វិវរណៈ 3:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយដោយព្រោះឯងបានកាន់តាមរឿង ពីសេចក្ដីអត់ធ្មត់របស់អញ នោះអញនឹងរក្សាឯងឲ្យរួចពីវេលាល្បង ដែលត្រូវមកលើលោកីយទាំងមូល ដើម្បីនឹងល្បងលដល់ពួកអ្នក ដែលនៅលើផែនដីទាំងប៉ុន្មាន ព្រះគម្ពីរខ្មែរសាកល ដោយព្រោះអ្នកបានរក្សាពាក្យរបស់យើងអំពីការស៊ូទ្រាំ យើងក៏នឹងរក្សាអ្នកពីគ្រានៃការសាកល្បងដែលរៀបនឹងមកលើពិភពលោកទាំងមូលដែរ ជាគ្រាដែលនឹងមកដល់ដើម្បីសាកមនុស្សដែលរស់នៅលើផែនដី។ Khmer Christian Bible ដោយព្រោះអ្នកបានកាន់តាមពាក្យរបស់យើងដែលឲ្យស៊ូទ្រាំ នោះយើងនឹងរក្សាអ្នកឲ្យរួចផុតពីគ្រានៃសេចក្ដីវេទនា ដែលបម្រុងនឹងមកលើពិភពលោកទាំងមូលដើម្បីល្បងលពួកអ្នកដែលរស់នៅលើផែនដី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដោយព្រោះអ្នកបានកាន់តាមពាក្យរបស់យើង ដោយអត់ធ្មត់ យើងនឹងរក្សាអ្នកឲ្យរួចពីគ្រាលំបាក ដែលនឹងកើតមានដល់ពិភពលោកទាំងមូល ដើម្បីល្បងពួកអ្នកដែលនៅលើផែនដី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដោយអ្នកបានព្យាយាមប្រតិបត្តិតាមពាក្យយើង យើងក៏រក្សាអ្នកឲ្យរួចផុតពីគ្រាលំបាកដែលនឹងកើតមានក្នុងពិភពលោកទាំងមូល ដើម្បីល្បងលមើលមនុស្សនៅលើផែនដីដែរ។ អាល់គីតាប ដោយអ្នកបានព្យាយាមប្រតិបត្ដិតាមពាក្យយើង យើងក៏រក្សាអ្នកឲ្យរួចផុតពីគ្រាលំបាកដែលនឹងកើតមានក្នុងពិភពលោកទាំងមូល ដើម្បីល្បងលមើលមនុស្សនៅលើផែនដីដែរ។ |
មនុស្សជាច្រើននឹងសំអាត ហើយជំរះខ្លួនឲ្យសស្គុស រួចនឹងបានសំរងជាស្រេច ឯពួកមនុស្សអាក្រក់ គេនឹងចេះតែប្រព្រឹត្តអំពើអាក្រក់ទៅ តែគ្មានមនុស្សអាក្រក់ណាមួយនឹងបានយល់ទេ ចំណែកឯពួកអ្នកមានប្រាជ្ញា គេនឹងយល់វិញ
ហើយអញនឹងនាំភាគទី៣នោះទៅក្នុងភ្លើង អញនឹងសំរងគេដូចជាសំរងប្រាក់ ព្រមទាំងសាកគេដូចជាសាកមាស គេនឹងអំពាវនាវដល់ឈ្មោះអញ ហើយអញនឹងស្តាប់គេ អញនឹងថា គេជារាស្ត្រអញ ឯគេនឹងថា ព្រះយេហូវ៉ាជាព្រះនៃខ្លួន។
