ដោយពួកគេបានបោះបង់ចោលយើង ហើយដុតគ្រឿងក្រអូបថ្វាយព្រះដទៃ និងបញ្ឆេះកំហឹងរបស់យើង ព្រោះតែអំពើទាំងប៉ុន្មានរបស់ពួកគេប្រព្រឹត្ត នោះយើងនឹងដាក់ទោសក្រុងនេះ គឺយើងមិនអាចអត់ឱនបានឡើយ!
យេរេមា 42:18 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលថា: ប្រសិនបើអ្នករាល់គ្នាទៅស្រុកអេស៊ីប យើងនឹងជះកំហឹងដ៏ខ្លាំងក្លារបស់យើងទៅលើអ្នករាល់គ្នា ដូចយើងបានជះទៅលើអ្នកក្រុងយេរូសាឡឹមដែរ។ ប្រជាជាតិទាំងឡាយយកឈ្មោះអ្នករាល់គ្នាទៅដាក់បណ្ដាសាជេរ ប្រមាថ និងចំអកឡកឡឺយឲ្យគ្នា អ្នករាល់គ្នាពុំបានឃើញទឹកដីនេះវិញឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា៖ "កំហឹង និងសេចក្ដីក្រោធរបស់យើង ដែលបានចាក់ចេញទៅលើពួកអ្នក នៅក្រុងយេរូសាឡិមជាយ៉ាងណា នោះសេចក្ដីក្រោធរបស់យើង នឹងត្រូវចាក់ចេញ លើអ្នករាល់គ្នាយ៉ាងនោះដែរ គឺក្នុងកាលដែលចូលទៅក្នុងស្រុកអេស៊ីព្ទនោះ នៅស្រុកនោះ អ្នករាល់គ្នានឹងត្រឡប់ទៅជាទីត្មះតិះដៀល ជាទីស្រឡាំងកាំង ជាទីផ្ដាសា ហើយជាទីជេរប្រមាថ អ្នករាល់គ្នានឹងមិនបានឃើញទីនេះទៀតឡើយ"។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះ ព្រះយេហូវ៉ា នៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះថា សេចក្ដីកំហឹង នឹងសេចក្ដីក្រោធរបស់អញ ដែលបានចាក់ចេញទៅលើពួកអ្នកនៅក្រុងយេរូសាឡិមជាយ៉ាងណា នោះសេចក្ដីក្រោធរបស់អញ នឹងត្រូវចាក់ចេញ លើឯងរាល់គ្នាយ៉ាងនោះដែរ គឺក្នុងកាលដែលចូលទៅក្នុងស្រុកអេស៊ីព្ទនោះ នៅស្រុកនោះ ឯងរាល់គ្នានឹងត្រឡប់ទៅជាទីត្មះតិះដៀល ជាទីស្រឡាំងកាំង ជាទីផ្តាសា ហើយជាទីជេរប្រមាថ ឯងរាល់គ្នានឹងមិនបានឃើញទីនេះទៀតឡើយ អាល់គីតាប អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ជាម្ចាស់របស់ជនជាតិអ៊ីស្រអែលមានបន្ទូលថា: ប្រសិនបើអ្នករាល់គ្នាទៅស្រុកអេស៊ីប យើងនឹងជះកំហឹងដ៏ខ្លាំងក្លារបស់យើងទៅលើអ្នករាល់គ្នា ដូចយើងបានជះទៅលើអ្នកក្រុងយេរូសាឡឹមដែរ។ ប្រជាជាតិទាំងឡាយយកឈ្មោះអ្នករាល់គ្នាទៅដាក់បណ្ដាសាជេរប្រមាថ និងចំអកឡកឡឺយឲ្យគ្នា អ្នករាល់គ្នាពុំបានឃើញទឹកដីនេះវិញឡើយ។ |
ដោយពួកគេបានបោះបង់ចោលយើង ហើយដុតគ្រឿងក្រអូបថ្វាយព្រះដទៃ និងបញ្ឆេះកំហឹងរបស់យើង ព្រោះតែអំពើទាំងប៉ុន្មានរបស់ពួកគេប្រព្រឹត្ត នោះយើងនឹងដាក់ទោសក្រុងនេះ គឺយើងមិនអាចអត់ឱនបានឡើយ!
