សេចក្ដីទៀងត្រង់ជាផ្លូវនៃមនុស្សសុចរិត គឺទ្រង់ ឱព្រះដ៏ទៀងត្រង់អើយ ទ្រង់ពិនិត្យពិចារណាអស់ទាំងផ្លូវច្រករបស់មនុស្សសុចរិត។
ផ្លូវរបស់មនុស្សសុចរិត គឺសេចក្ដីទៀងត្រង់។ ឱព្រះអង្គដ៏ទៀងត្រង់អើយ ព្រះអង្គទ្រង់ធ្វើឲ្យផ្លូវរបស់មនុស្សសុចរិតរាបស្មើ។
សេចក្ដីទៀងត្រង់ជាផ្លូវនៃមនុស្សសុចរិត គឺព្រះអង្គ ឱព្រះដ៏ទៀងត្រង់អើយ ព្រះអង្គពិនិត្យពិចារណាអស់ទាំងផ្លូវច្រករបស់មនុស្សសុចរិត។
ឱព្រះអម្ចាស់អើយ! ព្រះអង្គបង្ហាញឲ្យ មនុស្សសុចរិតស្គាល់មាគ៌ាដ៏ទៀងត្រង់ ព្រះអង្គពង្រាបមាគ៌ារបស់មនុស្សសុចរិត ឲ្យរាបស្មើ។
ឱអុលឡោះតាអាឡាអើយ! ទ្រង់បង្ហាញឲ្យ មនុស្សសុចរិតស្គាល់មាគ៌ាដ៏ទៀងត្រង់ ទ្រង់ពង្រាបមាគ៌ារបស់មនុស្សសុចរិត ឲ្យរាបស្មើ។
ឱព្រះនៃទូលបង្គំអើយ ទូលបង្គំក៏ដឹងហើយថា គឺទ្រង់ដែលល្បងលចិត្ត ហើយទ្រង់សព្វព្រះហឫទ័យនឹងសេចក្ដីទៀងត្រង់ ចំណែកទូលបង្គំ គឺដោយចិត្តទៀងត្រង់នោះឯង ដែលទូលបង្គំបានថ្វាយរបស់ទាំងនេះស្ម័គ្រពីចិត្ត ហើយឥឡូវនេះ ទូលបង្គំមានសេចក្ដីអំណរ ដោយឃើញរាស្ត្ររបស់ទ្រង់ ដែលប្រជុំនៅទីនេះ គេថ្វាយដល់ទ្រង់ ដោយស្ម័គ្រពីចិត្តដែរ
នោះសូមឲ្យព្រះថ្លឹងខ្ញុំ ដោយជញ្ជីងត្រឹមត្រូវ ដើម្បីឲ្យទ្រង់បានជ្រាបគំនិតទៀងត្រង់របស់ខ្ញុំ
ដ្បិតព្រះយេហូវ៉ាទ្រង់ជ្រាបផ្លូវរបស់មនុស្សសុចរិត តែផ្លូវរបស់មនុស្សអាក្រក់នឹងវិនាសទៅវិញ។
ព្រះយេហូវ៉ាទ្រង់គង់ក្នុងព្រះវិហារបរិសុទ្ធរបស់ទ្រង់ ឯបល្ល័ង្កនៃព្រះយេហូវ៉ា នោះនៅលើស្ថានសួគ៌ ព្រះនេត្រទ្រង់ទតមើល ត្របកព្រះនេត្រទ្រង់ពិចារណា មើលមនុស្សជាតិទាំងឡាយ
ដ្បិតព្រះយេហូវ៉ាទ្រង់សុចរិត ទ្រង់ក៏ស្រឡាញ់សេចក្ដីសុចរិតដែរ មនុស្សទៀងត្រង់នឹងបានឃើញព្រះភក្ត្រទ្រង់។
ឱព្រះយេហូវ៉ាអើយ សូមបង្ហាញអស់ទាំងផ្លូវរបស់ទ្រង់ ដល់ទូលបង្គំ សូមបង្រៀនទូលបង្គំក្នុងផ្លូវច្រករបស់ទ្រង់
សូមនាំ ហើយបង្រៀនទូលបង្គំ ក្នុងសេចក្ដីពិតរបស់ទ្រង់ផង ដ្បិតទ្រង់ជាព្រះដ៏ជួយសង្គ្រោះទូលបង្គំ ទូលបង្គំសង្ឃឹមដល់ទ្រង់ដរាបរាល់ថ្ងៃ
