ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 44:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គឺ​ជា​ការ​ដែល​ឯង​រាល់​គ្នា​បាន​នាំ​ពួក​សាសន៍​ដទៃ ជា​មនុស្ស​ដែល​មិន​ទទួល​កាត់​ស្បែក​ខាង​ចិត្ត ហើយ​ខាង​រូប​សាច់​ផង ឲ្យ​ចូល​មក​នៅ​ក្នុង​ទី​បរិសុទ្ធ​របស់​អញ ដើម្បី​នឹង​បង្អាប់​ទី​លំនៅ​របស់​អញ ក្នុង​កាល​ដែល​ឯង​រាល់​គ្នា​បាន​ថ្វាយ​នំបុ័ង​របស់​អញ ព្រម​ទាំង​ខ្លាញ់ នឹង​ឈាម​ផង ហើយ​បាន​ផ្តាច់​សេចក្ដី​សញ្ញា​របស់​អញ ដោយ​អស់​ទាំង​អំពើ​គួរ​ស្អប់​ខ្ពើម​ដែល​ឯង​ប្រព្រឹត្ត​នោះ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គឺ​ជា​ការ​ដែល​អ្នក​រាល់​គ្នា​បាន​នាំ​ពួក​សាសន៍​ដទៃ ជា​មនុស្ស​ដែល​មិន​ទទួល​កាត់​ស្បែក​ខាង​ចិត្ត ហើយ​ខាង​រូប​សាច់​ផង ឲ្យ​ចូល​មក​នៅ​ក្នុង​ទី​បរិសុទ្ធ​របស់​យើង ដើម្បី​នឹង​បង្អាប់​ទី​លំនៅ​របស់​យើង ក្នុង​កាល​ដែល​អ្នក​រាល់​គ្នា​បាន​ថ្វាយ​នំបុ័ង​របស់​យើង ព្រម​ទាំង​ខ្លាញ់ និង​ឈាម ហើយ​បាន​ផ្តាច់​សេចក្ដី​សញ្ញា​របស់​យើង ដោយ​អស់​ទាំង​អំពើ​គួរ​ស្អប់​ខ្ពើម​ដែល​អ្នក​ប្រព្រឹត្ត​នោះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​អ្នក​រាល់​គ្នា​យក​អាហារ គឺ​ខ្លាញ់ និង​ឈាម មក​ថ្វាយ​យើង អ្នក​រាល់​គ្នា​នាំ​ជន​បរទេស​ដែល​ជា​សាសន៍​មិន​កាត់​ស្បែក និង​ជា​សាសន៍​មិន​គោរព​យើង ចូល​មក ធ្វើ​ឲ្យ​ដំណាក់​របស់​យើង​ទៅ​ជា​សៅហ្មង។ អ្នក​រាល់​គ្នា​ផ្ដាច់​សម្ពន្ធ‌មេត្រី​ជា​មួយ​យើង ដោយ​ប្រព្រឹត្ត​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើម​គ្រប់​យ៉ាង។

សូមមើលជំពូក

អាល់គីតាប

ពេល​អ្នក​រាល់​គ្នា​យក​អាហារ គឺ​ខ្លាញ់ និង​ឈាម មក​ជូន​យើង អ្នក​រាល់​គ្នា​នាំ​ជន​បរទេស​ដែល​ជា​សាសន៍​មិន​ខតាន់ និង​ជា​សាសន៍​មិន​គោរព​យើង​ចូល​មក ធ្វើ​ឲ្យ​ម៉ាស្ជិទ​របស់​យើង​ទៅ​ជា​សៅហ្មង។ អ្នក​រាល់​គ្នា​ផ្ដាច់​សម្ពន្ធ‌មេត្រី​ជា​មួយ​យើង ដោយ​ប្រព្រឹត្ត​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើម​គ្រប់​យ៉ាង។

សូមមើលជំពូក



អេ‌សេ‌គាល 44:7
38 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​ប្រុស​ណា​ដែល​មិន​កាត់​ស្បែក គឺ​មិន​បាន​កាត់​ស្រោម​ចុង​ស្វាស អ្នក​នោះ​នឹង​ត្រូវ​កាត់‌កាល់​ចេញ​ពី​សាសន៍​របស់​ខ្លួន ព្រោះ​បាន​លះ‌ចោល​សេចក្ដី​សញ្ញា​របស់​អញ​ហើយ។


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ ហើយ​នឹង​អើរ៉ុន​ថា នេះ​ជា​ច្បាប់​សំរាប់​បុណ្យ​រំលង គឺ​មិន​ត្រូវ​ឲ្យ​អ្នក​ប្រទេស​ក្រៅ​ណា​បរិភោគ​បុណ្យ​នេះ​ឡើយ


