នៅពេលច្បាំង ពួកគេបានទូលអង្វរសូមព្រះជាម្ចាស់ជួយ ហើយដោយពួកគេទុកចិត្តលើព្រះអង្គនោះ ព្រះអង្គក៏ជួយពួកគេឲ្យមានជ័យជម្នះលើកងទ័ពហាការេន និងបក្សពួក។
អេសាយ 30:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាអម្ចាស់ជាព្រះដ៏វិសុទ្ធរបស់ជនជាតិ អ៊ីស្រាអែល មានព្រះបន្ទូលទៀតថា៖ ប្រសិនបើអ្នករាល់គ្នាបែរមករកយើងវិញ ហើយនៅស្ងប់ស្ងៀម នោះយើងនឹងសង្គ្រោះអ្នករាល់គ្នាជាមិនខាន។ ប្រសិនបើអ្នករាល់គ្នានៅស្ងប់ស្ងៀម ហើយទុកចិត្តលើយើង នោះអ្នករាល់គ្នាមុខជាមានកម្លាំង! ប៉ុន្តែ អ្នករាល់គ្នាមិនព្រមឡើយ។ ព្រះគម្ពីរខ្មែរសាកល ជាការពិត ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ាដ៏ជាអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែលមានបន្ទូលដូច្នេះថា៖ “អ្នករាល់គ្នានឹងបានសង្គ្រោះដោយការកែប្រែចិត្ត និងការសម្រាក កម្លាំងរបស់អ្នករាល់គ្នានឹងនៅក្នុងការនៅស្ងៀម និងក្នុងការទុកចិត្ត”។ ប៉ុន្តែអ្នករាល់គ្នាមិនព្រមទេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតព្រះអម្ចាស់យេហូវ៉ា ជាព្រះដ៏បរិសុទ្ធនៃពួកអ៊ីស្រាអែល ព្រះអង្គមានព្រះបន្ទូលថា៖ អ្នករាល់គ្នានឹងបានសង្គ្រោះ ដោយវិលមកវិញ ហើយបានសម្រាក អ្នករាល់គ្នានឹងមានកម្លាំង ដោយនៅតែស្ងៀម ហើយមានសេចក្ដីទុកចិត្ត តែអ្នករាល់គ្នាមិនចូលចិត្តទេ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតព្រះអម្ចាស់យេហូវ៉ា ជាព្រះដ៏បរិសុទ្ធនៃពួកអ៊ីស្រាអែល ទ្រង់មានបន្ទូលថា ឯងរាល់គ្នានឹងបានសង្គ្រោះដោយវិលមកវិញ ហើយផ្អាកសំរាក ឯងរាល់គ្នានឹងមានកំឡាំងដោយនៅតែស្ងៀម ហើយមានសេចក្ដីទុកចិត្ត តែឯងរាល់គ្នាមិនចូលចិត្តទេ អាល់គីតាប អុលឡោះតាអាឡាជាម្ចាស់ដ៏វិសុទ្ធរបស់ជនជាតិ អ៊ីស្រអែល មានបន្ទូលទៀតថា៖ ប្រសិនបើអ្នករាល់គ្នាបែរមករកយើងវិញ ហើយនៅស្ងប់ស្ងៀម នោះយើងនឹងសង្គ្រោះអ្នករាល់គ្នាជាមិនខាន។ ប្រសិនបើអ្នករាល់គ្នានៅស្ងប់ស្ងៀម ហើយទុកចិត្តលើយើង នោះអ្នករាល់គ្នាមុខជាមានកម្លាំង! ប៉ុន្តែ អ្នករាល់គ្នាមិនព្រមឡើយ។ |
