ព្រះយេហូវ៉ាទ្រង់លេចមកឲ្យអាប់រ៉ាមឃើញ ហើយមានបន្ទូលថា អញនឹងឲ្យស្រុកនេះដល់ពូជឯង រួចនៅទីនោះគាត់ក៏ស្អាងអាសនា១ថ្វាយព្រះយេហូវ៉ា ដែលទ្រង់លេចមកឲ្យឃើញនោះ
លោកុប្បត្តិ 50:24 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចគាត់និយាយទៅបងប្អូនថា ខ្ញុំហៀបនឹងស្លាប់ហើយ តែព្រះទ្រង់នឹងប្រោសអ្នករាល់គ្នាជាមិនខាន ហើយនឹងនាំអ្នករាល់គ្នាឡើង ចេញពីស្រុកអេស៊ីព្ទនេះ ទៅក្នុងស្រុកដែលទ្រង់បានស្បថថានឹងឲ្យដល់អ័ប្រាហាំ អ៊ីសាក នឹងយ៉ាកុប ព្រះគម្ពីរខ្មែរសាកល យ៉ូសែបនិយាយនឹងបងប្អូនរបស់គាត់ថា៖ “ខ្ញុំជិតស្លាប់ហើយ ក៏ប៉ុន្តែព្រះនឹងយាងមករកអ្នករាល់គ្នាជាប្រាកដ ហើយនាំអ្នករាល់គ្នាឡើងពីស្រុកនេះទៅស្រុកដែលព្រះអង្គបានស្បថនឹងអ័ប្រាហាំ អ៊ីសាក និងយ៉ាកុប”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ូសែបមានប្រសាសន៍ទៅបងប្អូនរបស់លោកថា៖ «ខ្ញុំជិតស្លាប់ហើយ តែព្រះទ្រង់នឹងយាងមករកអ្នករាល់គ្នាជាមិនខាន ហើយនាំអ្នករាល់គ្នាចេញពីស្រុកនេះ ទៅកាន់ស្រុកដែលព្រះអង្គបានស្បថថានឹងឲ្យដល់លោកអ័ប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូសែបមានប្រសាសន៍ទៅបងៗរបស់លោកថា៖ «ខ្ញុំជិតស្លាប់ហើយ ក៏ប៉ុន្តែ ព្រះជាម្ចាស់នឹងយាងមកជួយអ្នករាល់គ្នាពុំខាន ហើយព្រះអង្គនឹងនាំអ្នករាល់គ្នាចាកចេញពីស្រុកនេះ ត្រឡប់ទៅកាន់ទឹកដីដែលព្រះអង្គសន្យាថានឹងប្រទានឲ្យលោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប»។ អាល់គីតាប យូសុះប្រាប់ទៅបងៗរបស់គាត់ថា៖ «ខ្ញុំជិតស្លាប់ហើយ ក៏ប៉ុន្តែ អុលឡោះនឹងមកជួយអ្នករាល់គ្នាពុំខាន ហើយទ្រង់នឹងនាំអ្នករាល់គ្នាចាកចេញពីស្រុកនេះ ត្រឡប់ទៅកាន់ទឹកដីដែលទ្រង់សន្យា ថានឹងប្រទានឲ្យអ៊ីព្រហ៊ីម អ៊ីសាហាក់ និងយ៉ាកកូប»។ |
ព្រះយេហូវ៉ាទ្រង់លេចមកឲ្យអាប់រ៉ាមឃើញ ហើយមានបន្ទូលថា អញនឹងឲ្យស្រុកនេះដល់ពូជឯង រួចនៅទីនោះគាត់ក៏ស្អាងអាសនា១ថ្វាយព្រះយេហូវ៉ា ដែលទ្រង់លេចមកឲ្យឃើញនោះ
