ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




វិវរណៈ 1:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មើល៍! ព្រះអង្គ​យាង​មក​នៅ​កណ្ដាល​ពពក*។ មនុស្ស​ទាំង​អស់​នឹង​ឃើញ​ព្រះអង្គ សូម្បី​តែ​អស់​អ្នក​ដែល​បាន​ចាក់​ទម្លុះ​ព្រះអង្គ ក៏​នឹង​ឃើញ​ព្រះអង្គ​ដែរ។ កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី​នឹង​ត្រូវ​សោក​សៅ ព្រោះ​តែ​ព្រះអង្គ។ មែន! ពិត​ជា​កើត​មាន​ដូច្នេះ​មែន! អាម៉ែន!។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

“មើល៍! ព្រះអង្គ​យាង​មក​ក្នុង​ពពក គ្រប់ទាំង​ភ្នែក​នឹង​ឃើញ​ព្រះអង្គ គឺ​សូម្បីតែ​ពួកអ្នកដែល​ចាក់ទម្លុះ​ព្រះអង្គ ហើយ​ពូជសាសន៍​ទាំងអស់​នៅលើ​ផែនដី​នឹង​យំគក់ទ្រូង​ដោយព្រោះ​ព្រះអង្គ”។ មែនហើយ អាម៉ែន។

សូមមើលជំពូក

Khmer Christian Bible

មើល៍​ ព្រះអង្គ​យាង​មក​នៅ​លើ​ពពក​ នោះ​គ្រប់​ទាំង​ភ្នែក​នឹង​ឃើញ​ព្រះអង្គ​ សូម្បី​តែ​ពួកអ្នក​ដែល​បាន​ចាក់​ព្រះអង្គ​ផង​ ហើយ​មនុស្ស​ទាំង​អស់​នៅ​លើ​ផែនដី​នឹង​ទួញសោក​ដោយ​ព្រោះ​ព្រះអង្គ​ នោះ​ប្រាកដ​ជា​មាន​ដូច្នោះ​មែន។​ អាម៉ែន។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មើល៍! ព្រះ‌អង្គ​យាង​មក​តាម​ពពក គ្រប់​ទាំង​ភ្នែក​នឹង​ឃើញ​ព្រះ‌អង្គ សូម្បី​តែ​អស់​អ្នក​ដែល​ចាក់​ព្រះ‌អង្គ ហើយ​គ្រប់​ទាំង​ពូជ​មនុស្ស​នៅ​ផែនដី​នឹង​យំ​សោក ដោយ​ព្រោះ​ព្រះ‌អង្គ អើ មែន​ហើយ។ អាម៉ែន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

មើល ទ្រង់​យាង​មក​តាម​ពពក នោះ​គ្រប់​ទាំង​ភ្នែក​នឹង​ឃើញ​ទ្រង់ ព្រម​ទាំង​ពួក​អ្នក​ដែល​ចាក់​ទ្រង់​ផង រួច​គ្រប់​ទាំង​ពូជ​មនុស្ស​នៅ​ផែនដី​នឹង​យំ​សោក ដោយ​ព្រោះ​ទ្រង់ អើ មែន​ហើយ អាម៉ែន។

សូមមើលជំពូក

អាល់គីតាប

មើល៍! អ៊ីសា​មក នៅ​កណ្ដាល​ពពក។ មនុស្ស​ទាំង​អស់​នឹង​ឃើញ​គាត់ សូម្បី​តែ​អស់​អ្នក​ដែល​បាន​ចាក់​ទម្លុះ​គាត់ ក៏​នឹង​ឃើញ​គាត់​ដែរ។ កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី​នឹង​ត្រូវ​សោក​សៅ​ព្រោះ​តែ​គាត់។ មែន! ពិត​ជា​កើត​មាន​ដូច្នេះ​មែន! អាម៉ីន!។

សូមមើលជំពូក



វិវរណៈ 1:7
36 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​គេ​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់ ព្រះអង្គ​ស្ដាប់​គេ គេ​ចូល​ទៅ​គាល់​ព្រះអង្គ​ដោយ​អំណរ ព្រះអង្គ​រាប់​គេ​ជា​មនុស្ស​សុចរិត​ឡើង​វិញ។


មាន​ពួក​ឆ្កែ​ឡោម‌ព័ទ្ធ​ទូលបង្គំ ជន​ទុយ៌ស​មួយ​ហ្វូង​នាំ​គ្នា​ក្រវែល​ជុំ‌វិញ​ទូលបង្គំ ពួក​គេ​ចាក់​ទម្លុះ​ដៃ​ជើង​ទូលបង្គំ។


