១ ពង្សាវតារក្សត្រ 19:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់មានបន្ទូលទៅថា ចូរឯងចេញទៅឈរលើភ្នំនៅចំពោះព្រះយេហូវ៉ាចុះ នោះមើល ព្រះយេហូវ៉ាទ្រង់យាងទៅតាមទីនោះ ហើយកើតមានខ្យល់ព្យុះគំហុកជាខ្លាំង បក់មកប៉ះបំបាក់ភ្នំបំបែកថ្មខ្ទេចខ្ទីនៅចំពោះព្រះយេហូវ៉ា តែព្រះយេហូវ៉ាទ្រង់មិនមែនគង់នៅក្នុងខ្យល់នោះទេ ក្រោយខ្យល់នោះមក ក៏មានកក្រើកដី តែព្រះយេហូវ៉ាទ្រង់មិនមែនគង់នៅក្នុងការកក្រើកដីនោះទេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរឯងចេញទៅឈរលើភ្នំនៅចំពោះព្រះយេហូវ៉ាចុះ»។ ព្រះយេហូវ៉ាយាងទៅតាមទីនោះ ហើយមានខ្យល់ព្យុះបក់គំហុកយ៉ាងខ្លាំង បក់មកប៉ះភ្នំបំបែកថ្មខ្ទេចខ្ទីនៅចំពោះព្រះយេហូវ៉ា តែព្រះយេហូវ៉ាមិនគង់នៅក្នុងខ្យល់នោះទេ ក្រោយខ្យល់នោះមក មានកក្រើកដី តែព្រះយេហូវ៉ាមិនគង់នៅក្នុងការកក្រើកដីនោះទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរចេញទៅក្រៅ ហើយឈរលើភ្នំ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់»។ ព្រះអង្គយាងកាត់តាមនោះ មានខ្យល់បក់បោកយ៉ាងខ្លាំង ធ្វើឲ្យកក្រើកភ្នំ បំបែកថ្ម នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ប៉ុន្តែ ព្រះអម្ចាស់មិនគង់នៅក្នុងខ្យល់នោះទេ។ បន្ទាប់ពីខ្យល់ មានរញ្ជួយដី ប៉ុន្តែ ព្រះអម្ចាស់មិនគង់នៅក្នុងដីដែលរញ្ជួយនោះទេ។ អាល់គីតាប ទ្រង់មានបន្ទូលថា៖ «ចូរចេញទៅក្រៅ ហើយឈរលើភ្នំ នៅចំពោះអុលឡោះតាអាឡា»។ ទ្រង់កាត់តាមនោះមានខ្យល់បក់បោកយ៉ាងខ្លាំង ធ្វើឲ្យកក្រើកភ្នំ បំបែកថ្ម នៅចំពោះអុលឡោះតាអាឡា ប៉ុន្តែ អុលឡោះតាអាឡាមិននៅក្នុងខ្យល់នោះទេ។ បន្ទាប់ពីខ្យល់ មានរញ្ជួយដី ប៉ុន្តែ អុលឡោះតាអាឡាមិននៅក្នុងដីដែលរញ្ជួយនោះទេ។ |
ព្រះនៃយើងខ្ញុំទ្រង់យាងមក ហើយមិននៅស្ងៀមទេ មានភ្លើងឆេះនៅចំពោះទ្រង់ ហើយនៅព័ទ្ធជុំវិញទ្រង់មានព្យុះសង្ឃរា
នោះផែនដីក៏ញ័រ ហើយមេឃក៏ធ្លាក់មកជាភ្លៀង នៅចំពោះទ្រង់ ភ្នំស៊ីណាយក៏កក្រើកញ័រ នៅចំពោះព្រះ គឺជាព្រះ នៃសាសន៍អ៊ីស្រាអែល