ឱព្រះយេហូវ៉ាអើយ សូមបង្រៀនផ្លូវទ្រង់ដល់ទូលបង្គំ ហើយដោយព្រោះមានពួកខ្មាំងសត្រូវ នោះសូមនាំទូលបង្គំទៅតាមផ្លូវរាបស្មើ
ដ្បិតនៅក្នុងមាត់ពួកនោះ គ្មានសេចក្ដីពិតឡើយ ខាងក្នុងគេមានសុទ្ធតែសេចក្ដីកាចអាក្រក់ បំពង់កគេជាផ្នូរខ្មោចនៅចំហ គេពោលបញ្ចើចដោយសារអណ្តាត
សេចក្ដីសុចរិតរបស់មនុស្សគ្រប់លក្ខណ៍នឹងដំរង់ផ្លូវខ្លួន តែមនុស្សអាក្រក់នឹងដួលដោយសារអំពើអាក្រក់របស់ខ្លួនវិញ។
មនុស្សសុចរិត គេដើរតាមផ្លូវទៀងត្រង់របស់ខ្លួនកូនចៅរបស់អ្នកនោះមានពរតរៀងទៅ។
ផ្លូវរបស់មនុស្សណា ដែលផ្ទុកដោយទោសច្រើននោះជាផ្លូវវៀចណាស់ តែចំណែកមនុស្សសុចរិតវិញ ការដែលគេប្រព្រឹត្តសុទ្ធតែទៀងត្រង់។
ត្រូវឲ្យទទួលស្គាល់ទ្រង់នៅគ្រប់ទាំងផ្លូវឯងចុះ នោះទ្រង់នឹងដំរង់អស់ទាំងផ្លូវច្រករបស់ឯង
តែផ្លូវរបស់មនុស្សសុចរិត ធៀបដូចជាពន្លឺ ដែលកំពុងតែរះឡើង ដែលភ្លឺកាន់តែខ្លាំងឡើង ដរាបដល់ពេញកំឡាំង
ទោះបើយ៉ាងនោះ គង់តែព្រះយេហូវ៉ាទ្រង់រង់ចាំឱកាសនឹងផ្តល់ព្រះគុណដល់ឯងរាល់គ្នាដែរ ហើយទោះបើយ៉ាងនោះក៏ដោយ គង់តែទ្រង់នឹងចាំឯងលើកដំកើងទ្រង់ឡើង ដើម្បីឲ្យទ្រង់មានសេចក្ដីអាណិតមេត្តាដល់ឯង ពីព្រោះព្រះយេហូវ៉ាទ្រង់ជាព្រះដ៏ប្រកបដោយយុត្តិធម៌។ មានពរហើយ អស់អ្នកណាដែលរង់ចាំទ្រង់
ហើយនៅទីនោះនឹងមានថ្នល់១ ជាផ្លូវដែលគេនឹងហៅថា «ផ្លូវបរិសុទ្ធ» ពួកមនុស្សស្មោកគ្រោកនឹងមិនដែលដើរតាមផ្លូវនោះឡើយ គឺផ្លូវនោះ នឹងទុកសំរាប់តែពួកអ្នក ដែលបានប្រោសលោះប៉ុណ្ណោះ ឯមនុស្សដែលដើរដំណើរ ទោះបើជាមនុស្សល្ងីល្ងើក៏ដោយ គង់តែមិនវង្វេងដែរ
អញនឹងនាំពួកមនុស្សខ្វាក់តាមផ្លូវ១ដែលគេមិនស្គាល់ អញនឹងដឹកគេតាមផ្លូវច្រកដែលគេមិនធ្លាប់ដើរ អញនឹងធ្វើឲ្យសេចក្ដីងងឹតបានភ្លឺឡើងនៅមុខគេ ហើយផ្លូវក្ងិចក្ងក់ឲ្យទៅជាត្រង់វិញ គឺការទាំងនេះដែលអញនឹងធ្វើ ហើយមិនបោះបង់ចោលគេឡើយ
ដ្បិតឯងរាល់គ្នានឹងមិនចេញទៅដោយរួសរាន់ទេ ក៏មិនត្រូវរត់ចេញឲ្យរួចខ្លួនដែរ ពីព្រោះព្រះយេហូវ៉ាទ្រង់នឹងយាងនាំមុខឯង ហើយព្រះនៃសាសន៍អ៊ីស្រាអែលទ្រង់នឹងការពារនៅខាងក្រោយឯងផង។
