អ្នកក្រុងសូដុមសុទ្ធតែជាជនពាល ដែលបានប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់ប្រឆាំងនឹងព្រះអម្ចាស់។
ពួកចៅហ្វាយ 2:11 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនជាតិអ៊ីស្រាអែលប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ដោយនាំគ្នាគោរពបម្រើព្រះបាល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រានោះ ពួកកូនចៅអ៊ីស្រាអែលបានប្រព្រឹត្តអំពើអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា ហើយគេនាំគ្នាគោរពប្រតិបត្តិតាមព្រះបាល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះពួកកូនចៅអ៊ីស្រាអែលក៏ធ្វើការដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ាវិញ គឺគេគោរពប្រតិបត្តិដល់អស់ទាំងរូបនៃព្រះបាល អាល់គីតាប ជនជាតិអ៊ីស្រអែលប្រព្រឹត្តអំពើអាក្រក់ដែលមិនគាប់បំណងអុលឡោះតាអាឡា ដោយនាំគ្នាគោរពបម្រើព្រះបាល។ |
អ្នកក្រុងសូដុមសុទ្ធតែជាជនពាល ដែលបានប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់ប្រឆាំងនឹងព្រះអម្ចាស់។
អ៊ើរដែលជាកូនច្បងរបស់លោកយូដា ជាមនុស្សអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ទេ ដូច្នេះ ព្រះអង្គក៏ដកជីវិតគាត់ទៅ។
ព្រះបាទសាឡូម៉ូនថ្វាយបង្គំព្រះអាសថារ៉ូត ជាព្រះរបស់ជនជាតិស៊ីដូន និងព្រះមីលកូម ជាព្រះគួរស្អប់ខ្ពើមរបស់ជនជាតិអាំម៉ូន។
លោកអេលីយ៉ាតបថា៖ «ទូលបង្គំមិនបាននាំឲ្យអ៊ីស្រាអែលរងគ្រោះឡើយ គឺព្រះករុណា និងរាជវង្សវិញទេតើ ដែលបង្កឲ្យមានគ្រោះកាចនេះ ព្រោះព្រះករុណាបោះបង់ចោលបទបញ្ជារបស់ព្រះអម្ចាស់ ទៅគោរពបម្រើព្រះបាល។
ព្រះបាទអហាស៊ីយ៉ាបានគោរពថ្វាយបង្គំព្រះបាល ដូចបិតាដែរ ជាហេតុបណ្ដាលឲ្យព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ទ្រង់ព្រះពិរោធ។
ស្ដេចដើរតាមផ្លូវរបស់ស្ដេចនានា នៅស្រុកអ៊ីស្រាអែល គឺទ្រង់ហ៊ានរហូតដល់ធ្វើរូបចម្លាក់ពីលង្ហិន សម្រាប់ព្រះបាលទៀតផង។
ស្ដេចដុតគ្រឿងក្រអូបនៅជ្រលងភ្នំហ៊ីនណម និងយកបុត្រទៅបូជាយញ្ញ តាមទំនៀមទម្លាប់គួរស្អប់ខ្ពើមរបស់ប្រជាជាតិទាំងឡាយ ដែលព្រះអម្ចាស់បានបណ្ដេញចេញពីមុខកូនចៅអ៊ីស្រាអែល។
ស្ដេចបានយកបុត្រាទៅធ្វើបូជាយញ្ញនៅក្នុងជ្រលងភ្នំហ៊ីនណម ស្ដេចរកគ្រូមើលជោគរាសី ប្រព្រឹត្តមន្តអាគម និងអំពើអាបធ្មប់ ព្រមទាំងតែងតាំងឲ្យមានគ្រូអន្ទងខ្មោច និងគ្រូទស្សន៍ទាយផង។ ស្ដេចប្រព្រឹត្តអំពើអាក្រក់កាន់តែខ្លាំងឡើងៗ ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ធ្វើឲ្យព្រះអង្គទ្រង់ព្រះពិរោធ។
ក្នុងអំបូរអាសកាដមានលោកយ៉ូហាណាន ជាកូនរបស់លោកហាកាថាន ហើយមានមនុស្ស ១១០នាក់នៅជាមួយលោក។
ប៉ុន្តែ ក្រោយមក ពួកគេបានលើកគ្នាបះបោរ ប្រឆាំងនឹងព្រះអង្គ ពួកគេបោះបង់ចោលក្រឹត្យវិន័យរបស់ព្រះអង្គ ហើយសម្លាប់ពួកព្យាការី ដែលដាស់តឿនពួកគេឲ្យបែរចិត្ត មករកព្រះអង្គវិញ ពួកគេនាំគ្នាប្រមាថព្រះអង្គយ៉ាងខ្លាំង។
