មើល អញនៅជាមួយនឹងឯង អញនឹងថែរក្សាឯងនៅកន្លែងណាដែលឯងទៅ ហើយនឹងនាំឯងមកក្នុងស្រុកនេះវិញ ពីព្រោះអញមិនចោលឯងឡើយ ទាល់តែអញបានធ្វើសំរេចសេចក្ដីដែលអញបានប្រាប់ឯងហើយ។
អេសាយ 41:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកក្រីក្រ នឹងពួកកំសត់ទុគ៌ត គេរកទឹក តែគ្មានសោះ គេខះកដោយស្រេកទឹក ឯអញ គឺយេហូវ៉ា អញនឹងតបឆ្លើយនឹងគេ អញនេះ គឺជាព្រះនៃសាសន៍អ៊ីស្រាអែល អញនឹងមិនបោះបង់ចោលគេឡើយ ព្រះគម្ពីរខ្មែរសាកល មនុស្សទ័លក្រ និងមនុស្សខ្វះខាតនឹងស្វែងរកទឹក ប៉ុន្តែគ្មានសោះ អណ្ដាតរបស់ពួកគេស្ងួតទៅដោយព្រោះការស្រេកទឹក។ យើងជាយេហូវ៉ា យើងនឹងឆ្លើយតបនឹងពួកគេ យើងជាព្រះនៃអ៊ីស្រាអែល យើងនឹងមិនបោះបង់ចោលពួកគេឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកក្រីក្រ និងពួកកម្សត់ទុគ៌ត គេរកទឹក តែគ្មានសោះ គេខះកដោយស្រេកទឹក ឯយើង គឺព្រះយេហូវ៉ា យើងនឹងតបឆ្លើយនឹងគេ យើងនេះ គឺជាព្រះនៃសាសន៍អ៊ីស្រាអែល យើងនឹងមិនបោះបង់ចោលគេឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនក្រីក្រ និងជនទុគ៌តស្វែងរកទឹក តែរកពុំបានទេ គេស្រេកខះក។ យើងជាព្រះអម្ចាស់នឹងឆ្លើយតបចំពោះ ពាក្យអង្វររបស់ពួកគេ យើងជាព្រះនៃជនជាតិអ៊ីស្រាអែល នឹងមិនបោះបង់ចោលគេឡើយ។ អាល់គីតាប ជនក្រីក្រ និងជនទុគ៌តស្វែងរកទឹក តែរកពុំបានទេ គេស្រេកខះក។ យើងជាអុលឡោះតាអាឡានឹងឆ្លើយតបចំពោះ ពាក្យអង្វររបស់ពួកគេ យើងជាម្ចាស់នៃជនជាតិអ៊ីស្រអែល នឹងមិនបោះបង់ចោលគេឡើយ។ |
មើល អញនៅជាមួយនឹងឯង អញនឹងថែរក្សាឯងនៅកន្លែងណាដែលឯងទៅ ហើយនឹងនាំឯងមកក្នុងស្រុកនេះវិញ ពីព្រោះអញមិនចោលឯងឡើយ ទាល់តែអញបានធ្វើសំរេចសេចក្ដីដែលអញបានប្រាប់ឯងហើយ។
ដូច្នេះ ឱព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ ឥឡូវនេះ សូមទ្រង់បញ្ជាក់ព្រះបន្ទូលដែលទ្រង់បានមានបន្ទូលនឹងដាវីឌ ជាអ្នកបំរើទ្រង់ចុះ។
កំឡាំងទូលបង្គំហួតខ្សោះទៅ ដូចអំបែងឆ្នាំង អណ្តាតទូលបង្គំជាប់នៅក្រអូមមាត់ ទ្រង់បាននាំទូលបង្គំចុះទៅក្នុងធូលីនៃសេចក្ដីស្លាប់
ខ្ញុំ ជាមនុស្សវេទនានេះ បានអំពាវនាវទៅ នោះព្រះយេហូវ៉ាទ្រង់បានស្តាប់តាម ហើយជួយសង្គ្រោះឲ្យរួចពីសេចក្ដីលំបាកទាំងប៉ុន្មានរបស់ខ្លួន
យើងពីដើមនៅក្មេង ឥឡូវនេះចាស់ហើយ តែមិនដែលឃើញមនុស្សសុចរិតត្រូវលះបង់ចោល ឬពូជពង្សគេសូមទានអាហារឡើយ
ព្រលឹងទូលបង្គំស្រេករកព្រះ គឺព្រះដ៏មានព្រះជន្មរស់នៅ តើដល់កាលណាបានទូលបង្គំនឹងមកឈរចំពោះទ្រង់
ចូរអំពាវនាវដល់អញនៅថ្ងៃមានសេចក្ដីទុក្ខលំបាក នោះអញនឹងជួយឲ្យរួច ឯឯងនឹងលើកដំកើងដល់អញ។
ឱសូមកុំឲ្យពួកអ្នកដែលត្រូវគេសង្កត់សង្កិនបានមកវិញ ទាំងមានសេចក្ដីខ្មាសនោះឡើយ សូមឲ្យមនុស្សក្រីក្រ ហើយកំសត់ទុគ៌ត បានសរសើរដល់ព្រះនាមទ្រង់វិញ។
នៅទីនោះបណ្តាជនក៏ស្រេកទឹកជាខ្លាំង ហើយគេត្អូញត្អែរដាក់ម៉ូសេថា ហេតុអ្វីបានជាលោកនាំពួកយើងរាល់គ្នាចេញពីស្រុកអេស៊ីព្ទមក ដើម្បីសំឡាប់យើង ព្រមទាំងកូនចៅ នឹងហ្វូងសត្វយើងផង ដោយស្រេកទឹកដូច្នេះ
មើល អញនឹងឈរនៅមុខឯងនៅលើថ្មដាហូរែប ត្រូវឲ្យឯងវាយថ្មនោះ រួចនឹងមានទឹកចេញមកឲ្យគេផឹកហើយ នោះម៉ូសេក៏ធ្វើដូច្នោះ នៅមុខពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែល
អើ ឱជនជាតិនៅក្រុងស៊ីយ៉ូន ជាពួកអ្នកដែលអាស្រ័យនៅក្រុងយេរូសាឡិមអើយ ឯងនឹងមិនត្រូវយំទៀតឡើយ ទ្រង់នឹងមានព្រះគុណចំពោះឯង ដោយឮសំឡេងឯងស្រែក កាលណាទ្រង់ឮ នោះទ្រង់នឹងឆ្លើយមកឯង
អញនឹងនាំពួកមនុស្សខ្វាក់តាមផ្លូវ១ដែលគេមិនស្គាល់ អញនឹងដឹកគេតាមផ្លូវច្រកដែលគេមិនធ្លាប់ដើរ អញនឹងធ្វើឲ្យសេចក្ដីងងឹតបានភ្លឺឡើងនៅមុខគេ ហើយផ្លូវក្ងិចក្ងក់ឲ្យទៅជាត្រង់វិញ គឺការទាំងនេះដែលអញនឹងធ្វើ ហើយមិនបោះបង់ចោលគេឡើយ
ឯពួកសត្វតិរច្ឆានទាំងប៉ុន្មាននឹងសរសើរដល់អញ គឺទាំងចចក នឹងសត្វអូសទ្រីចផង ពីព្រោះអញឲ្យមានទឹកនៅក្នុងទីរហោស្ថាន នឹងទន្លេនៅសមុទ្រខ្សាច់ ដើម្បីឲ្យរាស្ត្រអញ គឺជាពួកជ្រើសរើសនោះបានទឹកផឹក
ដ្បិតអញនឹងចាក់ទឹកទៅលើអ្នកណាដែលកំពុងស្រេក ព្រមទាំងបង្ហូរទឹកទៅលើដីហួតហែងផង អញនឹងចាក់វិញ្ញាណអញទៅលើពូជពង្សរបស់ឯង ហើយពររបស់អញ ទៅលើកូនចៅរបស់ឯង
គេមិនបានស្រេកឡើយ កំពុងដែលទ្រង់នាំគេដើរកាត់សមុទ្រខ្សាច់ គឺទ្រង់បានធ្វើឲ្យមានទឹកហូរចេញពីថ្មដាសំរាប់គេ ទ្រង់ក៏បំប្រេះថ្មដា ឲ្យទឹកផុសចេញមក
គេនឹងមិនដែលស្រេកឃ្លានទៀត ឯចំហាយក្តៅឬព្រះអាទិត្យ នឹងមិនធ្វើទុក្ខគេ ដ្បិតព្រះដែលផ្តល់សេចក្ដីមេត្តាដល់គេ ទ្រង់នឹងនាំគេទៅ អើ ទ្រង់នឹងដឹកដៃគេនាំទៅតាមទីមានក្បាលទឹក
ហឺយ អស់អ្នកដែលស្រេកអើយ ចូរមកឯទីទឹកចុះ ឯអ្នកដែលគ្មានប្រាក់អើយ ចូរមកទិញ ហើយបរិភោគទៅ អើ ចូរមកទិញស្រាទំពាំងបាយជូរ នឹងទឹកដោះគោឥតបង់លុយ ឥតថ្លៃទេ
ព្រះយេហូវ៉ាទ្រង់នឹងនាំផ្លូវឯងជានិច្ច ហើយនឹងចំអែតព្រលឹងឯងនៅក្នុងទីហួតហែង ទ្រង់នឹងធ្វើឲ្យឆ្អឹងឯងបានមាំមួន ឯងនឹងបានដូចជាសួនច្បារដែលគេស្រោចទឹក ហើយដូចជាក្បាលទឹកដែលមិនខានហូរឡើយ
ព្រះវិញ្ញាណនៃព្រះអម្ចាស់យេហូវ៉ា ទ្រង់សណ្ឋិតលើខ្ញុំ ពីព្រោះព្រះយេហូវ៉ាទ្រង់បានចាក់ប្រេងតាំងខ្ញុំឲ្យផ្សាយដំណឹងល្អដល់មនុស្សទាល់ក្រ ទ្រង់បានចាត់ខ្ញុំឲ្យមក ដើម្បីនឹងប្រោសមនុស្សដែលមានចិត្តសង្រេង នឹងប្រកាសប្រាប់ពីសេចក្ដីប្រោសលោះដល់ពួកឈ្លើយ ហើយពីការដោះលែងដល់ពួកអ្នកដែលជាប់ចំណង
គេនឹងហៅពួកនោះថា ជាជនជាតិបរិសុទ្ធ គឺជាពួកដែលព្រះយេហូវ៉ាទ្រង់ប្រោសលោះ នោះឯងនឹងបានហៅថា ទីក្រុងដែលគេស្វែងរក ជាទីក្រុងដែលមិនត្រូវបង់ចោលឡើយ។
ហេតុនោះ ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះមើល ពួកអ្នកបំរើអញនឹងបានស៊ី តែឯងរាល់គ្នានឹងត្រូវឃ្លាន មើល ពួកអ្នកបំរើអញនឹងបានផឹក តែឯងរាល់គ្នានឹងត្រូវស្រេក មើល ពួកអ្នកបំរើអញនឹងអរសប្បាយ តែឯងរាល់គ្នានឹងត្រូវខ្មាស
