២ ថែស្សាឡូនីច 2:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱបងប្អូនដ៏ជាស្ងួនភ្ងានៃព្រះអម្ចាស់អើយ យើងខ្ញុំត្រូវតែអរព្រះគុណដល់ព្រះអង្គជានិច្ច ពីដំណើរអ្នករាល់គ្នា ពីព្រោះព្រះទ្រង់បានរើសអ្នករាល់គ្នា តាំងពីដើមដំបូងមក ដើម្បីឲ្យបានសង្គ្រោះ ដោយព្រះវិញ្ញាណទ្រង់ញែកចេញជាបរិសុទ្ធ ហើយដោយមានចិត្តជឿ តាមសេចក្ដីពិតផង ព្រះគម្ពីរខ្មែរសាកល បងប្អូនដ៏ជាទីស្រឡាញ់របស់ព្រះអម្ចាស់អើយ យើងត្រូវតែអរព្រះគុណជានិច្ចដល់ព្រះ អំពីអ្នករាល់គ្នា ពីព្រោះព្រះបានជ្រើសរើសអ្នករាល់គ្នាជាផលដំបូងសម្រាប់សេចក្ដីសង្គ្រោះ តាមរយៈការញែកជាវិសុទ្ធរបស់ព្រះវិញ្ញាណ និងតាមរយៈជំនឿលើសេចក្ដីពិត។ Khmer Christian Bible ឱ បងប្អូនដែលព្រះអម្ចាស់ស្រឡាញ់អើយ! យើងត្រូវអរព្រះគុណព្រះជាម្ចាស់សម្រាប់អ្នករាល់គ្នាជានិច្ច ព្រោះព្រះជាម្ចាស់បានជ្រើសរើសអ្នករាល់គ្នាទុកជាផលដំបូងសម្រាប់សេចក្ដីសង្គ្រោះដោយសារព្រះវិញ្ញាណញែកអ្នករាល់គ្នាជាបរិសុទ្ធ ហើយដោយសារអ្នករាល់គ្នាមានជំនឿលើសេចក្ដីពិត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯយើងវិញ បងប្អូនស្ងួនភ្ងារបស់ព្រះអម្ចាស់អើយ យើងត្រូវតែអរព្រះគុណដល់ព្រះជានិច្ច អំពីអ្នករាល់គ្នា ព្រោះព្រះបានជ្រើសរើសអ្នករាល់គ្នា ជាផលដំបូងដើម្បីឲ្យបានសង្គ្រោះ ដោយសារព្រះវិញ្ញាណញែកជាបរិសុទ្ធ និងដោយសារជំនឿតាមសេចក្ដីពិត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចំពោះយើងវិញ បងប្អូនដ៏ជាទីស្រឡាញ់របស់ព្រះអម្ចាស់អើយ យើងត្រូវតែអរព្រះគុណព្រះជាម្ចាស់អំពីបងប្អូនជានិច្ច ដ្បិតព្រះជាម្ចាស់បានជ្រើសរើសបងប្អូន ឲ្យទទួលការសង្គ្រោះមុនគេ ដោយព្រះវិញ្ញាណប្រោសបងប្អូនឲ្យបានវិសុទ្ធ* និងដោយបងប្អូនមានជំនឿលើសេចក្ដីពិត។ អាល់គីតាប ចំពោះយើងវិញ បងប្អូនដ៏ជាទីស្រឡាញ់របស់អ៊ីសាជាអម្ចាស់អើយ យើងត្រូវតែអរគុណអុលឡោះអំពីបងប្អូនជានិច្ច ដ្បិតអុលឡោះបានជ្រើសរើសបងប្អូន ឲ្យទទួលការសង្គ្រោះមុនគេ ដោយរសអុលឡោះញែកបងប្អូនឲ្យបានបរិសុទ្ធ និងដោយបងប្អូនមានជំនឿលើសេចក្ដីពិត។ |
