អេសាយ 24:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ការសប្បាយដោយវាយក្រាប់បានបាត់ឈឹង សំឡេងរបស់ពួកអ្នកដែលកំពុងតែរីករាយក៏ផុត ហើយសេចក្ដីអំណរដោយដេញស៊ុងក៏អស់ទៅ ព្រះគម្ពីរខ្មែរសាកល សេចក្ដីរីករាយពីក្រាប់បានបាត់ សូរសន្ធឹកដ៏រីករាយបានឈប់ ហើយសេចក្ដីរីករាយពីពិណហាបក៏អស់ទៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ការសប្បាយដោយវាយក្រាប់បានបាត់ឈឹង សំឡេងរបស់ពួកអ្នកដែលកំពុងតែរីករាយក៏ផុត ហើយអំណរដោយដេញស៊ុងក៏អស់ទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សំឡេងស្គររបាំដ៏សប្បាយលែងឮទៀតហើយ សំឡេងហ៊ោខ្ញៀវខ្ញារក៏ត្រូវចប់ ហើយសំឡេងចាប៉ីដ៏ពីរោះ ក៏លែងមានទៀតដែរ។ អាល់គីតាប សំឡេងស្គររបាំដ៏សប្បាយលែងឮទៀតហើយ សំឡេងហ៊ោខ្ញៀវខ្ញារក៏ត្រូវចប់ ហើយសំឡេងចាប៉ីដ៏ពីរោះ ក៏លែងមានទៀតដែរ។ |
ហេតុនោះបានជាស៊ុងខ្ញុំបានត្រឡប់ជាសេចក្ដីសោកសៅ ហើយខ្លុយខ្ញុំបានទៅជាសំឡេងនៃពួកអ្នកដែលយំទួញវិញ។
ដូច្នេះ សេចក្ដីអំណរនឹងសេចក្ដីរីករាយបានដកចេញពីស្រែចំការដ៏ដុះដាលរបស់ឯង នៅក្នុងចំការទំពាំងបាយជូរឥតមានឮសូរច្រៀង ឬសំឡេងអំណរឡើយ ក៏នឹងគ្មានអ្នកណាជាន់បញ្ចេញទឹកទំពាំងបាយជូរ នៅក្នុងធុងដែរ អញបានបញ្ឈប់សូរសំរែក នៃការធ្វើទំពាំងបាយជូរហើយ
ជាពួកអ្នកដែលមានស៊ុង ពិណ ក្រាប់ ខ្លុយ នឹងស្រាទំពាំងបាយជូរក្នុងការស៊ីលៀងរបស់គេ តែគេមិនយកចិត្តទុកដាក់ ចំពោះស្នាដៃរបស់ព្រះយេហូវ៉ាទេ ក៏មិនពិចារណាពីការដែលព្រះហស្តទ្រង់ធ្វើដែរ។
ដូច្នេះ ស្ថានឃុំព្រលឹងមនុស្សស្លាប់បានរីកធំឡើង ព្រមទាំងហាមាត់ជាធំហួសប្រមាណ ឯពួករុងរឿងឧត្តម ពួកណែនណាន់តាន់តាប់ ពួកអ៊ឹកធឹក នឹងពួកអ្នកដែលរីករាយសប្បាយក្នុងពួកគេ ក៏ចុះទៅឯស្ថាននោះ
ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះថា មើល នៅគ្រាអាយុឯង ហើយនៅចំពោះភ្នែកឯង នោះអញនឹងធ្វើឲ្យសំឡេងរីករាយ នឹងសំឡេងអរសប្បាយព្រមទាំងសំឡេងប្ដីប្រពន្ធថ្មោងថ្មីបាត់ចេញពីទីនេះទៅ។
មួយទៀត អញនឹងបំបាត់សំឡេងអរសប្បាយ នឹងសំឡេងរីករាយ សំឡេងប្ដីប្រពន្ធថ្មោងថ្មី នឹងសូរត្បាល់កិន ហើយពន្លឺចង្កៀងពីពួកគេចេញ
នៅគ្រានោះអញនឹងធ្វើឲ្យបាត់ឮសំឡេងអំណរ នឹងសំឡេងរីករាយ ជាសំឡេងរបស់ប្ដីប្រពន្ធថ្មោងថ្មី ពីអស់ទាំងក្រុងស្រុកយូដា ហើយពីផ្លូវក្រុងយេរូសាឡិមទៅ ពីព្រោះស្រុកនេះនឹងត្រឡប់ជាទីសូន្យបង់។
ពីដើមឯងបាននៅក្នុងច្បារអេដែនជាសួនរបស់ព្រះ ឯងបានប្រដាប់កាយដោយត្បូងដ៏មានដំឡៃគ្រប់មុខ គឺសាមស៊ី ទោបុ័ត ពេជ្រ បេរីល អូនីក្ស មណីជោតិ កណ្តៀង មរកត បារកេត ហើយនឹងមាស ឯក្រាប់នឹងខ្លុយរបស់ឯង នោះបានត្រៀមទុកសំរាប់ឯងតាំងពីថ្ងៃដែលឯងកើតមក
ក៏នឹងបំបាត់សណ្ឋានរីករាយរបស់នាង ព្រមទាំងបុណ្យសម្ពោទ្យ បុណ្យថ្ងៃចូលខែ ថ្ងៃឈប់សំរាក ហើយអស់ទាំងជំនុំមុតមាំរបស់នាងផង
ដូច្នេះពួកអ្នកទាំងនោះនឹងត្រូវចាប់នាំទៅជាឈ្លើយ ជាមួយនឹងពួកអ្នកដែលទៅជាឈ្លើយជាមុនដំបូង នោះការលេងសប្បាយរបស់ពួកអ្នក ដែលមិនពត់ខ្លួន នឹងសូន្យបាត់ទៅ
ក៏នឹងគ្មានឮសំឡេងនៃពួកអ្នកចាប់ស៊ុង ច្រៀងចំរៀង ផ្លុំខ្លុយ នឹងត្រែ នៅក្នុងឯងទៀតឡើយ ហើយមិនឃើញមានជាងណា ដែលធ្វើការអ្វីក៏ដោយនៅក្នុងឯង ឬឮសូរត្បាល់កិន នៅក្នុងឯងទៀតឡើយ