នៅពេលច្បាំង ពួកគេបានទូលអង្វរសូមព្រះជាម្ចាស់ជួយ ហើយដោយពួកគេទុកចិត្តលើព្រះអង្គនោះ ព្រះអង្គក៏ជួយពួកគេឲ្យមានជ័យជម្នះលើកងទ័ពហាការេន និងបក្សពួក។
កាលជនជាតិអេត្យូពី និងជនជាតិលីប៊ី លើកទ័ពមកជាមួយគ្នា ទោះបីពួកគេមានពលទ័ព រទេះចម្បាំង និងទ័ពសេះ ច្រើនឥតគណនាក្ដី ក៏ព្រះអម្ចាស់ប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់ព្រះករុណាដែរ ដ្បិតព្រះករុណាបានពឹងផ្អែកលើព្រះអង្គ។
ខាងស្ដេចស្រុកអាស្ស៊ីរីមានតែកម្លាំងមនុស្សលោកប៉ុណ្ណោះ រីឯខាងយើងវិញ យើងមានព្រះអម្ចាស់ជាព្រះនៃយើង ព្រះអង្គនឹងជួយគាំទ្រយើងនៅពេលប្រយុទ្ធ»។ ប្រជាជនក៏នាំគ្នាទុកចិត្តលើរាជឱង្ការរបស់ព្រះបាទហេសេគា ជាស្ដេចស្រុកយូដា។
ខ្ញុំនឹងលែងខ្វល់ខ្វាយអ្វីទៀតហើយ ដ្បិតព្រះអម្ចាស់ប្រោសប្រទានឲ្យខ្ញុំ បានសុខសាន្ត។
ព្រះអង្គធ្លាប់មានព្រះបន្ទូលទៅពួកគេថា “ទុកឲ្យអ្នកហត់នឿយ មករកសម្រាកលំហែកាយចុះ” តែពួកគេមិនព្រមស្ដាប់ព្រះអង្គទេ។
ចូរងាកចេញពីមាគ៌ាដ៏ត្រឹមត្រូវ ចូរឃ្លាតចាកពីគន្លងធម៌ កុំនិយាយអំពីព្រះដ៏វិសុទ្ធនៃជនជាតិ អ៊ីស្រាអែលប្រាប់យើងទៀត!”។
ជំនួយរបស់ស្រុកអេស៊ីប គ្រាន់តែជាការស្រមើស្រមៃប៉ុណ្ណោះ គឺពុំមានប្រយោជន៍អ្វីឡើយ។ ហេតុនេះហើយបានជាយើងដាក់ងារឲ្យ ស្រុកអេស៊ីបថា «ពួករត់ខ្វែងដៃខ្វែងជើង តែមិនបានការអ្វី»។
សេចក្ដីសុចរិតនឹងនាំមកនូវសន្តិភាព អំពើសុចរិតនឹងនាំមកនូវសន្តិសុខ និងសេចក្ដីសុខសាន្តរហូតតទៅ។
ប្រជាជនរបស់យើងនឹងរស់នៅ ក្នុងកន្លែងស្ងប់ស្ងាត់ គេអាស្រ័យនៅកន្លែងសាន្តត្រាណ ហើយសម្រាកនៅកន្លែងសុខក្សេមក្សាន្ត។
រីឯអ្នកជឿសង្ឃឹមលើព្រះអម្ចាស់ តែងតែមានកម្លាំងថ្មីជានិច្ច ប្រៀបបាននឹងសត្វឥន្ទ្រីហោះហើរ គេស្ទុះរត់ទៅមុខ ដោយមិនចេះហត់ ហើយដើរដោយមិនចេះអស់កម្លាំង។
តើនរណាបានប្រគល់ពូជពង្សលោកយ៉ាកុប ទៅឲ្យខ្មាំងរឹបអូស? តើនរណាបានប្រគល់កូនចៅអ៊ីស្រាអែល ទៅឲ្យខ្មាំងប្លន់ដូច្នេះ? គឺព្រះអម្ចាស់ដែលធ្វើដូច្នេះ ព្រោះយើងខ្ញុំបានប្រព្រឹត្តអំពើបាប ទាស់នឹងព្រះហឫទ័យរបស់ព្រះអង្គ យើងខ្ញុំមិនព្រមដើរតាមមាគ៌ារបស់ព្រះអង្គ ហើយមិនព្រមស្ដាប់ក្រឹត្យវិន័យរបស់ព្រះអង្គទេ។