ក៏ចាត់ហោរាណាថាន់ឲ្យទៅតាំងនាមថា យេឌីឌីយ៉ា ដោយព្រោះជាទីស្រឡាញ់ដល់ព្រះយេហូវ៉ា។
តាំងតែពីដើមដំបូង អញរមែងសំដែងប្រាប់ពីការដែលត្រូវមកខាងចុងបំផុត ហើយតាំងពីចាស់បុរាណក៏ប្រាប់ពីការដែលមិនទាន់មានមកដែរ ដោយពាក្យថា គំនិតសំរេចរបស់អញនឹងស្ថិតស្ថេរនៅ អញនឹងធ្វើតាមបំណងចិត្តអញគ្រប់ប្រការ
ព្រះយេហូវ៉ាទ្រង់បានលេចមកឲ្យខ្ញុំឃើញកាលពីដើម ដោយបន្ទូលថា អើ អញបានស្រឡាញ់ឯង ដោយសេចក្ដីស្រឡាញ់ដ៏ស្ថិតស្ថេរនៅអស់កល្ប ហេតុនេះបានជាអញទាញនាំឯងមក ដោយសេចក្ដីសប្បុរស
គ្រានោះ កាលអញបានដើរតាមទីនោះមើលឯង នោះឃើញថា ដល់ពេលស្រឡាញ់ហើយ ដូច្នេះ អញបានយកជាយអាវអញគ្របលើឯង ព្រមទាំងបិទបាំងសណ្ឋានអាក្រាតរបស់ឯង អើ អញបានស្បថនឹងឯង ហើយតាំងសញ្ញានឹងឯងផង នោះឯងបានត្រឡប់ជារបស់ផងអញ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា
រួចក៏ពោលមកខ្ញុំថា ឱដានីយ៉ែលជាអ្នកសំណប់យ៉ាងសំខាន់អើយ ចូរយល់ពាក្យដែលយើងប្រាប់អ្នក ហើយឈរឲ្យត្រង់ឡើងចុះ ពីព្រោះយើងត្រូវចាត់មកឯអ្នក កាលលោកបានពោលពាក្យទាំងនោះមកខ្ញុំហើយ នោះខ្ញុំក៏ឈរនៅទាំងញាប់ញ័រ
រួចប្រាប់ខ្ញុំថា ឱអ្នកសំណប់យ៉ាងសំខាន់អើយ កុំឲ្យខ្លាចឡើយ សូមឲ្យបានប្រកបដោយសេចក្ដីសុខចុះ ចូរឲ្យមានកំឡាំងឡើង អើ ចូរមានកំឡាំងឡើង កាលលោកបានពោលនឹងខ្ញុំហើយ នោះខ្ញុំក៏មានកំឡាំងឡើង ហើយខ្ញុំនិយាយថា សូមឲ្យលោកម្ចាស់មានប្រសាសន៍មកចុះ ពីព្រោះលោកបានចំរើនកំឡាំងដល់ខ្ញុំហើយ
កាលអ្នកទើបនឹងចាប់តាំងអធិស្ឋាន នោះមានចេញបង្គាប់ស្រេចហើយ រួចយើងបានចេញមក ដើម្បីនឹងប្រាប់ដល់អ្នក ដ្បិតអ្នកជាមនុស្សសំណប់យ៉ាងសំខាន់ ដូច្នេះ ចូរពិចារណាសេចក្ដីនេះហើយយល់ការជាក់ស្តែងចុះ។
កាលដើមដំបូងមានព្រះបន្ទូល ព្រះបន្ទូលក៏គង់នៅជាមួយនឹងព្រះ ហើយព្រះបន្ទូលនោះឯងជាព្រះ
ព្រះយេស៊ូវមានបន្ទូលទៅគាត់ថា ខ្ញុំជាផ្លូវ ជាសេចក្ដីពិត ហើយជាជីវិត បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ
កាលពួកសាសន៍ដទៃបានឮដូច្នេះ នោះគេមានសេចក្ដីអំណរ ហើយក៏សរសើរព្រះបន្ទូលនៃព្រះអម្ចាស់ ចំណែកអស់អ្នកដែលត្រូវបានជីវិតអស់កល្បជានិច្ច នោះក៏បានជឿ
