អញក៏បានឲ្យសេចក្ដីដែលឯងមិនបានសូមផង គឺទាំងទ្រព្យសម្បត្តិ នឹងកេរ្តិ៍ឈ្មោះ ដល់ម៉្លេះបានជាក្នុងពួកស្តេចទាំងប៉ុន្មាននឹងគ្មានអ្នកណាមួយដូចឯង ដរាបដល់គ្រប់១ជីវិតឯងឡើយ
សាស្តា 6:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺមានមនុស្សដែលព្រះទ្រង់ប្រទានឲ្យមានទ្រព្យសម្បត្តិ នឹងធនធាន ហើយកិត្តិយស ដល់ម៉្លេះបានជាគេមិនខ្វះខាតអ្វី ក្នុងគ្រប់ទាំងរបស់ដែលចិត្តប្រាថ្នាចង់បានឡើយ តែព្រះទ្រង់មិនប្រទានឲ្យមានអំណាចអាចនឹងបរិភោគបានទេ គឺមានអ្នកដទៃបរិភោគវិញ នេះជាការឥតមានទំនង ហើយជាគ្រោះថ្នាក់យ៉ាងអាក្រក់ផង ព្រះគម្ពីរខ្មែរសាកល គឺមានម្នាក់ដែលព្រះប្រទានភាពស្ដុកស្ដម្ភ ទ្រព្យធន និងភាពរុងរឿងដល់គេ រហូតដល់គេមិនខ្វះអ្វីទាំងអស់ដែលចិត្តរបស់ខ្លួនប្រាថ្នាចង់បាន ប៉ុន្តែព្រះមិនឲ្យគេអាចហូបពីរបស់ទាំងនោះបានឡើយ គឺអ្នកដទៃបានហូបវាវិញ។ នេះក៏ជាការឥតន័យ និងជាមហន្តរាយដ៏ធ្ងន់ធ្ងរដែរ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺមានមនុស្សដែលព្រះទ្រង់ប្រទានឲ្យមានទ្រព្យសម្បត្តិ មានធនធាន និងកិត្តិយស។ ហេតុនោះ គេមិនខ្វះខាតអ្វីឡើយ មានគ្រប់ទាំងរបស់ដែលចិត្តប្រាថ្នាចង់បាន តែព្រះមិនប្រទានឲ្យមានអំណាចអាចបរិភោគបានទេ គឺមានអ្នកដទៃបរិភោគវិញ នេះជាការឥតមានទំនង ហើយជាគ្រោះថ្នាក់យ៉ាងអាក្រក់ណាស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់ប្រទានឲ្យមនុស្សម្នាក់មានទ្រព្យសម្បត្តិ ធនធាន និងកិត្តិយស។ គេមិនខ្វះអ្វីឡើយ គឺគេទទួលអ្វីៗទាំងអស់ដែលខ្លួនប្រាថ្នាចង់បាន។ ក៏ប៉ុន្តែ ព្រះជាម្ចាស់ពុំបានទុកឲ្យគេទាញផលប្រយោជន៍ពីអ្វីៗដែលគេមាននោះឡើយ គឺមានម្នាក់ទៀតទទួលជំនួស។ ត្រង់នេះ ក៏ឥតបានការ ហើយអាក្រក់បំផុត។ អាល់គីតាប អុលឡោះប្រទានឲ្យមនុស្សម្នាក់មានទ្រព្យសម្បត្តិ ធនធាន និងកិត្តិយស។ គេមិនខ្វះអ្វីឡើយ គឺគេទទួលអ្វីៗទាំងអស់ដែលខ្លួនប្រាថ្នាចង់បាន។ ក៏ប៉ុន្តែ អុលឡោះពុំបានទុកឲ្យគេទាញផលប្រយោជន៍ពីអ្វីៗដែលគេមាននោះឡើយ គឺមានម្នាក់ទៀតទទួលជំនួស។ ត្រង់នេះ ក៏ឥតបានការ ហើយអាក្រក់បំផុត។ |