ក៏ប៉ុន្តែ ការពឹងផ្អែកលើស្ដេចផារ៉ោន នឹងនាំឲ្យអ្នករាល់គ្នាត្រូវអាម៉ាស់ ការជ្រកកោនក្រោមម្លប់របស់ស្រុកអេស៊ីប នឹងនាំឲ្យអ្នករាល់គ្នាបាក់មុខជាមិនខាន!
ប្រជាជនដែលយើងបានជ្រើសរើស នឹងយកឈ្មោះអ្នករាល់គ្នាសម្រាប់ដាក់បណ្ដាសា ថា “សូមព្រះជាអម្ចាស់ធ្វើឲ្យអ្នកស្លាប់ ដូចជននេះ ឬជននោះ”។ រីឯអ្នកបម្រើរបស់យើងវិញ គេនឹងជូនពរគ្នា ដោយប្រើនាមថ្មី។
ពួកគេបានបំផ្លាញស្រុករបស់ខ្លួន ឲ្យក្លាយទៅជាទីស្មសាន ដែលធ្វើឲ្យមនុស្សម្នាស្រឡាំងកាំង។ អស់អ្នកដើរកាត់តាមនោះ នាំគ្នាព្រឺសម្បុរ ហើយគ្រវីក្បាល។
យើងនឹងធ្វើឲ្យអ្នករាល់គ្នាអាម៉ាស់មុខរហូតតទៅ អ្នករាល់គ្នានឹងបាក់មុខអស់កល្បជានិច្ច មិនអាចបំភ្លេចបានឡើយ»។
យើងនឹងធ្វើឲ្យនគរទាំងប៉ុន្មាននៅលើផែនដីភ័យតក់ស្លុត ដោយឃើញពួកគេវេទនាបែបនេះ។ គ្រប់ទីកន្លែងដែលយើងកម្ចាត់កម្ចាយពួកគេឲ្យទៅនៅ មនុស្សម្នានឹងមាក់ងាយ ចំអកឲ្យពួកគេ ព្រមទាំងយកឈ្មោះពួកគេទៅជេរប្រមាថ និងដាក់បណ្ដាសាគ្នាទៀតផង។
យើងនឹងចាត់គេទៅហៅប្រជាជាតិទាំងអស់ ដែលនៅស្រុកខាងជើង ព្រមទាំងនេប៊ូក្នេសា ស្ដេចស្រុកបាប៊ីឡូន ជាអ្នកបម្រើរបស់យើងឲ្យមក -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ យើងនឹងបង្គាប់អ្នកទាំងនោះឲ្យវាយលុកស្រុកនេះ និងប្រជាជនដែលរស់នៅក្នុងស្រុក ព្រមទាំងប្រជាជាតិនានាដែលនៅជុំវិញ។ ពួកគេនឹងបំផ្លាញស្រុកទាំងនោះថ្វាយផ្ដាច់ដល់យើង ហើយធ្វើឲ្យស្រុកទាំងនោះក្លាយទៅជាទីស្មសាន រហូតតទៅ។ ពេលមនុស្សម្នាឃើញមហន្តរាយដែលកើតមាន គេស្រឡាំងកាំងគ្រប់ៗគ្នា។
យើងនឹងធ្វើឲ្យព្រះដំណាក់នេះវិនាស ដូចទីសក្ការៈនៅស៊ីឡូ ហើយយើងនឹងធ្វើឲ្យប្រជាជាតិទាំងអស់នៅលើផែនដីឃើញថា ក្រុងនេះជាក្រុងត្រូវបណ្ដាសា»។
យើងនឹងតាមប្រហារពួកគេ ដោយមុខដាវ ទុរ្ភិក្ស និងជំងឺអាសន្នរោគ។ យើងធ្វើឲ្យនគរទាំងប៉ុន្មាននៅផែនដីញ័ររន្ធត់ ដោយឃើញមហន្តរាយកើតមានដល់ពួកគេ។ ក្នុងចំណោមប្រជាជាតិទាំងឡាយ ដែលយើងកម្ចាត់កម្ចាយពួកគេឲ្យទៅនៅ មនុស្សម្នានឹងស្រឡាំងកាំង ហើយប្រើឈ្មោះពួកគេសម្រាប់ជេរប្រមាថ និងដាក់បណ្ដាសាគ្នាផង។
ក្នុងចំណោមប្រជាជនយូដាទាំងអស់ដែលជាប់ជាឈ្លើយនៅស្រុកបាប៊ីឡូន គេនឹងយកឈ្មោះអ្នកទាំងពីរទៅដាក់បណ្ដាសាគ្នាថា: សូមព្រះអម្ចាស់ដាក់ទោសឯង ដូចសេដេគា និងអហាប់ ដែលស្ដេចស្រុកបាប៊ីឡូន ឲ្យគេយកទៅដុតនៅក្នុងភ្លើង!
