លោកុប្បត្តិ 31:42 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើព្រះនៃលោកអប្រាហាំ ជាជីតារបស់ខ្ញុំ ជាព្រះដែលលោកអ៊ីសាកគោរពកោតខ្លាច មិនបានគង់ជាមួយខ្ញុំទេនោះ ម៉្លេះសមលោកឪពុកឲ្យខ្ញុំចេញមកដោយដៃទទេជាមិនខាន។ ព្រះជាម្ចាស់បានទតឃើញទុក្ខលំបាក និងការនឿយហត់របស់ខ្ញុំ ហេតុនេះហើយបានជាពីយប់មិញ ព្រះអង្គកាន់ខាងខ្ញុំ»។ ព្រះគម្ពីរខ្មែរសាកល ប្រសិនបើព្រះរបស់ឪពុកខ្ញុំ គឺព្រះរបស់អ័ប្រាហាំ ជាព្រះដែលអ៊ីសាកកោតខ្លាច មិនបានគង់នៅជាមួយខ្ញុំទេ នោះលោកអ៊ំប្រាកដជាបញ្ជូនខ្ញុំទៅដោយដៃទទេហើយ។ ព្រះបានទតឃើញទុក្ខវេទនារបស់ខ្ញុំ និងការនឿយហត់នៃដៃរបស់ខ្ញុំ បានជាព្រះអង្គស្ដីបន្ទោសលោកអ៊ំយប់មិញ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើព្រះរបស់ឪពុកខ្ញុំ គឺព្រះរបស់លោកអ័ប្រាហាំ និងព្រះដែលលោកអ៊ីសាកបានកោតខ្លាច ព្រះអង្គមិនបានគង់នៅខាងខ្ញុំទេ នោះប្រាកដជាលោកឪពុកឲ្យខ្ញុំត្រឡប់មកដោយដៃទទេមិនខាន។ ព្រះទ្រង់បានឃើញទុក្ខលំបាករបស់ខ្ញុំ និងការនឿយហត់ដែលដៃខ្ញុំធ្វើ ដូច្នេះហើយបានជាព្រះអង្គបន្ទោសលោកឪពុកពីយប់មិញនេះ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើព្រះនៃឪពុកខ្ញុំ គឺព្រះនៃអ័ប្រាហាំ ដែលអ៊ីសាកបានកោតខ្លាច ទ្រង់មិនបានគង់នៅខាងខ្ញុំទេ នោះប្រាកដជាលោកឪពុកបានឲ្យខ្ញុំត្រឡប់មកដោយដៃទទេហើយ ព្រះទ្រង់បានឃើញសេចក្ដីទុក្ខលំបាករបស់ខ្ញុំ នឹងការនឿយហត់ដែលដៃខ្ញុំធ្វើ ដូច្នេះហើយ បានជាទ្រង់បន្ទោសដល់លោកឪពុកពីយប់មិញនេះ។ អាល់គីតាប ប្រសិនបើអុលឡោះជាម្ចាស់នៃអ៊ីព្រហ៊ីម ជាជីតារបស់ខ្ញុំ ជាម្ចាស់ដែលអ៊ីសាហាក់គោរពកោតខ្លាច មិនបាននៅជាមួយខ្ញុំទេនោះ ម៉្លេះសមលោកឪពុកឲ្យខ្ញុំចេញមកដោយដៃទទេជាមិនខាន។ ទ្រង់បានឃើញទុក្ខលំបាក និងការនឿយហត់របស់ខ្ញុំ ហេតុនេះហើយបានជាពីយប់មិញ ទ្រង់កាន់ខាងខ្ញុំ»។ |
ទេវតារបស់ព្រះអម្ចាស់ពោលទៅនាងថា៖ «ឥឡូវនេះ នាងមានផ្ទៃពោះហើយ។ នាងនឹងសម្រាលបានកូនប្រុសមួយ នាងត្រូវដាក់ឈ្មោះកូននោះថា អ៊ីស្មាអែល ដ្បិតព្រះអម្ចាស់បានឮសម្រែករបស់នាង នៅពេលដែលនាងរងទុក្ខវេទនា។
