យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកកើនចំនួនច្រើនដូចធូលីដី គ្មាននរណាអាចរាប់ពូជពង្សរបស់អ្នកបានឡើយ គឺដូចជាគេពុំអាចរាប់ធូលីបានយ៉ាងនោះដែរ។
លោកុប្បត្តិ 12:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងឲ្យប្រជាជាតិមួយដ៏ធំកើតចេញពីអ្នក ហើយយើងនឹងឲ្យពរអ្នក។ យើងនឹងធ្វើឲ្យអ្នកមានឈ្មោះល្បី។ ដូច្នេះ ចូរធ្វើជាអ្នកផ្ដល់ពរដល់អ្នកដទៃចុះ!។ ព្រះគម្ពីរខ្មែរសាកល យើងនឹងធ្វើឲ្យអ្នកទៅជាប្រជាជាតិដ៏ធំមួយ ហើយឲ្យពរអ្នក ព្រមទាំងធ្វើឲ្យឈ្មោះរបស់អ្នកបានធំឧត្ដម ដូច្នេះអ្នកនឹងទៅជាពរដល់អ្នកដទៃ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងបង្កើតជាតិសាសន៍មួយដ៏ធំពីអ្នក យើងនឹងឲ្យពរអ្នក ហើយធ្វើឲ្យអ្នកមានឈ្មោះល្បី ដើម្បីឲ្យអ្នកបានជាទីបញ្ចេញពរដល់មនុស្សទាំងឡាយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញនឹងបង្កើតនគរ១យ៉ាងធំពីឯង អញនឹងឲ្យពរដល់ឯង ទាំងលើកឈ្មោះឯងធំផង ឯងនឹងបានធ្វើជាទីបញ្ចេញពរដល់មនុស្សទាំងឡាយ អាល់គីតាប យើងនឹងឲ្យប្រជាជាតិមួយដ៏ធំ កើតចេញពីអ្នក ហើយយើងនឹងឲ្យពរអ្នក។ យើងនឹងធ្វើឲ្យអ្នកមានឈ្មោះល្បី។ ដូច្នេះ ចូរធ្វើជាអ្នកផ្តល់ពរដល់អ្នកដទៃចុះ!។ |
យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកកើនចំនួនច្រើនដូចធូលីដី គ្មាននរណាអាចរាប់ពូជពង្សរបស់អ្នកបានឡើយ គឺដូចជាគេពុំអាចរាប់ធូលីបានយ៉ាងនោះដែរ។
ព្រះអង្គនាំលោកចេញទៅក្រៅ ហើយមានព្រះបន្ទូលថា៖ «ចូរងើយមើលទៅលើមេឃ ហើយរាប់ចំនួនផ្កាយមើល៍ តើអ្នកអាចរាប់អស់ទេ?»។ ព្រះអង្គមានព្រះបន្ទូលថែមទៀតថា៖ «ពូជពង្សរបស់អ្នកក៏នឹងមានចំនួនច្រើន ដូចផ្កាយទាំងនោះដែរ»។
ចំពោះអ៊ីស្មាអែលវិញ យើងបានឮពាក្យរបស់អ្នកហើយ យើងនឹងឲ្យពរវា យើងនឹងធ្វើឲ្យវាមានកូនចៅជាច្រើន ហើយធ្វើឲ្យពូជពង្សវាកើនចំនួនយ៉ាងច្រើនអនេក។ ស្ដេចដប់ពីរអង្គនឹងកើតចេញពីវា ហើយយើងក៏នឹងធ្វើឲ្យមានប្រជាជាតិមួយដ៏ធំកើតចេញពីវាដែរ។
អប្រាហាំនឹងបានទៅជាឪពុករបស់ប្រជាជាតិមួយដ៏ធំ ហើយមានអំណាចយ៉ាងខ្លាំងទៀតផង ប្រជាជាតិទាំងប៉ុន្មាននៅលើផែនដីក៏នឹងទទួលពរតាមរយៈគាត់ដែរ
