ទំនុកតម្កើង 11 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ទូលបង្គំទុកចិត្តលើព្រះអម្ចាស់ ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ ទំនុករបស់ស្ដេចដាវីឌ។ 1 ខ្ញុំមកជ្រកកោនជាមួយព្រះអម្ចាស់ហើយ ហេតុអ្វីបានជាអ្នករាល់គ្នាប្រាប់ខ្ញុំ ឲ្យរត់ទៅជ្រកនៅតាមភ្នំ ដូចសត្វស្លាបទៅវិញដូច្នេះ? 2 -ពួកជនពាលបានយឹតធ្នូ ភ្ជាប់ព្រួញទៅនឹងខ្សែ បម្រុងនឹងបាញ់ចេញពីទីងងឹត សំដៅទៅលើអស់អ្នកដែលមានចិត្តទៀងត្រង់។ 3 ប្រសិនបើអ្វីៗដែលជាមូលដ្ឋាននៃសង្គមត្រូវរលំអស់ តើមនុស្សសុចរិតនឹងធ្វើអ្វីកើត? 4 -ព្រះអម្ចាស់គង់នៅក្នុងព្រះវិហារដ៏វិសុទ្ធ* របស់ព្រះអង្គ បល្ល័ង្ករបស់ព្រះអង្គស្ថិតនៅក្នុងស្ថានបរមសុខ ព្រះអង្គទតមើល ហើយឈ្វេងយល់អ្វីៗទាំងអស់ ដែលមនុស្សលោកធ្វើ។ 5 ព្រះអម្ចាស់ឈ្វេងយល់ចិត្តមនុស្សសុចរិត តែព្រះអង្គមិនសព្វព្រះហឫទ័យនឹងមនុស្សពាល ព្រមទាំងអ្នកដែលប្រព្រឹត្តអំពើឃោរឃៅទេ។ 6 សូមព្រះអង្គដាក់ទោសមនុស្សពាល ដោយធ្វើឲ្យមានរងើកភ្លើង និងស្ពាន់ធ័រ បង្អុរចុះមកលើពួកគេដូចជាភ្លៀង ហើយសូមឲ្យខ្យល់ក្ដៅ បក់បោកមកលើពួកគេដែរ។ 7 ដ្បិតព្រះអម្ចាស់ទ្រង់សុចរិត ព្រះអង្គសព្វព្រះហឫទ័យនឹងកិច្ចការណា ដែលសុចរិត។ មនុស្សមានចិត្តទៀងត្រង់ មុខជាបានឃើញព្រះភ័ក្ត្ររបស់ព្រះអង្គ។ |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies