ដានីយ៉ែល 5:21 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេបានបណ្តេញព្រះរាជាចេញពីចំណោមមនុស្ស ចិត្តគំនិតរបស់ព្រះរាជាប្រែទៅជាមានលក្ខណៈដូចសត្វតិរច្ឆាន ទ្រង់គង់នៅជាមួយសត្វព្រៃ គេឲ្យទ្រង់សោយស្មៅដូចគោ ហើយព្រះកាយទទឹកជោកទៅដោយទឹកសន្សើម ដែលធ្លាក់ពីលើមេឃមក រហូតទល់ពេលព្រះរាជាទទួលស្គាល់ថា ព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតគ្រប់គ្រងលើរាជសម្បត្តិរបស់មនុស្សលោកទាំងអស់ ហើយព្រះអង្គលើកនរណាឲ្យសោយរាជ្យក៏បាន។ ព្រះគម្ពីរខ្មែរសាកល ទ្រង់ត្រូវបានបណ្ដេញចេញពីមនុស្សលោក ហើយចិត្តរបស់ទ្រង់ត្រូវបានធ្វើឲ្យបានដូចជាសត្វព្រៃវិញ លំនៅរបស់ទ្រង់នៅជាមួយលាព្រៃ ហើយគេឲ្យទ្រង់សោយស្មៅដូចគោ រូបកាយរបស់ទ្រង់ត្រូវទទឹកដោយសន្សើមពីមេឃ រហូតទាល់តែទ្រង់បានជ្រាបថា ព្រះដ៏ខ្ពស់បំផុតគ្រប់គ្រងលើអាណាចក្ររបស់មនុស្ស ហើយព្រះអង្គតាំងអ្នកណាក៏ដោយដែលព្រះអង្គសព្វព្រះហឫទ័យលើអាណាចក្រនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទ្រង់ត្រូវគេបណ្តេញពីចំណោមមនុស្ស ហើយគំនិតរបស់ស្ដេចបានត្រឡប់ដូចជាគំនិតរបស់សត្វ ទ្រង់មានទីលំនៅជាមួយលាព្រៃ ក៏សោយស្មៅដូចគោ ហើយព្រះកាយទទឹកជោកដោយទឹកសន្សើមពីលើមេឃ ដរាបដល់ទ្រង់បានជ្រាបថា ព្រះដ៏ខ្ពស់បំផុតគ្រប់គ្រងលើរាជ្យរបស់មនុស្ស ហើយថា ទ្រង់តាំងអ្នកណាឡើងឲ្យគ្រប់គ្រង ក៏តាមតែព្រះហឫទ័យ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ត្រូវបណ្តេញពីពួកមនុស្សទៅ ហើយព្រះទ័យទ្រង់បានត្រឡប់ទៅ ដូចជាចិត្តរបស់សត្វវិញ ទ្រង់មានទីលំនៅជាមួយនឹងលាព្រៃ ក៏សោយស្មៅដូចជាគោ ហើយត្រូវទទឹកដោយសន្សើមពីលើមេឃ ដរាបដល់ទ្រង់បានជ្រាបថា ព្រះដ៏ខ្ពស់បំផុតទ្រង់គ្រប់គ្រងលើរាជ្យរបស់មនុស្ស ហើយថា ទ្រង់តាំងអ្នកណាឡើងឲ្យគ្រប់គ្រង នោះក៏តាមព្រះហឫទ័យ អាល់គីតាប គេបានបណ្តេញស្តេចចេញពីចំណោមមនុស្ស ចិត្តគំនិតរបស់ស្តេចប្រែទៅជាមានលក្ខណៈដូចសត្វតិរច្ឆាន ស្តេចនៅជាមួយសត្វព្រៃ គេឲ្យស្តេចពិសាស្មៅដូចគោ ហើយរូបកាយទទឹកជោកទៅដោយទឹកសន្សើម ដែលធ្លាក់ពីលើមេឃមក រហូតទល់ពេលស្តេចទទួលស្គាល់ថា អុលឡោះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតគ្រប់គ្រងលើរាជសម្បត្តិរបស់មនុស្សលោកទាំងអស់ ហើយទ្រង់លើកនរណាឲ្យសោយរាជ្យក៏បាន។ |
ពេលនោះ ដើមឈើទាំងប៉ុន្មាននៅតាមព្រៃនឹងទទួលស្គាល់ថា គឺយើងនេះហើយជាព្រះអម្ចាស់។ យើងរំលំដើមឈើខ្ពស់ៗ ហើយលើកដើមឈើតូចៗឲ្យលូតខ្ពស់ឡើង។ យើងធ្វើឲ្យដើមឈើដែលមានស្លឹកខៀវខ្ចី ប្រែជាក្រៀមស្ងួត ហើយធ្វើឲ្យដើមឈើក្រៀមស្ងួត ត្រឡប់ជាមានស្លឹកខៀវខ្ចីវិញ។ យើងជាព្រះអម្ចាស់ យើងនិយាយយ៉ាងណា យើងក៏នឹងធ្វើយ៉ាងនោះដែរ»។
លោកស្រែកយ៉ាងខ្លាំងៗថា: ចូររំលំដើមឈើនេះ និងកាប់មែកវាចោលទៅ ចូរលះស្លឹក ជម្រុះផ្លែរបស់វាឲ្យខ្ចាត់ខ្ចាយ ឲ្យសត្វទាំងឡាយរត់ចេញពីម្លប់របស់វា ហើយឲ្យបក្សាបក្សីទាំងឡាយ ហើរចេញពីមែករបស់វាដែរ!
