អេសាយ 5:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចម្ការទំពាំងបាយជូរបីហិកតា នឹងឲ្យផលបានត្រឹមតែស្រាហាសិបលីត្រ ស្រូវពូជដែលព្រោះទៅមួយរយគីឡូ បានផលត្រឹមតែដប់គីឡូប៉ុណ្ណោះ។ ព្រះគម្ពីរខ្មែរសាកល ចម្ការទំពាំងបាយជូរបួនហិកតា នឹងបង្កើតផលតែម្ភៃពីរលីត្រ គ្រាប់ពូជពីររយម្ភៃពីរលីត្រ នឹងបង្កើតផលតែម្ភៃពីរលីត្រប៉ុណ្ណោះ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតចម្ការបីហិចតានឹងបានទឹកទំពាំងបាយជូរ តែមួយបាថ ហើយពូជមួយហូមើរ នឹងបានផលតែមួយអេផា ប៉ុណ្ណោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតចំការទំហំ១០រ៉ៃនឹងបានទឹកទំពាំងបាយជូរតែ២ប៉ោត ហើយពូជពង្រោះ១០ថាំងនឹងច្រូតបានតែ១ថាំងទេ។ អាល់គីតាប ចម្ការទំពាំងបាយជូរបីហិកតា នឹងឲ្យផលបានត្រឹមតែស្រាហាសិបលីត្រ ស្រូវពូជដែលព្រោះទៅមួយរយគីឡូ បានផលត្រឹមតែដប់គីឡូប៉ុណ្ណោះ។ |
នៅលើដីនៃប្រជាជនរបស់យើង មានដុះសុទ្ធតែគុម្ពរពាក់ និងបន្លា ហើយក្នុងក្រុងដ៏សប្បាយនេះ សូម្បីតែនៅតាមផ្ទះទាំងប៉ុន្មាន ដែលធ្លាប់មានសុភមង្គល ក៏មានសុទ្ធតែគុម្ពរពាក់ និងបន្លាដែរ។
នៅគ្រានោះ គ្រប់ទីកន្លែងដែលមាន ទំពាំងបាយជូរមួយពាន់ដើម តម្លៃជាប្រាក់បីរយតម្លឹង បែរជាដុះសុទ្ធតែបន្លា និងរពាក់។
អំណរសប្បាយ និងការរីករាយចេញបាត់ ពីចម្ការទំពាំងបាយជូរ និងពីស្រុកម៉ូអាប់។ យើងក៏ធ្វើឲ្យលែងមានស្រានៅក្នុងធុង ហើយក៏លែងមាននរណាជាន់ផ្លែទំពាំងបាយជូរ ទាំងស្រែកយ៉ាងសប្បាយទៀតដែរ ផ្ទុយទៅវិញ មានតែសម្រែកវេទនាប៉ុណ្ណោះ។
គ្រាប់ពូជនៅក្នុងដីក្រៀមស្ងួតអស់ ជង្រុកស្រូវនៅទទេ ឃ្លាំងទុកភោគផលខូចខាតអស់ ដ្បិតគ្មានស្រូវនៅសល់ឡើយ។
ពេលណាយើងធ្វើឲ្យអ្នករាល់គ្នាខ្វះខាតម្ហូបអាហារ ស្ត្រីដប់នាក់នឹងដុតនំប៉័ងនៅក្នុងឡតែមួយ។ គេនឹងចែករបបនំប៉័ងឲ្យអ្នករាល់គ្នា អ្នករាល់គ្នានឹងបរិភោគ តែមិនឆ្អែតឡើយ។
ប្រសិនបើនរណាម្នាក់ចង់ញែកដីធ្លីរបស់ខ្លួនទុកជាសក្ការៈថ្វាយព្រះអម្ចាស់ ត្រូវវាយតម្លៃដីដោយគិតតាមចំនួនស្រូវដែលសាបព្រោះ គឺស្រូវដប់ពីរថាំងគិតជាប្រាក់ដប់ប្រាំតម្លឹង។
អ្នករាល់គ្នាសាបព្រោះច្រើន តែច្រូតបានផលតិច អ្នករាល់គ្នាបរិភោគ តែមិនចេះឆ្អែត អ្នករាល់គ្នាផឹកស្រា តែមិនចេះស្កប់ អ្នករាល់គ្នាស្លៀកពាក់ តែមិនកក់ក្ដៅ អ្នកធ្វើការទទួលប្រាក់ឈ្នួល តែដូចជាទុកនៅក្នុងថង់កណ្ដាច»។
អ្នករាល់គ្នាទៅជង្រុកបម្រុងនឹងកើបស្រូវម្ភៃថាំង នោះឃើញមានតែដប់ថាំងទេ។ អ្នករាល់គ្នាទៅកន្លែងបញ្ជាន់ផ្លែទំពាំងបាយជូរ ដើម្បីដួសយកស្រាហាសិបធុង នោះឃើញមានតែម្ភៃធុងប៉ុណ្ណោះ។
អ្នកនឹងយកគ្រាប់ពូជជាច្រើនទៅព្រោះនៅក្នុងស្រែចម្ការរបស់អ្នក តែអ្នកច្រូតផលបានតិច ព្រោះមានកណ្ដូបស៊ី។
អ្នកដាំទំពាំងបាយជូរ ហើយមើលថែទាំ តែអ្នកនឹងពុំបានបេះផ្លែ ឬបរិភោគស្រាទំពាំងបាយជូរឡើយ ដ្បិតមានដង្កូវស៊ីទំពាំងបាយជូរនោះអស់។