អ្នកនោះចូលទៅក្នុងសេចក្ដីសុខសាន្ត គេសំរាកនៅលើដំណេករបស់ខ្លួន គឺគ្រប់ទាំងមនុស្សដែលដើរតាមផ្លូវទៀងត្រង់។
ឱព្រះយេហូវ៉ាអើយ ទូលបង្គំដឹងថា ផ្លូវរបស់មនុស្សមិនស្រេចនៅខ្លួនគេទេ ហើយដែលដំរង់ជំហានរបស់ខ្លួន នោះក៏មិនស្រេចនៅមនុស្សដែលដើរដែរ
តើមានអ្នកណា ដែលមានប្រាជ្ញា ឲ្យយល់សេចក្ដីទាំងនេះបាន ឬមានគំនិតវាងវៃឲ្យបានស្គាល់សេចក្ដីទាំងនេះផង ដ្បិតអស់ទាំងផ្លូវរបស់ព្រះយេហូវ៉ាសុទ្ធតែទៀងត្រង់ ពួកអ្នកសុចរិតនឹងដើរក្នុងផ្លូវទាំងនោះ តែមនុស្សទុច្ចរិតនឹងចំពប់ដួលក្នុងផ្លូវនោះវិញ។:៚
តែព្រះយេហូវ៉ាដែលគង់នៅកណ្តាលវា ទ្រង់សុចរិតទេ ទ្រង់មិនព្រមប្រព្រឹត្តអំពើទុច្ចរិតសោះរាល់តែព្រឹក ទ្រង់នាំយកសេចក្ដីយុត្តិធម៌របស់ទ្រង់មកដាក់នៅពន្លឺ ឥតខានឡើយ តែមនុស្សអាក្រក់មិនចេះខ្មាសទេ
ដូច្នេះ កុំឲ្យចោទប្រកាន់ទោសគ្នាមុនកំណត់ឡើយ លុះត្រាតែព្រះអម្ចាស់ទ្រង់យាងមក ដែលទ្រង់នឹងយកអស់ទាំងអំពើលាក់កំបាំង ដែលធ្វើនៅទីងងឹត មកដាក់នៅទីភ្លឺវិញ ហើយនឹងបើកសំដែង ឲ្យឃើញអស់ទាំងគំនិត ក្នុងចិត្តរបស់មនុស្សផង នោះគ្រប់គ្នានឹងបានសេចក្ដីសរសើរពីព្រះរៀងខ្លួន។
ដ្បិតសេចក្ដីអំនួតរបស់យើងខ្ញុំ នោះគឺជាសេចក្ដីបន្ទាល់របស់បញ្ញាចិត្តយើងខ្ញុំ ដែលសំដែងថា យើងខ្ញុំបានប្រព្រឹត្តក្នុងលោកីយនេះ ហើយដល់អ្នករាល់គ្នាលើសទៅទៀត ដោយសេចក្ដីបរិសុទ្ធ នឹងសេចក្ដីស្មោះត្រង់របស់ព្រះ មិនមែនដោយប្រាជ្ញាខាងសាច់ឈាមឡើយ គឺដោយព្រះគុណនៃព្រះវិញ
ដ្បិតយើងរាល់គ្នាជាស្នាដៃដែលទ្រង់បង្កើតក្នុងព្រះគ្រីស្ទយេស៊ូវសំរាប់ការល្អ ដែលព្រះបានរៀបចំជាមុន ឲ្យយើងរាល់គ្នាប្រព្រឹត្តតាម។
គឺយ៉ាងនោះហើយ ដែលនឹងសំគាល់ថាជាពួកកូនព្រះ ឬពួកកូនអារក្សទៅបាន ឯអ្នកណាដែលមិនប្រព្រឹត្តសេចក្ដីសុចរិត ហើយមិនស្រឡាញ់ដល់បងប្អូន នោះមិនមែនមកពីព្រះទេ
កូនតូចៗរាល់គ្នាអើយ ចូរកុំឲ្យអ្នកណានាំអ្នករាល់គ្នាឲ្យវង្វេងឡើយ អ្នកណាដែលប្រព្រឹត្តសេចក្ដីសុចរិត នោះឈ្មោះថាសុចរិតហើយ ដូចជាទ្រង់ក៏សុចរិតដែរ