ទ្រង់មិនបានរាប់ពួកយើង នឹងពួកគេខុសពីគ្នាទេ គឺបានសំអាតចិត្តគេ ដោយសារសេចក្ដីជំនឿជឿដែរ
ឯអ្នករាល់គ្នា ពីដើមជាបាវបំរើរបស់អំពើបាបមែន ប៉ុន្តែ អរព្រះគុណដល់ព្រះអង្គ ឥឡូវនេះ បានស្តាប់ដោយស្ម័គ្រពីចិត្ត តាមក្បួននៃលទ្ធិ ដែលគេបានប្រគល់មកអ្នករាល់គ្នា
តើអ្នកណានឹងចោទប្តឹងពីពួករើសតាំងរបស់ព្រះបាន ដ្បិតគឺជាព្រះហើយ ដែលទ្រង់រាប់គេជាសុចរិត
ដ្បិតដោយព្រោះព្រះទ្រង់បានសំរេចតាមប្រាជ្ញានៃទ្រង់ថា មនុស្សលោកនឹងរកស្គាល់ព្រះ ដោយអាងប្រាជ្ញាខ្លួនមិនបានទេ បានជាទ្រង់សព្វព្រះហឫទ័យនឹងជួយសង្គ្រោះអស់អ្នកដែលជឿ ដោយសារសេចក្ដីល្ងីល្ងើវិញ គឺជាការប្រកាសដំណឹងល្អ
ឱពួកអ្នកស្រុកកាឡាទីឥតបើគិតអើយ ដែលបានបើកសំដែងព្រះយេស៊ូវគ្រីស្ទមកយ៉ាងច្បាស់ នៅភ្នែកអ្នករាល់គ្នា ហើយទាំងជាប់ឆ្កាងផង នោះតើអ្នកណាបានធ្វើអំពើដាក់អ្នករាល់គ្នា ឲ្យលែងស្តាប់តាមសេចក្ដីពិតវិញដូច្នេះ
ដ្បិតគឺដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្គ្រោះ ដោយសារសេចក្ដីជំនឿ ហើយសេចក្ដីនោះក៏មិនមែនកើតពីអ្នករាល់គ្នាដែរ គឺជាអំណោយទានរបស់ព្រះវិញ
ឯចំណែកពួកបេនយ៉ាមីន នោះក៏ថា អ្នកស្ងួនភ្ងាផងព្រះយេហូវ៉ា នឹងនៅជិតទ្រង់ដោយសុខសាន្ត ទ្រង់គ្របបាំងគេជានិច្ច ហើយគេនឹងនៅជាកណ្តាលព្រះអង្សាទាំង២របស់ទ្រង់។
គឺអរព្រះគុណដោយព្រោះសេចក្ដីសង្ឃឹម ដែលបំរុងទុកឲ្យអ្នករាល់គ្នា នៅស្ថានសួគ៌ ជាសេចក្ដីសង្ឃឹម ដែលអ្នករាល់គ្នាបានឮនិយាយ ក្នុងព្រះបន្ទូលដ៏ពិតនៃដំណឹងល្អ
ដូច្នេះ ចូរប្រដាប់កាយ ដោយចិត្តក្តួលអាណិត សប្បុរស សុភាព សំឡូត នឹងចិត្តអត់ធ្មត់ ទុកដូចជាពួកអ្នករើសតាំង ដែលបរិសុទ្ធ ហើយស្ងួនភ្ងាដល់ព្រះចុះ
ឱបងប្អូន ដែលព្រះទ្រង់ស្រឡាញ់អើយ យើងខ្ញុំដឹងថា ទ្រង់បានរើសតាំងអ្នករាល់គ្នាហើយ
ហើយទាំងធ្វើបន្ទាល់ឲ្យអ្នករាល់គ្នាបានដើរយ៉ាងគួរនឹងព្រះ ដែលទ្រង់ហៅអ្នករាល់គ្នាមកក្នុងនគរ ហើយក្នុងសិរីល្អរបស់ទ្រង់។
ដ្បិតព្រះមិនបានហៅយើងរាល់គ្នា មកក្នុងសេចក្ដីស្មោកគ្រោកទេ គឺមកក្នុងសេចក្ដីបរិសុទ្ធវិញ