ឱព្រះអង្គអើយ ទ្រង់បានបង្អុរភ្លៀងជាបរិបូរ ក៏បានតាំងមរដកទ្រង់ដែលហេវនោះ ឲ្យជាប់មាំមួនឡើង
លុះដល់ព្រឹកឡើងថ្ងៃទី៣ នោះក៏មានឮសូរផ្គរមានផ្លេកបន្ទោរ នឹងពពកយ៉ាងក្រាស់នៅលើភ្នំ ព្រមទាំងឮសូរផ្លុំស្នែងយ៉ាងខ្លាំងក្រៃលែង រួចបណ្តាជនទាំងឡាយដែលនៅក្នុងទីដំឡើងត្រសាល ក៏ញ័ររន្ធត់ទាំងអស់គ្នា
ព្រះយេហូវ៉ា ទ្រង់យាងចុះមកលើកំពូលភ្នំស៊ីណាយ ទ្រង់មានបន្ទូលហៅម៉ូសេពីលើកំពូលភ្នំ រួចម៉ូសេក៏ឡើងទៅ
កាលបណ្តាជនទាំងអស់គ្នា បានឮផ្គរលាន់ នឹងសូរផ្លុំស្នែង ហើយឃើញផ្លេកបន្ទោរ នឹងភ្នំហុយផ្សែងឡើងដូច្នេះ នោះស្រាប់តែគេញ័ររន្ធត់ ហើយក៏ថយទៅឈរនៅទីឆ្ងាយវិញ
រួចព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា ចូរឡើងមកឯអញនៅលើភ្នំឲ្យបាននៅឯណេះចុះ អញនឹងឲ្យក្រិត្យវិន័យ ហើយនឹងសេចក្ដីបង្គាប់ទាំងប៉ុន្មានដែលអញបានចារឹកទុកនៅបន្ទះថ្មដល់ឯង សំរាប់នឹងបង្រៀនដល់បណ្តាជន
ចូររៀបចំជាស្រេចឲ្យទាន់ពេលព្រលឹម រួចឡើងមកឯលើភ្នំស៊ីណាយនៅពេលព្រឹក ហើយឈរចំពោះអញនៅលើកំពូលភ្នំ
ទ្រង់យាងកាត់នៅមុខលោកទាំងប្រកាសថា យេហូវ៉ា គឺយេហូវ៉ាដ៏ជាព្រះទ្រង់មានព្រះហឫទ័យមេត្តាករុណា ហើយទន់សន្តោស ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្ដីសប្បុរស នឹងសេចក្ដីទៀងត្រង់ ជាបរិបូរ
ឯព្រះយេហូវ៉ាទ្រង់នឹងបន្លឺព្រះសូរសៀងដ៏រុងរឿងឧត្តមរបស់ទ្រង់ឲ្យឮ ហើយនឹងបង្ហាញព្រះពាហុដែលធ្វើទោស ដោយសេចក្ដីគ្នាន់ក្នាញ់របស់សេចក្ដីខ្ញាល់ទ្រង់ នឹងអណ្តាតភ្លើងដ៏ឆេះបន្សុស ព្រមទាំងសន្ទុះខ្យល់ព្យុះសង្ឃរា នឹងដុំព្រឹលផង
ខ្ញុំក៏ក្រឡេកទៅ ឃើញមានខ្យល់ព្យុះចេញពីទិសខាងជើងមក មានពពកយ៉ាងធំ នឹងភ្លើងចំរុះគ្នា ហើយមានរស្មីភ្លឺនៅជុំវិញ ឯពីកណ្តាលពពកនោះ មានចេញជាពណ៌លង្ហិនស្រងៅ គឺចេញពីកណ្តាលភ្លើងនោះ
ដូច្នេះ ខ្ញុំក៏ទាយដូចជាទ្រង់បង្គាប់មក ហើយកំពុងដែលខ្ញុំទាយ នោះមានឮសូរក្រិកៗ ហើយមើល ឆ្អឹងទាំងនោះបានកំរើក ក៏ផ្គុំជាប់គ្នា ឆ្អឹង១ភ្ជាប់ត្រង់កន្លែងរបស់ខ្លួន
