អេសេគាល 26:16 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចរបស់ស្រុកនានានៅតាមឆ្នេរសមុទ្រនឹងនាំគ្នាចុះពីបល្ល័ង្ក ដោះសម្លៀកបំពាក់ និងអាវប៉ាក់ចេញ រួចយកការភ័យខ្លាចមកពាក់ជំនួស ហើយអង្គុយផ្ទាល់ដី ទាំងភ័យញាប់ញ័រឥតឈប់ឈរ ព្រោះឃើញអ្នកធ្លាក់ខ្លួនបែបនេះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រានោះ អស់ទាំងសេដ្ឋីជើងសមុទ្រ នឹងចុះពីវេទិការបស់ខ្លួន ដោះសម្លៀកបំពាក់ចេញ ហើយផ្លាស់អាវប៉ាក់ គេនឹងភ័យខ្លាច ហើយអង្គុយនៅដីវិញ ដោយញាប់ញ័រជានិច្ច ព្រមទាំងស្រឡាំងកាំង ដោយព្រោះអ្នក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រានោះ អស់ទាំងសេដ្ឋីជើងសមុទ្រ នឹងចុះពីទីថ្កល់របស់ខ្លួន ដោះសំលៀកបំពាក់ចេញ ហើយផ្លាស់អាវប៉ាក់ គេនឹងប្រដាប់ខ្លួនដោយសេចក្ដីភ័យខ្លាច ហើយនឹងអង្គុយនៅដីវិញ ដោយញាប់ញ័រជានិច្ច ព្រមទាំងមានសេចក្ដីស្រឡាំងកាំង ដោយព្រោះឯងផង អាល់គីតាប ស្ដេចរបស់ស្រុកនានានៅតាមឆ្នេរសមុទ្រនឹងនាំគ្នាចុះពីបល្ល័ង្ក ដោះសម្លៀកបំពាក់ និងអាវប៉ាក់ចេញ រួចយកការភ័យខ្លាចមកពាក់ជំនួស ហើយអង្គុយផ្ទាល់ដី ទាំងភ័យញាប់ញ័រឥតឈប់ឈរ ព្រោះឃើញអ្នកធ្លាក់ខ្លួនបែបនេះ។ |
សូមឲ្យគេយកបណ្ដាសាគ្របដណ្ដប់ពីលើគេ សូមឲ្យបណ្ដាសាចូលទៅក្នុងខ្លួនគេដូចទឹក ហើយចូលទៅក្នុងឆ្អឹងគេដូចខ្លាញ់!
សូមឲ្យអស់អ្នកដែលចោទប្រកាន់ទូលបង្គំ ត្រូវអាម៉ាស់មុខ សូមឲ្យសេចក្ដីអាម៉ាស់ នៅជាប់ជាមួយពួកគេរហូតតទៅ!
យើងនឹងធ្វើឲ្យខ្មាំងសត្រូវរបស់គេ ត្រូវអាម៉ាស់មុខជាខ្លាំង តែយើងនឹងឲ្យរាជ្យរបស់គេ បានថ្កុំថ្កើងរុងរឿង»។
សូមឲ្យពួកអ្នកដែលអរសប្បាយ នៅពេលឃើញទូលបង្គំវេទនា ត្រូវអាម៉ាស់ ហើយបាក់មុខទាំងអស់គ្នា! សូមឲ្យពួកអ្នកដែលព្រហើនដាក់ទូលបង្គំ ត្រូវអាម៉ាស់មុខបាត់បង់កិត្តិយស។
មេទ័ពរបស់ស្រុកអេដុមនាំគ្នាញ័ររន្ធត់ ទាហានដ៏អង់អាចនៅស្រុកម៉ូអាប់ភិតភ័យ អ្នកស្រុកកាណានទាំងអស់ស្លុតស្មារតី។
ក្រុងយេរូសាឡឹមទាំងមូលនឹងយំសោកសង្រេង កាន់ទុក្ខ ដូចស្ត្រីមេម៉ាយអង្គុយយំនៅលើដី ព្រោះបាត់បង់អ្វីៗទាំងអស់ដែលខ្លួនមាន។
ប្រជាជននៅតាមកោះនានាឃើញអ្នកនោះ ហើយនាំគ្នាភ័យខ្លាច។ ប្រជាជនដែលនៅទីដាច់ស្រយាលនៃផែនដី នឹងនាំគ្នាចូលមកជិត ទាំងញ័ររន្ធត់។
ក្រុងបាប៊ីឡូនអើយ អ្នករលំហើយ ចូរអង្គុយនៅក្នុងធូលីដីទៅ! ក្រុងរបស់ជនជាតិខាល់ដេអើយ ចូរអង្គុយផ្ទាល់នឹងដីនេះទៅ អ្នកគ្មានបល្ល័ង្កទៀតទេ។ គេលែងហៅអ្នកថាជាក្រុងដ៏ល្អប្រណីត ឬក្រុងដ៏សម្បូណ៌សប្បាយទៀតហើយ។
យេរូសាឡឹមអើយ ចូររលាស់ធូលីដីចេញពីអ្នក ចូរក្រោកមកអង្គុយនៅកន្លែងដើម របស់អ្នកវិញ! ក្រុងស៊ីយ៉ូនដែលជាប់ជាឈ្លើយអើយ ចូរស្រាយចំណងចេញពីកអ្នកទៅ!