ដ្បិតយើងបានជ្រើសរើសគាត់ ដើម្បីណែនាំកូនប្រុសរបស់គាត់ និងកូនចៅដែលកើតមកតាមក្រោយ ឲ្យប្រតិបត្តិតាមមាគ៌ារបស់ព្រះអម្ចាស់ ដោយប្រព្រឹត្តអំពើសុចរិត និងយុត្តិធម៌។ ដូច្នេះ ព្រះអម្ចាស់នឹងប្រោសប្រទានឲ្យអប្រាហាំ ស្របតាមសេចក្ដីដែលព្រះអង្គមានព្រះបន្ទូលទុកអំពីគាត់»។
នៅពេលព្រះជាម្ចាស់រំលាយក្រុងទាំងប៉ុន្មាន នៅតំបន់វាលរាបនោះ ព្រះអង្គបាននឹកគិតដល់លោកអប្រាហាំ គឺព្រះអង្គបានប្រោសលោកឡុតឲ្យរួចផុតពីមហន្តរាយ ក្នុងពេលព្រះអង្គរំលាយក្រុងដែលលោកឡុតរស់នៅនោះ។
លោកអប្រាហាំមានវ័យកាន់តែចាស់ណាស់ទៅហើយ ព្រះអម្ចាស់ក៏បានប្រទានពរលោកសព្វគ្រប់ទាំងអស់។
ព្រះអម្ចាស់បានប្រទានពរដល់ម្ចាស់ខ្ញុំយ៉ាងច្រើន រហូតដល់លោកបានទៅជាអ្នកមានឋានៈខ្ពស់។ ព្រះអង្គប្រទានឲ្យលោកមានហ្វូងចៀម និងហ្វូងគោ មានប្រាក់ មាស អ្នកបម្រើស្រីប្រុស អូដ្ឋ និងលាជាច្រើនផង។
ក្រោយលោកអប្រាហាំទទួលមរណភាពផុតទៅ ព្រះជាម្ចាស់ក៏បានប្រទានពរឲ្យអ៊ីសាក កូនប្រុសរបស់លោក ដែលរស់នៅក្បែរអណ្ដូងទឹកឡាហាយ-រយ។
ចូរស្នាក់នៅក្នុងស្រុកនេះហើយ។ យើងនឹងស្ថិតនៅជាមួយអ្នក យើងនឹងឲ្យពរអ្នក ដ្បិតយើងនឹងប្រគល់ទឹកដីនេះឲ្យអ្នក ព្រមទាំងពូជពង្សរបស់អ្នក។ យើងនឹងសម្រេចតាមពាក្យដែលយើងបានសន្យាជាមួយអប្រាហាំ ជាឪពុករបស់អ្នក។
យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកកើនចំនួនច្រើនឡើង ដូចផ្កាយនៅលើមេឃ យើងនឹងប្រគល់ទឹកដីនេះឲ្យពូជពង្សរបស់អ្នក។ ប្រជាជាតិទាំងប៉ុន្មាននៅលើផែនដីនឹងពោលថា គេបានទទួលពរ ដោយសារពូជពង្សរបស់អ្នក
សូមឲ្យជាតិសាសន៍នានាបានទៅជា ខ្ញុំបម្រើរបស់កូន ហើយឲ្យប្រជាជាតិជាច្រើន ក្រាបថ្វាយបង្គំកូន!។ សូមឲ្យកូនគ្រប់គ្រងលើបងប្អូនរបស់កូន! សូមឲ្យបងប្អូនបង្កើតទាំងប៉ុន្មានរបស់កូន ក្រាបថ្វាយបង្គំកូន! អ្នកណាដាក់បណ្ដាសាកូន អ្នកនោះមុខជាទទួលបណ្ដាសាមិនខាន! រីឯអ្នកណាឲ្យពរកូន អ្នកនោះក៏នឹងទទួលពរដែរ»។
ពូជពង្សរបស់អ្នកនឹងមានចំនួនច្រើនដូចធូលីដី។ ទឹកដីរបស់អ្នកនឹងលាតសន្ធឹងទៅទិសខាងលិច ទិសខាងកើត ទិសខាងជើង និងទិសខាងត្បូង។ ក្រុមគ្រួសារទាំងអស់នៅលើផែនដីនឹងបានទទួលពរដោយសារអ្នក និងពូជពង្សរបស់អ្នក។
ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «យើងជាព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត ចូរអ្នកបង្កើតកូនចៅ ឲ្យបានចំនួនកើនឡើងជាច្រើន។ ប្រជាជាតិមួយ និងប្រជាជាតិជាច្រើនទៀត នឹងកើតចេញពីអ្នក ហើយក៏នឹងមានស្ដេចជាច្រើនអង្គកើតចេញពី ពូជពង្សរបស់អ្នកដែរ។
ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «យើងជាព្រះជាម្ចាស់ ជាព្រះនៃឪពុករបស់អ្នក។ កុំខ្លាចនឹងចុះទៅស្រុកអេស៊ីបឡើយ ដ្បិតនៅទីនោះ យើងនឹងធ្វើឲ្យអ្នកបានទៅជាប្រជាជាតិមួយដ៏ធំ។
យើងស្ថិតនៅជាមួយអ្នក គ្រប់ទីកន្លែងដែលអ្នកទៅ យើងបានកម្ចាត់ខ្មាំងសត្រូវទាំងប៉ុន្មានរបស់អ្នកចេញពីមុខអ្នក។ យើងបានធ្វើឲ្យអ្នកមានកេរ្តិ៍ឈ្មោះល្បីល្បាញ ដូចអ្នកធំទាំងឡាយនៅលើផែនដី។
ហើយពួកនាម៉ឺនមន្ត្រីនាំគ្នាមកថ្វាយពរព្រះបាទដាវីឌ ជាអម្ចាស់នៃយើង ដោយទូលថា“សូមព្រះរបស់ព្រះករុណាប្រទានឲ្យព្រះបាទសាឡូម៉ូនមានព្រះនាមល្បីល្បាញ ជាងព្រះនាមរបស់ព្រះករុណាទៅទៀត។ សូមឲ្យរាជ្យរបស់ព្រះបាទសាឡូម៉ូនបានរុងរឿងជាងរាជ្យរបស់ព្រះករុណា!”។ ពេលនោះ ព្រះរាជាក៏ក្រាបថ្វាយបង្គំ នៅក្នុងក្រឡាបន្ទំ
តាមពិត អំពើអាក្រក់ដែលលោកប្រព្រឹត្ត ផ្ដល់តែទុក្ខទោសដល់មនុស្សដូចលោកប៉ុណ្ណោះ ហើយអំពើសុចរិតដែលលោកប្រព្រឹត្ត ក៏ផ្ដល់ផលប្រយោជន៍សម្រាប់តែមនុស្សដែរ។
ព្រះអង្គប្រទានពរឲ្យពួកគេ ហើយពួកគេក៏បានកើនចំនួនឡើងជាច្រើន ព្រះអង្គមិនបណ្ដោយឲ្យហ្វូងសត្វរបស់គេ ចុះអន់ថយឡើយ។
ជនជាតិអ៊ីស្រាអែលបង្កើតកូនចៅបន្តពូជពង្សកើនចំនួនច្រើនសន្ធឹកសន្ធាប់ មានកម្លាំងកាន់តែខ្លាំងឡើងៗ ហើយរស់នៅពាសពេញក្នុងស្រុកអេស៊ីប។
ឥឡូវនេះ ចូរទុកឲ្យយើងលុបបំបាត់ប្រជាជននេះ ឲ្យវិនាសសាបសូន្យ តាមកំហឹងរបស់យើង រួចយើងឲ្យប្រជាជាតិដ៏ធំកើតចេញពីអ្នក»។