ដំណឹងល្អនេះ ដែលសំដែងពីនគរ នឹងត្រូវប្រកាសប្រាប់ទួទៅគ្រប់ក្នុងលោកីយ ទុកជាទីបន្ទាល់ដល់អស់ទាំងសាសន៍ នោះទើបនឹងបានដល់ចុងបំផុត។
ចូរចាំយាម ហើយអធិស្ឋានចុះ ដើម្បីមិនឲ្យកើតសេចក្ដីល្បួងនាំចិត្តឡើយ ឯវិញ្ញាណ ក៏ប្រុងជាស្រេចមែន តែសាច់ឈាមខ្សោយទេ
សូមកុំនាំយើងខ្ញុំទៅក្នុងសេចក្ដីល្បួងឡើយ តែសូមប្រោសឲ្យយើងខ្ញុំរួចពីសេចក្ដីអាក្រក់វិញ ដ្បិតរាជ្យ ព្រះចេស្តា នឹងសិរីល្អជារបស់ផងទ្រង់ នៅអស់កល្បជានិច្ច អាម៉ែន
ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា កន្លែងណាដែលគេនឹងផ្សាយដំណឹងល្អនេះទួទៅ គ្រប់ក្នុងលោកីយទាំងមូល នោះគេតែងនឹងដំណាលពីការដែលនាងបានធ្វើហើយនេះ ទុកសំរាប់ជាកេរ្តិ៍នាងតទៅ។
នៅគ្រានោះ សេសារ-អូគូស្ទ បានចេញព្រះរាជឱង្ការ១ច្បាប់ ឲ្យមនុស្សទាំងអស់ដែលនៅផែនដីបានចុះបញ្ចី
ឯពួកអ្នក ដែលទ្រង់បានប្រទានមកទូលបង្គំ អំពីមនុស្សលោក នោះទូលបង្គំបានបើកសំដែងឲ្យគេស្គាល់ព្រះនាមទ្រង់ អ្នកទាំងនោះជារបស់ផងទ្រង់ ហើយទ្រង់បានប្រទានគេមកទូលបង្គំ គេក៏កាន់តាមព្រះបន្ទូលទ្រង់
មុនដំបូងខ្ញុំសូមអរព្រះគុណដល់ព្រះនៃខ្ញុំ ដោយនូវព្រះយេស៊ូវគ្រីស្ទ ពីដំណើរអ្នករាល់គ្នា ដោយឮគេថ្លែងប្រាប់ នៅគ្រប់ក្នុងលោកីយទាំងមូល ពីសេចក្ដីជំនឿរបស់អ្នករាល់គ្នា
ដ្បិតគ្មានសេចក្ដីល្បួងណាកើតដល់អ្នករាល់គ្នា ក្រៅពីសេចក្ដីល្បួង ដែលត្រូវខាងមនុស្សលោកទេ រីឯព្រះទ្រង់ក៏ស្មោះត្រង់ដែរ ទ្រង់មិនឲ្យកើតមានសេចក្ដីល្បួងហួសកំឡាំងអ្នករាល់គ្នាឡើយ គឺនៅវេលាណាដែលត្រូវល្បួង នោះទ្រង់ក៏រៀបផ្លូវឲ្យចៀសរួច ដើម្បីឲ្យអ្នករាល់គ្នាអាចនឹងទ្រាំបាន។
ហេតុនោះបានជាត្រូវឲ្យយកគ្រប់គ្រឿងសឹករបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាអាចនឹងទប់ទល់ក្នុងថ្ងៃអាក្រក់បាន រួចកាលណាបានតតាំងសព្វគ្រប់ហើយ នោះឲ្យបាននៅតែឈរមាំមួនដដែល
