ឯអស់អ្នកដែលស្គាល់ព្រះនាមទ្រង់ គេនឹងទុកចិត្តដល់ទ្រង់ ដ្បិត ឱព្រះយេហូវ៉ាអើយ ទ្រង់មិនបានបោះបង់ចោលពួកអ្នក ដែលស្វែងរកទ្រង់ឡើយ
យ៉ូហាន 7:28 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ កំពុងដែលព្រះយេស៊ូវបង្រៀនក្នុងព្រះវិហារ នោះក៏បន្លឺឧទានឡើងថា អ្នករាល់គ្នាស្គាល់ខ្ញុំ ហើយដឹងជាខ្ញុំមកពីណាផង តែខ្ញុំមិនបានមក ដោយអាងខ្លួនខ្ញុំទេ ឯព្រះដែលចាត់ឲ្យខ្ញុំមក ទ្រង់ពិតត្រង់ហើយ អ្នករាល់គ្នាមិនស្គាល់ទ្រង់ទេ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ពេលព្រះយេស៊ូវកំពុងបង្រៀននៅក្នុងព្រះវិហារ ព្រះអង្គទ្រង់ស្រែកឡើងថា៖“អ្នករាល់គ្នាស្គាល់ខ្ញុំ ហើយក៏ដឹងថាខ្ញុំមកពីណាដែរ។ តាមពិត ខ្ញុំមិនបានមកដោយខ្លួនខ្ញុំទេ ប៉ុន្តែព្រះអង្គដែលចាត់ខ្ញុំឲ្យមក គឺពិតត្រង់ ហើយអ្នករាល់គ្នាមិនស្គាល់ព្រះអង្គទេ។ Khmer Christian Bible ពេលនោះព្រះយេស៊ូកំពុងបង្រៀននៅក្នុងព្រះវិហារ ព្រះអង្គក៏បន្លឺសំឡេងឡើងថា៖ «អ្នករាល់គ្នាស្គាល់ខ្ញុំ ហើយដឹងថា ខ្ញុំមកពីណា ប៉ុន្ដែខ្ញុំមិនបានមកដោយខ្លួនខ្ញុំទេ គឺព្រះជាម្ចាស់ចាត់ខ្ញុំឲ្យមក ព្រះអង្គពិតត្រង់ ហើយអ្នករាល់គ្នាមិនស្គាល់ព្រះអង្គទេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ កាលព្រះយេស៊ូវកំពុងបង្រៀនក្នុងព្រះវិហារ ព្រះអង្គបន្លឺព្រះសូរសៀងខ្លាំងៗថា៖ «តើអ្នករាល់គ្នាស្គាល់ខ្ញុំ ហើយដឹងថាខ្ញុំមកពីណាឬទេ? ខ្ញុំមិនបានមក ដោយអាងខ្លួនខ្ញុំទេ ព្រះដែលចាត់ខ្ញុំមក ទ្រង់ពិតត្រង់ ហើយអ្នករាល់គ្នាមិនស្គាល់ព្រះអង្គទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ព្រះយេស៊ូបង្រៀនបណ្ដាជនក្នុងព្រះវិហារ* ព្រះអង្គបន្លឺព្រះសូរសៀងខ្លាំងៗថា៖ «អ្នករាល់គ្នាថាស្គាល់ខ្ញុំ ហើយដឹងថាខ្ញុំមកពីណាទៀត!។ ប៉ុន្តែ ខ្ញុំមិនមែនមកក្នុងនាមខ្ញុំឡើយ ព្រះអង្គដែលចាត់ខ្ញុំឲ្យមក ព្រះអង្គសម្តែងសេចក្ដីពិត តែអ្នករាល់គ្នាមិនស្គាល់ព្រះអង្គទេ។ អាល់គីតាប ពេលនោះ អ៊ីសាបង្រៀនបណ្ដាជនក្នុងម៉ាស្ជិទ អ៊ីសាបន្លឺសំឡេងខ្លាំងៗថា៖ «អ្នករាល់គ្នាថាស្គាល់ខ្ញុំ ហើយដឹងថាខ្ញុំមកពីណាទៀត!។ ក៏ប៉ុន្ដែ ខ្ញុំមិនមែនមកក្នុងនាមខ្ញុំឡើយ អុលឡោះដែលចាត់ខ្ញុំឲ្យមក អុលឡោះសំដែងសេចក្ដីពិត តែអ្នករាល់គ្នាមិនស្គាល់ទ្រង់ទេ។ |
ឯអស់អ្នកដែលស្គាល់ព្រះនាមទ្រង់ គេនឹងទុកចិត្តដល់ទ្រង់ ដ្បិត ឱព្រះយេហូវ៉ាអើយ ទ្រង់មិនបានបោះបង់ចោលពួកអ្នក ដែលស្វែងរកទ្រង់ឡើយ
រួចគេនឹងលែងបង្រៀនអ្នកជិតខាង ហើយនឹងបងប្អូនគេរៀងខ្លួនទៀតថា ចូរឲ្យស្គាល់ព្រះយេហូវ៉ាចុះ ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលថា គេនឹងស្គាល់អញគ្រប់ៗគ្នា តាំងពីអ្នកតូចបំផុត រហូតដល់អ្នកធំបំផុតក្នុងពួកគេ ព្រោះអញនឹងអត់ទោសចំពោះអំពើទុច្ចរិតរបស់គេ ហើយនឹងលែងនឹកចាំពីអំពើបាបគេទៀតជាដរាបទៅ។