ពេល​ព្រះ‌ជាម្ចាស់​ក្រោក​ឡើង ខ្មាំង​សត្រូវ​របស់​ព្រះអង្គ​បាក់​ទ័ព ហើយ​អស់​អ្នក​ដែល​ស្អប់​ព្រះអង្គ នឹង​នាំ​គ្នា​រត់​ចេញ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ។


មាន​ពពក​ដ៏​ខ្មៅ​ងងឹត​នៅ​ព័ទ្ធ​ជុំ‌វិញ​ព្រះអង្គ ព្រះអង្គ​គ្រង​រាជ្យ​ដោយ​សុចរិត​យុត្តិធម៌។


សេចក្ដី​ប្រកាស​ស្ដី​អំពី​ស្រុក​អេស៊ីប: ព្រះ‌អម្ចាស់​យាង​មក​ស្រុក​អេស៊ីប ដោយ​គង់​លើ​ពពក​មួយ​ដុំ ដែល​រសាត់​យ៉ាង​លឿន។ ព្រះ​ក្លែង‌ក្លាយ​របស់​ស្រុក​អេស៊ីប​នាំ​គ្នា​ញាប់‌ញ័រ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ ជន‌ជាតិ​អេស៊ីប​ក៏​បាត់​បង់​ទឹក​ចិត្ត​អស់​ដែរ។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា:


ក្នុង​សុបិន​និមិត្ត​នៅ​ពេល​យប់​នោះ ខ្ញុំ​ឃើញ​មាន​ម្នាក់​ដូច​បុត្រ​មនុស្ស* មក​ជា​មួយ​ពពក​នៅ​លើ​ផ្ទៃ​មេឃ លោក​ចូល​ទៅ​ជិត​ព្រះ‌ជាម្ចាស់​នៃ​ពេល​វេលា ដែល​មាន​ព្រះ‌ជន្មាយុ​យឺន‌យូរ ហើយ​គេ​ក៏​នាំ​លោក​ទៅ​គាល់​ព្រះអង្គ។


ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​អត់‌ធ្មត់ ហើយ​ព្រះអង្គ​មាន​ព្រះ‌ចេស្ដា​ដ៏​ខ្ពង់‌ខ្ពស់​បំផុត ប៉ុន្តែ ព្រះអង្គ​មិន​អាច​ចាត់​ទុក​អ្នក​មាន​ទោស ថា​គ្មាន​ទោស​ឡើយ។ ព្រះ‌អម្ចាស់​យាង​មក​ក្នុង​ខ្យល់​កំបុត‌ត្បូង និង​ខ្យល់​ព្យុះ​សង្ឃរា ពពក*​ជា​ធូលី​ដី​ដែល​ហុយ​នៅ​ក្រោម ព្រះ‌បាទា​របស់​ព្រះអង្គ។


យើង​នឹង​ចាក់​បង្ហូរ​វិញ្ញាណ​មក​លើ​រាជ‌វង្ស​របស់​ដាវីឌ និង​ប្រជា‌ជន​ក្រុង​យេរូ‌សាឡឹម ដើម្បី​ឲ្យ​ពួក​គេ​មាន​ឆន្ទៈ​ល្អ ចេះ​អធិស្ឋាន។ ពួក​គេ​នឹង​សម្លឹង​មើល​មក​យើង ដែល​ពួក​គេ​បាន​ចាក់​ទម្លុះ។ ពួក​គេ​នឹង​កាន់​ទុក្ខ​ដូច​គេ​កាន់​ទុក្ខ​ព្រោះ​កូន​ប្រុស​តែ​មួយ​បាត់​បង់​ជីវិត។ ពួក​គេ​យំ​សោក​យ៉ាង​ជូរ​ចត់ ដូច​គេ​យំ​សោក​ស្រណោះ​សព​កូន​ប្រុស​ច្បង។


នៅ​ថ្ងៃ​នោះ ប្រជា‌ជន​នៅ​ក្រុង​យេរូ‌សាឡឹម​នឹង​កាន់​ទុក្ខ​យ៉ាង​ធំ ដូច​គេ​កាន់​ទុក្ខ​ព្រះ​ហាដាដ-‌រីម៉ូន​នៅ​វាល​មេគី‌ដោ។


ខ្ញុំ​ឃើញ​ស្ដេច​មួយ​អង្គ តែ​មិន​មែន​ក្នុង​ពេល​ឥឡូវ​នេះ​ទេ ខ្ញុំ​សម្លឹង​មើល​ស្ដេច​នោះ តែ​មិន​មែន​នៅ​ជិត​ទេ។ មាន​ផ្កាយ​មួយ​រះ​ចេញ​ពី​យ៉ាកុប មាន​ដំបង​រាជ្យ​មួយ​ចេញ​ពី​អ៊ីស្រា‌អែល ស្ដេច​នោះ​នឹង​វាយ​បំបែក​ក្បាល​របស់​ម៉ូអាប់ ហើយ​ប្រល័យ​កូន​ចៅ​ទាំង​អស់​របស់​សេត។