បើយើងទ្រាំទ្រ នោះយើងនឹងសោយរាជ្យជាមួយនឹងទ្រង់ តែបើយើងមិនព្រមទទួលស្គាល់ទ្រង់ទេ នោះទ្រង់ក៏មិនព្រមទទួលស្គាល់យើងដែរ
បងប្អូនអើយ តើដើមល្វាអាចនឹងបង្កើតផ្លែជាអូលីវ ឬដើមទំពាំងបាយជូរបង្កើតផ្លែជាល្វាបានឬទេ ដូច្នេះ គ្មានរន្ធទឹកណាចេញទឹក ជាប្រៃផងសាបផងបានឡើយ។
ពួកស្ងួនភ្ងាអើយ កុំឲ្យមានប្លែកក្នុងចិត្ត ដោយភ្លើងដ៏ក្តៅក្រហាយ ដែលកំពុងតែល្បងអ្នករាល់គ្នា ទុកដូចជាកើតមានសេចក្ដីចំឡែកនោះឡើយ
បើដូច្នេះ ឃើញថា ព្រះអម្ចាស់ទ្រង់ចេះប្រោសមនុស្សដែលគោរពប្រតិបត្តិដល់ទ្រង់ ឲ្យរួចពីសេចក្ដីល្បួង ហើយនឹងឃុំទុកមនុស្សទុច្ចរិត សំរាប់នឹងធ្វើទោសក្នុងថ្ងៃជំនុំជំរះវិញ
យ៉ូហានខ្ញុំ ដែលជាបងប្អូននៃអ្នករាល់គ្នា ហើយជាអ្នកមានចំណែកក្នុងសេចក្ដីទុក្ខលំបាក នឹងក្នុងនគរ ហើយក្នុងសេចក្ដីអត់ធ្មត់របស់ព្រះយេស៊ូវគ្រីស្ទ ជាមួយនឹងអ្នករាល់គ្នាដែរ ខ្ញុំបាននៅឯកោះឈ្មោះប៉ាត់ម៉ុស ដោយព្រោះព្រះបន្ទូល នឹងសេចក្ដីបន្ទាល់ពីព្រះយេស៊ូវគ្រីស្ទ
ហើយមនុស្សនៅផែនដីទាំងប៉ុន្មាន គេនឹងមានសេចក្ដីអំណរហើយលេងសប្បាយ ពីដំណើរអ្នកទាំង២បានស្លាប់ហើយ ក៏នឹងជូនជំនូនគ្នាទៅវិញទៅមក ពីព្រោះហោរាទាំង២នោះបានធ្វើទុក្ខដល់មនុស្ស ដែលនៅផែនដីទាំងប៉ុន្មានជាខ្លាំងណាស់។
បើអ្នកណាដឹកនាំគេឲ្យទៅជាឈ្លើយ អ្នកនោះឯងនឹងត្រូវគេដឹកនាំខ្លួនឲ្យទៅជាឈ្លើយដែរ បើអ្នកណាកាប់សំឡាប់គេដោយដាវ នោះនឹងត្រូវស្លាប់ដោយដាវដែរ នេះហើយជាសេចក្ដីអត់ធ្មត់ នឹងសេចក្ដីជំនឿរបស់ពួកបរិសុទ្ធ។
វាបញ្ឆោតពួកមនុស្សនៅផែនដី ដោយសារទីសំគាល់ ដែលវាមានអំណាចនឹងធ្វើ នៅមុខសត្វនោះ ក៏ប្រាប់ដល់ពួកអ្នកនៅផែនដី ឲ្យធ្វើរូបសត្វនោះ ដែលត្រូវរបួសនឹងដាវ តែបានរស់វិញដែរ
ឯអស់មនុស្សទាំងប៉ុន្មាននៅផែនដី ដែលគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតរបស់កូនចៀមដែលត្រូវគេសំឡាប់ តាំងពីកំណើតលោកីយមក នោះនឹងក្រាបថ្វាយបង្គំចំពោះសត្វនោះ
នេះហើយជាសេចក្ដីអត់ធ្មត់របស់ពួកបរិសុទ្ធ ដែលកាន់តាមបញ្ញត្តរបស់ព្រះ ហើយមានសេចក្ដីជំនឿដល់ព្រះយេស៊ូវ។
