ដ្បិតព្រះយេហូវ៉ាទ្រង់នឹងវិនិច្ឆ័យរាស្ត្រទ្រង់ ហើយនឹងប្រែព្រះហឫទ័យចំពោះពួកអ្នកបំរើទ្រង់។
ហេព្រើរ 10:30 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតយើងស្គាល់ព្រះអង្គដែលទ្រង់មានបន្ទូលថា «សេចក្ដីសងសឹកជារបស់ផងអញ អញនឹងសងគេ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់» ហើយ១ទៀតថា «ព្រះអម្ចាស់ទ្រង់នឹងជំនុំជំរះរាស្ត្រទ្រង់» ព្រះគម្ពីរខ្មែរសាកល ដ្បិតយើងស្គាល់ព្រះអង្គដែលមានបន្ទូលថា:“ការដាក់ទោសសងសឹកជារបស់យើង យើងនឹងតបសងវិញ” ហើយព្រះអង្គមានបន្ទូលទៀតថា:“ព្រះអម្ចាស់នឹងជំនុំជម្រះប្រជារាស្ត្ររបស់ព្រះអង្គ”។ Khmer Christian Bible ដ្បិតយើងស្គាល់ព្រះអង្គដែលបានមានបន្ទូលថា៖ «ការសងសឹកស្រេចលើយើង យើងនឹងតបស្នងពួកគេវិញ»។ ព្រះអង្គមានបន្ទូលទៀតថា៖ «ព្រះអម្ចាស់នឹងជំនុំជម្រះរាស្ដ្ររបស់ព្រះអង្គ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតយើងស្គាល់ព្រះអង្គដែលមានព្រះបន្ទូលថា៖ «ការសងសឹកជារបស់យើង យើងនឹងសងដល់គេ» ហើយមួយទៀតថា «ព្រះអម្ចាស់នឹងជំនុំជម្រះប្រជារាស្ត្ររបស់ព្រះអង្គ» ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតយើងស្គាល់ព្រះជាម្ចាស់ដែលមានព្រះបន្ទូលថា«ការសងសឹកស្រេចតែនៅលើយើង គឺយើងទេតើដែលនឹងតបស្នងដល់គេ» ហើយ «ព្រះអម្ចាស់នឹងវិនិច្ឆ័យទោសប្រជារាស្ដ្ររបស់ព្រះអង្គ» ។ អាល់គីតាប ដ្បិតយើងស្គាល់អុលឡោះដែលមានបន្ទូលថា«ការសងសឹកស្រេចតែនៅលើយើង គឺយើងទេតើដែលនឹងតបស្នងដល់គេ» ហើយ «អុលឡោះជាអម្ចាស់នឹងវិនិច្ឆ័យទោសប្រជារាស្ដ្ររបស់ទ្រង់»។ |
ដ្បិតព្រះយេហូវ៉ាទ្រង់នឹងវិនិច្ឆ័យរាស្ត្រទ្រង់ ហើយនឹងប្រែព្រះហឫទ័យចំពោះពួកអ្នកបំរើទ្រង់។
ទ្រង់បង្គាប់ដល់ស្ថានសួគ៌នៅខាងលើ នឹងដល់ផែនដី ដើម្បីជំនុំជំរះរាស្ត្ររបស់ទ្រង់ថា
គឺនៅចំពោះព្រះយេហូវ៉ា ដ្បិតទ្រង់យាងមក គឺទ្រង់យាងមក ដើម្បីជំនុំជំរះផែនដី ទ្រង់នឹងជំនុំជំរះលោកីយ ដោយសេចក្ដីសុចរិត ព្រមទាំងសាសន៍ទាំងប៉ុន្មាន ដោយសេចក្ដីពិតត្រង់របស់ទ្រង់។
គឺនៅចំពោះព្រះយេហូវ៉ា ដ្បិតទ្រង់យាងមក ដើម្បីជំនុំជំរះផែនដី ទ្រង់នឹងជំនុំជំរះលោកីយ ដោយសេចក្ដីសុចរិត ហើយអស់ទាំងសាសន៍ ដោយសេចក្ដីទៀងត្រង់។
ទ្រង់បានប្រដាប់អង្គដោយសេចក្ដីសុចរិត ទុកជាអាវក្រោះ ហើយសេចក្ដីសង្គ្រោះនៅលើព្រះសិរទុកជាមួកសឹក ក៏ទ្រង់ព្រះពស្ត្រដោយសេចក្ដីសងសឹក នឹងសេចក្ដីខ្មីឃ្មាត ទុកជាព្រះភូសាគ្រលុំអង្គ
