មើល អញនៅជាមួយនឹងឯង អញនឹងថែរក្សាឯងនៅកន្លែងណាដែលឯងទៅ ហើយនឹងនាំឯងមកក្នុងស្រុកនេះវិញ ពីព្រោះអញមិនចោលឯងឡើយ ទាល់តែអញបានធ្វើសំរេចសេចក្ដីដែលអញបានប្រាប់ឯងហើយ។
ហេព្រើរ 13:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរឲ្យកិរិយាដែលអ្នករាល់គ្នាប្រព្រឹត្ត បានឥតលោភឡើយ ឲ្យស្កប់ចិត្តនឹងរបស់ដែលមានហើយប៉ុណ្ណោះចុះ ដ្បិតទ្រង់មានបន្ទូលថា «អញនឹងមិនចាកចេញពីឯង ក៏មិនបោះបង់ចោលឯងឡើយ» ព្រះគម្ពីរខ្មែរសាកល ចូរមានរបៀបរស់នៅដែលប្រាសចាកពីការស្រឡាញ់លុយ ទាំងស្កប់ចិត្តនឹងអ្វីដែលខ្លួនមាន ដ្បិតព្រះមានបន្ទូលថា:“យើងនឹងមិនចាកចោលអ្នកសោះឡើយ យើងនឹងមិនបោះបង់អ្នកចោលជាដាច់ខាត”។ Khmer Christian Bible ចូរកុំរស់នៅដោយការស្រឡាញ់លុយឡើយ ចូរស្កប់ចិត្តនឹងអ្វីដែលមាននៅពេលនេះចុះ ដ្បិតព្រះអង្គមានបន្ទូលថា៖ «យើងមិនចាកចេញពីអ្នក ហើយក៏មិនបោះបង់អ្នកចោលជាដាច់ខាត»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កុំបណ្ដោយឲ្យជីវិតអ្នករាល់គ្នាឈ្លក់នឹងការស្រឡាញ់ប្រាក់ឡើយ ហើយសូមឲ្យស្កប់ចិត្តនឹងអ្វីដែលខ្លួនមានចុះ ដ្បិតព្រះអង្គមានព្រះបន្ទូលថា «យើងនឹងមិនចាកចេញពីអ្នក ក៏មិនបោះបង់ចោលអ្នកឡើយ» ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កុំបណ្ដោយខ្លួនឲ្យឈ្លក់នឹងការស្រឡាញ់ប្រាក់ឡើយ គឺត្រូវស្កប់ចិត្តនឹងទ្រព្យសម្បត្តិ ដែលបងប្អូនមាននៅពេលនេះ ដ្បិតព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងមិនទុកអ្នកចោល ហើយក៏មិនបោះបង់អ្នកចោលដែរ»។ អាល់គីតាប កុំបណ្ដោយខ្លួនឲ្យឈ្លក់នឹងការស្រឡាញ់ប្រាក់ឡើយ គឺត្រូវស្កប់ចិត្ដនឹងទ្រព្យសម្បត្តិ ដែលបងប្អូនមាននៅពេលនេះ ដ្បិតអុលឡោះមានបន្ទូលថា៖ «យើងនឹងមិនទុកអ្នកចោល ហើយក៏មិនបោះបង់អ្នកចោលដែរ»។ |
មើល អញនៅជាមួយនឹងឯង អញនឹងថែរក្សាឯងនៅកន្លែងណាដែលឯងទៅ ហើយនឹងនាំឯងមកក្នុងស្រុកនេះវិញ ពីព្រោះអញមិនចោលឯងឡើយ ទាល់តែអញបានធ្វើសំរេចសេចក្ដីដែលអញបានប្រាប់ឯងហើយ។
