លោកុប្បត្តិ 12 - ព្រះគម្ពីរខ្មែរសាកលការត្រាស់ហៅអាប់រ៉ាម 1 ព្រះយេហូវ៉ាមានបន្ទូលនឹងអាប់រ៉ាមថា៖ “ចូរអ្នកចាកចេញពីស្រុករបស់អ្នក ពីសាច់ញាតិរបស់អ្នក និងពីផ្ទះរបស់ឪពុកអ្នក ទៅស្រុកដែលយើងនឹងបង្ហាញដល់អ្នកចុះ។ 2 យើងនឹងធ្វើឲ្យអ្នកទៅជាប្រជាជាតិដ៏ធំមួយ ហើយឲ្យពរអ្នក ព្រមទាំងធ្វើឲ្យឈ្មោះរបស់អ្នកបានធំឧត្ដម ដូច្នេះអ្នកនឹងទៅជាពរដល់អ្នកដទៃ! 3 យើងនឹងឲ្យពរ អ្នកដែលឲ្យពរអ្នក យើងនឹងដាក់បណ្ដាសា អ្នកដែលដាក់បណ្ដាសាអ្នក។ ពូជអម្បូរទាំងអស់នៅលើផែនដីនឹងទទួលពរតាមរយៈអ្នក”។ 4 ដូច្នេះ អាប់រ៉ាមក៏ចេញដំណើរទៅ ដូចដែលព្រះយេហូវ៉ាបានមានបន្ទូលនឹងគាត់ ហើយឡុតក៏ទៅជាមួយគាត់ដែរ។ អាប់រ៉ាមមានអាយុចិតសិបប្រាំឆ្នាំ ពេលគាត់ចាកចេញពីហារ៉ាន។ 5 អាប់រ៉ាមយកសារ៉ាយប្រពន្ធរបស់គាត់ និងឡុតក្មួយរបស់គាត់ ព្រមទាំងទ្រព្យសម្បត្តិទាំងអស់របស់ពួកគេដែលរកបាន និងមនុស្សដែលពួកគេបាន កាលនៅហារ៉ាន ហើយចេញដំណើរទៅដែនដីកាណាន។ នៅពេលពួកគេមកដល់ដែនដីកាណាន 6 អាប់រ៉ាមឆ្លងកាត់ស្រុកនោះ រហូតដល់កន្លែងមួយនៅស៊ីគែម ត្រង់ដើមអូករបស់ម៉ូរេ។ កាលនោះ មានជនជាតិកាណាននៅក្នុងស្រុកនោះ។ 7 ពេលនោះ ព្រះយេហូវ៉ាបានលេចមកដល់អាប់រ៉ាម ហើយមានបន្ទូលថា៖ “យើងនឹងប្រគល់ទឹកដីនេះដល់ពូជពង្សរបស់អ្នក”។ អាប់រ៉ាមក៏សង់អាសនាមួយនៅទីនោះ ដល់ព្រះយេហូវ៉ាដែលលេចមកដល់គាត់។ 8 គាត់រើចេញពីទីនោះទៅតំបន់ភ្នំនៅខាងកើតបេត-អែល រួចដំឡើងរោងរបស់គាត់នៅខាងលិចបេត-អែល និងខាងកើតអៃ។ នៅទីនោះ គាត់សង់អាសនាមួយទៀតដល់ព្រះយេហូវ៉ា ហើយស្រែកហៅព្រះនាមរបស់ព្រះយេហូវ៉ា។ 9 បន្ទាប់មក អាប់រ៉ាមក៏បន្តដំណើរទៅណេកិប។ អាប់រ៉ាមនៅអេហ្ស៊ីប 10 គ្រានោះ មានទុរ្ភិក្សនៅក្នុងស្រុកនោះ។ អាប់រ៉ាមក៏ចុះទៅអេហ្ស៊ីបដើម្បីរស់នៅបណ្ដោះអាសន្ននៅទីនោះ ពីព្រោះទុរ្ភិក្សនៅស្រុកនោះធ្ងន់ធ្ងរណាស់។ 11 ពេលនោះមានកើតឡើងដូច្នេះ: នៅពេលគាត់រៀបនឹងចូលទៅអេហ្ស៊ីប គាត់និយាយនឹងសារ៉ាយប្រពន្ធរបស់គាត់ថា៖ “មើល៍! បងដឹងថាអូនជាស្ត្រីមានរូបឆោមស្រស់ស្អាត។ 12 នៅពេលជនជាតិអេហ្ស៊ីបឃើញអូន ពួកគេនឹងនិយាយថា: ‘នេះជាប្រពន្ធរបស់គាត់’ នោះពួកគេនឹងសម្លាប់បង ហើយទុកអូនឲ្យនៅរស់។ 13 សូមនិយាយថាអូនជាប្អូនស្រីរបស់បង ដើម្បីឲ្យពួកគេប្រព្រឹត្តល្អចំពោះបងដោយយល់ដល់អូន ហើយទុកជីវិតឲ្យបងដោយសារតែអូនផង”។ 14 នៅពេលអាប់រ៉ាមចូលទៅអេហ្ស៊ីប ជនជាតិអេហ្ស៊ីបក៏ឃើញថានាងជាស្ត្រីស្រស់ស្អាតណាស់។ 15 រីឯពួកមន្ត្រីរបស់ផារ៉ោនក៏ឃើញនាងដែរ ហើយសរសើរនាងនៅចំពោះផារ៉ោន ដូច្នេះស្ត្រីនោះក៏ត្រូវគេនាំមកក្នុងដំណាក់របស់ផារ៉ោន។ 16 ស្ដេចក៏ប្រព្រឹត្តល្អដល់អាប់រ៉ាមដោយយល់ដល់នាង ហើយអាប់រ៉ាមក៏បានចៀម គោ លាឈ្មោល បាវបម្រើប្រុស បាវបម្រើស្រី លាញី និងអូដ្ឋ។ 17 ប៉ុន្តែព្រះយេហូវ៉ាបានវាយផារ៉ោន និងអ្នកដំណាក់របស់ទ្រង់ ដោយគ្រោះកាចដ៏ធំ ដោយសារតែសារ៉ាយប្រពន្ធរបស់អាប់រ៉ាម។ 18 ដូច្នេះ ផារ៉ោនក៏ហៅអាប់រ៉ាមមក ហើយមានរាជឱង្ការថា៖ “ម្ដេចក៏អ្នកធ្វើយ៉ាងនេះដល់យើងដូច្នេះ? ម្ដេចក៏អ្នកមិនប្រាប់យើងថានាងជាប្រពន្ធរបស់អ្នក? 19 ម្ដេចក៏អ្នកនិយាយថា: ‘នាងជាប្អូនស្រីរបស់ខ្ញុំ’ ដើម្បីឲ្យយើងយកនាងធ្វើជាមហេសីដូច្នេះ? ឥឡូវនេះមើល៍! នេះជាប្រពន្ធរបស់អ្នក! ចូរយកនាង ហើយទៅចុះ”។ 20 រួចផារ៉ោនក៏បញ្ជាមនុស្សរបស់ទ្រង់អំពីគាត់ នោះពួកគេក៏បញ្ជូនគាត់ និងប្រពន្ធរបស់គាត់ ព្រមទាំងអ្វីៗទាំងអស់ដែលគាត់មានឲ្យចេញទៅ៕ |