បើ​មាន​អ្នក​ប្រទេស​ក្រៅ​ណា​មួយ​មក​នៅ​ជា​មួយ​នឹង​ឯង​រាល់​គ្នា ហើយ​ចង់​ធ្វើ​បុណ្យ​រំលង​នេះ​ថ្វាយ​ព្រះ‌យេហូវ៉ា​ដែរ នោះ​ត្រូវ​ឲ្យ​ពួក​ប្រុសៗ​របស់​គេ​ទទួល​កាត់​ស្បែក​សិន ទើប​នឹង​ចូល​មក​ធ្វើ​បាន យ៉ាង​នេះ​គេ​នឹង​បាន​ដូច​ជា​អ្នក​ស្រុក​ដែរ តែ​អ្នក​ឯ​ណា​ដែល​មិន​បាន​កាត់​ស្បែក​សោះ នោះ​នឹង​បរិភោគ​បុណ្យ​នេះ​មិន​បាន​ឡើយ


ផែនដី​ត្រូវ​ស្មោក‌គ្រោក​ដោយ‌សារ​ពួក​អ្នក​ដែល​អាស្រ័យ​នៅ ពី​ព្រោះ​គេ​បាន​រំលង​អស់​ទាំង​ក្រឹត្យ‌ក្រម គេ​បាន​ធ្វើ​ខុស​នឹង​ច្បាប់​ទាំង​ប៉ុន្មាន ហើយ​ផ្តាច់​សេចក្ដី​សញ្ញា​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច​ចេញ


គេ​បាន​វិល​ត្រឡប់​ទៅ​តាម​អំពើ​ទុច្ចរិត​របស់​ពួក​ព្ធយុ‌កោ​គេ ដែល​មិន​ព្រម​ស្តាប់​តាម​ពាក្យ​អញ គេ​បាន​ទៅ​តាម​ព្រះ​ដទៃ​ផ្សេងៗ ដើម្បី​នឹង​គោរព​វា​វិញ ពួក​វង្ស​អ៊ីស្រាអែល នឹង​ពួក​វង្ស​យូដា​បាន​ផ្តាច់​សេចក្ដី​សញ្ញា ដែល​អញ​បាន​តាំង​នឹង​ពួក​ព្ធយុ‌កោ​គេ​ហើយ


មិន​មែន​តាម​សញ្ញា​ដែល​អញ​បាន​តាំង​នឹង​ពួក​ព្ធយុ‌កោ​គេ នៅ​ថ្ងៃ​ដែល​អញ​បាន​ចាប់​ដៃ​ដឹក​គេ ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​នោះ​ទេ ជា​សេចក្ដី​សញ្ញា​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា គេ​ផ្តាច់​ចេញ​ហើយ ទោះ​បើ​អញ​ជា​ប្ដី​ដល់​គេ​ក៏​ដោយ


ឱ​មនុស្ស​នៅ​ស្រុក​យូដា នឹង​ពួក​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​ឯង​រាល់​គ្នា​កាត់​ស្បែក​ថ្វាយ​ខ្លួន​ដល់​ព្រះ‌យេហូវ៉ា ចូរ​កាត់​យក​ស្បែក​ចិត្ត​ឯង​ចោល​ចេញ​ចុះ ក្រែង​សេចក្ដី​ក្រោធ​របស់​អញ​ចេញ​មក​ដូច​ជា​ភ្លើង ហើយ​ឆេះ​ឥត​មាន​អ្នក​ណា​ពន្លត់​បាន ដោយ​ព្រោះ​សេចក្ដី​អាក្រក់​ដែល​ឯង​រាល់​គ្នា​ប្រព្រឹត្ត​នោះ។


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា មើល នឹង​មាន​គ្រា​មក​ដល់ ដែល​អញ​នឹង​វាយ‌ផ្ចាល​ពួក​កាត់​ស្បែក ដែល​កាត់​មិន​ស្មោះ‌ត្រង់


គឺ​សាសន៍​អេស៊ីព្ទ សាសន៍​យូដា សាសន៍​អេដំម ហើយ​ពួក​កូន​ចៅ​អាំម៉ូន នឹង​ម៉ូអាប់ ព្រម​ទាំង​អស់​អ្នក​នៅ​ទី​រហោ‌ស្ថាន ដែល​កាត់​ជ្រុង​ពុក‌ចង្កា​ផង ដ្បិត​បណ្តា​សាសន៍​ទាំង​ប៉ុន្មាន មិន​កាត់​ស្បែក​ទេ ពួក​វង្ស​អ៊ីស្រាអែល​ទាំង​អស់ ក៏​មិន​បាន​កាត់​ស្បែក​ចិត្ត​ដែរ។


