យេរេមា 13:25 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យេរូសាឡឹមអើយ នេះជាទារុណកម្មដែលយើងបម្រុងទុកសម្រាប់អ្នក ដ្បិតអ្នកបានបំភ្លេចយើង ហើយបែរទៅផ្ញើជីវិតលើព្រះក្លែងក្លាយ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ នេះហើយជាចំណែករបស់អ្នករាល់គ្នា ជាចំណែកដែលយើងវាល់ឲ្យអ្នក ដោយព្រោះអ្នកបានភ្លេចយើង ហើយទុកចិត្តនឹងពាក្យកុហក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា នេះហើយជាចំណែករបស់ឯងរាល់គ្នា ជាចំណែកដែលអញវាល់ឲ្យឯងដោយព្រោះឯងបានភ្លេចអញ ហើយទុកចិត្តនឹងសេចក្ដីកំភូតវិញ អាល់គីតាប យេរូសាឡឹមអើយ នេះជាទារុណកម្មដែលយើងបម្រុងទុកសម្រាប់អ្នក ដ្បិតអ្នកបានបំភ្លេចយើង ហើយបែរទៅផ្ញើជីវិតលើព្រះក្លែងក្លាយ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ |
សូមព្រះអង្គដាក់ទោសមនុស្សពាល ដោយធ្វើឲ្យមានរងើកភ្លើង និងស្ពាន់ធ័រ បង្អុរចុះមកលើពួកគេដូចជាភ្លៀង ហើយសូមឲ្យខ្យល់ក្ដៅ បក់បោកមកលើពួកគេដែរ។
សូមឲ្យមនុស្សអាក្រក់ គឺប្រជាជាតិទាំងប៉ុន្មានដែលបំភ្លេចព្រះជាម្ចាស់ វិលទៅរកស្ថានមនុស្សស្លាប់វិញទៅ។
នៅថ្ងៃនោះ ភាពថ្កុំថ្កើងរបស់ កូនចៅលោកយ៉ាកុបនឹងត្រូវចុះឱនថយ គេនឹងបាត់បង់ភោគទ្រព្យ ហើយក្លាយទៅជាក្រខ្សត់។
អ្នករាល់គ្នាអះអាងថា អ្នករាល់គ្នាចុះសន្ធិសញ្ញាជាមួយមច្ចុរាជ ព្រមទាំងចុះកិច្ចព្រមព្រៀងជាមួយ ស្ថានមនុស្សស្លាប់។ កាលណាមានគ្រោះកាចមកដល់ អ្នករាល់គ្នានឹងមិនត្រូវអន្តរាយឡើយ ព្រោះអ្នករាល់គ្នាយកការកុហកធ្វើជាទីពឹង និងយកការភូតភរជាជម្រក។
ព្រះអង្គជ្រើសរើសកន្លែងសម្រាប់សត្វទាំងនោះ ហើយវាស់ទឹកដីចែកឲ្យពួកវា ពួកវាធ្វើជាម្ចាស់ និងរស់នៅលើទឹកដីនោះ រហូតអស់កល្បជាអង្វែងតរៀងទៅ»។
ព្រះអម្ចាស់មានព្រះបន្ទូលថា: យើងកត់ត្រាទុកនូវកំហុសរបស់អ្នករាល់គ្នា និងកំហុសដូនតារបស់អ្នករាល់គ្នា ដែលបានអុជធូបបន់ព្រះក្លែងក្លាយ នៅតាមភ្នំទាំងឡាយ ហើយបានបំបាក់មុខយើងនៅតាមភ្នំនានា។ យើងនឹងដាក់ទោសយ៉ាងធ្ងន់ ចំពោះកំហុសទាំងប៉ុន្មានដែល អ្នករាល់គ្នាបានប្រព្រឹត្តកាលពីអតីតកាល។
