អេសាយ 51:23 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងឲ្យសត្រូវដែលធ្វើបាបអ្នក ផឹកពីពែងនេះវិញ។ គឺពួកនោះដែលធ្លាប់ពោលមកអ្នកថា “ក្រាបចុះ ទុកឲ្យយើងដើរលើខ្នងឯង!” ពេលនោះ អ្នកក៏ក្រាបចុះ ធ្វើដូចដី និងដូចផ្លូវដែលគេដើរជាន់។ ព្រះគម្ពីរខ្មែរសាកល យើងនឹងដាក់ពែងនោះនៅក្នុងដៃរបស់ពួកអ្នកដែលធ្វើទុក្ខអ្នកវិញ ជាអ្នកដែលបាននិយាយទៅព្រលឹងរបស់អ្នកថា: ‘ក្រាបចុះដើម្បីឲ្យយើងបានឆ្លងទៅ!’ ហើយអ្នកបានធ្វើឲ្យខ្នងរបស់អ្នកដូចជាដី គឺដូចជាផ្លូវឲ្យពួកគេឆ្លងទៅ”៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងដាក់ពែងនោះទៅក្នុងដៃ របស់ពួកអ្នកដែលធ្វើទុក្ខអ្នកវិញ ជាពួកអ្នកដែលបាននិយាយទៅព្រលឹងអ្នកថា ចូរឱនចុះ ដើម្បីឲ្យយើងបានដើរលើអ្នក ឲ្យខ្នងអ្នកបានរាបដូចជាដី សម្រាប់ជាថ្នល់ឲ្យគេដើរលើ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញនឹងដាក់ពែងនោះទៅក្នុងដៃរបស់ពួកអ្នកដែលធ្វើទុក្ខឯងវិញ ជាពួកអ្នកដែលបាននិយាយទៅព្រលឹងឯងថា ចូរឱនចុះ ដើម្បីឲ្យយើងបានដើរលើ ហើយឯងបានដេកទៅ ឲ្យខ្នងឯងបានរាបដូចជាដី សំរាប់ជាថ្នល់ឲ្យគេដើរលើ។ អាល់គីតាប យើងនឹងឲ្យសត្រូវដែលធ្វើបាបអ្នក ផឹកពីពែងនេះវិញ។ គឺពួកនោះដែលធ្លាប់ពោលមកអ្នកថា “ក្រាបចុះ ទុកឲ្យយើងដើរលើខ្នងឯង!” ពេលនោះ អ្នកក៏ក្រាបចុះ ធ្វើដូចដី និងដូចផ្លូវដែលគេដើរជាន់។ |
ព្រះអង្គបណ្ដោយឲ្យសត្រូវ បំបោលសេះពីលើក្បាលយើងខ្ញុំ យើងខ្ញុំបានឆ្លងកាត់ភ្លើង ឆ្លងកាត់ទឹក ប៉ុន្តែ ព្រះអង្គបាននាំយើងខ្ញុំឲ្យចេញរួច ហើយប្រទានឲ្យយើងខ្ញុំ បានសម្បូណ៌ហូរហៀរ។
ព្រះជាម្ចាស់តែងតែរំដោះមនុស្សសុចរិតឲ្យរួចពីទុក្ខកង្វល់ តែព្រះអង្គឲ្យមនុស្សអាក្រក់រងទុក្ខជំនួសវិញ។
មនុស្សអាក្រក់តែងតែរងទុក្ខជំនួសមនុស្សសុចរិត ហើយមនុស្សក្បត់រងទុក្ខជំនួសមនុស្សទៀងត្រង់។
«ចំណែកឯអ្នករាល់គ្នាវិញ អ៊ីស្រាអែលអើយ អ្នករាល់គ្នាបានផឹកពីពែងនៃទុក្ខទោស នៅលើភ្នំដ៏វិសុទ្ធរបស់យើងគ្រប់គ្រាន់ហើយ។ នៅពេលខាងមុខ ប្រជាជាតិទាំងអស់ ក៏នឹងផឹកពីពែងនេះឥតឈប់ឡើយ ពួកគេផឹករហូតទាល់តែស្រវឹង ហើយវិនាសសូន្យទាំងអស់គ្នា។
សត្រូវរបស់ខ្ញុំនឹងឃើញ ហើយអាម៉ាស់មុខ គេធ្លាប់ពោលមកខ្ញុំថា “តើព្រះអម្ចាស់ ជាព្រះរបស់អ្នក ទៅណាបាត់ហើយ?” ខ្ញុំនឹងឃើញសត្រូវរងទុក្ខម្ដង គឺអ្នកទាំងនោះនឹងត្រូវគេជាន់ឈ្លី ដូចភក់ជ្រាំដែលគេដើរជាន់នៅតាមផ្លូវ។
«យើងធ្វើឲ្យក្រុងយេរូសាឡឹមបានដូចជាពែងពេញដោយកំហឹងរបស់យើង ជាពែងបណ្ដាលឲ្យជាតិសាសន៍ទាំងអស់ដែលនៅជុំវិញព្រឺខ្លាច។ ពេលខ្មាំងឡោមព័ទ្ធក្រុងយេរូសាឡឹម ជនជាតិយូដាទាំងមូលក៏ព្រឺខ្លាចដែរ។
កាលគេនាំស្ដេចទាំងប្រាំអង្គចេញមកជួបលោកយ៉ូស្វេហើយ លោកក៏ហៅកងទ័ពអ៊ីស្រាអែលទាំងមូលមក ហើយហៅនាយទាហានដែលរួមប្រយុទ្ធជាមួយលោក ឲ្យចូលមកជិត និងយកជើងជាន់កស្ដេចទាំងនោះ។ ពួកនាយទាហានក៏នាំគ្នាចូលមក ហើយជាន់កស្ដេចទាំងនោះ។
ប៉ុន្តែ ត្រូវទុកទីលានដែលនៅខាងក្រៅព្រះវិហារដោយឡែក កុំវាស់ឲ្យសោះ ដ្បិតព្រះអង្គបានប្រគល់លាននោះឲ្យជាតិសាសន៍នានា ហើយពួកគេនឹងជាន់ឈ្លីក្រុងដ៏វិសុទ្ធអស់រយៈពេលសែសិបពីរខែ។