គ្រានោះ មុនដែលគេអំពាវនាវ នោះអញនឹងតបឆ្លើយ ហើយកាលគេកំពុងតែចេញសំដីនៅឡើយ នោះអញនឹងស្តាប់ដែរ
ដ្បិតឯរបស់ទាំងនេះ គឺដៃអញដែលបានបង្កើតមក ហើយគឺយ៉ាងនោះដែលរបស់ទាំងនេះបានកើតមានឡើង នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ប៉ុន្តែអញនឹងយកចិត្តទុកដាក់ចំពោះមនុស្សយ៉ាងនេះវិញ គឺចំពោះអ្នកណាដែលក្រលំបាក ហើយមានចិត្តខ្ទេចខ្ទាំ ជាអ្នកដែលញ័រញាក់ ដោយឮពាក្យរបស់អញ
ដ្បិតអញបានចំអែតព្រលឹងមនុស្សដែលល្វើយ ហើយឯព្រលឹងព្រួយលំបាក នោះអញបានឲ្យស្កប់ចិត្តឡើងវិញ
អណ្តាតរបស់កូន ដែលនៅបៅ បានជាប់នៅក្រអូមមាត់ដោយស្រេក កូនតូចៗវាសូមនំបុ័ង តែគ្មានអ្នកណាកាច់ហុចឲ្យវាឡើយ
លោកក៏ប្រាប់ខ្ញុំថា ទឹកនេះហូរចេញទៅទិសខាងកើតធ្លាក់ចុះទៅដល់ស្រុកវាល រួចនឹងហូរធ្លាក់ទៅឯសមុទ្រ លុះហូរធ្លាក់ទៅក្នុងសមុទ្រហើយ នោះទឹកសមុទ្រនឹងទៅជាល្អវិញ
មានពរហើយ អស់អ្នកដែលមានសេចក្ដីកំសត់ខាងឯវិញ្ញាណ ដ្បិតនគរស្ថានសួគ៌ជារបស់ផងអ្នកទាំងនោះ
មានពរហើយ អស់អ្នកដែលស្រេកឃ្លាននូវសេចក្ដីសុចរិត ដ្បិតអ្នកទាំងនោះនឹងបានឆ្អែត
នោះគាត់ស្រែកឡើងថា ឱលោកអ័ប្រាហាំ ជាឪពុកអើយ សូមអាណិតមេត្តាខ្ញុំផង សូមឲ្យឡាសារមកជ្រលក់ចុងម្រាមដៃទៅក្នុងទឹក ដាក់លើអណ្តាតខ្ញុំឲ្យត្រជាក់បានបន្តិចផង ដ្បិតខ្ញុំវេទនានៅក្នុងភ្លើងនេះ
តែទ្រង់មានបន្ទូលមកខ្ញុំថា គុណរបស់អញល្មមដល់ឯងហើយ ដ្បិតកំឡាំងអញបានពេញខ្នាត ដោយសេចក្ដីកំសោយ ដូច្នេះ ខ្ញុំនឹងស៊ូអួតពីសេចក្ដីកំសោយរបស់ខ្ញុំ ដោយអំណរជាខ្លាំង ដើម្បីឲ្យព្រះចេស្តានៃព្រះគ្រីស្ទបានសណ្ឋិតនៅនឹងខ្ញុំ
ទ្រង់ក៏មានបន្ទូលមកខ្ញុំថា ស្រេចហើយ អញជាអាលផា នឹងអូមេកា គឺជាដើម ហើយជាចុង បើអ្នកណាស្រេក អញនឹងឲ្យអ្នកនោះផឹកពីរន្ធទឹកនៃជីវិតឥតយកថ្លៃ
ព្រះវិញ្ញាណ នឹងប្រពន្ធថ្មោងថ្មីពោលថា អញ្ជើញមក ហើយអ្នកណាដែលឮ ក៏ថា អញ្ជើញមកដែរ អ្នកណាដែលស្រេក នោះមានតែមក ហើយអ្នកណាដែលចង់បាន មានតែយកទឹកជីវិតនោះចុះ ឥតចេញថ្លៃទេ។