ប្រជាជនខ្លះនៅក្នុងក្រុងនេះខំតទល់នឹងពួកខាល់ដេដែរ ជាហេតុបណ្ដាលឲ្យផ្ទះរបស់គេមានពេញដោយសាកសព ដែលយើងប្រហារ ដោយសារកំហឹងដ៏ខ្លាំងរបស់យើង។ អំពើអាក្រក់របស់ពួកគេធ្វើឲ្យយើងលែងអាណិតមេត្តាដល់ក្រុងនេះ។
យើងនឹងប្រហារជនជាតិយូដាដែលនៅសេសសល់ ហើយចេញមករស់នៅក្នុងស្រុកអេស៊ីប។ ពួកគេនឹងត្រូវវិនាសសូន្យនៅស្រុកអេស៊ីបនេះ ពួកគេនឹងត្រូវស្លាប់ ដោយមុខដាវ និងដោយទុរ្ភិក្ស។ តាំងពីអ្នកតូចរហូតដល់អ្នកធំ ពួកគេត្រូវវិនាសសូន្យទាំងអស់គ្នា ដោយមុខដាវ និងដោយទុរ្ភិក្ស។ ប្រជាជាតិទាំងឡាយយកឈ្មោះពួកគេ ទៅដាក់បណ្ដាសា ជេរប្រមាថ និងចំអកឡកឡឺយ។
ព្រះអម្ចាស់ពុំអាចទ្រាំនឹងអំពើអាក្រក់ ព្រមទាំងអំពើដ៏គួរឲ្យស្អប់ខ្ពើម ដែលអ្នករាល់គ្នាបានប្រព្រឹត្តនោះ តទៅមុខទៀតឡើយ ហេតុនេះហើយបានជាស្រុករបស់អ្នករាល់គ្នាក្លាយទៅជាគំនរបាក់បែក ជាទីស្មសាន ជាដីត្រូវបណ្ដាសា ហើយគ្មានមនុស្សរស់នៅដូចសព្វថ្ងៃ។
កំហឹងរបស់យើងក៏ឆេះឆួលឡើង ដូចភ្លើងឆេះកម្ទេចក្រុងនានា នៅស្រុកយូដា និងផ្លូវទាំងប៉ុន្មាននៅក្រុងយេរូសាឡឹម ឲ្យនៅសល់តែគំនរបាក់បែក និងក្លាយទៅជាទីស្មសានដូចសព្វថ្ងៃ»។
អ្នករាល់គ្នាបញ្ឆេះកំហឹងរបស់យើង ដោយគោរពបម្រើព្រះក្លែងក្លាយ ដែលជាស្នាដៃរបស់អ្នករាល់គ្នា អ្នករាល់គ្នាដុតគ្រឿងក្រអូបសែនព្រះដទៃ នៅស្រុកអេស៊ីប ជាស្រុកដែលអ្នករាល់គ្នាមករស់នៅ។ អ្នករាល់គ្នាមុខជាផុតពូជ ហើយត្រូវប្រជាជាតិទាំងអស់នៅលើផែនដីយកឈ្មោះអ្នករាល់គ្នាទៅដាក់បណ្ដាសា និងជេរប្រមាថពុំខាន។
ឃើញដូច្នេះ ខ្ញុំខឹងជំនួសព្រះអម្ចាស់ ខ្ញុំទប់ចិត្តលែងបានទៀតហើយ។ «ចូរជះកំហឹងនេះទៅលើក្មេងៗនៅតាមផ្លូវ ព្រមទាំងជះទៅលើក្រុមយុវជនផង ដ្បិតមនុស្សប្រុសស្រី និងមនុស្សចាស់ជរា នឹងត្រូវខ្មាំងសត្រូវនាំយកទៅ។