ព្រះយេហូវ៉ាទ្រង់យឺតនឹងខ្ញាល់ ហើយមានព្រះចេស្តាយ៉ាងធំ ទ្រង់មិនលះលែងទោសរបស់មនុស្សឡើយ ឯផ្លូវរបស់ព្រះយេហូវ៉ា នោះនៅក្នុងខ្យល់កួច ហើយក្នុងព្យុះសង្ឃរា ពពកទាំងឡាយជាធូលីហុយពីព្រះបាទទ្រង់
នោះឯងរាល់គ្នានឹងរត់ទៅតាមចន្លោះភ្នំរបស់អញ ដ្បិតចន្លោះភ្នំនោះ នឹងរហូតទៅដល់អាសែល អើ ឯងរាល់គ្នានឹងរត់ ដូចបានរត់ពីការកក្រើកដី នៅក្នុងរាជ្យអូសៀស ជាស្តេចយូដា នោះព្រះយេហូវ៉ាជាព្រះនៃខ្ញុំ ទ្រង់នឹងយាងមក មានទាំងពួកបរិសុទ្ធទាំងអស់មកជាមួយ
នោះទេវតាប្រាប់មកខ្ញុំថា នេះជាព្រះបន្ទូលដែលព្រះយេហូវ៉ាមានបន្ទូលដល់សូរ៉ូបាបិល គឺព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលថា មិនមែនដោយឥទ្ធិឫទ្ធិ ឬដោយអំណាចទេ គឺដោយសារវិញ្ញាណរបស់អញវិញ
ពីព្រោះសាសន៍១នឹងលើកគ្នាទាស់នឹងសាសន៍១ នគរ១ទាស់នឹងនគរ១ ហើយនឹងកើតមានអំណត់ ជំងឺអាសន្នរោគ នឹងកក្រើកដីនៅកន្លែងផ្សេងៗ
នោះមានកក្រើកដីជាខ្លាំង ដ្បិតមានទេវតានៃព្រះអម្ចាស់ ចុះពីលើមេឃមកប្រមៀលថ្មចេញពីផ្នូរ ហើយក៏អង្គុយលើ
សំឡេងទ្រង់បានធ្វើឲ្យផែនដីកក្រើករញ្ជួយនៅវេលានោះ តែឥឡូវនេះ ទ្រង់សន្យាថា «អញនឹងធ្វើឲ្យកក្រើកម្តងទៀត មិនត្រឹមតែផែនដីប៉ុណ្ណោះ គឺទាំងផ្ទៃមេឃថែមទៀតផង»
នោះមានគេបើកព្រះវិហារនៃព្រះនៅស្ថានសួគ៌ ហើយឃើញមានហឹបនៃសេចក្ដីសញ្ញារបស់ទ្រង់ នៅក្នុងព្រះវិហារនោះ រួចមានផ្លេកបន្ទោរ សៀងសំឡេង ផ្គរលាន់ កក្រើកដី នឹងព្រឹលយ៉ាងធំៗ។
រួចមានផ្លេកបន្ទោរ សូរសំឡេង នឹងផ្គរលាន់ ហើយមានកក្រើកដីជាខ្លាំងដែរ ដល់ម៉្លេះបានជាតាំងពីមានមនុស្សនៅផែនដីរៀងមក នោះមិនដែលមានកក្រើកដីយ៉ាងខ្លាំង ហើយសំបើមដូច្នេះឡើយ
ខ្ញុំក៏ឃើញបល្ល័ង្កស១យ៉ាងធំ នឹងព្រះអង្គដែលគង់លើ ឯផែនដី នឹងផ្ទៃមេឃ ក៏រត់ពីចំពោះទ្រង់ចេញ ឥតឃើញមានកន្លែងណាឲ្យនៅទៀតឡើយ
នោះក៏មានការញាប់ញ័រកើតឡើង ក្នុងទីបោះទ័ពដែលនៅវាល នឹងនៅក្នុងពួកបណ្តាទ័ពទាំងប៉ុន្មាន ឯពួកអ្នកនៅក្នុងបន្ទាយ នឹងពួកទ័ពបំផ្លាញ គេក៏ញ័ររន្ធត់ដែរ ហើយផែនដីក៏កក្រើកឡើង ដូច្នេះ គេមានសេចក្ដីញ័ររន្ធត់ជាខ្លាំងក្រៃលែង។