ចូរនាំគ្នាស្រែកយំទៅ ព្រោះម៉ូអាប់រលំហើយ! ម៉ូអាប់ងាកមុខចេញដោយអាម៉ាស់ ប្រជាជាតិទាំងអស់នៅជុំវិញ នាំគ្នាសើចចំអកឲ្យម៉ូអាប់ ព្រមទាំងស្រឡាំងកាំងទៀតផង»។
ព្រឹទ្ធាចារ្យរបស់ក្រុងស៊ីយ៉ូន នាំគ្នាអង្គុយផ្ទាល់នឹងដី និយាយស្ដីលែងកើត ពួកគេរោយធូលីដីលើក្បាល ហើយស្លៀកបាវកាន់ទុក្ខ។ ស្រីក្រមុំនៅក្រុងយេរូសាឡឹម នាំគ្នាដើរឱនមុខយ៉ាងអាម៉ាស់។
យើងបានឲ្យសម្លៀកបំពាក់ធ្វើពីក្រណាត់ប៉ាក់មកនាង យើងយកស្បែកជើងដ៏ល្អវិសេសមកពាក់ឲ្យនាង ហើយក៏យកស្បៃដ៏ល្អប្រណីត និងអាវធំធ្វើពីសូត្រមកពាក់ឲ្យនាងដែរ។
យើងនឹងធ្វើឲ្យមនុស្សតក់ស្លុត នៅពេលឃើញអ្នកវេទនាដូច្នេះ គេនឹងស្វែងរកអ្នក តែរកមិនឃើញទៀតឡើយ» -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
អ្នកមានចិត្តព្រហើន ព្រោះតែរូបសម្បត្តិដ៏ល្អស្អាតរបស់ខ្លួន។ អ្នកបានធ្វើឲ្យខ្លួនអាប់ប្រាជ្ញា ព្រោះតែភាពរុងរឿងរបស់អ្នក។ យើងបោះអ្នកទៅដី យើងធ្វើទោសអ្នកឲ្យស្ដេចនានាឃើញ។
ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «នៅថ្ងៃដែលដើមតាត្រៅចុះទៅស្ថានមច្ចុរាជ យើងបានឲ្យធម្មជាតិកាន់ទុក្ខ។ ព្រោះតែដើមតាត្រៅនោះងាប់ យើងបានបិទប្រភពទឹកនៅក្រោមដី និងទប់ទឹកទន្លេ រីឯទឹកសមុទ្រក៏លែងកម្រើកទៀតដែរ។ យើងបានធ្វើឲ្យមានភាពងងឹតគ្របដណ្ដប់លើភ្នំលីបង់ និងធ្វើឲ្យព្រៃឈើទាំងប៉ុន្មានស្ងួតហួតហែងអស់។
យើងនឹងធ្វើឲ្យជាតិសាសន៍ជាច្រើនភ័យតក់ស្លុត ព្រោះតែអ្នកស្លាប់។ នៅពេលដែលយើងគ្រវីដាវពីមុខពួកគេ ស្ដេចរបស់ពួកគេនឹងញ័ររន្ធត់។ នៅថ្ងៃដែលអ្នករលំ ពួកគេចេះតែភ័យញាប់ញ័រ ដោយគិតដល់អាយុជីវិតរបស់ខ្លួន។