ពួក​សង្ឃ​ក៏​បាន​ធ្វើ​ទទឹង​នឹង​ក្រឹត្យ‌វិន័យ​របស់​អញ ព្រម​ទាំង​បង្អាប់​របស់​បរិសុទ្ធ​ទាំង​ប៉ុន្មាន​របស់​អញ គេ​មិន​បាន​ចេះ​ញែក​របស់​បរិសុទ្ធ​ចេញ​ពី​របស់​ធម្មតា​ទេ ក៏​មិន​បាន​បង្ហាញ​ឲ្យ​មនុស្ស​ចេះ​សំគាល់​របស់​មិន​ស្អាត នឹង​របស់​ស្អាត​ដែរ គេ​គេច​ភ្នែក​ចេញ​ពី​ថ្ងៃ​ឈប់​សំរាក​របស់​អញ ហើយ​អញ​ក៏​ត្រូវ​អាប់‌ឱន​នៅ​ក្នុង​ពួក​គេ


ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ឯ​ពួក​លេវី​ដែល​ជា​សង្ឃ ជា​កូន​សាដុក ដែល​បាន​រក្សា​បញ្ញើ​ទី​បរិសុទ្ធ​របស់​អញ នៅ​វេលា​ដែល​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​វង្វេង​ចាក​ចេញ​ពី​អញ ពួក​នោះ​នឹង​ចូល​មក​ជិត​អញ ដើម្បី​នឹង​ធ្វើ​ការ‌ងារ​ដល់​អញ​វិញ ព្រម​ទាំង​ឈរ​នៅ​មុខ​អញ ដើម្បី​ថ្វាយ​ខ្លាញ់ នឹង​ឈាម​ផង


ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា មិន​ត្រូវ​ឲ្យ​មាន​សាសន៍​ដទៃ​ណា​មួយ ក្នុង​ពួក​សាសន៍​ដទៃ​ដែល​នៅ​កណ្តាល​ពួក​កូន​ចៅ​អ៊ីស្រាអែល ជា​អ្នក​ដែល​មិន​ទទួល​កាត់​ស្បែក​ខាង​ចិត្ត នឹង​ខាង​រូប​សាច់​ផង បាន​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​របស់​អញ​ឡើយ។


ឯ​គ្រឿង​ដ៏​លំអ​របស់​គេ នោះ​ទ្រង់​បាន​តាំង​ឡើង​ឲ្យ​មាន​សេចក្ដី​រុងរឿង តែ​គេ​បាន​ធ្វើ​រូប​នៃ​អស់​ទាំង​របស់​គួរ​ស្អប់​ខ្ពើម នឹង​របស់​គួរ​ឆ្អើម​របស់​គេ នៅ​ក្នុង​ទី​នោះ​វិញ បាន​ជា​អញ​ធ្វើ​ឲ្យ​ត្រឡប់​ដូច​ជា​របស់​ស្មោក‌គ្រោក​ដល់​គេ


ដ្បិត​ជីវិត​នៃ​រូប​សាច់ នោះ​នៅ​ក្នុង​ឈាម ហើយ​អញ​បាន​ឲ្យ​ឈាម​ដល់​ឯង​រាល់​គ្នា សំរាប់​នឹង​ថ្វាយ​នៅ​លើ​អាសនា ដើម្បី​ឲ្យ​បាន​ធួន​នឹង​ជីវិត​ឯង ដ្បិត​គឺ​ជា​ឈាម​នោះ​ឯង​ដែល​ធួន​នឹង​ព្រលឹង​បាន


ឲ្យ​ប្រាប់​ដល់​អើរ៉ុន​ថា បើ​មាន​អ្នក​ណា​ក្នុង​ពួក​កូន​ចៅ​ឯង​នៅ​អស់​ទាំង​ដំណ​ត​រៀង​ទៅ​ដែល​វិកល‌វិការ នោះ​មិន​ត្រូវ​ចូល​មក​ថ្វាយ​ព្រះ‌ស្ងោយ​របស់​ព្រះ​នៃ​ខ្លួន​ឡើយ