ក៏ប៉ុន្តែ ពួកគេបានល្បងលព្រះជាម្ចាស់ ជាព្រះដ៏ខ្ពង់ខ្ពស់បំផុត ពួកគេបានបះបោរប្រឆាំងនឹងព្រះអង្គ ដោយមិនព្រមធ្វើតាមដំបូន្មានរបស់ ព្រះអង្គឡើយ។
ពួកគេវិលទៅប្រព្រឹត្តអំពើបាប ដូចដូនតារបស់ពួកគេនៅជំនាន់មុនដែរ គឺពួកគេមិនព្រមស្ដាប់ពាក្យយើងទេ តែនាំគ្នាជំពាក់ចិត្តលើព្រះដទៃ ហើយគោរពបម្រើព្រះទាំងនោះទៀតផង។ កូនចៅអ៊ីស្រាអែល និងកូនចៅយូដាផ្ដាច់សម្ពន្ធមេត្រីដែលយើងបានចងជាមួយបុព្វបុរសរបស់ពួកគេ»។
ត្រូវឆ្លើយទៅពួកគេវិញដូចតទៅ: ព្រះអម្ចាស់មានព្រះបន្ទូលថា ដូនតារបស់អ្នករាល់គ្នាបានបោះបង់ចោលយើង ហើយនាំគ្នារត់តាមព្រះឯទៀតៗ។ ពួកគេនាំគ្នាគោរព និងក្រាបថ្វាយបង្គំព្រះទាំងនោះ គឺពួកគេបោះបង់ចោលយើង ហើយមិនប្រតិបត្តិតាមក្រឹត្យវិន័យរបស់យើងទេ។
តាំងពីយូរយារណាស់មកហើយ អ្នកបានបះបោរប្រឆាំងនឹងយើង ព្រមទាំងផ្ដាច់ចំណងមេត្រីពីយើង។ អ្នកបានពោលថា: “ខ្ញុំមិនចង់ធ្វើជាទាសករទៀតទេ!”។ អ្នកបានផិតក្បត់យើង ទៅថ្វាយបង្គំព្រះនានានៅតាមកំពូលភ្នំ និងនៅក្រោមដើមឈើដែលមានស្លឹកខៀវខ្ចី។
ហេតុអ្វីបានជាអ្នកហ៊ានពោលថា: “ខ្ញុំមិនបានធ្វើឲ្យខ្លួនសៅហ្មងទេ ខ្ញុំក៏មិនបានរត់តាមព្រះបាលដែរ”។ មើលចុះ ដានជើងរបស់អ្នកនៅតាមជ្រលងភ្នំ ចូរទទួលស្គាល់អំពើដែលអ្នកប្រព្រឹត្ត អ្នកប្រៀបបាននឹងអូដ្ឋញីដែលរត់ឆ្វេចឆ្វាច។
ពួកគេបានចូលមកកាន់កាប់ទឹកដីនេះ ប៉ុន្តែ ពួកគេពុំព្រមស្ដាប់ព្រះសូរសៀងរបស់ព្រះអង្គទេ ពួកគេពុំបានរស់នៅតាមក្រឹត្យវិន័យរបស់ព្រះអង្គ និងធ្វើតាមសេចក្ដីទាំងប៉ុន្មានដែលព្រះអង្គបង្គាប់ឲ្យធ្វើនោះឡើយ។ ហេតុនេះហើយបានជាព្រះអង្គឲ្យគ្រោះកាចទាំងនេះ កើតមានដល់ពួកគេ។
ផ្ទុយទៅវិញ ពួកគេធ្វើតាមចិត្តរឹងរូសរបស់ខ្លួន ហើយនាំគ្នាជំពាក់ចិត្តនឹងព្រះបាល ដូចដូនតារបស់ខ្លួនប្រៀនប្រដៅ»។
ប្រជាជនអ៊ីស្រាអែលនាំគ្នាជំពាក់ចិត្តនឹងព្រះបាលពេអ៊រ ជាហេតុបណ្ដាលឲ្យព្រះអម្ចាស់ទ្រង់ព្រះពិរោធទាស់នឹងពួកគេ។
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «បន្តិចទៀត អ្នកនឹងត្រូវស្លាប់។ ពេលនោះ ប្រជាជននឹងនាំគ្នាក្បត់យើង ហើយគោរពព្រះដទៃ ក្នុងស្រុកដែលពួកគេចូលទៅរស់នៅ។ ពួកគេនឹងបោះបង់ចោលយើង ដោយផ្ដាច់សម្ពន្ធមេត្រីដែលយើងចងជាមួយពួកគេ។
ពេលណាអ្នករស់នៅក្នុងស្រុកនោះជាយូរឆ្នាំ អ្នករាល់គ្នានឹងបង្កើតកូនចៅតៗគ្នា ប្រសិនបើអ្នករាល់គ្នាបណ្ដោយខ្លួន ឲ្យប្រព្រឹត្តអំពើបាប ដោយធ្វើរូបព្រះក្លែងក្លាយ ឬរូបតំណាងអ្វីៗ ប្រសិនបើអ្នករាល់គ្នាប្រព្រឹត្តអំពើទុច្ចរិតនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ជាព្រះរបស់អ្នក ធ្វើឲ្យព្រះអង្គទ្រង់ព្រះពិរោធ
ដូច្នេះ ជនជាតិអ៊ីស្រាអែលនាំគ្នាស្រែកអង្វរព្រះអម្ចាស់ ដោយពោលថា៖ «យើងខ្ញុំប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យព្រះអង្គ ដ្បិតយើងខ្ញុំបានបោះបង់ចោលព្រះអង្គដែលជាព្រះនៃយើងខ្ញុំ ទៅគោរពបម្រើព្រះបាល»។