ចូរឯងក្រោក ហើយដើរចុះឡើងក្នុងស្រុកនេះ តាមបណ្តោយ នឹងទទឹងចុះ ដ្បិតអញនឹងឲ្យដល់ឯងហើយ
នៅថ្ងៃនោះឯង ព្រះយេហូវ៉ាទ្រង់តាំងសញ្ញានឹងអាប់រ៉ាមថា អញឲ្យស្រុកនេះដល់ពូជឯង ចាប់តាំងពីទន្លេស្រុកអេស៊ីព្ទរហូតដល់ទន្លេធំ គឺជាទន្លេអ៊ើប្រាត
នោះទ្រង់មានបន្ទូលទៅគាត់ថា អញជាព្រះយេហូវ៉ា ដែលនាំឯងចេញពីស្រុកអ៊ើររបស់សាសន៍ខាល់ដេ មកដើម្បីនឹងឲ្យស្រុកនេះដល់ឯងទុកជាកេរអាករ
រួចគាត់ទូលសួរថា ឱព្រះយេហូវ៉ាជាព្រះអម្ចាស់អើយ តើទូលបង្គំនឹងដឹងដោយសារអ្វីថា ទូលបង្គំនឹងបានស្រុកនេះជាកេរអាករពិត
ឯស្រុកកាណានទាំងអស់ដែលឯងសំណាក់នៅជាអ្នកដទៃ នោះអញនឹងឲ្យដល់ឯងនឹងពូជឯងតរៀងទៅ ទុកជាកេរអាករអស់កល្បជានិច្ច ហើយអញនឹងធ្វើជាព្រះដល់គេ។
ព្រះយេហូវ៉ាទ្រង់ក៏ប្រោសដល់សារ៉ា ដូចជាទ្រង់បានមានបន្ទូល គឺទ្រង់ធ្វើសំរេចឲ្យសារ៉ា តាមដែលទ្រង់សន្យា
ចូរសំណាក់នៅក្នុងស្រុកនេះចុះ នោះអញនឹងនៅជាមួយនឹងឯង ព្រមទាំងឲ្យពរផង អញនឹងឲ្យស្រុកទាំងនេះដល់ឯងនឹងពូជឯង ហើយអញនឹងសំរេចតាមសេចក្ដីសម្បថ ដែលអញបានស្បថនឹងអ័ប្រាហាំឪពុកឯង
ព្រះយេហូវ៉ាក៏សណ្ឋិតនៅពីលើជណ្តើរ ទ្រង់មានបន្ទូលថា អញជាព្រះយេហូវ៉ាជាព្រះនៃអ័ប្រាហាំជីតាឯង ហើយជាព្រះនៃអ៊ីសាក ឯដីដែលឯងដេកនៅនេះ អញនឹងឲ្យដល់ឯងហើយនឹងពូជឯងតទៅ
ឯងនឹងបានអាហារស៊ីដោយការបែកញើស ដរាបដល់ឯងត្រឡប់ទៅជាដីវិញ ពីព្រោះអញបានយកឯងពីដីមក ដ្បិតឯងជាធូលីដី ក៏ត្រូវត្រឡប់ទៅជាធូលីដីវិញ
ឯស្រុកដែលអញបានឲ្យដល់អ័ប្រាហាំ នឹងអ៊ីសាក នោះអញនឹងឲ្យដល់ឯង គឺអញនឹងឲ្យស្រុកនោះដល់ពួកឯងតរៀងទៅ
អញនឹងចុះទៅឯស្រុកអេស៊ីព្ទជាមួយនឹងឯងដែរ ហើយនឹងនាំឯងឡើងមកវិញជាមិនខាន ឯយ៉ូសែបវានឹងបិទភ្នែកឯង
វេលាដែលអ៊ីស្រាអែលត្រូវស្លាប់ នោះកាន់តែជិតដល់ គាត់ហៅយ៉ូសែបជាកូនមកផ្តាំថា បើឯងអាណិតដល់អញឥឡូវ នោះចូរដាក់ដៃនៅក្រោមភ្លៅអញស្បថថា ឯងនឹងប្រព្រឹត្តចំពោះអញដោយសប្បុរសហើយពិតត្រង់ គឺមិនកប់សពអញនៅក្នុងស្រុកអេស៊ីព្ទនេះឡើយ
នោះអ៊ីស្រាអែលក៏និយាយទៅយ៉ូសែបថា មើល អញនឹងត្រូវស្លាប់ តែព្រះទ្រង់នឹងគង់នៅជាមួយនឹងឯងរាល់គ្នា ហើយនឹងនាំឯងរាល់គ្នាត្រឡប់ទៅឯស្រុករបស់ពួកឰយុកោឯងវិញ
ឪពុកយើងបានឲ្យយើងស្បថដោយថា មើល អញត្រូវស្លាប់ ចូរឯងកប់សពអញនៅក្នុងផ្នូររបស់អញ ដែលអញបានជីកសំរាប់អញនៅស្រុកកាណាន ដូច្នេះ សូមទ្រង់អនុញ្ញាតឲ្យយើងបានឡើងទៅ កប់ខ្មោចរបស់ឪពុកយើងឥឡូវ រួចយើងនឹងវិលត្រឡប់មកវិញ
ដ្បិតទូលបង្គំដឹងថា ទ្រង់នឹងនាំទូលបង្គំឲ្យត្រូវស្លាប់ គឺឲ្យទៅឯទីសំណាក់ដែលទុកសំរាប់ឲ្យមនុស្សរស់ទាំងអស់ចូលទៅ។
រួចដល់ផុតពី៤៣០ឆ្នាំនោះទៅ នៅថ្ងៃដដែលនោះឯង ពួកកកកុញរបស់ព្រះយេហូវ៉ាគេក៏នាំគ្នាចេញពីស្រុកអេស៊ីព្ទទៅ
ហើយនៅថ្ងៃនោះឯង ព្រះយេហូវ៉ា ទ្រង់ក៏នាំកូនចៅអ៊ីស្រាអែល ចេញពីស្រុកអេស៊ីព្ទដោយពួកកងរបស់គេ។
ម៉ូសេក៏យកឆ្អឹងខ្មោចយ៉ូសែបទៅជាមួយដែរ ដ្បិតយ៉ូសែបបានចាប់ពួកកូនចៅអ៊ីស្រាអែលឲ្យស្បថដោយថា ព្រះទ្រង់នឹងប្រោសឯងរាល់គ្នាជាមិនខាន នោះត្រូវឲ្យយកឆ្អឹងអញពីទីនេះឡើងទៅជាមួយផង។
ដូច្នេះអញបានចុះមក ដើម្បីនឹងជួយដោះគេឲ្យរួចចេញពីកណ្តាប់ដៃនៃពួកសាសន៍អេស៊ីព្ទ អញនឹងនាំគេឡើងចេញពីស្រុកនោះ ទៅឯស្រុកយ៉ាងល្អដ៏ធំទូលាយជាស្រុកដែលមានទឹកដោះនឹងទឹកឃ្មុំហូរហៀរវិញ ជាទីកន្លែងរបស់ផងសាសន៍កាណាន សាសន៍ហេត សាសន៍អាម៉ូរី សាសន៍ពេរិស៊ីត សាសន៍ហេវី នឹងសាសន៍យេប៊ូស
ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេថា ចូរទៅចុះ ឲ្យចេញពីទីនេះឡើងទៅ ព្រមទាំងពួកជនដែលឯងបាននាំចេញពីស្រុកអេស៊ីព្ទមកផង ទៅឯស្រុកដែលអញបានស្បថនឹងឲ្យដល់អ័ប្រាហាំ អ៊ីសាក នឹងយ៉ាកុប ដោយពាក្យថា នឹងឲ្យស្រុកនោះដល់ពូជឯងតទៅ
បណ្តាជនទាំងឡាយក៏ជឿ ហើយកាលណាគេឃើញថា ព្រះយេហូវ៉ាទ្រង់បានប្រោសដល់ពួកកូនចៅអ៊ីស្រាអែល ហើយថា ទ្រង់បានទតឃើញសេចក្ដីទុក្ខលំបាករបស់គេ នោះក៏នាំគ្នាឱនក្បាលថ្វាយបង្គំទ្រង់។