ពេលឃើញស្នាព្រះហស្ដរបស់ព្រះអង្គ មនុស្សទាំងអស់បែរជាងឿងឆ្ងល់ ហើយភ័ន្តភាំងស្មារតី ជាងមាសបែរជាខ្មាសខ្លួនឯង ដោយឆ្លាក់រូបព្រះក្លែងក្លាយឥតបានការ ទាំងនោះ ដែលគ្មានវិញ្ញាណ។
ក៏ប៉ុន្តែ ប្រជារាស្ត្ររបស់យើងបានបំភ្លេចយើង គេនាំគ្នាថ្វាយគ្រឿងសក្ការបូជា ដល់ព្រះក្លែងក្លាយ ដែលបណ្ដាលឲ្យពួកគេជំពប់ដួល នៅតាមផ្លូវដែលពួកគេធ្លាប់ដើរ ហើយធ្វើឲ្យពួកគេងាកចេញពីផ្លូវរបស់ខ្លួន ទៅដើរតាមផ្លូវដែលមិនទាន់ត្រួសត្រាយ។
ប្រជាជនរបស់យើងប្រព្រឹត្តអាក្រក់ពីរយ៉ាង គឺគេបោះបង់យើងដែលជាប្រភពទឹកកំពុងហូរ បែរទៅជីកអណ្ដូង ជីកស្រះដែលតែងតែប្រេះ មិនអាចទុកទឹកបាននោះទៅវិញ។
មិនដែលមានស្ត្រីក្រមុំណា ភ្លេចគ្រឿងអលង្ការរបស់ខ្លួន ហើយក្រមុំដែលត្រូវរៀបការក៏មិនភ្លេច ខ្សែក្រវាត់មាសរបស់ខ្លួនដែរ។ រីឯប្រជាជនរបស់យើងវិញ គេបានភ្លេចយើង តាំងពីយូរលង់ណាស់មកហើយ។
មានសំឡេងលាន់ឮឡើង នៅតាមកំពូលភ្នំ គឺជាសម្រែកយំសោក និងសម្រែកអង្វរករ របស់ជនជាតិអ៊ីស្រាអែល ដ្បិតពួកគេបានវង្វេងចេញពីមាគ៌ា គេបានបំភ្លេចព្រះអម្ចាស់ ជាព្រះរបស់គេ។
ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ៖ «ដោយនាងបានបំភ្លេចយើង ដោយនាងបែរខ្នងដាក់យើង នាងនឹងត្រូវរងទុក្ខទោស ព្រោះតែអំពើថោកទាប និងអំពើពេស្យាចាររបស់ខ្លួន»។
ចៅក្រមកាត់ក្ដី ដោយចង់បានសំណូក បូជាចារ្យ*បង្រៀនវិន័យ* ដោយចង់បានកម្រៃ ព្យាការីទស្សន៍ទាយ ដោយចង់បានប្រាក់។ ពួកគេយកព្រះនាមព្រះអម្ចាស់មកប្រើ ទាំងពោលថា: “ព្រះអម្ចាស់គង់នៅជាមួយយើង មហន្តរាយមិនកើតមានដល់ពួកយើងទេ”។
ពួកគេមិនស្ដាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់ ហើយក៏មិនទទួលការប្រដៅពីព្រះអង្គដែរ។ ពួកគេមិនផ្ញើជីវិតលើព្រះអម្ចាស់ ពួកគេមិនចូលមកជិតព្រះរបស់ខ្លួនទេ។
លោកនឹងធ្វើទោសគាត់ជាទម្ងន់ ហើយឲ្យគាត់ទទួលទោសរួមជាមួយពួកមានពុតត្បុតដែរ គឺឲ្យទៅនៅកន្លែងយំសោកខឹងសង្កៀតធ្មេញ»។
ពួកគេនិយមព្រះក្លែងក្លាយជាជាងព្រះដ៏ពិតប្រាកដ ហើយនាំគ្នាថ្វាយបង្គំ និងគោរពបម្រើអ្វីៗដែលព្រះជាម្ចាស់បង្កើត មកជំនួសគោរពបម្រើព្រះដែលបានបង្កើតអ្វីៗទាំងអស់នោះវិញ។ សូមលើកតម្កើងព្រះអង្គអស់កល្បជានិច្ច! អាម៉ែន!។