នោះឡាបាន់សួរថា តើចង់ឲ្យអញឲ្យអ្វីដល់ឯង យ៉ាកុបឆ្លើយថា មិនត្រូវឲ្យអ្វីមកខ្ញុំសោះ បើលោកឪពុកនឹងធ្វើដូច្នេះ នោះខ្ញុំនឹងនៅឃ្វាល ហើយថែរក្សាហ្វូងសត្វរបស់លោកឪពុកទៀត
ប្រាប់ថា អញឃើញឫកពារបស់ឪពុកឯងហាក់ដូចជាមិនសូវស្រួលនឹងអញដូចពីដើមសោះ តែព្រះនៃឪពុកអញទ្រង់បានគង់នៅជាមួយនឹងអញ
សូមឲ្យព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា បានគង់ជាមួយនឹងយើង ដូចជាទ្រង់បានគង់ជាមួយនឹងពួកឰយុកោយើងដែរ សូមកុំឲ្យទ្រង់លះបង់ ឬទុកយើងរាល់គ្នាចោលឡើយ
ដាវីឌទ្រង់មានបន្ទូលនឹងសាឡូម៉ូនជាព្រះរាជបុត្រាថា ចូរមានកំឡាំង នឹងចិត្តក្លាហានឡើង ហើយធ្វើសំរេចចុះ កុំឲ្យខ្លាច ឬរសាយចិត្តឡើយ ដ្បិតព្រះយេហូវ៉ាដ៏ជាព្រះ គឺជាព្រះនៃអញ ទ្រង់គង់នៅជាមួយនឹងឯង ទ្រង់មិនដែលខាននឹងជួយឯងឡើយ ក៏មិនបោះបង់ចោលឯងដែរ ដរាបដល់អស់ទាំងការ ដែលធ្វើព្រះវិហារនៃព្រះយេហូវ៉ានេះបានសំរេច
ដ្បិតមនុស្សអាក្រក់ គេអួតពីបំណងក្នុងចិត្តគេ ឯមនុស្សលោភ ក៏លះបង់ព្រះយេហូវ៉ា អើ គេមើលងាយដល់ទ្រង់ផង
សូមធ្វើឲ្យចិត្តទូលបង្គំល្អៀងទៅខាងសេចក្ដីបន្ទាល់ របស់ទ្រង់ កុំឲ្យល្អៀងទៅខាងសេចក្ដីលោភឡើយ
យើងពីដើមនៅក្មេង ឥឡូវនេះចាស់ហើយ តែមិនដែលឃើញមនុស្សសុចរិតត្រូវលះបង់ចោល ឬពូជពង្សគេសូមទានអាហារឡើយ
ដ្បិតព្រះយេហូវ៉ាទ្រង់សព្វព្រះទ័យនឹងសេចក្ដីយុត្តិធម៌ ក៏មិនដែលបោះបង់ចោលពួកបរិសុទ្ធរបស់ទ្រង់ឡើយ ទ្រង់ថែរក្សាគេអស់កល្បជានិច្ច តែពូជរបស់មនុស្សអាក្រក់នឹងត្រូវកាត់ចេញវិញ
ឯម៉ូសេ លោកក៏សុខចិត្តព្រមនៅជាមួយនឹងរេហួល ហើយរេហួលឲ្យកូនស្រីម្នាក់ ឈ្មោះសេផូរ៉ា ទៅធ្វើជាប្រពន្ធ
កុំឲ្យលោភចង់បានផ្ទះអ្នកជិតខាងខ្លួនឲ្យសោះ ក៏កុំឲ្យលោភចង់បានប្រពន្ធគេ ឬបាវប្រុសបាវស្រីគេក្តី ឬគោ លា ឬរបស់អ្វីផងអ្នកជិតខាងខ្លួនឲ្យសោះ។
កុំឲ្យនឿយហត់ដល់ខ្លួន ដើម្បីឲ្យបានជាអ្នកមានឡើយ ក៏កុំឲ្យប្រើប្រាជ្ញាឲ្យបានមានឡើងដែរ