ដ្បិតព្រះទ្រង់មិនបានដំរូវយើង ទុកសំរាប់សេចក្ដីក្រោធទេ គឺសំរាប់ឲ្យបានសេចក្ដីសង្គ្រោះវិញ ដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ដែលទ្រង់សុគតជំនួសយើង
បងប្អូនអើយ យើងខ្ញុំត្រូវតែអរព្រះគុណដល់ព្រះជានិច្ច ពីដំណើរអ្នករាល់គ្នា ដូចជាគួរគប្បីដែរ ពីព្រោះសេចក្ដីជំនឿរបស់អ្នករាល់គ្នា កំពុងតែចំរើនកាន់តែច្រើនឡើង ហើយអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់ ដល់គ្នាទៅវិញទៅមក រឹតតែខ្លាំងឡើងដែរ
ហើយដោយគ្រប់ទាំងសេចក្ដីឆបោករបស់សេចក្ដីទុច្ចរិត ក្នុងពួកអ្នកដែលត្រូវវិនាស ដោយព្រោះគេមិនព្រមស្រឡាញ់ដល់សេចក្ដីពិត ដើម្បីឲ្យគេបានសង្គ្រោះនោះទេ
ដើម្បីឲ្យអស់មនុស្សណាដែលមិនជឿតាមសេចក្ដីពិត គឺពេញចិត្តនឹងសេចក្ដីទុច្ចរិត នោះបានជាប់មានទោសវិញ។
សូមឲ្យព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង នឹងព្រះដ៏ជាព្រះវរបិតា ដែលទ្រង់បានស្រឡាញ់យើង ព្រមទាំងប្រទានឲ្យមានសេចក្ដីកំសាន្តអស់កល្បជានិច្ច នឹងសេចក្ដីសង្ឃឹមយ៉ាងល្អ ដោយព្រះគុណទ្រង់
ដែលទ្រង់បានជួយសង្គ្រោះយើង ហើយបានហៅយើងមកក្នុងការងារបរិសុទ្ធ មិនមែនដោយការដែលយើងធ្វើទេ គឺដោយដំរិះ នឹងព្រះគុណនៃទ្រង់វិញ ដែលបានផ្តល់មកយើងក្នុងព្រះគ្រីស្ទយេស៊ូវ មុនអស់ទាំងកល្ប
ចូរខំប្រឹងនឹងថ្វាយខ្លួនដល់ព្រះ ទុកជាមនុស្សដែលបានល្បងលជាប់ហើយ ជាអ្នកធ្វើការ ដែលមិនត្រូវខ្មាសឡើយ ដោយកាត់ស្រាយព្រះបន្ទូលនៃសេចក្ដីពិតយ៉ាងត្រឹមត្រូវ
ហើយថា តាំងពីក្មេងតូចមក អ្នកបានស្គាល់បទគម្ពីរទាំងប៉ុន្មាន ដែលអាចនឹងនាំឲ្យអ្នកមានប្រាជ្ញាដល់ទីសង្គ្រោះ ដែលបានដោយសារសេចក្ដីជំនឿជឿដល់ព្រះគ្រីស្ទយេស៊ូវផង
ហើយថា «ឱព្រះអម្ចាស់អើយ កាលដើមដំបូង ទ្រង់បានបង្កឫសផែនដី ហើយផ្ទៃមេឃក៏ជាការដែលព្រះហស្តទ្រង់ធ្វើដែរ
ទ្រង់បានបង្កើតយើងរាល់គ្នាមកតាមព្រះហឫទ័យទ្រង់ ដោយសារព្រះបន្ទូលដ៏ពិត ប្រយោជន៍ឲ្យយើងបានបែបដូចជាផលដំបូង ក្នុងរបស់ទាំងប៉ុន្មានដែលទ្រង់បង្កើតមក។
នេះហើយជាសេចក្ដីស្រឡាញ់ មិនមែនជាយើងបានស្រឡាញ់ព្រះនោះទេ គឺទ្រង់បានស្រឡាញ់យើងវិញទេតើ ហើយបានចាត់ព្រះរាជបុត្រាទ្រង់ឲ្យមក ទុកជាដង្វាយឲ្យធួននឹងបាបយើងរាល់គ្នាផង