លុះ​ដល់​បុត្រ​មនុស្ស*​ប្រកប​ដោយ​សិរី‌រុងរឿង ព្រះ‌បិតា​របស់​ព្រះអង្គ​យាង​មក​ជា​មួយ​ពួក​ទេវតា​របស់​ព្រះអង្គ ព្រះអង្គ​នឹង​ប្រទាន​រង្វាន់ ឬ​ដាក់​ទោស​ម្នាក់ៗ តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។


ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ខ្លះ​ដែល​នៅ​ទី​នេះ​នឹង​មិន​ស្លាប់​ទេ មុន​បាន​ឃើញ​បុត្រ​មនុស្ស​យាង​មក​គ្រង​ព្រះ‌រាជ្យ*»។


ពេល​នោះ ទី​សម្គាល់​របស់​បុត្រ​មនុស្ស*​នឹង​លេច​ចេញ​ពី​ផ្ទៃ​មេឃ​មក។ កុល‌សម្ព័ន្ធ*​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី​នឹង​នាំ​គ្នា​យំ​គក់​ទ្រូង គេ​នឹង​ឃើញបុត្រ​មនុស្ស​យាង​មក​លើ​ពពក*​ក្នុង​ផ្ទៃ​មេឃ ប្រកប​ដោយ​ឫទ្ធា‌នុភាព និង​សិរី‌រុងរឿង​ដ៏​អស្ចារ្យ។


«នៅ​ពេល​បុត្រ​មនុស្ស​យាង​មក​ជា​មួយ​ពួក​ទេវតា* ប្រកប​ដោយ​សិរី‌រុងរឿង លោក​នឹង​គង់​នៅ​លើ​បល្ល័ង្ក​ដ៏​រុងរឿង។


ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ថា៖ «ត្រូវ​ដូច​លោក​មាន​ប្រសាសន៍​មែន ប៉ុន្តែ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អស់​លោក​ថា អំណើះ​ត​ទៅ អស់​លោក​នឹង​ឃើញ បុត្រ​មនុស្ស*​គង់​នៅ​ខាង​ស្ដាំ​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព ហើយ​នឹង​យាង​មក​លើ​ពពក*​ក្នុង​ផ្ទៃ​មេឃ»។


ពេល​នោះ គេ​នឹង​ឃើញ​បុត្រ​មនុស្ស*​យាង​មក​ក្នុង​ពពក ប្រកប​ដោយ​ឫទ្ធា‌នុភាព​ដ៏​ខ្លាំង​ក្លា និង​ដោយ​សិរី‌រុងរឿង។


ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «មែន គឺ​ខ្ញុំ​ហ្នឹង​ហើយ។ អស់​លោក​នឹង​ឃើញ បុត្រ​មនុស្ស*​គង់​នៅ​ខាង​ស្ដាំ​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព ហើយ​នឹង​យាង​មក​ជា​មួយ​ពពក*​នៅ​លើ​មេឃ» ។


ពេល​នោះ គេ​នឹង​ឃើញ​បុត្រ​មនុស្ស*​យាង​មក​ក្នុង​ពពក* ប្រកប​ដោយ​ឫទ្ធា‌នុភាព និង​សិរី‌រុងរឿង​ពន់​ពេក​ក្រៃ។


ប៉ុន្តែ ទាហាន​ម្នាក់​យក​លំពែង​ចាក់​ត្រង់​ចន្លោះ​ឆ្អឹង​ជំនីរ​ព្រះអង្គ ស្រាប់​តែ​មាន​ទឹក និង​លោហិត​ហូរ​ចេញ​មក​មួយ​រំពេច។


មាន​អត្ថ‌បទ​គម្ពីរ​មួយ​ទៀត​ចែង​ថា៖ «គេ​នាំ​គ្នា​មើល​អ្នក​ដែល​គេ​ចាក់​ទម្លុះ»។


បងប្អូន​ក៏​ទន្ទឹង​រង់‌ចាំ​ព្រះ‌បុត្រា​របស់​ព្រះអង្គ​យាង​ពី​ស្ថាន​បរម‌សុខ*​មក គឺ​ព្រះ‌យេស៊ូ ដែល​ព្រះអង្គ​បាន​ប្រោស​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។ ព្រះ‌យេស៊ូ​នេះ​ប្រោស​យើង​ឲ្យ​រួច​ផុត​ពី​ព្រះ‌ពិរោធ​ដែល​កំពុង​តែ​មក។


