១ យ៉ូហាន 4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 ពួកស្ងួនភ្ងាអើយ កុំឲ្យជឿគ្រប់ទាំងវិញ្ញាណឡើយ ចូរល្បងវិញ្ញាណទាំងអស់វិញ ដើម្បីឲ្យបានដឹងជាមកពីព្រះ ឬមិនមែន ដ្បិតមានហោរាក្លែងក្លាយជាច្រើនកើតមកក្នុងលោកីយនេះហើយ 2 យើងនឹងសំគាល់ព្រះវិញ្ញាណនៃព្រះបានដូច្នេះ គឺអស់ទាំងវិញ្ញាណណាដែលថ្លែងប្រាប់ថា ព្រះយេស៊ូវគ្រីស្ទបានមកក្នុងសាច់ឈាម គឺវិញ្ញាណនោះហើយ ដែលមកពីព្រះ 3 តែវិញ្ញាណណាដែលមិនព្រមថា ព្រះយេស៊ូវគ្រីស្ទបានមកក្នុងសាច់ឈាមទេ នោះមិនមែនមកពីព្រះឡើយ គឺជាវិញ្ញាណរបស់អាទទឹងនឹងព្រះគ្រីស្ទវិញ ដែលអ្នករាល់គ្នាបានឮនិយាយថា ត្រូវមក តែឥឡូវនេះ ក៏នៅក្នុងលោកីយហើយ 4 ពួកកូនតូចៗអើយ អ្នករាល់គ្នាមកពីព្រះ ហើយក៏ឈ្នះវិញ្ញាណទាំងនោះដែរ ពីព្រោះព្រះដែលគង់ក្នុងអ្នករាល់គ្នា នោះទ្រង់ធំជាងអានោះ ដែលនៅក្នុងលោកីយផង 5 ពួកនោះមកពីលោកីយទេ ដោយហេតុនោះបានជាគេនិយាយតាមភាពលោកីយ ហើយលោកីយក៏ស្តាប់គេដែរ 6 ឯយើងរាល់គ្នា ជាអ្នកមកពីព្រះវិញ ហើយអ្នកណាដែលស្គាល់ព្រះនោះក៏ស្តាប់យើងខ្ញុំ តែអ្នកណាដែលមិនមកពីព្រះទេ នោះមិនព្រមស្តាប់យើងខ្ញុំឡើយ គឺយ៉ាងនោះឯង ដែលយើងនឹងស្គាល់វិញ្ញាណនៃសេចក្ដីពិត នឹងវិញ្ញាណនៃសេចក្ដីខុសឆ្គងទៅបាន។ 7 ពួកស្ងួនភ្ងាអើយ យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដ្បិតសេចក្ដីស្រឡាញ់មកពីព្រះ ឯអស់អ្នកណាដែលមានសេចក្ដីស្រឡាញ់ នោះឈ្មោះថាមកពីព្រះ ហើយក៏ស្គាល់ទ្រង់ដែរ 8 តែអ្នកណាដែលគ្មានសេចក្ដីស្រឡាញ់ នោះមិនស្គាល់ព្រះវិញ ពីព្រោះព្រះទ្រង់ជាសេចក្ដីស្រឡាញ់នោះឯង 9 សេចក្ដីស្រឡាញ់របស់ព្រះបានសំដែងមក ឲ្យយើងខ្ញុំស្គាល់ ដោយទ្រង់ចាត់ព្រះរាជបុត្រាទ្រង់តែ១ ឲ្យមកក្នុងលោកីយ ដើម្បីឲ្យយើងរាល់គ្នាបានរស់ដោយសារទ្រង់ 10 នេះហើយជាសេចក្ដីស្រឡាញ់ មិនមែនជាយើងបានស្រឡាញ់ព្រះនោះទេ គឺទ្រង់បានស្រឡាញ់យើងវិញទេតើ ហើយបានចាត់ព្រះរាជបុត្រាទ្រង់ឲ្យមក ទុកជាដង្វាយឲ្យធួននឹងបាបយើងរាល់គ្នាផង 11 ពួកស្ងួនភ្ងាអើយ បើព្រះបានស្រឡាញ់យើងរាល់គ្នាជាខ្លាំងទាំងម៉្លេះ នោះត្រូវឲ្យយើងស្រឡាញ់គ្នាទៅវិញទៅមកដែរ 12 គ្មានអ្នកណាដែលឃើញព្រះឡើយ តែបើយើងស្រឡាញ់គ្នាទៅវិញទៅមក នោះព្រះទ្រង់គង់នៅក្នុងយើង ហើយសេចក្ដីស្រឡាញ់របស់ទ្រង់ បានពេញខ្នាតក្នុងយើងដែរ 13 គឺយ៉ាងនោះឯងដែលយើងដឹងថា យើងនៅជាប់ក្នុងទ្រង់ ហើយទ្រង់ក៏គង់នៅក្នុងយើង ពីព្រោះទ្រង់បានប្រទានព្រះវិញ្ញាណទ្រង់មកយើងរាល់គ្នា 14 ហើយយើងបានឃើញ ក៏ធ្វើបន្ទាល់ថា ព្រះវរបិតាបានចាត់ព្រះរាជបុត្រាមក ធ្វើជាព្រះអង្គសង្គ្រោះនៃមនុស្សលោក។ 15 អ្នកណាដែលយល់ព្រមថា ព្រះយេស៊ូវ ជាព្រះរាជបុត្រានៃព្រះ អ្នកនោះឈ្មោះថា មានព្រះគង់នៅក្នុងខ្លួនពិត ហើយខ្លួនក៏នៅក្នុងព្រះដែរ 16 យើងរាល់គ្នាបានស្គាល់ ហើយក៏ជឿចំពោះសេចក្ដីស្រឡាញ់ ដែលព្រះទ្រង់មានដល់យើង ព្រះទ្រង់ជាតួសេចក្ដីស្រឡាញ់ ឯអ្នកណាដែលនៅជាប់ក្នុងសេចក្ដីស្រឡាញ់ នោះក៏បាននៅជាប់ក្នុងព្រះ ហើយព្រះទ្រង់គង់នៅក្នុងអ្នកនោះដែរ 17 គឺយ៉ាងនោះហើយ ដែលសេចក្ដីស្រឡាញ់បានពេញខ្នាតក្នុងយើង ដើម្បីឲ្យយើងមានសេចក្ដីក្លាហាននៅថ្ងៃជំនុំជំរះ ដ្បិតដែលព្រះទ្រង់ជាយ៉ាងណា នោះយើងរាល់គ្នាក៏យ៉ាងនោះនៅក្នុងលោកីយនេះដែរ 18 គ្មានសេចក្ដីភ័យខ្លាចណានៅក្នុងសេចក្ដីស្រឡាញ់ឡើយ សេចក្ដីស្រឡាញ់ដែលពេញខ្នាត នោះបណ្តេញសេចក្ដីភ័យខ្លាចចេញ ពីព្រោះសេចក្ដីភ័យខ្លាចតែងជាប់មានសេចក្ដីវេទនា ហើយអ្នកណាដែលមានសេចក្ដីភ័យខ្លាច នោះមិនទាន់បានពេញខ្នាត ខាងឯសេចក្ដីស្រឡាញ់នៅឡើយទេ 19 ឯយើងរាល់គ្នា យើងស្រឡាញ់ទ្រង់ ពីព្រោះទ្រង់បានស្រឡាញ់យើងជាមុន។ 20 បើអ្នកណាថា ខ្លួនស្រឡាញ់ព្រះ តែស្អប់ដល់បងប្អូនវិញ អ្នកនោះជាអ្នកកុហក ដ្បិតអ្នកណាដែលមិនស្រឡាញ់បងប្អូន ដែលបានមើលឃើញទៅហើយ នោះធ្វើដូចម្តេចឡើយ ឲ្យស្រឡាញ់ដល់ព្រះ ដែលមើលមិនឃើញទៅបាន 21 មួយទៀត យើងបានទទួលបញ្ញត្តនេះពីព្រះមកថា អ្នកណាដែលស្រឡាញ់ដល់ព្រះ នោះត្រូវតែស្រឡាញ់ដល់បងប្អូនដែរ។ |
© BFBS/UBS 1954, 1962. All Rights Reserved.
Bible Society in Cambodia