ខ្ញុំក៏ឃើញទេវតា១ទៀត កំពុងហោះកាត់កណ្តាលមេឃ ទាំងមានដំណឹងល្អដ៏នៅអស់កល្បជានិច្ច សំរាប់នឹងថ្លែងប្រាប់ដល់មនុស្សនៅផែនដី គឺដល់គ្រប់អស់ទាំងសាសន៍ គ្រប់ពូជអំបូរ គ្រប់ភាសា ហើយគ្រប់ទាំងគ្រួសារដែរ
ដ្បិតវិញ្ញាណទាំងនោះ ជាវិញ្ញាណនៃពួកអារក្ស ដែលចេញទៅឯអស់ទាំងស្តេចនៅផែនដីទាំងមូល ទាំងធ្វើទីសំគាល់ ដើម្បីនឹងប្រមូលស្តេចទាំងនោះមកក្នុងចំបាំង នៅថ្ងៃដ៏ធំរបស់ព្រះដ៏មានព្រះចេស្តាបំផុត
ដែលពួកស្តេចនៅផែនដីបានសហាយស្មន់នឹងវា ហើយអស់អ្នកនៅផែនដីបានស្រវឹង ដោយស្រារបស់សេចក្ដីកំផិតនៃវា
ឯសត្វដែលអ្នកបានឃើញនោះ ពីដើមវានៅ ឥឡូវនេះបាត់ទៅហើយ ក៏រៀបនឹងឡើងចេញពីជង្ហុកធំមកវិញ រួចវានឹងត្រូវវិនាសបាត់ទៅ ឯអស់អ្នកនៅផែនដី ដែលគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិត តាំងពីកំណើតលោកីយមក គេនឹងមានសេចក្ដីអស្ចារ្យ ដោយឃើញសត្វដែលពីដើមនៅ ឥឡូវនេះបាត់ តែនឹងត្រឡប់មានឡើងវិញនោះ
កុំឲ្យឯងខ្លាចសេចក្ដីដែលឯងត្រូវរងទុក្ខនោះឡើយ មើល អារក្សវារៀបនឹងបោះពួកឯងខ្លះទៅក្នុងគុកហើយ ដើម្បីនឹងល្បងលមើលឯង នោះឯងរាល់គ្នានឹងត្រូវរងវេទនាអស់១០ថ្ងៃ ដូច្នេះ ចូរនៅជាស្មោះត្រង់ដរាបដល់ស្លាប់ចុះ នោះអញនឹងឲ្យមកុដនៃជីវិតដល់ឯង
អញស្គាល់ការដែលឯងធ្វើហើយ មើល អញបានបើកទ្វារចំហនៅមុខឯង គ្មានអ្នកណាអាចនឹងបិទបានទេ ពីព្រោះទោះបើឯងមានអំណាចតែបន្តិចក៏ដោយ គង់តែបានកាន់តាមពាក្យអញដែរ ហើយមិនបានលះបង់ឈ្មោះអញទេ
ឯព្រលឹងទាំងនោះក៏បន្លឺសំឡេងថា ឱព្រះដ៏ជាម្ចាស់ ជាព្រះបរិសុទ្ធ ហើយពិតប្រាកដអើយ តើទ្រង់ចាំដល់កាលណាទៀតបានជំនុំជំរះ ហើយសងសឹកដល់ពួកមនុស្សនៅលើផែនដី ដោយព្រោះឈាមយើងខ្ញុំរាល់គ្នា
រួចខ្ញុំឃើញ ហើយឮសត្វឥន្ទ្រីហើរកាត់កណ្តាលមេឃ ទាំងបន្លឺដោយសំឡេងយ៉ាងខ្លាំងថា វេទនា វេទនា វេទនាហើយ ដល់អស់មនុស្សដែលនៅផែនដី ដោយព្រោះសូរត្រែរបស់ទេវតាទាំង៣ ដែលរៀបនឹងផ្លុំទៀត។