អេសេគាល 27:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកស្រុកតើស៊ីស ជាអ្នកលក់ដូរនឹងឯង ដោយព្រោះឯងមានទ្រព្យសម្បត្តិគ្រប់មុខជាបរិបូរ គេដូរប្រាក់ដែក ស៊ីវិឡាត នឹងសំណឲ្យបានទំនិញពីឯង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកស្រុកតើស៊ីសជាអ្នកជំនួញជាមួយអ្នក ដោយព្រោះអ្នកមានទ្រព្យសម្បត្តិគ្រប់មុខជាបរិបូរ គេដូរប្រាក់ដែក ស៊ីវិឡាត និងសំណឲ្យបានទំនិញពីអ្នក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្រុកតើស៊ីសនាំគ្នាធ្វើជំនួញជាមួយអ្នក ពួកគេទិញរបស់របរដ៏សម្បូណ៌របស់អ្នក ពួកគេនាំប្រាក់ ដែក ស្ពាន់ និងសំណមកលក់ក្នុងផ្សាររបស់អ្នក។ អាល់គីតាប ស្រុកតើស៊ីសនាំគ្នាធ្វើជំនួញជាមួយអ្នក ពួកគេទិញរបស់របរដ៏សម្បូណ៌របស់អ្នក ពួកគេនាំប្រាក់ ដែក ស្ពាន់ និងសំណមកលក់ក្នុងផ្សាររបស់អ្នក។ |
ដ្បិតស្តេចទ្រង់មានក្រុមនាវាតើស៊ីស ដើរផ្លូវសមុទ្រ ជាមួយនឹងនាវារបស់ហ៊ីរ៉ាម ក្រុមនាវាតើស៊ីសនោះ ក៏ដឹកយកមាស ប្រាក់ ភ្លុក ទោច នឹងក្ងោកមកក្នុង៣ឆ្នាំ១ដង។
យ៉ូសាផាតក៏បានធ្វើក្រុមនាវាតើស៊ីស ដើម្បីនឹងទៅយកមាសពីស្រុកអូភារមក តែនាវាទាំងនោះមិនបានចេញទៅទេ ពីព្រោះត្រូវបាក់បែកទាំងអស់ នៅត្រង់ក្រុងអេស៊ាន-គេប៊ើរវិញ
ដ្បិតស្តេចមានក្រុមនាវា ដែលទៅឯតើស៊ីស ជាមួយនឹងពួកសំពៅរបស់ហ៊ីរ៉ាម ដឹកនាំមាស ប្រាក់ ភ្លុក ទោច នឹងក្ងោក មករាល់តែ៣ឆ្នាំត្រឡប់មកវិញម្តង។
ពួកក្សត្រនៃស្រុកតើស៊ីស នឹងកោះទាំងប៉ុន្មាន នឹងថ្វាយសួយអាករ ពួកក្សត្រនៃស្រុកសេបា នឹងស្រុកសាបា នឹងថ្វាយគ្រឿងបណ្ណាការដែរ
ឱកូនស្រីស្រុកតើស៊ីសអើយ ចូរដើរចុះឡើងក្នុងស្រុកឯងដូចជាទន្លេ គ្មានការឃាត់ឃាំងទៀតឡើយ
ឱពួកនាវាតើស៊ីសអើយ ចូរស្រែកទ្រហោយំចុះ ពីព្រោះទីមាំមួនរបស់ឯងបានត្រូវបំផ្លាញហើយ
ពិតប្រាកដជាអស់ទាំងកោះនឹងរង់ចាំអញ ហើយនាវាពីស្រុកតើស៊ីសនឹងមកមុនគេ ដើម្បីនឹងនាំពួកកូនប្រុសៗរបស់ឯងមកពីស្រុកឆ្ងាយ មានទាំងមាសប្រាក់របស់គេមកជាមួយផង ដោយព្រោះព្រះនាមព្រះយេហូវ៉ាជាព្រះនៃឯង ជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ដ្បិតទ្រង់បានលើកដំកើងឯងឡើង។
គេនាំយកប្រាក់ផែជាផ្ទាំងមកពីស្រុកតើស៊ីស នឹងមាសពីស្រុកអ៊ូផាស ជាស្នាដៃរបស់ជាងទង នឹងជាងស្មិត ក៏មានសំពត់ពណ៌ខៀវ នឹងពណ៌ស្វាយជាគ្រឿងតែង រូបនោះសុទ្ធតែជាការដែលដៃមនុស្សបានធ្វើទាំងអស់
