ព្រះអម្ចាស់គង់នៅជិតអស់អ្នកដែលអង្វរព្រះអង្គ គឺអស់អ្នកដែលអង្វរព្រះអង្គដោយសុទ្ធចិត្ត។
យេរេមា 33:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ចូរអង្វររកយើង នោះយើងនឹងឆ្លើយតបមកអ្នកវិញ។ យើងនឹងសម្តែងឲ្យអ្នកដឹងអំពីការអស្ចារ្យផ្សេងៗ ជាការលាក់កំបាំង ដែលអ្នកពុំធ្លាប់ដឹងពីមុនមក»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរអំពាវនាវដល់យើង នោះយើងនឹងឆ្លើយតប ហើយនឹងបង្ហាញឲ្យអ្នកឃើញការយ៉ាងធំ ហើយមុតមាំ ដែលអ្នកមិនដឹង ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរអំពាវនាវដល់អញ នោះអញនឹងឆ្លើយតប ហើយនឹងបង្ហាញឲ្យឯងឃើញការយ៉ាងធំ ហើយមុតមាំ ដែលឯងមិនដឹង អាល់គីតាប «ចូរអង្វររកយើង នោះយើងនឹងឆ្លើយតបមកអ្នកវិញ។ យើងនឹងសំដែងឲ្យអ្នកដឹងអំពីការអស្ចារ្យផ្សេងៗ ជាការលាក់កំបាំង ដែលអ្នកពុំធ្លាប់ដឹងពីមុនមក»។ |
ព្រះអម្ចាស់គង់នៅជិតអស់អ្នកដែលអង្វរព្រះអង្គ គឺអស់អ្នកដែលអង្វរព្រះអង្គដោយសុទ្ធចិត្ត។
ព្រះអម្ចាស់តែងតែសម្តែងភក្ដីភាព ចំពោះអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ ហើយបង្រៀនគេឲ្យគោរពសម្ពន្ធមេត្រី របស់ព្រះអង្គ។
នៅគ្រាមានអាសន្ន ចូរអង្វររកយើងចុះ យើងនឹងរំដោះអ្នក ហើយអ្នកនឹងលើកតម្កើង សិរីរុងរឿងរបស់យើង។
គេនឹងអង្វររកយើង ហើយយើងនឹងឆ្លើយតបមកគេវិញ នៅពេលគេមានអាសន្ន យើងនឹងស្ថិតនៅជាមួយគេ យើងនឹងរំដោះគេ ព្រមទាំងលើកតម្កើងគេផង។
យើងនឹងប្រគល់មាសប្រាក់ ដែលគេកប់ទុកក្នុងទីងងឹតមកឲ្យអ្នក ព្រមទាំងប្រគល់ទ្រព្យសម្បត្តិដែល គេទុកក្នុងទីលាក់កំបាំងមកឲ្យអ្នកដែរ។ ដូច្នេះ អ្នកនឹងដឹងថាយើងពិតជាព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ដែលហៅអ្នកមកតាមឈ្មោះរបស់អ្នក។
អ្នកឮសេចក្ដីដែលយើងប្រាប់ទុកជាមុន ហើយក៏ឃើញថាកើតមានដូច្នោះមែន តើអ្នកមិនទទួលស្គាល់ទេឬ? តាំងពីពេលនេះទៅ យើងប្រាប់ឲ្យអ្នកដឹង អំពីព្រឹត្តិការណ៍ថ្មីៗទៀត ដែលយើងបានគ្រោងទុក តែអ្នករាល់គ្នាមិនទាន់ដឹងនៅឡើយ។
ពេលនោះ យើងនឹងឆ្លើយតបចំពោះពួកគេ មុនពួកគេអង្វរករយើងទៅទៀត ពេលពួកគេកំពុងតែទូលអង្វរនោះ យើងសម្រេចតាមពាក្យសុំរបស់គេ រួចស្រេចទៅហើយ។
អ្នករាល់គ្នាត្រូវសួរគ្នាទៅវិញទៅមក និងសួរបងប្អូនរបស់ខ្លួនថា “តើព្រះអម្ចាស់ឆ្លើយដូចម្ដេច? ព្រះអម្ចាស់មានព្រះបន្ទូលដូចម្ដេច?”
ពេលនោះ អ្នករាល់គ្នានឹងអធិស្ឋាន អ្នករាល់គ្នានឹងធ្វើដំណើរទៅទូលអង្វរយើង ហើយយើងនឹងឆ្លើយតបមកអ្នករាល់គ្នាវិញ។
បពិត្រព្រះជាអម្ចាស់ ព្រះអង្គបានបង្កើតផ្ទៃមេឃ និងផែនដីដោយមហិទ្ធិឫទ្ធិ និងព្រះបារមីរបស់ព្រះអង្គ។ តើមានការអស្ចារ្យអ្វីដែលព្រះអង្គធ្វើមិនកើត?