អញក៏បានឲ្យសេចក្ដីដែលឯងមិនបានសូមផង គឺទាំងទ្រព្យសម្បត្តិ នឹងកេរ្តិ៍ឈ្មោះ ដល់ម៉្លេះបានជាក្នុងពួកស្តេចទាំងប៉ុន្មាននឹងគ្មានអ្នកណាមួយដូចឯង ដរាបដល់គ្រប់១ជីវិតឯងឡើយ
ព្រះយេហូវ៉ាទ្រង់ក៏ដំកើងសាឡូម៉ូនឡើងយ៉ាងក្រៃលែង នៅភ្នែកនៃពួកអ៊ីស្រាអែលទាំងអស់ ព្រមទាំងប្រោសប្រទានឲ្យទ្រង់មានតេជានុភាពដ៏ខ្ពង់ខ្ពស់ផង ដល់ម៉្លេះបានជាកាលមុនជំនាន់ទ្រង់ មិនដែលមានស្តេចណាក្នុងពួកអ៊ីស្រាអែលដែលមានយ៉ាងនោះឡើយ។
រួចទ្រង់ក៏សុគតទៅបានព្រះជន្មវែងល្អ ហើយបានស្កប់ស្កល់នឹងព្រះជន្ម ទ្រព្យសម្បត្តិ នឹងកិត្តិយសផង នោះសាឡូម៉ូន ជាព្រះរាជបុត្រាក៏ឡើងសោយរាជ្យជំនួសព្រះបិតា
ព្រះទ្រង់មានបន្ទូលតបថា ដោយព្រោះឯងបានប្រាថ្នាដូច្នេះ នៅក្នុងចិត្ត ហើយមិនបានសូមឲ្យបានទ្រព្យសម្បត្តិ ឬធនធាន ឬកិត្តិយស ឬការប្រហារជីវិតនៃពួកអ្នកដែលស្អប់ឯង ក៏មិនបានសូមអាយុឲ្យយឺនយូរឡើយ គឺបានសូមឲ្យមានប្រាជ្ញា នឹងយោបល់វិញ ដើម្បីនឹងគ្រប់គ្រងលើរាស្ត្រអញ ដែលអញបានតាំងឯងឲ្យធ្វើជាស្តេចលើគេ
ឲ្យរួចពីមនុស្សដោយព្រះហស្តទ្រង់ ឱព្រះយេហូវ៉ាអើយ គឺឲ្យរួចពីមនុស្សនៅលោកីយនេះ ដែលមានចំណែក របស់គេនៅតែក្នុងជីវិតនេះប៉ុណ្ណោះ ហើយដែលពោះគេបានឆ្អែត ដោយសារទ្រព្យរបស់ទ្រង់ គេបានស្កប់ចិត្តដោយមានកូនច្រើន ហើយក៏ចែកសំណល់នៃសម្បត្តគេដល់កូនង៉ែតរបស់ខ្លួន
៙ ប្រាកដមែន គ្រប់មនុស្សទាំងឡាយដើរ ប្រៀបដូចជាស្រមោលទទេ គេជ្រួលជ្រើមឡើងជាឥតប្រយោជន៍ គេបង្គរទ្រព្យសម្បត្តិឡើង ឥតដឹងជាអ្នកណានឹងទទួលទេ
រួចយើងបានឃើញអស់ទាំងការនឿយហត់ នឹងគ្រប់ការដែលធ្វើបានដោយស្រួលថា ជាហេតុនាំឲ្យអ្នកជិតខាងមានចិត្តច្រណែនដល់គ្នានឹងគ្នា នេះក៏ជាការឥតមានទំនង ហើយជាអសារឥតការទទេ។
គឺមានម្នាក់ដែលនៅតែឯងឥតមានគូ អើគ្មានទាំងកូន ឬបងប្អូនផង ប៉ុន្តែការនឿយហត់របស់អ្នកនោះមិនចេះអស់មិនចេះហើយឡើយ ភ្នែកគេក៏មិនបានស្កប់ស្កល់ដោយទ្រព្យសម្បត្តិដែរ គេក៏នឹកថា អញធ្វើការនឿយហត់ ហើយបង្អត់សេចក្ដីល្អដល់ព្រលឹងដូច្នេះ នោះតើសំរាប់អ្នកណា នេះជាការឥតប្រយោជន៍ដែរ ហើយក៏អាក្រក់ណាស់ផង
មានការអាក្រក់យ៉ាងធ្ងន់១មុខ ដែលយើងបានឃើញនៅក្រោមថ្ងៃ គឺមានទ្រព្យសម្បត្តិដែលម្ចាស់រក្សាទុកដរាបដល់កើតអន្តរាយដល់ខ្លួន
នេះក៏ជាការអាក្រក់យ៉ាងធ្ងន់ដែរ គឺដែលកើតមកយ៉ាងណា នោះត្រូវទៅវិញយ៉ាងនោះឯង ការដែលបានធ្វើដោយនឿយហត់ ជាអសារឥតការដូច្នេះនោះតើមានប្រយោជន៍អ្វីដល់ខ្លួន
នេះហើយជាការ ដែលយើងបានគិតឃើញថាល្អ ហើយគួរសម គឺឲ្យមនុស្សបានស៊ីហើយផឹក ព្រមទាំងមានចិត្តរីករាយក្នុងអស់ទាំងការដែលខ្លួនធ្វើ ដោយនឿយហត់នៅក្រោមថ្ងៃ ដរាបដល់អស់១ជីវិត ដែលព្រះបានប្រទានមកខ្លួន ដ្បិតនោះហើយជាចំណែករបស់ខ្លួន
ឯអស់អ្នកណាដែលព្រះបានប្រទានឲ្យមានទ្រព្យសម្បត្តិ នឹងធនធាន ព្រមទាំងឲ្យមានអំណាចនឹងបរិភោគផលនៃរបស់ទាំងនោះ នឹងទទួលយកចំណែករបស់ខ្លួនបាន ហើយរីករាយក្នុងការដែលខ្លួនធ្វើដែរ នេះឯងជាអំណោយទានពីព្រះ
ហេតុអ្វីបានជាចាយប្រាក់ ឲ្យបានតែរបស់ដែលមិនមែនជាអាហារ ហើយបង់កំឡាំង ឲ្យបានតែរបស់ដែលមិនស្កប់ចិត្តដូច្នេះ ចូរស្តាប់តាមអញឲ្យអស់ពីចិត្តចុះ នោះឯងនឹងបានបរិភោគយ៉ាងឆ្ងាញ់ ដើម្បីឲ្យព្រលឹងឯងបានស្កប់ស្កល់ ដោយម្ហូបយ៉ាងថ្លៃវិសេស
ចំណែកមរដករបស់យើងខ្ញុំបានបែរទៅជារបស់ពួកអ្នកដទៃ ឯផ្ទះសំបែងរបស់យើងខ្ញុំ ក៏បានទៅជារបស់សាសន៍ក្រៅហើយ
បពិត្រព្រះរាជា ព្រះដ៏ខ្ពស់បំផុតទ្រង់បានប្រទានរាជ្យ អំណាច សិរីល្អ នឹងឥទ្ធានុភាពដល់នេប៊ូក្នេសា ជាព្រះបិតាទ្រង់
ពួកដទៃបានបង្ហិនកំឡាំងគាត់ទៅ តែគាត់មិនដឹងខ្លួនទេ អើ មានសក់ស្កូវល្បាយនៅលើក្បាល តែគាត់ឥតដឹងសោះ
សាសន៍១ដែលឯងមិនស្គាល់ គេនឹងស៊ីបំផ្លាញផលពីដី នឹងការនឿយហត់របស់ឯងទាំងអស់ ឯងនឹងត្រូវគេសង្កត់សង្កិនជានិច្ច ហើយជិះជាន់ជាដរាប
អ្នកប្រទេសក្រៅដែលនៅជាមួយ នឹងឡើងទៅជាខ្ពស់ជាងឯងជាដរាប ហើយឯងនឹងចុះទៅជាទាបជាងគេ
កាលណាចូលទៅដល់ នោះនឹងឃើញពួកមនុស្សដែលនៅដោយសុខសាន្ត ស្រុកនោះក៏ធំទូលាយដែរ ដ្បិតព្រះបានប្រគល់ស្រុកនោះមកក្នុងកណ្តាប់ដៃយើងហើយ គឺជាកន្លែងមិនចេះខ្វះអ្វីដែលនៅផែនដីនេះ។