បន្ទាប់​មក ទើប​ព្រះ‌អម្ចាស់​លើក​យើង​ដែល​នៅ​រស់​នៅ​ឡើយ ឲ្យ​ឡើង​ទៅ​ក្នុង​ពពក*​ជា​មួយ​បងប្អូន​ទាំង​នោះ ដើម្បី​ជួប​នឹង​ព្រះអង្គ​ក្នុង​អាកាស‌វេហាស៍ ហើយ​យើង​នឹង​ស្ថិត​នៅ​ជា​មួយ​ព្រះ‌អម្ចាស់​រហូត​ត​ទៅ។


ចុះ​ចំណង់​បើ​អ្នក​ដែល​មើល‌ងាយ​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់ ដោយ​បន្ថោក​ព្រះ‌លោហិត​នៃ​សម្ពន្ធ‌មេត្រី ជា​ព្រះ‌លោហិត​ដែល​ប្រោស​ឲ្យ​គេ​ទៅ​ជា​វិសុទ្ធ* ហើយ​ប្រសិន​បើ​គេ​ត្មះ‌តិះ‌ដៀល​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌គុណ សូម​បងប្អូន​គិត​មើល៍ តើ​គេ​នឹង​ត្រូវ​ទទួល​ទោស​ខ្លាំង​យ៉ាង​ណា​ទៅ​ទៀត!


ប្រសិន​បើ​គេ​បែរ​ជា​ធ្លាក់​ខ្លួន​បាត់​ជំនឿ​វិញ​នោះ គេ​មុខ​ជា​ពុំ​អាច​កែ​ប្រែ​ចិត្ត​គំនិត​សា​ជា​ថ្មី​ម្ដង​ទៀត​ឡើយ ដ្បិត​ខ្លួន​គេ​ផ្ទាល់​បាន​ឆ្កាង​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​សា​ជា​ថ្មី ព្រម​ទាំង​បាន​បន្ថោក​កិត្តិយស​ព្រះអង្គ​ជា​សាធារណៈ​ផង។


កូន​ចៅ​ជា​ទី​ស្រឡាញ់​អើយ! ពេល​នេះ យើង​ទាំង​អស់​គ្នា​ជា​បុត្រ​របស់​ព្រះ‌ជា‌ម្ចាស់ ហើយ​ដែល​យើង​នឹង​ទៅ​ជា​យ៉ាង​ណាៗ​នោះ ព្រះអង្គ​ពុំ​ទាន់​សម្តែង​ឲ្យ​យើង​ដឹង​នៅ​ឡើយ​ទេ។ ប៉ុន្តែ នៅ​ពេល​ព្រះ‌គ្រិស្ត​យាង​មក​ដល់ យើង​នឹង​បាន​ដូច​ព្រះអង្គ​ដែរ ដ្បិត​ព្រះអង្គ​មាន​ភាព​យ៉ាង​ណា យើង​នឹង​ឃើញ​ព្រះអង្គ​យ៉ាង​នោះ។


លោក​ហេណុក ដែល​ជា​បុព្វបុរស​តំណ​ទី​ប្រាំ‌ពីរ​ក្រោយ​លោក​អដាំ បាន​ថ្លែង​ទុក​អំពី​អ្នក​ទាំង​នោះ​ដូច​ត​ទៅ៖ «មើល! ព្រះ‌អម្ចាស់​យាង​មក​ជា​មួយ​ប្រជា‌ជន​ដ៏វិសុទ្ធ*​របស់​ព្រះអង្គ ដែល​មាន​ចំនួន​ដ៏​ច្រើន​អនេក‌អនន្ត


ព្រះអង្គ​ដែល​បាន​បញ្ជាក់​សេចក្ដី​ទាំង​នេះ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «ពិត​មែន​ហើយ យើង​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ!»។ អាម៉ែន! ព្រះ‌អម្ចាស់‌យេស៊ូ​អើយ សូម​យាង​មក!​ ។


គេ​នឹង​ឃើញ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ ហើយ​នៅ​លើ​ថ្ងាស​គេ​ក៏​មាន​ដៅ​ព្រះ‌នាម​ព្រះអង្គ​ដែរ។


ឱ​ព្រះ‌អម្ចាស់​អើយ សូម​ឲ្យ​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​ព្រះអង្គ វិនាស​អន្តរាយ​ដូច្នោះ​ដែរ! សូម​ឲ្យ​អ្នក​ដែល​ស្រឡាញ់​ព្រះអង្គ បាន​ដូច​ព្រះ‌អាទិត្យ​មាន​រស្មី​ភ្លឺ​ចាំង​ចែង»។ ស្រុក​ទេស​ក៏​បាន​សុខ‌សាន្ត‌ត្រាណ អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ។