊ីរូស ជាស្តេចស្រុកពែរ្ស អុលឡោះតាអាឡាបានជំរុញចិត្តស្តេចស៊ីរូស ឲ្យចេញសេចក្ដីប្រកាស និងរាជក្រឹត្យក្នុងអាណាចក្ររបស់ស្តេចទាំងមូល ស្របតាមបន្ទូលដែលទ្រង់បានថ្លែងតាមរយៈណាពីយេរេមា មានសេចក្ដីដូចតទៅ៖ 2 «ស្តេចស៊ីរូស ជាស្តេចស្រុកពែរ្ស មានប្រសាសន៍ដូចតទៅ: អុលឡោះតាអាឡា ជាម្ចាស់នៃសូរ៉កា បានប្រគល់នគរទាំងអស់នៅលើផែនដីមកឲ្យយើងគ្រប់គ្រង។ ទ្រង់បញ្ជាឲ្យយើងសង់ដំណាក់មួយ នៅក្រុងយេរូសាឡឹមក្នុងស្រុកយូដា ជូនទ្រង់។ 3 ក្នុងចំណោមអ្នករាល់គ្នា អ្នកណាជាប្រជារាស្ត្ររបស់ទ្រង់ សូមឲ្យអ្នកនោះវិលទៅកាន់ក្រុងយេរូសាឡឹម ក្នុងស្រុកយូដាវិញ ហើយសង់ដំណាក់របស់អុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល គឺជាម្ចាស់ដែលនៅក្រុងយេរូសាឡឹម។ សូមឲ្យម្ចាស់របស់គេនៅជាមួយគេ។ 4 ជនជាតិអ៊ីស្រអែលដែលនៅសេសសល់ ទោះបីរស់នៅទីណាក៏ដោយ ប្រជាជននៅទីនោះត្រូវតែផ្តល់វិភាគទានដល់ពួកគេ ជាប្រាក់ មាស ទ្រព្យសម្បត្តិ និងសត្វ ព្រមទាំងជូនជំនូនស្ម័គ្រចិត្ត សម្រាប់ដំណាក់របស់អុលឡោះនៅក្រុងយេរូសាឡឹមផង»។ 5 ពេលនោះ ពួកមេក្រុមគ្រួសារនៃកុលសម្ព័ន្ធយូដា និងកុលសម្ព័ន្ធពុនយ៉ាមីន ក្រុមអ៊ីមុាំ ក្រុមលេវី គឺអស់អ្នកដែលអុលឡោះជំរុញចិត្ត នាំគ្នាក្រោកឡើង រៀបចំខ្លួនទៅសង់ដំណាក់របស់អុលឡោះតាអាឡានៅក្រុងយេរូសាឡឹម។ 6 អ្នកជិតខាងរបស់ពួកគេយករបស់របរធ្វើពីប្រាក់ ពីមាស ព្រមទាំងទ្រព្យសម្បត្តិ សត្វ និងវត្ថុដ៏មានតម្លៃគ្រប់យ៉ាង មកជួយឧបត្ថម្ភពួកគេ ហើយក៏មានជំនូនស្ម័គ្រចិត្តថែមទៀតផង។ 7 គ្រឿងបរិក្ខារផ្សេងៗនៃដំណាក់របស់អុលឡោះតាអាឡា ដែលស្តេចនេប៊ូក្នេសារឹបអូសពីក្រុងយេរូសាឡឹម យកមកដាក់ក្នុងវិហារនៃព្រះរបស់ខ្លួននោះ ស្តេចស៊ីរូសប្រគល់មកវិញ។ 8 ស្តេចស៊ីរូសបញ្ជាឲ្យលោកមីត្រាដាត ជាអ្នកទទួលខុសត្រូវលើរាជ្យទ្រព្យ យករបស់ទាំងនោះប្រគល់ជូនលោកសេសបាសារ ជាមេដឹកនាំរបស់ជនជាតិយូដា។ 9 គ្រឿងបរិក្ខារទាំងនោះមានដូចតទៅ: ចានមាសចំនួនសាមសិប ចានប្រាក់ចំនួនមួយពាន់ កាំបិតចំនួនម្ភៃប្រាំបួន 10 ពែងមាសចំនួនសាមសិប ពែងប្រាក់គុណភាពលេខពីរចំនួនបួនរយដប់ និងវត្ថុផ្សេងៗទៀតចំនួនមួយពាន់។ 11 សរុបទាំងអស់វត្ថុធ្វើពីមាស និងប្រាក់ មានចំនួនប្រាំពាន់បួនរយ។ លោកសេសបាសារបាននាំវត្ថុទាំងនោះទៅជាមួយ នៅពេលជនជាតិអ៊ីស្រអែល ដែលជាប់ជាឈ្លើយ ចាកចេញពីក្រុងបាប៊ីឡូន វិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញ។ |
© 2014 United Bible Societies, UK.
United Bible Societies