អ្នក​ណា​ដែល​វិកល‌វិការ​ក្នុង​ពូជ​អើរ៉ុន​ដ៏​ជា​សង្ឃ នោះ​មិន​ត្រូវ​ចូល​មក​ថ្វាយ​ដង្វាយ​ដុត​នៃ​ព្រះ‌យេហូវ៉ា​ទេ អ្នក​នោះ​វិកល‌វិការ​ហើយ ដូច្នេះ​មិន​ត្រូវ​ចូល​ទៅ​ថ្វាយ​ព្រះ‌ស្ងោយ​របស់​ព្រះ​នៃ​ខ្លួន​ឡើយ


ត្រូវ​ឲ្យ​គេ​បាន​បរិសុទ្ធ​ដល់​ព្រះ​នៃ​ខ្លួន ហើយ​មិន​ត្រូវ​បង្អាប់​ដល់​ព្រះ‌នាម​ព្រះ​នៃ​ខ្លួន​ឡើយ ដ្បិត​គេ​ថ្វាយ​ដង្វាយ​ដុត គឺ​ជា​ព្រះ‌ស្ងោយ​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​គេ ហេតុ​នោះ​បាន​ជា​គេ​ត្រូវ​តែ​បាន​បរិសុទ្ធ


ដូច្នេះ ត្រូវ​ឲ្យ​ឯង​ញែក​គេ​ចេញ​ឲ្យ​ផុត ដ្បិត​គេ​ថ្វាយ​ព្រះ‌ស្ងោយ​របស់​ព្រះ​នៃ​ឯង ហើយ​ឯង​ត្រូវ​រាប់​គេ​ជា​បរិសុទ្ធ​ដែរ ដ្បិត​អញ​នេះ គឺ​ព្រះ‌យេហូវ៉ា ដែល​ញែក​ឯង​រាល់​គ្នា​ចេញ​ជា​បរិសុទ្ធ អញ​បរិសុទ្ធ


មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ទទួល​សត្វ​ណា​យ៉ាង​នោះ ពី​អ្នក​ប្រទេស​ក្រៅ សំរាប់​នឹង​ថ្វាយ​ជា​ព្រះ‌ស្ងោយ​របស់​ព្រះ​នៃ​ឯង​ឡើយ ពី​ព្រោះ​សត្វ​យ៉ាង​នោះ​មិន​ពេញ​ខ្នាត​ទេ គឺ​មាន​វិកល‌វិការ​ហើយ ទ្រង់​មិន​ទទួល​ស្នង​ឯង​រាល់​គ្នា​ឡើយ។


ដោយ​មើល‌ងាយ​ដល់​អស់​ទាំង​ច្បាប់​អញ ហើយ​ខ្ពើម​ក្រឹត្យ‌ក្រម​របស់​អញ ដល់​ម៉្លេះ​បាន​ជា​មិន​ព្រម​ប្រព្រឹត្ត​តាម​អស់​ទាំង​សេចក្ដី​បង្គាប់​នេះ គឺ​ឯង​ផ្តាច់​សេចក្ដី​សញ្ញា​របស់​អញ​ចេញ​វិញ


គឺ​ដោយ​ហេតុ​នោះ​បាន​ជា​អញ​ដើរ​ទាស់​ទទឹង​នឹង​គេ​ដែរ ហើយ​បាន​នាំ​គេ​ទៅ​នៅ​ស្រុក​របស់​ពួក​ខ្មាំង​សត្រូវ ដូច្នេះ​បើ​ចិត្ត​ដែល​មិន​ទាន់​កាត់​ស្បែក​របស់​គេ​បាន​ទទួល​ចាល‌ចាញ់ ហើយ​គេ​ព្រម​ទទួល​ទោស​នៃ​អំពើ​ទុច្ចរិត​របស់​គេ


គឺ​ឯង​រាល់​គ្នា​ថ្វាយ​នំបុ័ង ដែល​មិន​បរិសុទ្ធ​នៅ​លើ​អាសនា​របស់​អញ ឯង​រាល់​គ្នា​ក៏​ពោល​ថា តើ​យើង​បាន​បង្អាប់​ដល់​ទ្រង់​ឯ​ណា គឺ​ដោយ​ឯង​រាល់​គ្នា​ថា តុ​នៃ​ព្រះ‌យេហូវ៉ា​គួរ​មើល‌ងាយ


នោះ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ​បាន​ឲ្យ​សេចក្ដី​បង្គាប់​នេះ មក​ដល់​ឯង​ហើយ ដើម្បី​ឲ្យ​សេចក្ដី​សញ្ញា​របស់​អញ​បាន​នៅ​ជា​មួយ​នឹង​ពួក​លេវី នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ


តែ​ឯង​រាល់​គ្នា​បាន​ទាស​ចេញ​ពី​ផ្លូវ ក៏​បាន​នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​ជំពប់​ដួល ក្នុង​ក្រឹត្យ‌វិន័យ​ដែរ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​បន្ទូល​ថា ឯង​រាល់​គ្នា​បាន​បង្ខូច​សេចក្ដី​សញ្ញា​របស់​លេវី​ហើយ


នែ អ្នក​រាល់​គ្នា ជា​សាសន៍​អ៊ីស្រាអែល​អើយ មក​វ៉ឺយ​ជួយ​គ្នា នេះ​ហើយ​ជា​មនុស្ស​ដែល​បង្រៀន​ដល់​មនុស្ស​ទាំង​អស់ នៅ​គ្រប់​ទី​តំបន់ ឲ្យ​ទាស់​នឹង​សាសន៍​យើង នឹង​ក្រិត្យ‌វិន័យ ហើយ​ទី​នេះ​ដែរ ឥឡូវ​នេះ បាន​នាំ​ទាំង​សាសន៍​ក្រេក​ចូល​មក​ក្នុង​ព្រះ‌វិហារ ធ្វើ​បង្អាប់​ទី​បរិសុទ្ធ​នេះ​ថែម​ទៀត​ផង


ឱ​ពួក​មនុស្ស​ក្បាល​រឹង ដែល​មាន​ចិត្ត​មាន​ត្រចៀក​មិន​កាត់​ស្បែក​អើយ អ្នក​រាល់​គ្នា​ចេះ​តែ​ទាស់​ទទឹង​នឹង​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ជា​ដរាប ពួក​ឰយុកោ​អ្នក​រាល់​គ្នា​យ៉ាង​ណា នោះ​អ្នក​រាល់​គ្នា​ក៏​យ៉ាង​នោះ​ដែរ


ដូច្នេះ​ចូរ​ឯង​រាល់​គ្នា​កាត់​ស្បែក​ចិត្ត​ចេញ ហើយ​កុំ​ឲ្យ​នៅ​ក្បាល​រឹង​ទៀត​ឡើយ


ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​កាត់​ស្បែក​ចិត្ត​របស់​ឯង ហើយ​នឹង​ចិត្ត​របស់​ពូជ​ឯង​ផង ឲ្យ​បាន​ស្រឡាញ់​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង ដើម្បី​ឲ្យ​ឯង​បាន​រស់​នៅ


ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា មើល​ឯង​ត្រូវ​ដេក​លក់​ទៅ​ជា​មួយ​នឹង​ពួក​ឰយុកោ​ឯង ឯ​បណ្តាជន​ទាំង​នេះ គេ​នឹង​លើក​គ្នា​ផិត​ទៅ​តាម​ព្រះ​ដទៃ ជា​ព្រះ​របស់​ស្រុក​ដែល​គេ​ចូល​ទៅ​នៅ​កណ្តាល​នោះ គេ​នឹង​បោះ‌បង់​ចោល​អញ ព្រម​ទាំង​ផ្តាច់​សេចក្ដី​សញ្ញា ដែល​អញ​បាន​តាំង​នឹង​គេ​ចេញ


ដ្បិត​កាល​ណា​អញ​បាន​នាំ​គេ​ចូល​ទៅ​ក្នុង​ស្រុក​មាន​ទឹក​ដោះ នឹង​ទឹក​ឃ្មុំ​ហូរ‌ហៀរ ដែល​អញ​បាន​ស្បថ​នឹង​ពួក​ឰយុកោ​គេ ហើយ​គេ​បាន​បរិភោគ​ឆ្អែត​ចំរើន​សាច់​ឡើង នោះ​គេ​នឹង​ងាក​បែរ​ទៅ​តាម​ព្រះ​ដទៃ​វិញ ព្រម​ទាំង​គោរព​ប្រតិ‌បត្តិ​ផង គេ​នឹង​មើល‌ងាយ​ដល់​អញ ហើយ​ផ្តាច់​សេចក្ដី​សញ្ញា​អញ​ចេញ


មិន​មែន​តាម​សេចក្ដី​សញ្ញា ដែល​អញ​បាន​តាំង​នឹង​ពួក​ឰយុកោ​គេ នៅ​ថ្ងៃ​ដែល​អញ​បាន​ចាប់​ដៃ នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​នោះ​ទេ ព្រោះ​គេ​មិន​បាន​កាន់​ខ្ជាប់​តាម​សេចក្ដី​សញ្ញា​របស់​អញ​នោះ​ឡើយ ហើយ​អញ​បាន​បែរ​ចេញ​ពី​គេ​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់