គ្រានោះ ជនជាតិអ៊ីស្រាអែលបានប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់សាជាថ្មី ដោយនាំគ្នាគោរពបម្រើព្រះបាល ព្រះអាសថារ៉ូត ព្រមទាំងព្រះនានារបស់ជនជាតិស៊ីរី ព្រះរបស់ជនជាតិស៊ីដូន ព្រះរបស់ជនជាតិម៉ូអាប់ ព្រះរបស់ជនជាតិអាំម៉ូន និងព្រះរបស់ជនជាតិភីលីស្ទីនទៀតផង។ គេបោះបង់ចោលព្រះអម្ចាស់ ហើយមិនគោរពថ្វាយបង្គំព្រះអង្គទៀតឡើយ។
ជនជាតិអ៊ីស្រាអែលប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់សាជាថ្មីទៀត។ ហេតុនេះ ព្រះអង្គប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិភីលីស្ទីន អស់រយៈពេលសែសិបឆ្នាំ។
ជនជាតិអ៊ីស្រាអែលប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់សាជាថ្មី។ ហេតុនេះ ព្រះអម្ចាស់បានពង្រឹងអំណាចរបស់ព្រះបាទអេក្លូន ជាស្ដេចស្រុកម៉ូអាប់ ឲ្យប្រឆាំងនឹងជនជាតិអ៊ីស្រាអែល។
ជនជាតិអ៊ីស្រាអែលបានប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ជាព្រះរបស់ពួកគេ។ ពួកគេបំភ្លេចព្រះអង្គ ហើយបែរទៅគោរពព្រះបាល និងព្រះអាសថារ៉ូតវិញ។
ក្រោយពីលោកអេហ៊ូដទទួលមរណភាពផុតទៅ ជនជាតិអ៊ីស្រាអែលនាំគ្នាប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់សាជាថ្មីទៀត។
ជនជាតិអ៊ីស្រាអែលនាំគ្នាប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់សាជាថ្មីទៀត ហេតុនេះហើយបានជាព្រះអង្គប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិម៉ាឌានអស់រយៈពេលប្រាំពីរឆ្នាំ។
នៅយប់ដដែលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកគេឌានថា៖ «ចូរយកគោបារបស់ឪពុកអ្នក គឺគោទីពីរ ដែលមានអាយុប្រាំពីរឆ្នាំ។ បន្ទាប់មក ចូររំលំអាសនៈព្រះបាលរបស់ឪពុកអ្នក ព្រមទាំងកាប់បំផ្លាញបង្គោលរបស់ព្រះអាសេរ៉ានៅក្បែរនោះផង។
ក្រោយពីលោកគេឌានទទួលមរណភាពផុតទៅ ជនជាតិអ៊ីស្រាអែលនាំគ្នាក្បត់ព្រះជាម្ចាស់សាជាថ្មី ហើយបែរទៅគោរពព្រះបាល គឺគេយកព្រះបាល-បេរីតធ្វើជាព្រះរបស់គេ
ពេលនោះ ពួកគេស្រែកអង្វររកព្រះអម្ចាស់ជាថ្មីទៀតថា “យើងខ្ញុំបានប្រព្រឹត្តអំពើបាប ដ្បិតយើងខ្ញុំបោះបង់ចោលព្រះអម្ចាស់ទៅគោរពបម្រើព្រះបាល និងព្រះអាស្ដារ៉ូត។ ឥឡូវនេះ សូមមេត្តារំដោះយើងខ្ញុំឲ្យរួចផុតពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវផង យើងខ្ញុំនឹងគោរពបម្រើព្រះអង្គវិញ”។
ពេលនោះ លោកសាំយូអែលមានប្រសាសន៍ទៅកាន់ពូជពង្សអ៊ីស្រាអែលទាំងមូលថា៖ «បើសិនជាអ្នករាល់គ្នាវិលមករកព្រះអម្ចាស់វិញ ដោយស្មោះ ចូរបោះបង់ចោលព្រះរបស់សាសន៍ដទៃ និងព្រះអាស្តារ៉ូត* ហើយផ្ចង់ចិត្តគំនិតទៅរកព្រះអម្ចាស់ និងគោរពបម្រើតែព្រះអង្គមួយប៉ុណ្ណោះ នោះព្រះអង្គនឹងរំដោះអ្នករាល់គ្នាពីកណ្ដាប់ដៃរបស់ពួកភីលីស្ទីនជាមិនខាន»។
ជនជាតិអ៊ីស្រាអែលបាននាំគ្នាបោះបង់ចោលព្រះបាល* និងព្រះអាស្តារ៉ូត ហើយគោរពបម្រើតែព្រះអម្ចាស់ប៉ុណ្ណោះ។