យ៉ូហាន 1:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្វីៗសព្វសារពើសុទ្ធតែកើតឡើងដោយសារព្រះបន្ទូល គឺក្នុងបណ្ដាអ្វីៗដែលកើតមក គ្មានអ្វីមួយកើតមកក្រៅពីព្រះអង្គបង្កើតនោះឡើយ។ ព្រះគម្ពីរខ្មែរសាកល អ្វីៗទាំងអស់បានកើតមកតាមរយៈព្រះអង្គ ហើយក្នុងអ្វីៗដែលកើតមកនោះ គ្មានអ្វីមួយកើតមកដោយគ្មានព្រះអង្គឡើយ។ Khmer Christian Bible គ្រប់របស់ទាំងអស់បានកើតមកដោយសារព្រះបន្ទូល ហើយក្នុងបណ្ដារបស់ដែលបានកើតមកទាំងឡាយ បើគ្មានព្រះបន្ទូលទេ គ្មានរបស់ណាមួយកើតមកឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រប់របស់ទាំងអស់បានកើតមកដោយសារព្រះអង្គ ហើយគ្មានអ្វីណាមួយកើតមកក្រៅពីព្រះអង្គឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រប់របស់ទាំងអស់បានកើតមកដោយសារទ្រង់ ហើយក្នុងបណ្តារបស់ដែលបានបង្កើតមកទាំងប៉ុន្មាន នោះគ្មានអ្វីណាមួយកើតមកក្រៅពីទ្រង់ឡើយ អាល់គីតាប អ្វីៗសព្វសារពើសុទ្ធតែកើតឡើងដោយសារបន្ទូលនៃអុលឡោះ គឺក្នុងបណ្ដាអ្វីៗដែលកើតមក គ្មានអ្វីមួយកើតមកក្រៅពីបន្ទូលនៃអុលឡោះបង្កើតនោះឡើយ។ |
ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «យើងបង្កើតមនុស្ស ជាតំណាងរបស់យើង មានលក្ខណៈដូចយើង ដើម្បីឲ្យគេមានអំណាចលើត្រីសមុទ្រ លើបក្សាបក្សីដែលហើរនៅលើមេឃ លើសត្វស្រុកនៅលើផែនដីទាំងមូល និងលើសត្វទាំងប៉ុន្មានដែលលូនវារនៅលើដី»។
ព្រះអង្គបានបង្កើតផែនដី តាំងពីយូរលង់ណាស់មកហើយ ហើយផ្ទៃមេឃក៏ជាស្នាព្រះហស្ដ របស់ព្រះអង្គដែរ។
ផ្ទៃមេឃកើតឡើងដោយសារព្រះបន្ទូល របស់ព្រះអម្ចាស់ ហើយអ្វីៗទាំងអស់នៅលើមេឃ ក៏កើតឡើង ដោយសារព្រះបញ្ជារបស់ព្រះអង្គដែរ។
នៅគ្រានោះ ខ្ញុំជាមេជាងជួយធ្វើការព្រះអង្គ ហើយខ្ញុំធ្វើឲ្យព្រះអង្គមានអំណរ ជារៀងរាល់ថ្ងៃ។ ខ្ញុំកម្សាន្តនៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គ គ្រប់ពេលវេលា។
យើងនេះហើយដែលបានបង្កើតផែនដី ព្រមទាំងបានបង្កើតមនុស្សឲ្យរស់ នៅលើផែនដីនេះផង យើងបានលាតសន្ធឹងផ្ទៃមេឃ ដោយដៃរបស់យើងផ្ទាល់ ហើយយើងក៏បញ្ជាហ្វូងតារាទាំងប៉ុន្មាន នៅលើមេឃដែរ”។
ព្រះអម្ចាស់បានបង្កើតផ្ទៃមេឃ ព្រមទាំងសូនផែនដី ព្រះអង្គបានពង្រឹងផែនដីឲ្យរឹងមាំ ព្រះអង្គមិនបានបង្កើតផែនដីមក ដើម្បីឲ្យនៅទទេឡើយ គឺព្រះអង្គបានបង្កើតផែនដី ឲ្យសត្វលោកស្នាក់អាស្រ័យនៅ។ ព្រះអង្គមានព្រះបន្ទូលថា: “គឺយើងនេះហើយជាព្រះអម្ចាស់ ក្រៅពីយើង គ្មានព្រះអម្ចាស់ឯណាទៀតទេ។
ព្រះបន្ទូលបានគង់ក្នុងពិភពលោក ហើយពិភពលោកកើតឡើងដោយសារព្រះអង្គ ប៉ុន្តែ ពិភពលោកពុំបានទទួលស្គាល់ព្រះអង្គទេ។
ក៏យើងជឿថា មានព្រះជាម្ចាស់តែមួយព្រះអង្គប៉ុណ្ណោះ។ ព្រះអង្គជាព្រះបិតាដែលបានបង្កើតអ្វីៗសព្វសារពើមក ហើយយើងមានជីវិតរស់សម្រាប់ព្រះអង្គ។ យើងជឿទៀតថា មានព្រះអម្ចាស់តែមួយព្រះអង្គប៉ុណ្ណោះ គឺព្រះយេស៊ូគ្រិស្ត*។ អ្វីៗសព្វសារពើកើតមកដោយសារព្រះអង្គ ហើយយើងមានជីវិតរស់ក៏ដោយសារព្រះអង្គដែរ។
ព្រះជាម្ចាស់ក៏ប្រណីសន្ដោសឲ្យខ្ញុំបំភ្លឺមនុស្សទាំងអស់ ស្គាល់របៀបព្រះអង្គចាត់ចែងគម្រោងការដែលលាក់ទុក តាំងពីអស់កល្បជានិច្ចរៀងមក ក្នុងព្រះជាម្ចាស់ផ្ទាល់ ដែលបានបង្កើតអ្វីៗសព្វសារពើ។
ដោយសារជំនឿ យើងយល់ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបង្កើតពិភពលោកមក។ ដូច្នេះ អ្វីៗដែលយើងមើលឃើញ មិនមែនកើតចេញមកពីអ្វីៗដែលមានរូបរាងនោះឡើយ។
អ្នកណាជឿថាព្រះយេស៊ូពិតជាព្រះគ្រិស្ត អ្នកនោះកើតមកពីព្រះជាម្ចាស់ ហើយអ្នកណាស្រឡាញ់ព្រះបិតា អ្នកនោះក៏ស្រឡាញ់អ្នកដែលកើតមកពីព្រះអង្គដែរ។
«ចូរសរសេរទៅកាន់ទេវតារបស់ក្រុមជំនុំ*នៅក្រុងឡៅឌីសេ ដូចតទៅនេះ៖ ព្រះអាម៉ែន ជាបន្ទាល់ដ៏ស្មោះត្រង់ និងពិតប្រាកដ ហើយជាដើមកំណើតនៃអ្វីៗទាំងអស់ ដែលព្រះជាម្ចាស់បានបង្កើតមក ទ្រង់មានព្រះបន្ទូលថា:
«បពិត្រព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំ ព្រះអង្គសមនឹងទទួលសិរីរុងរឿង ព្រះកិត្តិនាម និងឫទ្ធានុភាព ដ្បិតព្រះអង្គបានបង្កើតរបស់សព្វសារពើមក អ្វីៗទាំងអស់សុទ្ធតែកើតមាន ហើយនៅស្ថិតស្ថេរដោយសារព្រះហឫទ័យរបស់ព្រះអង្គ»។