ទូលបង្គំស្វែងរកព្រះអង្គយ៉ាងអស់ពីចិត្ត សូមកុំបណ្តោយឲ្យទូលបង្គំងាកចេញ ពីបទបញ្ជារបស់ព្រះអង្គឡើយ!
អេសាយ 63:17 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់អើយ! ហេតុអ្វីបានជាព្រះអង្គ បណ្ដោយឲ្យយើងខ្ញុំវង្វេងឆ្ងាយពីមាគ៌ា របស់ព្រះអង្គដូច្នេះ? ហេតុអ្វីបានជាព្រះអង្គបណ្ដោយឲ្យយើងខ្ញុំ មានចិត្តរឹងរូសមិនព្រមគោរពកោតខ្លាច ព្រះអង្គដូច្នេះ? សូមយាងមកវិញ សូមរកយុត្តិធម៌ឲ្យយើងខ្ញុំជាអ្នកបម្រើ និងជាកុលសម្ព័ន្ធផ្ទាល់របស់ព្រះអង្គផង។ ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាអើយ ហេតុអ្វីបានជាព្រះអង្គទ្រង់ធ្វើឲ្យយើងខ្ញុំវង្វេងចេញពីមាគ៌ារបស់ព្រះអង្គ ក៏ធ្វើឲ្យចិត្តរបស់យើងខ្ញុំរឹងរូសគ្មានការកោតខ្លាចដល់ព្រះអង្គដូច្នេះ? សូមព្រះអង្គយាងត្រឡប់មកវិញដោយយល់ដល់បាវបម្រើរបស់ព្រះអង្គ ដែលជាកុលសម្ព័ន្ធនៃមរតករបស់ព្រះអង្គផង! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះយេហូវ៉ាអើយ ហេតុអ្វីបានជាព្រះអង្គ ធ្វើឲ្យយើងខ្ញុំវង្វេងចេញពីផ្លូវរបស់ព្រះអង្គ ហើយឲ្យយើងខ្ញុំមានចិត្តរឹងទទឹង ចំពោះសេចក្ដីកោតខ្លាចដល់ព្រះអង្គដូច្នេះ? សូមព្រះអង្គវិលមកវិញ ដោយយល់ដល់ពួកអ្នកបម្រើរបស់ព្រះអង្គ គឺជាកុលសម្ព័ន្ធទាំងប៉ុន្មាននៃមត៌ករបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ាអើយ ហេតុអ្វីបានជាទ្រង់ធ្វើឲ្យយើងខ្ញុំវង្វេងចេញពីផ្លូវរបស់ទ្រង់ ហើយឲ្យយើងខ្ញុំមានចិត្តរឹងទទឹងចំពោះសេចក្ដីកោតខ្លាចដល់ទ្រង់ដូច្នេះ សូមទ្រង់វិលមកវិញ ដោយយល់ដល់ពួកអ្នកបំរើរបស់ទ្រង់ គឺជាពូជអំបូរទាំងប៉ុន្មាននៃមរដករបស់ទ្រង់ អាល់គីតាប អុលឡោះតាអាឡាជាម្ចាស់អើយ! ហេតុអ្វីបានជាទ្រង់ បណ្ដោយឲ្យយើងខ្ញុំវង្វេងឆ្ងាយពីមាគ៌ា របស់ទ្រង់ដូច្នេះ? ហេតុអ្វីបានជាទ្រង់បណ្ដោយឲ្យយើងខ្ញុំ មានចិត្តរឹងរូសមិនព្រមគោរពកោតខ្លាច ទ្រង់ដូច្នេះ? សូមមកវិញ សូមរកយុត្តិធម៌ឲ្យយើងខ្ញុំជាអ្នកបម្រើ និងជាកុលសម្ព័ន្ធផ្ទាល់របស់ទ្រង់ផង។ |
ទូលបង្គំស្វែងរកព្រះអង្គយ៉ាងអស់ពីចិត្ត សូមកុំបណ្តោយឲ្យទូលបង្គំងាកចេញ ពីបទបញ្ជារបស់ព្រះអង្គឡើយ!
