២ ពង្សាវតារក្សត្រ 2:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអេលីយ៉ា លោកប្រាប់ដល់អេលីសេថា ចូរឯងរង់នៅទីនេះសិន ដ្បិតព្រះយេហូវ៉ាទ្រង់បានចាត់អញ ឲ្យទៅឯក្រុងបេត-អែល តែអេលីសេប្រកែកថា ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ ហើយដោយព្រលឹងលោកដ៏រស់នៅដែរថា ខ្ញុំមិនព្រមឃ្លាតពីលោកទេ ដូច្នេះ អ្នកទាំង២ក៏ចុះទៅឯបេត-អែល ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកអេលីយ៉ាបានប្រាប់ដល់អេលីសេថា៖ «ចូររង់ចាំនៅទីនេះ ដ្បិតព្រះយេហូវ៉ាបានចាត់ខ្ញុំឲ្យទៅក្រុងបេត-អែល»។ ប៉ុន្តែ អេលីសេប្រកែកថា៖ «ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ ហើយដោយព្រលឹងលោកដែលរស់នៅដែរថា ខ្ញុំមិនព្រមឃ្លាតពីលោកទេ»។ ដូច្នេះ អ្នកទាំងពីរក៏ចុះទៅបេត-អែល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអេលីយ៉ាមានប្រសាសន៍ទៅកាន់លោកអេលីសេថា៖ «ចាំខ្ញុំនៅទីនេះហើយ ដ្បិតព្រះអម្ចាស់ចាត់ខ្ញុំឲ្យទៅបេតអែល»។ លោកអេលីសេតបថា៖ «ខ្ញុំសូមស្បថក្នុងនាមព្រះអម្ចាស់ ដែលមានព្រះជន្មគង់នៅ និងក្នុងនាមលោកផ្ទាល់ដែលនៅមានជីវិតថា ខ្ញុំនឹងមិនឃ្លាតចាកពីលោកឡើយ»។ លោកទាំងពីរក៏ធ្វើដំណើរទៅបេតអែល។ អាល់គីតាប អេលីយ៉េសមានប្រសាសន៍ទៅកាន់អេលីយ៉ាសាក់ថា៖ «ចាំខ្ញុំនៅទីនេះហើយ ដ្បិតអុលឡោះតាអាឡាចាត់ខ្ញុំឲ្យទៅបេតអែល»។ អេលីយ៉ាសាក់តបថា៖ «ខ្ញុំសូមស្បថក្នុងនាមអុលឡោះតាអាឡា ដែលនៅអស់កល្ប និងក្នុងឈ្មោះអ្នកផ្ទាល់ដែលនៅមានជីវិតថា ខ្ញុំនឹងមិនឃ្លាតចាកពីអ្នកឡើយ»។ អ្នកទាំងពីរក៏ធ្វើដំណើរទៅបេតអែល។ |
ដូច្នេះ ស្តេចទ្រង់ក៏ជំនុំការ រួចធ្វើរូបកូនគោមាស២ ហើយមានបន្ទូលថា ឱអ៊ីស្រាអែលអើយ ឯងរាល់គ្នាបានឡើងទៅឯក្រុងយេរូសាឡិម ជាយូរណាស់ហើយ ឥឡូវនេះ មើល នេះនែ ព្រះរបស់ឯង ដែលបាននាំឯងរាល់គ្នា ឡើងចេញពីស្រុកអេស៊ីព្ទមក
ដល់ថ្ងៃ១៥ ខែកត្តិក ជាវេលាដែលទ្រង់បានគិតសំរេចក្នុងព្រះទ័យហើយ នោះទ្រង់ក៏ថ្វាយយញ្ញបូជានៅលើអាសនានោះ ដែលទ្រង់បានស្អាង នៅក្រុងបេត-អែល ហើយទ្រង់ក៏តាំងថ្ងៃនោះ ទុកជាថ្ងៃបុណ្យ ដល់ពួកកូនចៅអ៊ីស្រាអែល រួចទ្រង់ឡើងទៅដុតកំញានថ្វាយ នៅលើអាសនាផង។