“ចូររំពឹងគិតពីអប្រាហាំ ជាបុព្វបុរសរបស់អ្នករាល់គ្នា និងសារ៉ាដែលបានបង្កើតអ្នករាល់គ្នា។ ពេលយើងហៅអប្រាហាំមក គាត់នៅម្នាក់ឯង គ្មានកូនទេ។ យើងឲ្យពរគាត់ ហើយគាត់ក៏មានកូនចៅ កើនចំនួនឡើងជាច្រើន”។
យើងនឹងឲ្យពរពួកគេ ព្រមទាំងស្រុកភូមិដែលនៅជុំវិញភ្នំរបស់យើង ហើយធ្វើឲ្យភ្លៀងធ្លាក់ចុះមកតាមរដូវកាល ជាភ្លៀងដែលនាំពរមកជាមួយផង។
ព្រះអង្គនឹងសម្តែងព្រះហឫទ័យស្មោះស្ម័គ្រ ដល់កូនចៅរបស់លោកយ៉ាកុប ហើយសម្តែងព្រះហឫទ័យមេត្តាករុណា ដល់កូនចៅរបស់លោកអប្រាហាំ ដូចព្រះអង្គបានសន្យាជាមួយបុព្វបុរស របស់យើងខ្ញុំកាលពីជំនាន់ដើម។
កូនចៅយូដា និងកូនចៅអ៊ីស្រាអែលអើយ អ្នករាល់គ្នាធ្លាប់បង្ហាញឲ្យប្រជាជាតិនានាឃើញបណ្ដាសាយ៉ាងណា យើងក៏នឹងសង្គ្រោះអ្នករាល់គ្នា ដើម្បីបង្ហាញព្រះពរឲ្យពួកគេឃើញយ៉ាងនោះដែរ! កុំភ័យខ្លាចអ្វីឡើយ ចូរមានចិត្តក្លាហានឡើង!
យើងនឹងប្រហារពួកគេដោយជំងឺអាសន្នរោគ ហើយលុបបំបាត់ពួកគេ។ យើងនឹងធ្វើឲ្យអ្នកទៅជាប្រជាជាតិមួយធំជាង និងមានកម្លាំងជាងពួកនេះ»។
ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកបាឡាមថា៖ «កុំទៅជាមួយពួកគេឡើយ ហើយក៏មិនត្រូវដាក់បណ្ដាសាប្រជាជននោះដែរ ដ្បិតយើងបានឲ្យពរពួកគេរួចហើយ!»។
ទូលបង្គំបានទទួលបញ្ជាពីព្រះអង្គ ដើម្បីឲ្យពរប្រជាជននេះ បើព្រះជាម្ចាស់ឲ្យពរ នោះទូលបង្គំមិនអាចផ្លាស់ប្ដូរទេ។
លោកទទួលពិធីកាត់ស្បែកតាមក្រោយ ទុកជាសញ្ញាបញ្ជាក់ថា លោកបានសុចរិតដោយសារជំនឿដែលលោកមានកាលពីមិនទាន់កាត់ស្បែកនៅឡើយ។ ដូច្នេះ លោកបានទៅជាឪពុករបស់មនុស្សទាំងអស់ ដែលមិនបានទទួលពិធីកាត់ស្បែក តែមានជំនឿ ហើយព្រះជាម្ចាស់ប្រោសគេឲ្យសុចរិត។
ហេតុការណ៍នេះកើតមានដូច្នេះ ដើម្បីឲ្យព្រះពរដែលលោកអប្រាហាំទទួល បានហូរទៅដល់សាសន៍ដទៃ តាមរយៈព្រះគ្រិស្តយេស៊ូដែរ ហើយឲ្យយើងទទួលព្រះវិញ្ញាណដែលព្រះជាម្ចាស់បានសន្យាប្រទានមក ដោយយើងមានជំនឿ។
ពេលនោះ អ្នកត្រូវពោលទៀតថា: “បុព្វបុរសរបស់ខ្ញុំបាទជាពនេចរ ជាតិអើរ៉ាម លោកបានទៅស្នាក់នៅស្រុកអេស៊ីប ដោយមានគ្នាមួយចំនួនតូចទៅជាមួយ។ នៅទីនោះ យើងខ្ញុំក្លាយជាប្រជាជាតិមួយដ៏ធំខ្លាំងពូកែ និងមានគ្នាច្រើន។