សូមទាក់ទាញចិត្តទូលបង្គំ ឲ្យធ្វើតាមដំបូន្មានរបស់ព្រះអង្គ គឺមិនមែនឲ្យរកកម្រៃឡើយ!
សូមកុំបណ្តោយឲ្យចិត្តទូលបង្គំ មានលម្អៀងទៅរកអំពើអាក្រក់ ហើយប្រព្រឹត្តអំពើអាក្រក់ រួមជាមួយមនុស្សទុច្ចរិត សូមកុំឲ្យទូលបង្គំចូលរួមជប់លៀង ជាមួយពួកគេឡើយ។
ឱព្រះជាម្ចាស់នៃពិភពទាំងមូលអើយ សូមយាងមកវិញ! សូមទតមើលពីស្ថានបរមសុខមក! សូមយាងមកជួយចម្ការទំពាំងបាយជូរនេះផង!
ព្រះអម្ចាស់អើយ សូមយាងមកវិញ តើព្រះអង្គនៅបង្អង់ដល់កាលណាទៀត សូមអាណិតមេត្តាយើងខ្ញុំ ដែលជាអ្នកបម្រើរបស់ព្រះអង្គផង!
លោកម៉ូសេ និងលោកអើរ៉ុន បានសម្តែងឫទ្ធិបាដិហារិយ៍ទាំងនោះនៅមុខព្រះចៅផារ៉ោន តែព្រះអម្ចាស់បានធ្វើឲ្យស្ដេចមានព្រះហឫទ័យមានះ មិនព្រមបើកឲ្យកូនចៅអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីបឡើយ។
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «យើងផ្ដល់អំណាចឲ្យអ្នកសម្តែងឫទ្ធិបាដិហារិយ៍។ ដូច្នេះ ពេលទៅដល់ស្រុកអេស៊ីប ចូរសម្តែងឫទ្ធិបាដិហារិយ៍ទាំងនោះឲ្យស្ដេចផារ៉ោនឃើញ។ រីឯយើងវិញ យើងនឹងធ្វើឲ្យស្ដេចផារ៉ោនមានចិត្តរឹងចចេស មិនព្រមឲ្យជនជាតិអ៊ីស្រាអែលចេញមកទេ។
ព្រះអម្ចាស់នៃពិភពទាំងមូលនឹងប្រទានពរដល់ពួកគេថា: «សូមឲ្យអេស៊ីបជាប្រជាជនរបស់យើង ព្រមទាំងអាស្ស៊ីរី ដែលយើងបានបង្កើតមក និងអ៊ីស្រាអែលជាចំណែកមត៌ករបស់យើង បានទទួលពរ!»។
ព្រះអម្ចាស់មានព្រះបន្ទូលថា: ប្រជារាស្ត្រនេះចូលមកជិតយើង ហើយលើកតម្កើងយើងត្រឹមតែពាក្យសម្ដី និងបបូរមាត់ប៉ុណ្ណោះ តែចិត្តរបស់គេនៅឆ្ងាយពីយើងណាស់ រីឯការដែលពួកគេគោរពកោតខ្លាចយើង គ្រាន់តែជាទំនៀមទម្លាប់ ដែលគេរៀនពីមនុស្សប៉ុណ្ណោះ។
ហេតុនេះហើយបានជាយើងធ្វើឲ្យ ប្រជារាស្ត្រនេះរឹតតែងឿងឆ្ងល់តទៅទៀត ដោយប្រើការអស្ចារ្យ និងឫទ្ធិបាដិហារិយ៍ផ្សេងៗ យើងនឹងរំលាយប្រាជ្ញារបស់ពួកអ្នកប្រាជ្ញ ហើយធ្វើឲ្យតម្រិះរបស់ពួកអ្នកចេះដឹង ប្រែជាឥតបានការទៅវិញ។