កុំឲ្យភ័យខ្លាចឡើយ ដ្បិតអញនៅជាមួយនឹងឯង កុំឲ្យស្រយុតចិត្តឲ្យសោះ ពីព្រោះអញជាព្រះនៃឯង អញនឹងចំរើនកំឡាំងដល់ឯង អើ អញនឹងជួយឯង អើ អញនឹងទ្រឯង ដោយដៃស្តាំដ៏សុចរិតរបស់អញ
ពួកក្រីក្រ នឹងពួកកំសត់ទុគ៌ត គេរកទឹក តែគ្មានសោះ គេខះកដោយស្រេកទឹក ឯអញ គឺយេហូវ៉ា អញនឹងតបឆ្លើយនឹងគេ អញនេះ គឺជាព្រះនៃសាសន៍អ៊ីស្រាអែល អញនឹងមិនបោះបង់ចោលគេឡើយ
អញនឹងនាំពួកមនុស្សខ្វាក់តាមផ្លូវ១ដែលគេមិនស្គាល់ អញនឹងដឹកគេតាមផ្លូវច្រកដែលគេមិនធ្លាប់ដើរ អញនឹងធ្វើឲ្យសេចក្ដីងងឹតបានភ្លឺឡើងនៅមុខគេ ហើយផ្លូវក្ងិចក្ងក់ឲ្យទៅជាត្រង់វិញ គឺការទាំងនេះដែលអញនឹងធ្វើ ហើយមិនបោះបង់ចោលគេឡើយ
ពីព្រោះចាប់តាំងតែពីអ្នកតូចបំផុត ទៅដល់អ្នកធំបំផុតក្នុងពួកគេ នោះសុទ្ធតែលង់ទៅក្នុងសេចក្ដីលោភ ហើយចាប់តាំងពីហោរា ទៅដល់សង្ឃ នោះគ្រប់គ្នាក៏ប្រព្រឹត្តដោយភូតភរដែរ
គេក៏មកឯឯង ដូចជាបណ្តាជនទាំងឡាយធ្លាប់មក ហើយគេអង្គុយនៅមុខឯង ដូចជារាស្ត្រអញ ក៏ស្តាប់អស់ទាំងពាក្យរបស់ឯង តែមិនប្រព្រឹត្តតាមទេ ដ្បិតបបូរមាត់គេសំដែងចេញជាសេចក្ដីស្រឡាញ់យ៉ាងខ្លាំង តែចិត្តគេដេញតាមរកកំរៃដល់ខ្លួនវិញ
កុំឲ្យប្រមូលទ្រព្យសម្បត្តិ ទុកសំរាប់ខ្លួន នៅផែនដី ជាកន្លែងដែលមានកន្លាត នឹងច្រែះស៊ីបំផ្លាញ ហើយចោរទំលុះប្លន់នោះឡើយ
ដោយហេតុនេះបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា កុំឲ្យខ្វល់ខ្វាយនឹងជីវិត ដែលនឹងបរិភោគអ្វី ឬនឹងរូបកាយ ដែលនឹងស្លៀកពាក់អ្វីនោះឡើយ ឯជីវិត តើមិនវិសេសជាងចំណីអាហារ ហើយរូបកាយ តើមិនវិសេសជាងសំលៀកបំពាក់ទេឬអី
ដូច្នេះ កុំឲ្យខ្វល់ខ្វាយនឹងថ្ងៃស្អែកឡើយ ពីព្រោះថ្ងៃស្អែកនឹងខ្វល់ខ្វាយ ចំពោះការរបស់ថ្ងៃនោះឯង សេចក្ដីលំបាកនៅថ្ងៃណា នោះគឺល្មមត្រឹមថ្ងៃនោះហើយ។
លួចប្លន់ លោភោ ខិលខូច ឧបាយកល អាសអាភាស ភ្នែកអាក្រក់ ជេរប្រមាថ ឆ្មើងឆ្មៃ នឹងសេចក្ដីចំកួត