ស្ដេចកាន់ទុក្ខ មេដឹកនាំអស់សង្ឃឹម ប្រជាជននៅក្នុងស្រុកបាក់ទឹកចិត្ត។ យើងនឹងប្រព្រឹត្តចំពោះពួកគេ តាមអំពើដែលពួកគេបានប្រព្រឹត្ត យើងនឹងវិនិច្ឆ័យទោសពួកគេ តាមការវិនិច្ឆ័យរបស់ពួកគេផ្ទាល់។ ពេលនោះ ពួកគេនឹងដឹងថា យើងជាព្រះអម្ចាស់»។
ឥឡូវនេះ យើងត្រៀមខ្លួនជះកំហឹងលើអ្នក ឥតបង្អង់ឡើយ។ យើងនឹងធ្វើទោសអ្នកតាមកំហឹងរបស់យើង រហូតដល់ចប់ចុងចប់ដើម ព្រោះតែអំពើអាក្រក់ដែលអ្នកប្រព្រឹត្ត។ យើងនឹងវិនិច្ឆ័យទោសអ្នក ព្រោះតែព្រះដ៏គួរស្អប់ខ្ពើមទាំងប៉ុន្មានរបស់អ្នក។
ព្រះភ័ក្ត្ររបស់ព្រះអង្គប្រែជាស្លេកស្លាំង ទ្រង់រំជួលព្រះហឫទ័យ មានព្រះកាយពលទន់ខ្សោយ និងព្រះបាទាញាប់ញ័រ។
ពួកគេនឹងដើរតាមព្រះអម្ចាស់ ព្រះអង្គនឹងបន្លឺព្រះសូរសៀងដូចសត្វសិង្ហ ពេលឮព្រះអង្គបន្លឺព្រះសូរសៀង កូនចៅរបស់ព្រះអង្គនឹងប្រញាប់រត់ចេញ ពីស្រុកខាងលិចទាំងញ័ររន្ធត់។
ព្រះមហាក្សត្រនៅក្រុងនីនីវេជ្រាបដំណឹងនេះ ស្ដេចក៏យាងចុះពីរាជបល្ល័ង្ក ដោះព្រះភូសាចេញ ហើយស្លៀកបាវកាន់ទុក្ខ ព្រមទាំងគង់នៅលើផេះទៀតផង។
យើងនឹងទម្លាក់ស្ដេចរបស់នគរទាំងឡាយ យើងនឹងកម្ទេចកម្លាំងរបស់ប្រជាជាតិនានា។ យើងនឹងរំលំរទេះចម្បាំង ព្រមទាំងអស់អ្នកដែលបររទេះនោះ។ យើងនឹងផ្ដួលសេះ ព្រមទាំងអ្នកជិះ បងប្អូននឹងកាប់សម្លាប់គ្នាទៅវិញទៅមក។
រីឯពួកយុវជនវិញក៏ដូច្នោះដែរ ត្រូវគោរពចុះចូលនឹងព្រឹទ្ធាចារ្យ*។ ចូរទាក់ទងគ្នាទៅវិញទៅមក ដោយសុភាពរាបសា ដ្បិត«ព្រះជាម្ចាស់ប្រឆាំងនឹងអស់អ្នកដែលអួតខ្លួន តែព្រះអង្គប្រណីសន្ដោសអស់អ្នកដែលដាក់ខ្លួនវិញ»។
ពេលស្ដេចនានានៅលើផែនដីដែលបានប្រាសចាកសីលធម៌ជាមួយក្រុងនេះ ព្រមទាំងឈ្លក់នឹងទ្រព្យសម្បត្តិដ៏ហូរហៀររបស់វា ឃើញផ្សែងហុយឡើងពីក្រុងដែលកំពុងតែឆេះ មុខជាយំសោកសង្រេងអាណិតក្រុងនេះមិនខាន។