ហេតុនេះ ព្រះជាអម្ចាស់មានព្រះបន្ទូលទៀតថា៖ «យើងជះកំហឹងដ៏ខ្លាំងរបស់យើងមកលើកន្លែងនេះ គឺលើមនុស្ស សត្វ ព្រៃព្រឹក្សា និងដំណាំដែលដុះចេញពីដី។ កំហឹងនេះប្រៀបបាននឹងភ្លើង ដែលឆេះពុំរលត់ឡើយ»។
ព្រះអង្គយឹតធ្នូដូចគូសត្រូវ ព្រះអង្គលើកព្រះហស្ដប្រហារដូចបច្ចាមិត្ត ព្រះអង្គកម្ទេចអ្វីៗទាំងអស់ដែលមានតម្លៃ សម្រាប់យើង ព្រះអង្គជះព្រះពិរោធមកលើក្រុងស៊ីយ៉ូន ដូចភ្លើងឆេះរាលដាល។
ព្រះអង្គកម្ទេចស្រុកទាំងមូលដែលជាចម្ការ របស់ព្រះអង្គ ព្រះអង្គកម្ទេចព្រះដំណាក់ និងព្រះពន្លារបស់ព្រះអង្គ។ ព្រះអម្ចាស់ធ្វើឲ្យប្រជាជននៅក្រុងស៊ីយ៉ូន លែងនឹកនាដល់ពិធីបុណ្យ និងថ្ងៃសប្ប័ទ*។ ដោយសារព្រះពិរោធរបស់ព្រះអង្គ ព្រះអង្គធ្វើឲ្យស្ដេច និងបូជាចារ្យត្រូវអាម៉ាស់។
ព្រះអម្ចាស់ក្រេវក្រោធដល់កម្រិត ព្រះអង្គបានជះព្រះពិរោធ ព្រះអង្គបង្កាត់ភ្លើងដុតក្រុងស៊ីយ៉ូន ឲ្យឆេះរហូតដល់គ្រឹះ។
យើងនឹងនាំអ្នករាល់គ្នាចេញពីក្នុងចំណោមជាតិសាសន៍ទាំងឡាយ យើងនឹងប្រមូលអ្នករាល់គ្នា ពីស្រុកដែលយើងកម្ចាត់កម្ចាយអ្នករាល់គ្នាឲ្យទៅនោះ ហើយយើងនឹងដាក់ទោសអ្នករាល់គ្នាដោយឫទ្ធិបារមីដ៏ខ្លាំងក្លារបស់យើង។
អ្នករាល់គ្នានឹងរលាយនៅកណ្ដាលក្រុងយេរូសាឡឹម ដូចប្រាក់រលាយនៅក្នុងឡ។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់ យើងបានជះកំហឹងរបស់យើងលើអ្នករាល់គ្នា»។
ជនជាតិអ៊ីស្រាអែលទាំងមូលបានបំពានលើក្រឹត្យវិន័យរបស់ព្រះអង្គ ហើយងាកចេញពុំព្រមស្ដាប់ព្រះសូរសៀងរបស់ព្រះអង្គទេ។ ហេតុនេះហើយបានជាបណ្ដាសា ទំនាយផ្សេងៗ ដែលមានចែងទុកក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេ ជាអ្នកបម្រើព្រះអង្គ បានធ្លាក់មកលើយើងខ្ញុំ ព្រោះយើងខ្ញុំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះអង្គ។