អើ គេនឹងភ័យខ្លាចចំពោះអន្តរាយដែលមកពីខាងលើ ក៏នឹងមានសេចក្ដីស្ញែងខ្លាចតាមផ្លូវ ឯដើមចំបក់នឹងផ្កាឡើង ហើយកណ្តូបនឹងសង្កត់លើគេជាធ្ងន់ សេចក្ដីប៉ងប្រាថ្នានឹងរសាយអស់ទៅ ដោយព្រោះមនុស្សរមែងទៅឯទីលំនៅដ៏នៅអស់កល្បជានិច្ច ហើយពួកអ្នកកាន់ទុក្ខដើរទៅមកតាមផ្លូវ
ហើយធូលីត្រឡប់ជាដីដូចដើមវិញ នឹងវិញ្ញាណត្រឡប់ទៅឯព្រះ ដែលទ្រង់បានប្រទានមកនោះ
ក្នុងពួកមនុស្សដែលចេញពីស្រុកអេស៊ីព្ទមក ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ នោះគ្មានអ្នកណាមួយនឹងឃើញស្រុកដែលអញបានស្បថ នឹងឲ្យដល់អ័ប្រាហាំ អ៊ីសាក ហើយយ៉ាកុប នោះឡើយ ពីព្រោះគេមិនបានប្រព្រឹត្តតាមអញគ្រប់ជំពូក
ដូច្នេះ ដែលបាបបានចូលមកក្នុងលោកីយ ដោយសារមនុស្សតែម្នាក់ ហើយក៏មានសេចក្ដីស្លាប់ចូលមកដែរ ដោយសារអំពើបាបនោះជាយ៉ាងណា នោះសេចក្ដីស្លាប់បានឆ្លងរាលដាល ដល់មនុស្សគ្រប់គ្នាយ៉ាងនោះដែរ ដ្បិតគ្រប់គ្នាបានធ្វើបាបហើយ
មើល អញបានប្រគល់ស្រុកនោះ ឲ្យឯងរាល់គ្នាហើយ ដូច្នេះឲ្យចូលទៅ ទទួលយកស្រុក ដែលព្រះយេហូវ៉ាបានស្បថថា នឹងឲ្យដល់ពួកឰយុកោឯងរាល់គ្នាចុះ គឺថានឹងឲ្យដល់អ័ប្រាហាំ អ៊ីសាក នឹងយ៉ាកុប ហើយនឹងពូជដំណលោកតទៅ។
កាលណាព្រះយេហូវ៉ាជាព្រះនៃឯង បាននាំឯងចូលទៅក្នុងស្រុក ដែលទ្រង់ស្បថនឹងអ័ប្រាហាំ អ៊ីសាក នឹងយ៉ាកុបជាពួកឰយុកោឯងថា នឹងប្រទានដល់ឯង គឺជាទីក្រុងធំ ហើយល្អដែលឯងមិនបានសង់
ដោយសារសេចក្ដីជំនឿ នោះយ៉ូសែបបានប្រាប់ពីដំណើរពួកជនជាតិអ៊ីស្រាអែល ដើរចេញពីស្រុកអេស៊ីព្ទ ក៏ផ្តាំពីដំណើរសពរបស់ខ្លួន ក្នុងកាលដែលហៀបនឹងផុតដង្ហើមទៅផង។
ហើយដោយព្រោះបានដំរូវត្រូវឲ្យមនុស្សទាំងអស់ស្លាប់១ដង រួចសឹមជាប់សេចក្ដីជំនុំជំរះ
ឯឆ្អឹងសពរបស់យ៉ូសែប ដែលពួកកូនចៅអ៊ីស្រាអែលបាននាំយកពីស្រុកអេស៊ីព្ទមក គេក៏កប់នៅត្រង់ស៊ីគែម ក្នុងដីដែលយ៉ាកុបបានទិញពីពួកកូនចៅហាម៉ោរ ជាឪពុកស៊ីគែម ថ្លៃជាប្រាក់១០០ដួង ហើយដីនោះក៏នៅជាមរដករបស់ពួកកូនចៅយ៉ូសែប