ព្រមទាំងប្រកាសប្រាប់ពីឆ្នាំដែលព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យ នឹងពីថ្ងៃ ដែលព្រះនៃយើងខ្ញុំនឹងសងសឹកផង ហើយឲ្យកំសាន្តចិត្តនៃអស់អ្នកណាដែលសោយសោក
ដ្បិតនៅក្នុងចិត្តអញបាននឹកពីថ្ងៃសងសឹក ឯឆ្នាំកំណត់នៃពួកប្រោសលោះរបស់អញ ក៏បានមកដល់ដែរ
ហេតុនោះព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលថា ឱពួកវង្សអ៊ីស្រាអែលអើយ អញនឹងជំនុំជំរះឯងរាល់គ្នា គ្រប់គ្នាតាមអំពើប្រព្រឹត្តរៀងខ្លួន ចូរឯងរាល់គ្នាវិលមកវិញ ចូរបែរចេញពីអំពើរំលងរបស់ឯងទៅ យ៉ាងនោះសេចក្ដីទុច្ចរិតនឹងមិនបំផ្លាញឯងទេ
ឱហ្វូងរបស់អញអើយ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលពីឯងដូច្នេះថា មើល អញនឹងជំនុំជំរះក្តីរបស់ចៀមនឹងចៀម ហើយរបស់ចៀមឈ្មោលនឹងពពែឈ្មោលផង
មិនត្រូវសងសឹក ឬចងគំនុំគុំគួននឹងពួកកូនចៅរបស់សាសន៍ឯងឡើយ គឺត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯងវិញ អញនេះជាព្រះយេហូវ៉ា។
ព្រះយេហូវ៉ាទ្រង់ជាព្រះប្រចណ្ឌ ទ្រង់ក៏សងសឹកដែរ ព្រះយេហូវ៉ាទ្រង់សងសឹក ហើយក៏មានពេញដោយសេចក្ដីក្រោធ ព្រះយេហូវ៉ាទ្រង់សងសឹក ដល់ពួកអ្នកតតាំងនឹងទ្រង់ ហើយទ្រង់រក្សាទុកនូវសេចក្ដីក្រោធ សំរាប់ពួកខ្មាំងសត្រូវ
ឱពួកស្ងួនភ្ងាអើយ កុំឲ្យសងសឹកឡើយ ចូរថយចេញពីសេចក្ដីកំហឹងទៅ ដ្បិតមានសេចក្ដីចែងទុកមកថា «ព្រះអម្ចាស់ ទ្រង់មានបន្ទូលថា ការសងសឹក នោះស្រេចនឹងអញ អញនឹងសងដល់គេ»
ដ្បិតលោកជាអ្នកបំរើរបស់ព្រះ សំរាប់សេចក្ដីល្អដល់អ្នក ប៉ុន្តែ បើអ្នកប្រព្រឹត្តអាក្រក់ នោះត្រូវខ្លាចវិញ ដ្បិតលោកមិនមែនស្ពាយដាវជាឥតអំពើទេ ពីព្រោះជាអ្នកបំរើរបស់ព្រះ គឺជាអ្នកសំរាប់សងសឹក ដើម្បីនឹងនាំសេចក្ដីក្រោធរបស់ព្រះ មកលើអ្នកណាដែលប្រព្រឹត្តអាក្រក់
ដ្បិតយើងទាំងអស់គ្នាត្រូវទៅនៅមុខទីជំនុំជំរះរបស់ព្រះគ្រីស្ទ ដើម្បីឲ្យគ្រប់គ្នាបានទទួលតាមការដែលបានធ្វើ ពីកាលនៅក្នុងរូបកាយរៀងខ្លួន ទោះល្អឬអាក្រក់ក្តី
ដូច្នេះ ឱលោកម្ចាស់ខ្ញុំអើយ ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ ហើយដោយនូវព្រលឹងលោកដែរថា ពួកខ្មាំងសត្រូវរបស់លោកម្ចាស់នៃខ្ញុំ ព្រមទាំងអស់អ្នកដែលរកធ្វើអាក្រក់ដល់លោក នឹងបានដូចជាណាបាលនោះឯង ដោយព្រោះព្រះយេហូវ៉ាទ្រង់បានឃាត់លោកមិនឲ្យកំចាយឈាម ហើយមិនឲ្យសងសឹកដោយដៃលោកឡើយ
ដាវីឌក៏និយាយទៀតថា ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថា ព្រះយេហូវ៉ានឹងប្រហារជីវិតទ្រង់ ឬថ្ងៃកំណត់ដែលទ្រង់ត្រូវសុគតនឹងមកដល់ ឬទ្រង់នឹងចេញទៅវិនាសក្នុងទីចំបាំងណាមួយជាមិនខាន