នេះជាការសម្រេចរបស់ទេវតា ជាបញ្ជារបស់ពួកអ្នកដ៏វិសុទ្ធ ដើម្បីមនុស្សទាំងអស់ដឹងថា ព្រះដ៏ខ្ពង់ខ្ពស់បំផុតគ្រប់គ្រងលើរាជ្យ របស់មនុស្សលោក ព្រះអង្គប្រគល់រាជសម្បត្តិទៅនរណាក៏បាន ស្រេចតែព្រះហឫទ័យរបស់ព្រះអង្គ ហើយព្រះអង្គលើកអ្នកដែលទន់ទាបជាងគេ ឲ្យឡើងគ្រងរាជ្យក៏បាន។
ដើមឈើនោះគឺព្រះករុណាផ្ទាល់! បពិត្រព្រះរាជា ទ្រង់បានចម្រើនឡើង និងមានឫទ្ធិអំណាចក្រៃលែង ឋានៈរបស់ព្រះករុណាខ្ពង់ខ្ពស់រហូតដល់មេឃ។ ព្រះករុណាគ្រប់គ្រងរហូតដល់ទីដាច់ស្រយាលនៃផែនដី។
គេនឹងដេញព្រះករុណាចេញពីចំណោមមនុស្ស ទ្រង់នឹងទៅនៅជាមួយសត្វព្រៃ ហើយគេនឹងយកស្មៅមកថ្វាយព្រះករុណាសោយដូចគោដែរ។ ព្រះកាយរបស់ព្រះករុណានឹងជោកដោយទឹកសន្សើម ដែលធ្លាក់ចុះពីលើមេឃរហូតដល់គម្រប់ប្រាំពីរខួប គឺទាល់តែព្រះករុណាទទួលស្គាល់ថា ព្រះដ៏ខ្ពង់ខ្ពស់បំផុតគ្រប់គ្រងលើរាជសម្បត្តិរបស់មនុស្សលោក ហើយព្រះអង្គប្រគល់រាជសម្បត្តិទៅនរណាក៏បាន ស្រេចតែព្រះហឫទ័យរបស់ព្រះអង្គ។
រីឯបញ្ជាឲ្យទុកគល់ឈើ និងឫសនោះមានន័យថា គេនឹងថ្វាយរាជសម្បត្តិមកព្រះករុណាវិញ នៅពេលព្រះករុណាទទួលស្គាល់ព្រះជាអម្ចាស់សួគ៌។
«លុះពេលកំណត់កន្លងផុតទៅ យើងនេប៊ូក្នេសាងើបមុខឡើងទៅលើមេឃ ហើយយើងក៏ដឹងស្មារតីឡើងវិញ។ យើងក៏អរព្រះគុណព្រះដ៏ខ្ពង់ខ្ពស់បំផុត យើងសរសើរ និងលើកតម្កើងព្រះដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច។ អំណាចគ្រប់គ្រងរបស់ព្រះអង្គនៅស្ថិតស្ថេរអស់កល្បជានិច្ច ព្រះអង្គគ្រងរាជ្យអស់កល្បជាអង្វែងតរៀងទៅ។
មនុស្សទាំងអស់នៅផែនដីដូចជាគ្មានតម្លៃអ្វីសោះ។ ព្រះអង្គប្រព្រឹត្តចំពោះពួកទេវតា និងចំពោះមនុស្សលោក តាមព្រះហឫទ័យរបស់ព្រះអង្គ គ្មាននរណាម្នាក់អាចប្រឆាំងនឹងកិច្ចការរបស់ព្រះអង្គ ដោយពោលថា “ម្ដេចក៏ព្រះអង្គធ្វើដូច្នេះ?” បានឡើយ។
ឥឡូវនេះ យើងនេប៊ូក្នេសា សូមសរសើរ កោតស្ញប់ស្ញែង និងលើកតម្កើងសិរីរុងរឿងព្រះមហាក្សត្រនៃស្ថានបរមសុខ ដ្បិតស្នាព្រះហស្ដរបស់ព្រះអង្គសុទ្ធតែត្រឹមត្រូវ មាគ៌ារបស់ព្រះអង្គសុទ្ធតែសុចរិត ហើយព្រះអង្គអាចបន្ទាបអស់អ្នកដែលវាយឫកខ្ពស់»។
បពិត្រព្រះរាជា ព្រះដ៏ខ្ពង់ខ្ពស់បំផុតបានប្រទានរាជសម្បត្តិ ភាពឧត្តុង្គឧត្ដម កិត្តិនាម និងសិរីរុងរឿងដល់ព្រះចៅនេប៊ូក្នេសា ជាព្រះបិតារបស់ព្រះករុណា។