អេសាយ 45:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះរបស់ជនជាតិអ៊ីស្រាអែល ដែលជាព្រះសង្គ្រោះអើយ មនុស្សលោកពិបាករកឃើញព្រះអង្គណាស់! ព្រះគម្ពីរខ្មែរសាកល ព្រះនៃអ៊ីស្រាអែល ជាព្រះសង្គ្រោះអើយ ព្រះអង្គពិតជាព្រះដែលលាក់អង្គទ្រង់! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះនៃសាសន៍អ៊ីស្រាអែល ជាព្រះដ៏ជួយសង្គ្រោះអើយ ប្រាកដជាព្រះអង្គជាព្រះដែលពួនអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះនៃសាសន៍អ៊ីស្រាអែល ជាព្រះដ៏ជួយសង្គ្រោះអើយ ប្រាកដជាទ្រង់ជាព្រះដែលពួនអង្គ អាល់គីតាប ឱអុលឡោះជាម្ចាស់របស់ជនជាតិអ៊ីស្រអែល ដែលជាអ្នកសង្គ្រោះអើយ មនុស្សលោកពិបាករកឃើញទ្រង់ណាស់! |
តើព្រះអង្គរវល់នៅទិសខាងជើងឬ បានជាខ្ញុំមិនអាចឃើញព្រះអង្គ? ឬមួយព្រះអង្គពួននៅទិសខាងត្បូង ហើយខ្ញុំមិនអាចឃើញព្រះអង្គ។
ហេតុអ្វីបានជាព្រះអង្គពួន មិនទតមើលមកយើងខ្ញុំដូច្នេះ? ហេតុអ្វីបានជាព្រះអង្គបំភ្លេចយើងខ្ញុំ ដែលកំពុងតែវេទនា និងត្រូវគេជិះជាន់ដូច្នេះ?
ចូរសរសើរតម្កើងព្រះជាម្ចាស់នៅក្នុងអង្គប្រជុំ សូមឲ្យអស់អ្នកដែលជាពូជពង្ស របស់អ៊ីស្រាអែលនាំគ្នាសរសើរតម្កើងព្រះអង្គ!
ព្រះអង្គយាងកាត់សមុទ្រ ព្រះអង្គយាងកាត់មហាសាគរ គ្មាននរណាអាចរកដានព្រះបាទា របស់ព្រះអង្គឃើញទេ។
កាលណាអ្នករាល់គ្នាលើកដៃប្រណម្យ យើងងាកមុខចេញ ទោះបីអ្នករាល់គ្នាអធិស្ឋានច្រើនយ៉ាងណាក្ដី ក៏យើងមិនព្រមស្ដាប់ដែរ ព្រោះដៃអ្នករាល់គ្នាប្រឡាក់ដោយឈាម។
ព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ ខ្ញុំផ្ញើជីវិតលើព្រះអង្គ ខ្ញុំលែងភ័យខ្លាចទៀតហើយ ដ្បិតព្រះអម្ចាស់ជាកម្លាំងរបស់ខ្ញុំ ខ្ញុំនឹងច្រៀងថ្វាយព្រះអង្គ ព្រោះព្រះអង្គបានសង្គ្រោះខ្ញុំ»។
ទុកជាសញ្ញាបញ្ជាក់ថា ព្រះអម្ចាស់នៃពិភពទាំងមូលគង់នៅក្នុងស្រុកអេស៊ីប។ ពេលជនជាតិអេស៊ីបអង្វរសូមព្រះអម្ចាស់ជួយពួកគេ ឲ្យរួចពីកណ្ដាប់ដៃរបស់អស់អ្នកដែលជិះជាន់ពួកគេ ព្រះអង្គនឹងចាត់អ្នកសង្គ្រោះម្នាក់ឲ្យមកការពារ និងរំដោះពួកគេ។
ដ្បិតយើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នក យើងជាព្រះដ៏វិសុទ្ធនៃជនជាតិអ៊ីស្រាអែល ជាព្រះសង្គ្រោះរបស់អ្នក។ យើងបានប្រគល់ប្រជាជនអេស៊ីបឲ្យសត្រូវ ដើម្បីលោះអ្នក យើងក៏បានប្រគល់ស្រុកអេត្យូពី និងស្រុកសេបា ជាថ្នូរឲ្យគេ ដើម្បីលោះអ្នកដែរ។
ចំណែកឯជនជាតិអ៊ីស្រាអែលវិញ គេបានទទួលការសង្គ្រោះពីព្រះអម្ចាស់ ព្រះអង្គសង្គ្រោះគេអស់កល្បជានិច្ច។ អ្នកមិនត្រូវអាម៉ាស់ ឬបាក់មុខសោះឡើយ”។
យើងនឹងនាំសេចក្ដីសុចរិតរបស់យើងចូលមក សេចក្ដីសុចរិតនេះនៅជិតបង្កើយ ហើយយើងក៏នឹងនាំការសង្គ្រោះមកឆាប់ៗដែរ យើងនឹងសង្គ្រោះក្រុងស៊ីយ៉ូន យើងនឹងនាំស្រុកអ៊ីស្រាអែល ឲ្យស្គាល់ភាពថ្កុំថ្កើង។
យើងបានខឹងនឹងប្រជារាស្ត្ររបស់យើង ព្រោះពួកគេមានចិត្តលោភលន់ និងប្រព្រឹត្តអំពើអាក្រក់ យើងបានដាក់ទោសពួកគេ យើងបានគេចមុខចេញពីពួកគេ ប៉ុន្តែ ទោះជាយ៉ាងណាក្ដី ក៏ប្រជាជនដ៏រឹងរូសនេះ នៅតែប្រព្រឹត្តតាម ទំនើងចិត្តរបស់ខ្លួនដដែល។
ប្រជាជាតិ និងស្ដេចទាំងឡាយ នឹងធ្វើជាមេដោះរបស់អ្នក។ អ្នកនឹងទទួលស្គាល់ថា ព្រះសង្គ្រោះរបស់អ្នក គឺព្រះអម្ចាស់ ព្រះដែលលោះអ្នក គឺព្រះរបស់យ៉ាកុប ជាព្រះប្រកបដោយឫទ្ធិបារមី។
ខ្ញុំទុកចិត្តលើព្រះអម្ចាស់ ខ្ញុំផ្ញើជីវិតលើព្រះអង្គ ដែលបានលាក់ព្រះភ័ក្ត្រនឹងកូនចៅរបស់លោកយ៉ាកុប។
ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ពេលនេះ អ្នកមិនទាន់ដឹងថា ខ្ញុំកំពុងធ្វើអ្វីឡើយ ថ្ងៃក្រោយ អ្នកមុខតែយល់ជាមិនខាន»។
អ្នករាល់គ្នាមិនស្គាល់ព្រះអង្គដែលអ្នករាល់គ្នាថ្វាយបង្គំទេ រីឯយើងវិញ យើងស្គាល់ព្រះអង្គដែលយើងថ្វាយបង្គំ ដ្បិតការសង្គ្រោះចេញមកពីជនជាតិយូដា។
ពួកគេនិយាយទៅកាន់ស្ត្រីនោះថា៖ «ឥឡូវនេះ យើងជឿមិនមែនត្រឹមតែឮពាក្យនាងប៉ុណ្ណោះទេ គឺមកពីយើងបានឮព្រះអង្គមានព្រះបន្ទូលផ្ទាល់នឹងត្រចៀកថែមទៀតផង ហើយយើងដឹងថា ព្រះអង្គពិតជាព្រះសង្គ្រោះរបស់មនុស្សលោកមែន»។
ក្នុងព្រះរាជវង្សរបស់ព្រះបាទដាវីឌនេះហើយ ដែលព្រះជាម្ចាស់ប្រទានឲ្យព្រះយេស៊ូកើតមក និងធ្វើជាព្រះសង្គ្រោះរបស់ជនជាតិអ៊ីស្រាអែល ស្របតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ។
ព្រះជាម្ចាស់បានលើកលោកយេស៊ូឡើង ដោយឫទ្ធិបារមីរបស់ព្រះអង្គ ហើយតែងតាំងលោកជាព្រះអង្គម្ចាស់ និងជាព្រះសង្គ្រោះ ដើម្បីឲ្យប្រជារាស្ដ្រអ៊ីស្រាអែលកែប្រែចិត្តគំនិត ហើយព្រះជាម្ចាស់លើកលែងទោសឲ្យរួចពីបាប*។
ផ្ទុយទៅវិញ សូមបងប្អូនបានចម្រើនឡើង ក្នុងព្រះគុណ និងការស្គាល់ព្រះយេស៊ូគ្រិស្ត*ជាព្រះអម្ចាស់ និងជាព្រះសង្គ្រោះរបស់យើងកាន់តែខ្លាំងឡើងៗ។ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ នៅពេលឥឡូវនេះ ព្រមទាំងរហូតដល់អស់កល្បជានិច្ចតរៀងទៅ។ អាម៉ែន។