«យើងជាព្រះអម្ចាស់ ជាព្រះរបស់មនុស្សលោកទាំងមូល គ្មានការអស្ចារ្យអ្វីដែលយើងធ្វើមិនកើតនោះឡើយ។
ហើយបបួលគ្នាទូលអង្វរព្រះជាម្ចាស់នៃស្ថានបរមសុខ សូមទ្រង់អាណិតមេត្តាបំភ្លឺលោកឲ្យយល់អាថ៌កំបាំងនេះ កុំឲ្យគេប្រហារជីវិតលោក និងមិត្តភក្ដិ ព្រមទាំងអ្នកប្រាជ្ញឯទៀតៗនៅស្រុកបាប៊ីឡូនឡើយ។
ព្រះអង្គសម្តែងឲ្យស្គាល់អ្វីៗ ដែលមានអត្ថន័យជ្រៅជ្រះ និងលាក់កំបាំង ព្រះអង្គឈ្វេងយល់អ្វីៗដែលស្ថិតនៅក្នុងភាពងងឹត ដ្បិតមានពន្លឺស្ថិតនៅជាមួយព្រះអង្គ។
បពិត្រព្រះនៃបុព្វបុរសរបស់ទូលបង្គំ ទូលបង្គំសូមសរសើរ និងលើកតម្កើងព្រះអង្គ ព្រោះព្រះអង្គប្រទានប្រាជ្ញា និងកម្លាំងមកទូលបង្គំ។ ព្រះអង្គបានសម្តែងឲ្យទូលបង្គំស្គាល់នូវអ្វីៗ ដែលយើងខ្ញុំទូលសូមព្រះអង្គ ហើយព្រះអង្គក៏បានសម្តែងឲ្យយើងដឹង អំពីហេតុការណ៍ដែលនឹងកើតមានដល់ ព្រះរាជាដែរ»។
ពេលនោះ អ្នកណាអង្វររកព្រះនាម ព្រះអម្ចាស់ អ្នកនោះនឹងទទួលការសង្គ្រោះ។ នៅលើភ្នំស៊ីយ៉ូន និងនៅក្រុងយេរូសាឡឹម អ្នកខ្លះនឹងគេចផុតពីមហន្តរាយ ដូចព្រះអម្ចាស់បានសន្យាទុក។ អស់អ្នកដែលព្រះអម្ចាស់ត្រាស់ហៅ នឹងស្ថិតនៅក្នុងចំណោមអ្នករួចជីវិតទាំងនោះ។
យ៉ាងណាមិញ ពេលព្រះជាអម្ចាស់ធ្វើការអ្វីមួយ ព្រះអង្គតែងសម្តែងការលាក់កំបាំងប្រាប់ ពួកព្យាការីជាអ្នកបម្រើរបស់ព្រះអង្គជានិច្ច។
សូមសម្តែងព្រះបារមីដ៏រុងរឿងអស្ចារ្យ ដូច កាលព្រះអង្គនាំយើងខ្ញុំចេញពីស្រុកអេស៊ីប។
ដើម្បីឲ្យស្របនឹងសេចក្ដីដែលមានចែងទុកតាមរយៈពួកព្យាការី*ថា៖ «យើងនឹងនិយាយទៅគេជាពាក្យប្រស្នា យើងនឹងប្រកាសសេចក្ដីលាក់កំបាំង តាំងពីដើមកំណើតពិភពលោកមក ឲ្យគេដឹង»។
សូមជម្រាបមកក្រុមជំនុំ*របស់ព្រះជាម្ចាស់នៅក្រុងកូរិនថូស។ ព្រះជាម្ចាស់បានត្រាស់ហៅបងប្អូនឲ្យធ្វើជាប្រជារាស្ដ្រដ៏វិសុទ្ធ* ព្រមទាំងប្រោសប្រទានឲ្យបានវិសុទ្ធ ក្នុងអង្គព្រះគ្រិស្តយេស៊ូ រួមជាមួយបងប្អូនទាំងអស់ដែលអង្វររកព្រះនាមព្រះយេស៊ូគ្រិស្ត ជាព្រះអម្ចាស់របស់យើងនៅគ្រប់ទីកន្លែង។ ព្រះអង្គជាព្រះអម្ចាស់របស់បងប្អូនទាំងនោះ ហើយក៏ជាព្រះអម្ចាស់របស់យើងដែរ។
ព្រះជាម្ចាស់អាចធ្វើអ្វីៗទាំងអស់ហួសពីសេចក្ដីសុំ និងហួសពីអ្វីៗដែលយើងនឹកគិត ដោយសារឫទ្ធានុភាពរបស់ព្រះអង្គដែលបំពេញសកម្មភាពនៅក្នុងយើង
នៅទីនោះ អ្នករាល់គ្នានឹងស្វែងរកព្រះអម្ចាស់ ជាព្រះរបស់អ្នក។ ប្រសិនបើអ្នកស្វែងរកព្រះអង្គយ៉ាងអស់ពីចិត្ត អស់ពីព្រលឹង នោះអ្នកមុខជាឃើញព្រះអង្គមិនខាន។
តើប្រជាជាតិដ៏ធំណាមួយមានព្រះដែលគង់នៅជិតគេ ដូចព្រះអម្ចាស់ជាព្រះនៃយើងគង់នៅជិតយើង គ្រប់ពេលយើងអង្វររកព្រះអង្គ?
ចូរផ្ទៀងត្រចៀកស្ដាប់សេចក្ដី ដែលព្រះវិញ្ញាណមានព្រះបន្ទូលមកកាន់ក្រុមជំនុំទាំងនេះឲ្យមែនទែន!។ អ្នកណាមានជ័យជម្នះ យើងនឹងឲ្យនំម៉ាណាដ៏លាក់កំបាំងទៅអ្នកនោះ ព្រមទាំងប្រគល់ក្រួសពណ៌សមួយដុំឲ្យដែរ នៅលើដុំក្រួសនោះមានចារឹកឈ្មោះមួយថ្មី ដែលគ្មាននរណាម្នាក់ស្គាល់ឡើយ វៀរលែងតែអ្នកដែលបានទទួលនោះចេញ”»។