១ សាំយូអែល 17:28 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រាដែលដាវីឌកំពុងនិយាយនឹងគេ នោះអេលាបជាបងបង្អស់ក៏ឮ ហើយកើតមានសេចក្ដីកំហឹងទាស់នឹងប្អូនថា ឯងបានចុះមកធ្វើអី តើបានប្រគល់ហ្វូងចៀមតូចនោះ ដែលនៅទីរហោស្ថានទុកនឹងអ្នកណា អញស្គាល់សេចក្ដីអំនួត នឹងសេចក្ដីអាក្រក់ដែលនៅក្នុងចិត្តឯងហើយ ដ្បិតឯងបានចុះមកដើម្បីឲ្យតែបានមើលចំបាំងទេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះអេលាបជាបងបង្អស់ក៏ឮដាវីឌកំពុងនិយាយជាមួយគេ ហើយមានសេចក្ដីកំហឹងទាស់នឹងប្អូនថា៖ «ឯងចុះមកធ្វើអី? តើបានប្រគល់ហ្វូងចៀមតូចនោះ ដែលនៅទីរហោស្ថានទុកឲ្យអ្នកណាមើល? បងស្គាល់សេចក្ដីអំនួត និងគំនិតអាក្រក់របស់ឯងហើយ ដ្បិតឯងចុះមកដើម្បីឲ្យតែបានមើលចម្បាំងទេ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអេលាប ជាបងបង្អស់ ឮដាវីឌនិយាយជាមួយនឹងពលទាហានដូច្នេះ គាត់ខឹងដាវីឌយ៉ាងខ្លាំង ហើយពោលថា៖ «ហេតុអ្វីបានជាឯងមកទីនេះ? ឯងទុកហ្វូងចៀមនៅវាលរហោស្ថាននោះឲ្យនរណាមើល? អញស្គាល់ចរិតរប៉ិលរប៉ូចរបស់ឯងច្បាស់ណាស់ គឺឯងមកនេះ ដើម្បីមើលគេច្បាំងគ្នាប៉ុណ្ណោះ»។ អាល់គីតាប លោកអេលាបជាបងបង្អស់ឮទតនិយាយជាមួយនឹងពលទាហានដូច្នេះ គាត់ខឹងយ៉ាងខ្លាំង ហើយពោលថា៖ «ហេតុអ្វីបានជាឯងមកទីនេះ? ឯងទុកហ្វូងចៀមនៅវាលរហោស្ថាននោះឲ្យនរណាមើល? អញស្គាល់ចរិតរប៉ិលរប៉ូចរបស់ឯងច្បាស់ណាស់ គឺឯងមកនេះ ដើម្បីមើលគេច្បាំងគ្នាប៉ុណ្ណោះ»។ |
បងទាំងប៉ុន្មានក៏ឃើញថា ឪពុកស្រឡាញ់យ៉ូសែបលើសជាងកូនទាំងអស់ បានជាគេព្រួតគ្នាស្អប់ដល់គាត់ ហើយនិយាយអ្វីនឹងគាត់ដោយស្រួលពុំបានទេ។
ពួកបងៗឆ្លើយឡើងថា បើដូច្នេះ ឯងនឹងគ្រប់គ្រងលើយើងឬ ឯងនឹងធ្វើជាចៅហ្វាយលើយើងមែនឬ ហើយគេក៏ស្អប់គាត់រឹតតែខ្លាំងឡើង ដោយព្រោះសប្តិ នឹងពាក្យសំដីរបស់គាត់។
ឯរេហូបោមទ្រង់យកភរិយា គឺនាងម៉ាហាឡាត់ជាបុត្រីនៃយេរីម៉ូតពូជពង្សដាវីឌ នឹងនៃអ័ប៊ីហែល ជាបុត្រីអេលាប ដែលជាបុត្រអ៊ីសាយ
បងប្អូនណាដែលបានអន់ចិត្តហើយ នោះពិបាកពង្រាបជាជាងទីក្រុងយ៉ាងមាំមួន ហើយសេចក្ដីទាស់ទែងគ្នាយ៉ាងនោះ ធៀបដូចជារនុកទ្វារបន្ទាយ។
សេចក្ដីឃោរឃៅ ជាសេចក្ដីដែលសាហាវណាស់ ហើយសេចក្ដីកំហឹងក៏ខ្លាំងក្លាដែរ តែឯសេចក្ដីប្រចណ្ឌ តើអ្នកណានឹងទប់ទល់បាន។
រួចយើងបានឃើញអស់ទាំងការនឿយហត់ នឹងគ្រប់ការដែលធ្វើបានដោយស្រួលថា ជាហេតុនាំឲ្យអ្នកជិតខាងមានចិត្តច្រណែនដល់គ្នានឹងគ្នា នេះក៏ជាការឥតមានទំនង ហើយជាអសារឥតការទទេ។
កាលពួកបងប្អូនទ្រង់បានឮ គេក៏ចេញទៅរកចាប់ទ្រង់ ដ្បិតគេស្មានថាទ្រង់វង្វេងស្មារតីហើយ
តែពួកនោះ គេហ៊ានជេរប្រមាថដល់ទាំងអ្វីៗ ដែលគេមិនស្គាល់ផង ព្រមទាំងបង្ខូចខ្លួន ក្នុងការអ្វីដែលគេយល់ដោយធម្មតាវិញ ហាក់ដូចជាសត្វតិរច្ឆាន
សាំយូអែលក៏យកស្នែងដែលដាក់ប្រេងនោះ ទៅចាក់លើដាវីឌ នៅកណ្តាលពួកបងៗទាំងប៉ុន្មាន ចាប់តាំងពីថ្ងៃនោះតទៅ ព្រះវិញ្ញាណនៃព្រះយេហូវ៉ាក៏សណ្ឋិតលើដាវីឌ ស្រេចហើយសាំយូអែលលោកក្រោកឡើងទៅឯរ៉ាម៉ាវិញ។
តែព្រះយេហូវ៉ាទ្រង់មានបន្ទូលថា កុំឲ្យមើលតែឫកពាខាងក្រៅ ឬកំពស់ខ្លួននោះឡើយ ដ្បិតអញមិនទទួលអ្នកនេះទេ ពីព្រោះព្រះទ្រង់មិនទតចំពោះសេចក្ដី ដែលមនុស្សលោកពិចារណាមើលទេ ឯមនុស្សលោក តែងមើលតែឫកពាខាងក្រៅប៉ុណ្ណោះ តែព្រះយេហូវ៉ាទ្រង់ទតចំពោះក្នុងចិត្តវិញ