អេសេគាល 26 - អាល់គីតាបបន្ទូលរបស់អុលឡោះប្រឆាំងនឹងក្រុងទីរ៉ុស 1 នៅឆ្នាំទីដប់មួយ ថ្ងៃទីមួយ ក្នុងខែនោះ អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំ ដូចតទៅ៖ 2 «កូនមនុស្សអើយ អ្នកក្រុងទីរ៉ុសបានសើចចំអកឲ្យក្រុងយេរូសាឡឹមថា “ក្រុងដែលមានអំណាចលើជាតិសាសន៍នានារលំហើយ! តំណែងរបស់វានឹងធ្លាក់មកលើយើងម្ដង ក្រុងយេរូសាឡឹមក្លាយទៅជាវាលរហោស្ថានហើយ!” 3 ហេតុនេះ អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា: ទីរ៉ុសអើយ យើងនឹងប្រហារអ្នក យើងនឹងនាំប្រជាជាតិយ៉ាងច្រើន ដូចរលកសមុទ្រមកវាយអ្នក។ 4 ពួកគេនឹងកំទេចកំពែងក្រុងទីរ៉ុស ព្រមទាំងរំលំប៉ម យើងនឹងបោសធូលីដីឲ្យរលីង ទុកតែផ្ទាំងថ្មមួយឲ្យនៅសល់ប៉ុណ្ណោះ។ 5 ក្រុងទីរ៉ុសនឹងក្លាយទៅជាកូនកោះមួយ ដែលគេប្រើសម្រាប់ហាលសំណាញ់ ហើយប្រជាជាតិនានានឹងត្របាក់លេបក្រុងនេះ ដ្បិតយើងជាអុលឡោះតាអាឡាជាម្ចាស់បានប្រកាសសេចក្ដីទាំងនេះ។ 6 រីឯប្រជាជនក្នុងស្រុកភូមិនានានៅជុំវិញក្រុងទីរ៉ុស នឹងត្រូវស្លាប់ដោយមុខដាវ។ ពេលនោះ គេនឹងទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡាមែន»។ 7 អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា៖ «ក្រុងទីរ៉ុសអើយយើងនឹងហៅស្ដេចនេប៊ូក្នេសា ជាស្តេចលើស្តេចនានា ឲ្យមកវាយប្រហារអ្នក នេប៊ូក្នេសានឹងលើកទ័ពពីទិសខាងជើងមក គឺមានកងពលសេះ រទេះចំបាំង ព្រមទាំងទាហានដ៏ច្រើនផង។ 8 សត្រូវនឹងសម្លាប់ប្រជាជន តាមស្រុកភូមិដែលនៅជុំវិញអ្នក ព្រមទាំងលើកទួលសម្រាប់វាយលុក សង់លេណដ្ឋាន និងលើកកំពែងការពារខ្លួន។ 9 សត្រូវនឹងយករនុកដែកមកបុកទម្លុះកំពែងរបស់អ្នក ព្រមទាំងប្រើអាវុធកំទេចប៉មរបស់អ្នកទៀតផង។ 10 ទ័ពសេះដ៏ច្រើនរបស់ពួកគេនឹងសំរុកចូលមក ធ្វើឲ្យដីហុយជុំជិតលើអ្នក ហើយកំពែងរបស់អ្នកនឹងរញ្ជួយញាប់ញ័រដោយសន្ធឹកទ័ពសេះ កង់រទេះចំបាំង នៅពេលសត្រូវសំរុកចូលមកតាមទ្វាររបស់អ្នក ដូចគេចូលទៅក្នុងក្រុងដែលគេវាយយកបាន។ 11 ជើងសេះរបស់ពួកគេនឹងជាន់កំទេចផ្លូវទាំងប៉ុន្មានរបស់អ្នក គេនឹងប្រហារជីវិតប្រជាជនរបស់អ្នក ហើយរំលំស្ដូបដែលជាតំណាងឫទ្ធិអំណាចរបស់អ្នកដែរ។ 12 សត្រូវនឹងដណ្ដើមយកទ្រព្យសម្បត្តិរបស់អ្នក គេរឹបអូសយកទំនិញរបស់អ្នក ទុកជារបស់ជយភ័ណ្ឌ គេនឹងរំលំកំពែងរបស់អ្នក បំផ្លាញវិមានរបស់អ្នក ហើយយកថ្ម ឈើ និងអ្វីៗដែលនៅសេសសល់បោះទៅក្នុងសមុទ្រ។ 13 យើងនឹងបំបាត់ស្នូរចំរៀងរបស់អ្នក ហើយសំឡេងពិណរបស់អ្នកក៏នឹងលែងឮទៀតដែរ។ 14 យើងនឹងទុកឲ្យអ្នកនៅសល់តែផ្ទាំងថ្មមួយ ដែលគេប្រើសម្រាប់ហាលសំណាញ់ ហើយគ្មាននរណាសង់អ្នកឡើងវិញឡើយ ដ្បិតយើងជាអុលឡោះតាអាឡាជាម្ចាស់បានប្រកាសសេចក្ដីទាំងនេះ»។ 15 អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលទៅកាន់ក្រុងទីរ៉ុសដូចតទៅ៖ «ប្រជាជននៅតាមកោះនានានឹងញ័ររន្ធត់ នៅពេលឮដំណឹងថា សត្រូវវាយយកអ្នកបាន ហើយឮសំរែកថ្ងូររបស់អ្នករបួស និងការសម្លាប់រង្គាលនៅក្នុងអ្នក។ 16 ស្ដេចរបស់ស្រុកនានានៅតាមឆ្នេរសមុទ្រនឹងនាំគ្នាចុះពីបល្ល័ង្ក ដោះសម្លៀកបំពាក់ និងអាវប៉ាក់ចេញ រួចយកការភ័យខ្លាចមកពាក់ជំនួស ហើយអង្គុយផ្ទាល់ដី ទាំងភ័យញាប់ញ័រឥតឈប់ឈរ ព្រោះឃើញអ្នកធ្លាក់ខ្លួនបែបនេះ។ 17 ពួកគេច្រៀងទំនួញមួយបទស្រណោះអ្នកដោយពោលថា “ទីក្រុងដ៏ល្បីល្បាញអើយ អ្នកជាជំរករបស់ប្រជាជនដែលធ្វើដំណើរតាមសមុទ្រ អ្នក និងប្រជាជនរបស់អ្នកជាមហាអំណាចនៅដែនសមុទ្រ ហើយធ្លាប់តែធ្វើឲ្យជាតិសាសន៍នៅជុំវិញព្រឺខ្លាច ឥឡូវនេះ ម្ដេចក៏អ្នកវិនាសបាត់បង់ដូច្នេះ?”។ 18 នៅថ្ងៃដែលខ្មាំងវាយយកអ្នកបាន ប្រជាជននៅតាមកោះភ័យញាប់ញ័រ ប្រជាជននៅតាមឆ្នេរសមុទ្ររន្ធត់ចិត្ត ព្រោះឃើញអ្នកវិនាសបាត់បង់»។ 19 អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា៖ «ពេលណាយើងធ្វើឲ្យអ្នកក្លាយទៅជាក្រុងដែលនៅសល់តែសំណល់បាក់បែក គឺដូចក្រុងដែលគ្មានមនុស្សរស់នៅ ពេលណាយើងធ្វើឲ្យទឹកពីទីជម្រៅ និងមហាសាគរជន់ឡើងគ្របពីលើអ្នក 20 យើងនឹងទម្លាក់អ្នកចុះទៅជាមួយអស់អ្នកដែលធ្លាក់ក្នុងរណ្ដៅមុនអ្នក។ យើងនឹងឲ្យអ្នករស់នៅក្នុងទីជម្រៅនៃផែនដី ជាមួយអស់អ្នកដែលធ្លាក់ក្នុងរណ្ដៅ ជាកន្លែងវិនាសបង់អស់កល្បជានិច្ច។ អ្នកនឹងមិនវិលត្រឡប់មកផែនដីទទួលកន្លែងក្នុងពិភពរបស់អស់អ្នកដែលមានជីវិតឡើយ។ 21 យើងនឹងធ្វើឲ្យមនុស្សតក់ស្លុត នៅពេលឃើញអ្នកវេទនាដូច្នេះ គេនឹងស្វែងរកអ្នក តែរកមិនឃើញទៀតឡើយ» -នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។ |
© 2014 United Bible Societies, UK.
United Bible Societies