លោកក៏ចេញពីទីនោះឡើងទៅឯក្រុងបេត-អែល កាលលោកកំពុងតែឡើងតាមផ្លូវទៅ នោះមានពួកក្មេងជំទង់ប្រុសៗ ចេញពីទីក្រុងមក ពោលមើលងាយ ដល់លោកថា អាទំពែកអើយ ចូរឡើងទៅចុះ អាទំពែកអើយ ចូរឡើងទៅចុះ
អេលីយ៉ាក៏ប្រាប់គាត់ថា អេលីសេអើយ សូមរង់ចាំនៅទីនេះសិន ដ្បិតព្រះយេហូវ៉ាបានចាត់ខ្ញុំឲ្យទៅឯក្រុងយេរីខូរ តែគាត់ប្រកែកថា ខ្ញុំស្បថដោយនូវព្រះយេហូវ៉ា ដ៏មានព្រះជន្មរស់នៅ ហើយដោយព្រលឹងលោកដ៏នៅរស់ដែរថា ខ្ញុំមិនព្រមឃ្លាតពីលោកទេ ដូច្នេះ អ្នកទាំង២ក៏ទៅដល់យេរីខូរ
រួចអេលីយ៉ាប្រាប់គាត់ថា សូមឲ្យឯងរង់ចាំនៅទីនេះសិន ដ្បិតព្រះយេហូវ៉ាបានចាត់ខ្ញុំឲ្យទៅឯទន្លេយ័រដាន់ តែគាត់ប្រកែកថា ខ្ញុំស្បថដោយនូវព្រះយេហូវ៉ា ដ៏មានព្រះជន្មរស់នៅ ហើយដោយព្រលឹងលោកដ៏នៅរស់ដែរថា ខ្ញុំមិនព្រមឃ្លាតពីលោកទេ ដូច្នេះ អ្នកទាំង២ក៏ដើរតទៅ
តែម្តាយរបស់កូននោះនិយាយថា នាងខ្ញុំស្បថ ដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ ហើយដោយនូវព្រលឹងលោកដ៏នៅរស់ដែរថា នាងខ្ញុំមិនព្រមឃ្លាតចេញពីលោកទេ ដូច្នេះ លោកក៏ក្រោកឡើងទៅតាមនាងទៅ
ហើយបើឯងនឹងស្បថដោយពិតត្រង់ ដោយសេចក្ដីយុត្តិធម៌ នឹងសេចក្ដីសុចរិតថា ព្រះយេហូវ៉ាទ្រង់មានព្រះជន្មរស់នៅពិត នោះអស់ទាំងសាសន៍នឹងបានពរនៅក្នុងទ្រង់ ហើយនឹងអួតសរសើរពីទ្រង់។
គេបានចេញពីពួកយើងទៅ តែមិនមែនជាពួកយើងទេ ដ្បិតបើគេជាពួកយើងមែន នោះនឹងបាននៅជាប់ជាមួយនឹងយើងហើយ តែដែលគេបានចេញទៅ នោះដើម្បីនឹងសំដែងពីគេថា គ្រប់គ្នាមិនមែនជាពួកយើងទេ
ជំរាបថា ឱព្រះគុណម្ចាស់ខ្ញុំអើយ ខ្ញុំស្បថដោយនូវព្រលឹងលោកដែលនៅរស់ ព្រះគុណម្ចាស់ខ្ញុំអើយ ខ្ញុំនេះហើយ ជាស្រីដែលបានឈរអធិស្ឋានដល់ព្រះយេហូវ៉ា នៅទីនេះជិតលោក
រីឯកាលសូលទ្រង់ឃើញដាវីឌចេញទៅទាស់នឹងសាសន៍ភីលីស្ទីន នោះក៏សួរអ័ប៊ីនើរជាមេទ័ពទ្រង់ថា អ័ប៊ីនើរអើយ តើក្មេងនោះជាកូនអ្នកណា អ័ប៊ីនើរទូលឆ្លើយថា ឱព្រះករុណាអើយ ទូលបង្គំស្បថដោយនូវព្រះជន្មទ្រង់ដ៏រស់នៅថា ទូលបង្គំមិនដឹងសោះឡើយ
ដូច្នេះ ឱលោកម្ចាស់ខ្ញុំអើយ ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ ហើយដោយនូវព្រលឹងលោកដែរថា ពួកខ្មាំងសត្រូវរបស់លោកម្ចាស់នៃខ្ញុំ ព្រមទាំងអស់អ្នកដែលរកធ្វើអាក្រក់ដល់លោក នឹងបានដូចជាណាបាលនោះឯង ដោយព្រោះព្រះយេហូវ៉ាទ្រង់បានឃាត់លោកមិនឲ្យកំចាយឈាម ហើយមិនឲ្យសងសឹកដោយដៃលោកឡើយ