ទំនុកតម្កើង 74 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ទំនុកជាសេចក្ដីបង្រៀនរបស់អេសាភ។ 1 ឱព្រះអង្គអើយ ហេតុអ្វីបានជា ទ្រង់បោះបង់ចោលយើងខ្ញុំជាដរាប ហេតុអ្វីបានជាសេចក្ដីខ្ញាល់របស់ទ្រង់ហុយផ្សែងឡើង ទាស់នឹងហ្វូងចៀមដែលនៅទីវាលរបស់ទ្រង់ដូច្នេះ 2 សូមនឹកចាំពីពួកជំនុំដែលទ្រង់រើសបាន ពីកាលចាស់បុរាណ ជាពួកដែលទ្រង់បានលោះសំរាប់ជាពូជអំបូរ ដែលទ្រង់នឹងគ្រងជាមរដក គឺភ្នំស៊ីយ៉ូន ជាកន្លែងដែលទ្រង់បានគង់នៅ 3 សូមទ្រង់លើកព្រះបាទយាងមកឯកន្លែងដែលនៅ បាក់បែកជានិច្ច គឺមកឯការអាក្រក់ទាំងប៉ុន្មាន ដែលពួកខ្មាំងសត្រូវ បានធ្វើនៅក្នុងទីបរិសុទ្ធ។ 4 ៙ ពួកដែលតតាំងនឹងទ្រង់ បានស្រែកហ៊ោ នៅកណ្តាលជំនុំរបស់ទ្រង់ គេបានលើកទង់របស់គេឡើងជាទីសំគាល់ 5 គេមើលទៅដូចជាមនុស្សដែលលើកពូថៅឡើង ប្រុងនឹងកាប់ព្រៃញឹក 6 ឥឡូវនេះគេបំបាក់បំបែកអស់ទាំងក្បាច់ចំឡាក់ ដោយពូថៅ នឹងញញួរ 7 ក៏បានយកភ្លើងទៅដុតទីបរិសុទ្ធរបស់ទ្រង់ ព្រមទាំងបង្អាប់ទីលំនៅនៃព្រះនាមទ្រង់ឲ្យរាបចុះដល់ដី 8 ដោយនឹកក្នុងចិត្តថា ចូរយើងកំទេចចេញឲ្យអស់ គេក៏ដុតបំផ្លាញអស់ទាំងសាលាប្រជុំនៃព្រះ ដែលនៅក្នុងស្រុកដែរ។ 9 ៙ យើងខ្ញុំមិនឃើញទង់របស់យើងខ្ញុំទៀតទេ ក៏គ្មានហោរាណាទៀតឡើយ ហើយឥតមានអ្នកណាក្នុងពួកយើងខ្ញុំ ដែលដឹងជាការនេះ នឹងបានដល់យូរប៉ុណ្ណាដែរ 10 ឱព្រះអង្គអើយ ពួកទាស់ទទឹងនឹងដៀលត្មះ ដល់កាលណា តើពួកខ្មាំងសត្រូវនឹងប្រមាថដល់ព្រះនាមទ្រង់ជាដរាបឬ 11 ហេតុអ្វីបានជាទ្រង់ដកព្រះហស្ត គឺព្រះហស្តស្តាំនៃទ្រង់ចេញដូច្នេះ សូមទ្រង់ដកព្រះហស្តចេញពីព្រះឧរាមក ហើយបំផ្លាញគេចុះ។ 12 ៙ ប៉ុន្តែព្រះទ្រង់ជាមហាក្សត្រនៃទូលបង្គំ តាំងតែពីបុរាណមក ទ្រង់ក៏ប្រោសប្រទានសេចក្ដីសង្គ្រោះនៅកណ្តាលផែនដី 13 ទ្រង់បានញែកទឹកសមុទ្រដោយឫទ្ធិរបស់ទ្រង់ ក៏បានបំបែកក្បាលអស់ទាំងសត្វសំបើមនៅក្នុងទឹក 14 ទ្រង់បានកិនកំទេចក្បាលរបស់ក្រពើ ព្រមទាំងប្រទានសាច់វាទុកជាអាហារ ដល់ពួកមនុស្សដែលនៅទីរហោស្ថាន 15 ទ្រង់បានវាយបំប្រេះថ្ម ឲ្យមានក្បាលទឹក នឹងទឹកជ្រោះចេញមក ក៏ធ្វើឲ្យទន្លេដែលហូរជានិច្ច បានរីងស្ងួតទៅផង 16 ពេលថ្ងៃជារបស់ផងទ្រង់ ហើយពេលយប់ក៏ដែរ ទ្រង់បានបង្កើតពន្លឺ នឹងដួងព្រះអាទិត្យ 17 ទ្រង់បានតាំងព្រំខណ្ឌទាំងប៉ុន្មាននៃផែនដី ហើយកំណត់ឲ្យមានរដូវក្តៅ នឹងរដូវត្រជាក់។ 18 ៙ ឱព្រះយេហូវ៉ាអើយ សូមទ្រង់នឹកចាំថា ពួកខ្មាំងសត្រូវបានត្មះតិះដៀល ហើយថា សាសន៍១ដែលល្ងីល្ងើ បានប្រមាថដល់ព្រះនាមទ្រង់ហើយ 19 ឱសូមកុំប្រគល់ជីវិតនៃលលកទ្រង់ដល់សត្វព្រៃ សូមកុំភ្លេចពួកមនុស្សកំសត់របស់ទ្រង់ជាដរាបឡើយ 20 សូមទ្រង់យល់ដល់សេចក្ដីសញ្ញា ដ្បិតអស់ទាំងទីងងឹតនៅផែនដី បានពេញដោយទីអាស្រ័យនៃសេចក្ដីច្រឡោតហើយ 21 ឱសូមកុំឲ្យពួកអ្នកដែលត្រូវគេសង្កត់សង្កិនបានមកវិញ ទាំងមានសេចក្ដីខ្មាសនោះឡើយ សូមឲ្យមនុស្សក្រីក្រ ហើយកំសត់ទុគ៌ត បានសរសើរដល់ព្រះនាមទ្រង់វិញ។ 22 ៙ ឱព្រះអង្គអើយ សូមឈរឡើង ផ្ចាញ់គេពីដំណើរទ្រង់ សូមនឹកចាំពីបែបយ៉ាងណា ដែលមនុស្សល្ងីល្ងើបានត្មះតិះដៀលដល់ទ្រង់ រាល់ថ្ងៃជានិច្ច 23 សូមកុំភ្លេចពីសូរសំរែករបស់ពួកតតាំងនឹងទ្រង់ ឬសូរទ្រហឹងអឺងកងរបស់ពួកអ្នកដែលលើកគ្នា មកទាស់នឹងទ្រង់ ដែលចេះតែឮឡើងជានិច្ចនោះឡើយ។ |
© BFBS/UBS 1954, 1962. All Rights Reserved.
Bible Society in Cambodia