នាងហាការបានថ្វាយព្រះនាមព្រះអម្ចាស់ ដែលមានព្រះបន្ទូលមកនាងថា “ព្រះអង្គជាអែលរ៉ូអ៊ី” ដ្បិតនាងពោលថា «ព្រះជាម្ចាស់ទតឃើញខ្ញុំនៅទីនេះ មុនខ្ញុំបានឃើញព្រះអង្គ»។
លោកអ៊ីសាកញ័ររន្ធត់យ៉ាងខ្លាំង សួរថា៖ «តើអ្នកដែលបានបាញ់សត្វយកមកឲ្យឪពុក អម្បាញ់មិញនេះ ជានរណា? មុនកូនមកដល់ ឪពុកបានបរិភោគអស់ស្រេចទៅហើយ ឪពុកក៏ឲ្យពរវា វានឹងទទួលពររហូត»។
លោកស្រីលេអាមានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសមួយ ដែលគាត់ដាក់ឈ្មោះថា “រូបេន” ដ្បិតគាត់ពោលថា៖ «ព្រះអម្ចាស់បានទតឃើញថា ខ្ញុំជាស្ត្រីអភ័ព្វ ហើយឥឡូវនេះ ប្ដីខ្ញុំមុខជាស្រឡាញ់ខ្ញុំមិនខាន»។
ទេវតាពោលថា “ចូរសម្លឹងមើលនុ៎ះ! សត្វឈ្មោលៗទាំងប៉ុន្មានដែលជាន់សត្វញីៗ សុទ្ធតែមានសម្បុរឆ្នូតៗ ពពាល និងមានពណ៌អុជៗទាំងអស់។ យើងឃើញអំពើដែលឡាបាន់ប្រព្រឹត្តចំពោះអ្នកហើយ
ក៏ប៉ុន្តែ ព្រះជាម្ចាស់យាងមកឲ្យលោកឡាបាន់ ជាជនជាតិអើរ៉ាមឃើញ ក្នុងសុបិននៅពេលយប់ ហើយមានព្រះបន្ទូលថា៖ «ចូរប្រយ័ត្ន! កុំនិយាយអ្វីប៉ះពាល់ដល់យ៉ាកុបឡើយ ទោះបីល្អឬអាក្រក់ក្ដី»។
ពុកមានអំណាចអាចធ្វើទោសឯងរាល់គ្នាបាន តែព្រះនៃដូនតារបស់ឯងរាល់គ្នាមានព្រះបន្ទូលមកកាន់ពុកពីយប់មិញថា “ចូរប្រយ័ត្ន! កុំនិយាយអ្វីប៉ះពាល់ដល់យ៉ាកុបឡើយ ទោះបីល្អ ឬអាក្រក់ក្ដី”។
លោកមានប្រសាសន៍ទៅលោកស្រីទាំងពីរថា៖ «បងសង្កេតឃើញថា ឪពុករបស់នាងមិនសូវរាប់រកបងដូចមុនទៀតឡើយ។ ក៏ប៉ុន្តែ ព្រះនៃឪពុករបស់បងបានគង់នៅជាមួយបង។
សូមព្រះរបស់លោកអប្រាហាំ និងព្រះរបស់លោកណាឃរ គឺព្រះនៃបុព្វបុរសរបស់ពួកលោក ធ្វើជាចៅក្រមរវាងយើងទាំងពីរ»។ លោកយ៉ាកុបក៏បានស្បថ ដោយយកព្រះដែលលោកអ៊ីសាក ជាឪពុករបស់លោកគោរពកោតខ្លាច ធ្វើជាប្រធាន។
បន្ទាប់មក លោកយ៉ាកុបទូលថា៖ «បពិត្រព្រះអម្ចាស់ ជាព្រះនៃលោកអប្រាហាំ ដែលជាជីតារបស់ទូលបង្គំ ជាព្រះនៃលោកអ៊ីសាកដែលជាឪពុករបស់ទូលបង្គំអើយ ព្រះអង្គមានព្រះបន្ទូលមកទូលបង្គំថា “ចូរវិលទៅស្រុកអ្នក វិលទៅរកញាតិសន្ដានរបស់អ្នកវិញទៅ យើងនឹងឲ្យអ្នកបានសុខដុមរមនា!”