ក៏មានពួកទាហានសួរគាត់ដែរថា ឯយើងខ្ញុំ តើត្រូវធ្វើដូចម្តេច គាត់ឆ្លើយថា កុំឲ្យសង្កត់សង្កិន ឬចោទបង្កាច់អ្នកឯណាឡើយ ចូរស្កប់ចិត្តតែនឹងប្រាក់ខែរបស់អ្នករាល់គ្នាប៉ុណ្ណោះ។
ឯពូជដែលធ្លាក់ទៅក្នុងបន្លា គឺអស់អ្នកដែលបានឮ រួចចេញទៅ នោះសេចក្ដីខ្វល់ខ្វាយ នឹងទ្រព្យសម្បត្តិ ហើយនឹងសេចក្ដីស្រើបស្រាលនៅជីវិតនេះ ក៏ចូលមកខ្ទប់ជិត មិនឲ្យបង្កើតផលផ្លែដ៏ពេញលេញបានឡើយ
ជាមនុស្សមានពេញដោយសេចក្ដីទុច្ចរិតគ្រប់យ៉ាង គឺសេចក្ដីកំផិត សេចក្ដីកំណាច សេចក្ដីលោភ នឹងសេចក្ដីព្យាបាទ ក៏មានសេចក្ដីឈ្នានីស នឹងការកាប់សំឡាប់ ឈ្លោះប្រកែក កិច្ចកល គំនិតខិលខូចដ៏ពោរពេញផង
គឺខ្ញុំបានសរសេរមកអ្នករាល់គ្នា ដោយន័យយ៉ាងនេះថា បើមានអ្នកណានៅក្នុងពួកជំនុំ ជាមនុស្សកំផិត ឬលោភ ឬថ្វាយបង្គំរូបព្រះ ឬជេរប្រមាថ ជាអ្នកប្រមឹក ឬប្លន់កំហែង នោះមិនត្រូវឲ្យភប់ប្រសព្វនឹងគេឡើយ ក៏មិនត្រូវទាំងបរិភោគជាមួយនឹងគេផង
ពួកចោរ ពួកមនុស្សលោភ ពួកប្រមឹក ពួកត្មះតិះដៀល នឹងពួកប្លន់កំហែង នោះមិនដែលបានគ្រងនគរព្រះទុកជាមរដកឡើយ
មានគេធ្វើទុក្ខ តែមិនមែនត្រូវចោលនៅម្នាក់ឯងទេ ត្រូវគេវាយដួលស្តូក តែមិនស្លាប់ទេ
ឯសេចក្ដីកំផិត សេចក្ដីស្មោកគ្រោកគ្រប់យ៉ាង នឹងសេចក្ដីលោភ នោះមិនត្រូវទាំងឲ្យឮឈ្មោះក្នុងពួកអ្នករាល់គ្នាផង ដូចជាគួរគប្បីក្នុងពួកបរិសុទ្ធ
ដ្បិតអ្នករាល់គ្នាដឹងថា គ្មានមនុស្សកំផិត ឬស្មោកគ្រោក ឬលោភ គឺជាមនុស្សថ្វាយបង្គំរូបព្រះ ដែលនឹងគ្រងមរដកក្នុងនគរនៃព្រះគ្រីស្ទ ហើយនៃព្រះផងបានឡើយ
ដូច្នេះចូរមានកំឡាំង ហើយចិត្តក្លាហានឡើង កុំឲ្យខ្លាច ឬមានសេចក្ដីភ័យញ័រចំពោះគេឡើយ ដ្បិតគឺព្រះយេហូវ៉ាជាព្រះនៃឯង ដែលយាងទៅជាមួយនឹងឯង ទ្រង់មិនដែលខាននឹងប្រោសឯងទេ ក៏មិនដែលលះចោលឯងដែរ។
គឺព្រះយេហូវ៉ាដែលនឹងយាងនាំមុខឯងទៅ ព្រមទាំងគង់ជាមួយនឹងឯង ទ្រង់មិនដែលខាននឹងប្រោសឯងឡើយ ក៏មិនដែលលះចោលឯងដែរ ដូច្នេះកុំឲ្យខ្លាច ឬស្រយុតចិត្តឲ្យសោះ។