ខ្យល់ដែលចេញពីព្រះអង្គប្រៀបបាននឹង ទឹកជ្រោះ ដែលជន់ឡើងរហូតដល់ច្រមុះ។ ព្រះអង្គនឹងរែងប្រជាជាតិទាំងនោះ ឲ្យវិនាសបាត់បង់ ព្រះអង្គដាក់ដែកបង្ហៀរនៅមាត់ប្រជាជននេះ ដើម្បីនាំគេទៅកន្លែងដែលគេមិនចង់ទៅ។
ចូរធ្វើឲ្យប្រជាជននេះមានចិត្តរឹងរូស ចូរធ្វើឲ្យត្រចៀកគេធ្ងន់ ចូរបិទភ្នែកគេ កុំឲ្យមើលឃើញ កុំឲ្យត្រចៀកគេស្ដាប់ឮ កុំឲ្យប្រាជ្ញារបស់គេស្វែងយល់បាន ក្រែងលោគេប្រែចិត្តគំនិត ហើយយើងនឹងប្រោសគេឲ្យបានជា!»។
យើងធ្វើឲ្យពួកគេទៅជាសៅហ្មង ដោយសារតង្វាយរបស់ខ្លួន គឺនៅពេលគេយកកូនច្បងរបស់ខ្លួនទៅដុតជាយញ្ញបូជា។ យើងចង់ឲ្យពួកគេវិនាសហិនហោច ដើម្បីឲ្យពួកគេទទួលស្គាល់ ថាយើងពិតជាព្រះអម្ចាស់មែន។
ពេលនោះ ទេវតារបស់ព្រះអម្ចាស់ពោលឡើងថា៖ «បពិត្រព្រះអម្ចាស់នៃពិភពទាំងមូល តើដល់ពេលណាទើបព្រះអង្គអាណិតមេត្តាក្រុងយេរូសាឡឹម និងក្រុងឯទៀតៗក្នុងស្រុកយូដា? ព្រះអង្គខ្ញាល់នឹងក្រុងទាំងនេះអស់រយៈពេលចិតសិបឆ្នាំហើយ»។
ពេលគេដាក់ហិបចុះ លោកមានប្រសាសន៍ថា៖ «ព្រះអម្ចាស់អើយ សូមយាងមកគង់ជាមួយជនជាតិអ៊ីស្រាអែល ដែលមានចំនួនយ៉ាងច្រើនអនេកអនន្ត»។
«ព្រះអង្គបានធ្វើឲ្យភ្នែកគេខ្វាក់ ឲ្យចិត្តគេរឹង មិនឲ្យភ្នែកគេមើលឃើញ មិនឲ្យប្រាជ្ញាគេយល់ ហើយមិនឲ្យគេងាកមករកយើង ក្រែងលោយើងប្រោសគេឲ្យជា»។
ប៉ុន្តែ ព្រះបាទស៊ីហុនជាស្ដេចក្រុងហែសបូន ពុំព្រមឲ្យពួកយើងឆ្លងកាត់ស្រុករបស់ខ្លួនទេ ព្រោះព្រះអម្ចាស់ ជាព្រះនៃអ្នក ធ្វើឲ្យស្ដេចនោះមានចិត្តមានះ និងរឹងរូស ដើម្បីប្រគល់គេមកក្នុងកណ្ដាប់ដៃរបស់អ្នក ដូចអ្នកឃើញនៅថ្ងៃនេះស្រាប់។
ព្រះអម្ចាស់បានធ្វើឲ្យប្រជាជននៅស្រុកនោះ មានចិត្តរឹងរូសចង់ធ្វើសង្គ្រាមជាមួយជនជាតិអ៊ីស្រាអែល ដើម្បីឲ្យប្រជាជនអ៊ីស្រាអែលបំផ្លាញពួកគេ ថ្វាយផ្ដាច់ដល់ព្រះអង្គ ឥតត្រាប្រណីឡើយ គឺសម្លាប់ពួកគេឲ្យវិនាសសូន្យ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។