ក្នុងរយៈពេលប្រាំពីរឆ្នាំ ស្ដេចនោះនឹងបង្ខំឲ្យប្រជាជាតិជាច្រើនចុះសន្ធិសញ្ញាយ៉ាងតឹងរ៉ឹង ហើយនៅអំឡុងពេលបីឆ្នាំកន្លះ ស្ដេចបញ្ឈប់លែងឲ្យមានការថ្វាយយញ្ញបូជា ឬថ្វាយតង្វាយទៀតហើយ។ មេបំផ្លាញនេះនឹងប្រព្រឹត្តអំពើចង្រៃគួរស្អប់ខ្ពើមបំផុត គឺរហូតទាល់តែមហន្តរាយធ្លាក់ទៅលើមេបំផ្លាញវិញ ដូចបានកំណត់ទុក»។
ពួកគេវិលមកវិញ តែមិនមែនមករកយើងទេ ពួកគេមានចិត្តវៀចវេរដូចផ្លែកណ្ដៀវ។ មេដឹកនាំរបស់គេនឹងដួលស្លាប់ដោយមុខដាវ ព្រោះពាក្យសម្ដីព្រហើនកោងកាចរបស់ខ្លួន។ ហេតុការណ៍នេះនឹងនាំឲ្យអ្នកស្រុកអេស៊ីប សើចចំអកឡកឡឺយដាក់ពួកគេ»។
ពេលព្រះអង្គខ្ញាល់ តើនរណាអាចទ្រាំទ្របាន? តើនរណាអាចតទល់នឹង កំហឹងរបស់ព្រះអង្គបាន? ព្រះពិរោធដ៏ខ្លាំងក្លារបស់ព្រះអង្គ ប្រៀបដូចជាភ្លើងឆេះកម្ទេចផ្ទាំងថ្ម។
កូនចៅយូដា និងកូនចៅអ៊ីស្រាអែលអើយ អ្នករាល់គ្នាធ្លាប់បង្ហាញឲ្យប្រជាជាតិនានាឃើញបណ្ដាសាយ៉ាងណា យើងក៏នឹងសង្គ្រោះអ្នករាល់គ្នា ដើម្បីបង្ហាញព្រះពរឲ្យពួកគេឃើញយ៉ាងនោះដែរ! កុំភ័យខ្លាចអ្វីឡើយ ចូរមានចិត្តក្លាហានឡើង!
ក្រោយពីឲ្យនាងផឹកទឹករួចហើយ ប្រសិនបើនាងពិតជាសៅហ្មង ហើយក្បត់ចិត្តប្ដីរបស់ខ្លួនមែន ទឹកសម្បថដែលចូលទៅក្នុងពោះនាង នឹងបណ្ដាលឲ្យនាងឈឺចាប់ ប៉ោងពោះ ទៅជាស្ត្រីអារ។ ស្ត្រីនោះនឹងត្រូវបណ្ដាសា ហើយប្រជាជននឹងយកឈ្មោះនាងទៅដាក់បណ្ដាសាគ្នា។
អ្នកនោះនឹងត្រូវទទួលទណ្ឌកម្មពីព្រះជាម្ចាស់ ព្រះអង្គនឹងវិនិច្ឆ័យទោសគេឥតត្រាប្រណីឡើយ ហើយគេនឹងត្រូវរងទុក្ខទោសនៅក្នុងភ្លើង និងក្នុងស្ពាន់ធ័រ នៅចំពោះមុខពួកទេវតាដ៏វិសុទ្ធ* និងនៅចំពោះព្រះភ័ក្ត្ររបស់កូនចៀម។