ពួកក្រុងអើវ៉ាឌ ព្រមទាំងពួកកងទ័ពរបស់ឯង ជាអ្នកការពារនៅលើកំផែងជុំវិញ ហើយមានមនុស្សក្លៀវក្លានៅក្នុងប៉មទាំងប៉ុន្មានរបស់ឯង គេបានពាក់ព្យួរអស់ទាំងខែលរបស់គេនៅជញ្ជាំងជុំវិញ ពួកនោះបានធ្វើឲ្យសេចក្ដីលំអរបស់ឯងបានពេញខ្នាត។
ពួកយ៉ាវ៉ាន ពួកទូបាល ហើយពួកមែសេកជាអ្នកលក់ដូរនឹងឯង គេដូរខ្លួនមនុស្ស ព្រមទាំងគ្រឿងប្រដាប់លង្ហិនឲ្យបានទំនិញរបស់ឯង
ស្រុកស៊ីរីក៏ជាអ្នកលក់ដូរនឹងឯងដែរ ដោយព្រោះស្នាដៃដ៏បរិបូររបស់ឯង គេបានដូរកែវមរកត សំពត់ពណ៌ស្វាយ សំពត់ប៉ាក់ សំពត់ទេសឯកយ៉ាងម៉ដ្ត ផ្កាថ្ម នឹងត្បូងទទឹមឲ្យបានទំនិញរបស់ឯង
ពួកដាម៉ាសក៏ជួញប្រែនឹងឯងឲ្យបានស្នាដៃដ៏បរិបូររបស់ឯង ដោយព្រោះឯងមានទ្រព្យសម្បត្តិគ្រប់មុខយ៉ាងសន្ធឹក គេដូរដោយស្រាទំពាំងបាយជូរពីស្រុកហេលបូន នឹងរោមចៀមស
កាលទំនិញឯងបានចេញទៅតាមផ្លូវសមុទ្រ នោះឯងបានចំអែតដល់សាសន៍ជាច្រើន ឯងបានធ្វើឲ្យពួកស្តេចនៅផែនដីមានជាច្រើនឡើង ដោយសារទ្រព្យសម្បត្តិ នឹងទំនិញដ៏បរិបូររបស់ឯង
ដ្បិតដោយសារការជួញប្រែដ៏បរិបូររបស់ឯង នោះគេបានបំពេញឯងដោយសេចក្ដីច្រឡោត ហើយឯងបានធ្វើបាប ហេតុនោះអញបានបោះចោលឯងចេញពីភ្នំនៃព្រះ ទុកដូចជារបស់អាប់ឱនទៅវិញ ឱចេរូប៊ីនដែលគ្របបាំងអើយ អញបានបំផ្លាញឯងចេញពីកណ្តាលថ្មភ្លឺចាំងនោះទៅ
ឯងបានចំរើនទ្រព្យសម្បត្តិដោយសារប្រាជ្ញាដ៏ជ្រាលជ្រៅរបស់ឯង នឹងការជំនួញផង ហើយចិត្តឯងបានស្ទួយឡើង ដោយព្រោះទ្រព្យសម្បត្តិរបស់ឯង
ឯពួកសេបា ពួកដេដាន់ ពួកជំនួញរបស់ស្រុកតើស៊ីស ព្រមទាំងសិង្ហស្ទាវ ទាំងប៉ុន្មានរបស់ពួកទាំងនោះ គេនឹងសួរមកឯងថា តើលោកមកចាប់យករបឹបឬ តើបានប្រមូលពួកទាំងប៉ុន្មានរបស់លោក ដើម្បីនឹងចាប់យករំពាឬ តើចង់ដឹកយកប្រាក់ នឹងមាស ហើយនាំយកហ្វូងសត្វ នឹងទ្រព្យសម្បត្តិទៅឬ គឺចង់ប្លន់យករបឹបយ៉ាងច្រើនឬអី។
ប៉ុន្តែយ៉ូណាស លោកក្រោកឡើង រត់ទៅឯក្រុងតើស៊ីសវិញ ដើម្បីឲ្យរួចពីព្រះភក្ត្រនៃព្រះយេហូវ៉ា គឺលោកចុះទៅដល់ក្រុងយ៉ុបប៉េបានប្រទះនឹងនាវា១ ដែលរៀបចេញទៅឯក្រុងតើស៊ីស នោះលោកចេញប្រាក់ជាដំឡៃជិះ រួចក៏ចុះនាវានោះ ដើម្បីទៅឯតើស៊ីសជាមួយនឹងគេ ឲ្យរួចពីព្រះភក្ត្រព្រះយេហូវ៉ា។
ឯទំនិញនោះ គឺជាមាស ប្រាក់ ត្បូងមានដំឡៃ កែវមុក្តា សំពត់ទេស ព្រែ ល័ខពណ៌ស្វាយ ពណ៌ក្រហម ឈើក្រអូបគ្រប់យ៉ាង អស់ទាំងគ្រឿងធ្វើពីភ្លុក ហើយពីឈើមានដំឡៃ ពីលង្ហិន ពីដែក ហើយពីថ្មកែវ