ដ្បិតព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់ជាព្រះដ៏មានសេចក្ដីមេត្តាករុណា ទ្រង់មិនខាននឹងប្រោសឯងទេ ក៏មិនបំផ្លាញឯង ឬភ្លេចសេចក្ដីសញ្ញាដែលទ្រង់បានស្បថនឹងពួកឰយុកោឯងឡើយ។
ដូច្នេះ ចូរសំឡាប់និស្ស័យសាច់ឈាមរបស់អ្នករាល់គ្នា ដែលនៅផែនដីនេះចេញ គឺជាការសហាយស្មន់ស្មោកគ្រោក សំរើបសំរាល ប៉ងប្រាថ្នាអាក្រក់ នឹងសេចក្ដីលោភ ដែលរាប់ទុកដូចជាការថ្វាយបង្គំរូបព្រះ
មិនត្រូវជាអ្នកចំណូលស្រា ឬឈ្លោះប្រកែក ឬស៊ីសំណូកឡើយ ត្រូវមានចិត្តស្លូតបូត ឥតរករឿងរកហេតុ ឥតលោភចង់បានប្រាក់
នឹងគ្មានអ្នកណាអាចឈរនៅមុខឯង នៅគ្រប់១ជីវិតឯងបានឡើយ អញនឹងនៅជាមួយនឹងឯង ដូចជាបាននៅជាមួយនឹងម៉ូសេដែរ អញមិនដែលខាននឹងប្រោសឯង ក៏មិនដែលបោះបង់ចោលឯងឡើយ
ដ្បិតខ្ញុំបានឃើញអាវ១យ៉ាងល្អពីស្រុកស៊ីណើរ នឹងប្រាក់២រយរៀល ហើយមាស១ដុលទំងន់៥០ដំឡឹងនៅក្នុងរបឹប នោះខ្ញុំកើតមានចិត្តលោភចង់បាន រួចក៏យកទៅ មើល របស់ទាំងនោះបានកប់នៅក្នុងដី នាកណ្តាលត្រសាលរបស់ខ្ញុំ ឯប្រាក់នៅជាខាងក្រោម។
គេមានចិត្តនឹកឃើញតែស្រីសំផឹង គេមិនចេះលែងធ្វើបាបឡើយ ក៏បិទនុយចាប់ព្រលឹងមនុស្សដែលមិនខ្ជាប់ខ្ជួន ហើយមានចិត្តធ្លាប់ខាងឯសេចក្ដីលោភ គឺជាមនុស្សដែលត្រូវបណ្តាសា
ហើយដោយគេមានចិត្តលោភ នោះគេនឹងប្រើអ្នករាល់គ្នាឲ្យបានចំណេញ ដោយពោលពាក្យបញ្ឆោតបំពោត តែតាំងពីយូរមកហើយ សេចក្ដីជំនុំជំរះគេមិននៅស្ងៀមស្ងាត់ទេ ហើយសេចក្ដីហិនវិនាសរបស់គេក៏មិនងុយងោកដែរ។
វេទនាដល់មនុស្សទាំងនោះ ពីព្រោះគេបានទៅតាមផ្លូវរបស់កាអ៊ីន ក៏ស្ទុះទៅក្នុងសេចក្ដីខុសឆ្គងរបស់បាឡាម ឲ្យតែបានកំរៃ ហើយគេត្រូវវិនាសក្នុងការបះបោររបស់កូរេទៅ
កាលណាទីសំគាល់ទាំងនេះបានកើតមកដល់អ្នកហើយ នោះត្រូវឲ្យអ្នកធ្វើតាមទំនងនៅឱកាសនោះចុះ ដ្បិតព្រះទ្រង់គង់ជាមួយនឹងអ្នកហើយ
ដ្បិតព្រះយេហូវ៉ាទ្រង់មិនបោះបង់ចោលរាស្ត្រទ្រង់ឡើយ ដោយព្រោះទ្រង់យល់ដល់ព្រះនាមទ្រង់ដ៏ជាធំ ពីព្រោះព្រះយេហូវ៉ាបានសព្វព្រះហឫទ័យ នឹងយកអ្នករាល់គ្នា ធ្វើជារាស្ត្ររបស់ទ្រង់