យើងនឹងរៀបចំខ្លួនឡើងទៅបេតអែល។ នៅទីនោះ ខ្ញុំនឹងសង់អាសនៈមួយ សម្រាប់ធ្វើយញ្ញបូជាថ្វាយព្រះជាម្ចាស់ ដែលបានឆ្លើយតបនឹងពាក្យទូលអង្វររបស់ខ្ញុំ នៅថ្ងៃខ្ញុំមានអាសន្ន ហើយព្រះអង្គក៏បានគង់ជាមួយខ្ញុំ នៅគ្រប់ទីកន្លែងដែលខ្ញុំធ្វើដំណើរដែរ»។
លោកអ៊ីស្រាអែលចេញដំណើរទៅ ដោយយកអ្វីៗទាំងអស់ ដែលលោកមានទៅជាមួយផង។ លុះទៅដល់បៀរសេបា លោកបានធ្វើយញ្ញបូជាថ្វាយព្រះជាម្ចាស់ ជាព្រះរបស់លោកអ៊ីសាក ជាឪពុក។
ព្រះបាទដាវីឌចេញមកទទួលពួកគេ ហើយមានរាជឱង្ការថា៖ «ប្រសិនបើអស់លោកមករកខ្ញុំដោយសន្តិភាព ដើម្បីជួយខ្ញុំនោះ ខ្ញុំសូមទទួលអស់លោកយ៉ាងស្មោះអស់ពីចិត្ត។ ប៉ុន្តែ ប្រសិនបើអស់លោកមកបន្លំខ្លួន ធ្វើការឲ្យបច្ចាមិត្តរបស់ខ្ញុំទេនោះ ទោះបីខ្ញុំមិនធ្វើបាបអស់លោកក្ដី ក៏សូមព្រះនៃបុព្វបុរសរបស់ពួកយើងធ្វើជាសាក្សី ហើយដាក់ទោសអស់លោកចុះ!»។
ទូលបង្គំត្រេកអរសប្បាយជាខ្លាំង ដោយព្រះអង្គមានព្រះហឫទ័យសប្បុរស ចំពោះទូលបង្គំ ព្រះអង្គទតឃើញទុក្ខវេទនារបស់ទូលបង្គំ ព្រះអង្គជ្រាបថាទូលបង្គំមានកង្វល់។
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងបានឃើញទុក្ខលំបាករបស់ប្រជារាស្ត្រយើងនៅស្រុកអេស៊ីប យើងក៏បានឮសម្រែករបស់គេ ព្រោះតែមេត្រួតត្រាវាយដំដែរ។ យើងដឹងអំពីទុក្ខវេទនារបស់ពួកគេហើយ។
អ្នករាល់គ្នាត្រូវតែទទួលស្គាល់ថា មានតែព្រះអម្ចាស់នៃពិភពទាំងមូលប៉ុណ្ណោះ ដែលជាព្រះដ៏វិសុទ្ធ អ្នករាល់គ្នាត្រូវស្ញែងខ្លាច និងកោតញញើត តែព្រះអង្គប៉ុណ្ណោះ។
បពិត្រព្រះនៃបុព្វបុរសរបស់ទូលបង្គំ ទូលបង្គំសូមសរសើរ និងលើកតម្កើងព្រះអង្គ ព្រោះព្រះអង្គប្រទានប្រាជ្ញា និងកម្លាំងមកទូលបង្គំ។ ព្រះអង្គបានសម្តែងឲ្យទូលបង្គំស្គាល់នូវអ្វីៗ ដែលយើងខ្ញុំទូលសូមព្រះអង្គ ហើយព្រះអង្គក៏បានសម្តែងឲ្យយើងដឹង អំពីហេតុការណ៍ដែលនឹងកើតមានដល់ ព្រះរាជាដែរ»។
នៅពេលមហាទេវតាមីកែលប្រកែកជាមួយនឹងមារ* តវ៉ាអំពីសពរបស់លោកម៉ូសេនោះ លោកក៏ពុំហ៊ានដាក់ទោសវាដោយជេរប្រមាថឡើយ គឺលោកគ្រាន់តែពោលថា «សូមព្រះអម្ចាស់ដាក់ទោសឯង!» ។