អស់អ្នករស់នៅទីដាច់ស្រយាលនៃផែនដីអើយ ចូរនាំគ្នាបែរមករកយើង យើងនឹងសង្គ្រោះអ្នករាល់គ្នា ដ្បិតយើងជាព្រះជាម្ចាស់ ក្រៅពីយើង គ្មានព្រះជាម្ចាស់ណាទៀតទេ។
ត្រូវប្រាប់ស្ដេចថា សូមព្រះករុណាកុំខ្វល់ព្រះហឫទ័យ កុំភ័យខ្លាចអ្វីឡើយ! សូមកុំតក់ស្លុត នៅចំពោះកំហឹងរបស់ ស្ដេចរេស៊ីន និងពួកស៊ីរី ព្រមទាំងស្ដេចពេកាឲ្យសោះ។ ស្ដេចទាំងពីរនេះប្រៀបបាននឹងកន្ទុយអុស ដែលហុយផ្សែង ជិតរលត់។
គឺមិនត្រូវពោលពាក្យ “ព្រះអម្ចាស់ព្រមាន” ទៀតឡើយ ដ្បិតអ្នកណាពោលពាក្យនេះ អ្នកនោះនឹងទទួលទោសតាមពាក្យរបស់ខ្លួន។ អ្នករាល់គ្នាបានបង្ខូចព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលមានព្រះជន្មគង់នៅ គឺព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះនៃយើង។
ព្រះរាជាចាត់រាជបម្រើឲ្យទៅអញ្ជើញភ្ញៀវមកជប់លៀង ក្នុងឱកាសមង្គលការនោះ តែគ្មាននរណាមកសោះ។
«អ្នកក្រុងយេរូសាឡឹម អ្នកក្រុងយេរូសាឡឹមអើយ! អ្នករាល់គ្នាបានសម្លាប់ពួកព្យាការី* និងយកដុំថ្មគប់សម្លាប់អស់អ្នកដែលព្រះជាម្ចាស់បានចាត់ឲ្យមករកអ្នករាល់គ្នា។ ច្រើនលើកច្រើនសាមកហើយដែលខ្ញុំចង់ប្រមូលផ្ដុំអ្នករាល់គ្នា ដូចមេមាន់ក្រុងកូនវានៅក្រោមស្លាប តែអ្នករាល់គ្នាពុំព្រមសោះ។
អ្នកក្រុងយេរូសាឡឹម អ្នកក្រុងយេរូសាឡឹមអើយ! អ្នករាល់គ្នាបានសម្លាប់ពួកព្យាការី ហើយយកដុំថ្មគប់សម្លាប់អស់អ្នក ដែលព្រះជាម្ចាស់បានចាត់ឲ្យមករកអ្នករាល់គ្នា។ ច្រើនលើកច្រើនសាមកហើយដែលខ្ញុំចង់ប្រមូលផ្ដុំអ្នករាល់គ្នា ដូចមេមាន់ក្រុងកូនវានៅក្រោមស្លាប តែអ្នករាល់គ្នាពុំព្រមសោះ។
ចូរប្រយ័ត្ន! បើព្រះអង្គមានព្រះបន្ទូលមកកាន់បងប្អូន សូមកុំបដិសេធមិនព្រមស្ដាប់នោះឡើយ។ ប្រសិនបើពួកអ្នកដែលបដិសេធមិនព្រមស្ដាប់ពាក្យមនុស្សទូន្មានគេនៅលើផែនដី មិនអាចគេចផុតពីទោសយ៉ាងហ្នឹងទៅហើយ ចំណង់បើយើងផ្ទាល់ បើយើងព្រងើយកន្តើយមិនព្រមស្ដាប់ព្រះអង្គ ដែលមានព្រះបន្ទូលមកកាន់យើងពីស្ថានបរមសុខវិញ នោះយើងរឹតតែពុំអាចគេចផុតពីទោសឡើយ។