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ទីលំនៅរបស់ឯង នោះនៅកណ្តាលសេចក្ដីប្រវ័ញ្ចបញ្ឆោត ដោយព្រោះសេចក្ដីប្រវ័ញ្ចបញ្ឆោតនោះ បានជាគេមិនព្រមស្គាល់អញឡើយ។
ឱពួកកូនចៅអ៊ីស្រាអែលអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ ដ្បិតព្រះយេហូវ៉ាទ្រង់មានរឿងនឹងពួកអ្នកស្រុកនេះ ពីព្រោះគ្មានសេចក្ដីពិត ឬសេចក្ដីសប្បុរស ក៏ឥតមានអ្នកណាស្គាល់ព្រះ នៅក្នុងស្រុកនេះឡើយ
ការប្រព្រឹត្តរបស់គេមិនបើកឲ្យគេវិលមកឯព្រះនៃគេវិញបានទេ ដ្បិតនិស្ស័យកំផិតនៅក្នុងគេហើយ គេមិនបានស្គាល់ព្រះយេហូវ៉ាសោះ
គ្រប់សេចក្ដីទាំងអស់បានប្រគល់មកខ្ញុំពីព្រះវរបិតានៃខ្ញុំ ហើយគ្មានអ្នកណាស្គាល់ព្រះរាជបុត្រាទេ មានតែព្រះវរបិតាតែ១ ក៏គ្មានអ្នកណាស្គាល់ព្រះវរបិតាដែរ មានតែព្រះរាជបុត្រា ហើយនឹងអ្នកណា ដែលព្រះរាជបុត្រាសព្វព្រះហឫទ័យចង់បើកឲ្យស្គាល់ទ្រង់ផងប៉ុណ្ណោះ។
រួចគាត់តាំងទីលំនៅ នៅភូមិណាសារ៉ែត ដើម្បីឲ្យបានសំរេចសេចក្ដី ដែលពួកហោរាបានទាយថា «គេនឹងហៅទ្រង់ជាអ្នកស្រុកណាសារ៉ែត»។
នៅវេលានោះឯង ព្រះយេស៊ូវមានបន្ទូលទៅហ្វូងមនុស្សថា តើអ្នករាល់គ្នាបានចេញមកចាប់ខ្ញុំ ដោយកាន់ដាវ កាន់ដំបង ដូចជាមកចាប់ចោរឬអី ខ្ញុំបានអង្គុយជាមួយនឹងអ្នករាល់គ្នា ហើយបង្រៀនក្នុងព្រះវិហាររាល់តែថ្ងៃ តែអ្នករាល់គ្នាមិនបានចាប់ខ្ញុំទេ
រួចទ្រង់បែរទៅមានបន្ទូលនឹងពួកសិស្សថា គ្រប់សេចក្ដីទាំងអស់សុទ្ធតែបានប្រទានមកខ្ញុំ ពីព្រះវរបិតានៃខ្ញុំ គ្មានអ្នកណាស្គាល់ព្រះរាជបុត្រាទេ មានតែព្រះវរបិតាតែ១ ក៏គ្មានអ្នកណាស្គាល់ព្រះវរបិតាដែរ មានតែព្រះរាជបុត្រា ហើយនឹងអ្នកណា ដែលព្រះរាជបុត្រាសព្វព្រះហឫទ័យ បើកឲ្យស្គាល់ទ្រង់ផងប៉ុណ្ណោះ
ដ្បិតនៅថ្ងៃនេះ មានព្រះអង្គសង្គ្រោះ១អង្គ ប្រសូតដល់អ្នករាល់គ្នានៅក្រុងហ្លួងដាវីឌ គឺជាព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់
កាលបានធ្វើសំរេចគ្រប់ទាំងអស់ តាមក្រិត្យវិន័យព្រះអម្ចាស់ហើយ នោះក៏នាំគ្នាត្រឡប់ទៅស្រុកវិញ គឺទៅឯភូមិណាសារ៉ែត ក្នុងស្រុកកាលីឡេ
ឯយ៉ូសែប គាត់ក៏ចេញពីណាសារ៉ែត ស្រុកកាលីឡេ ឡើងទៅឯស្រុកយូដា ដល់ក្រុងរបស់ហ្លួងដាវីឌដែលឈ្មោះថា បេថ្លេហិម ពីព្រោះគាត់ជាព្រះវង្ស ហើយជាព្រះញាតិនឹងហ្លួងដាវីឌដែរ
ទ្រង់ក៏ចុះទៅឯភូមិណាសារ៉ែត ជាមួយនឹងគាត់វិញ ហើយបាននៅក្នុងឱវាទរបស់គាត់ ឯមាតាទ្រង់ បានកំណត់រឿងទាំងនោះទុកនៅតែក្នុងចិត្ត
តែណាថាណែលនិយាយថា តើមានអ្វីដ៏ល្អ អាចចេញពីណាសារ៉ែតមកបានឬទេ ភីលីពឆ្លើយឡើងថា ចូរតាមខ្ញុំទៅមើលចុះ
នោះតើអ្នករាល់គ្នានិយាយមកខ្ញុំនេះ ដែលព្រះវរបិតាញែកជាបរិសុទ្ធ ហើយចាត់មកក្នុងលោកីយ ថា ខ្ញុំពោលពាក្យប្រមាថដល់ព្រះ ដោយព្រោះតែខ្ញុំនិយាយថា ខ្ញុំជាព្រះរាជបុត្រានៃព្រះដូច្នេះឬអី
ដ្បិតខ្ញុំមិនបាននិយាយ ដោយអាងខ្លួនខ្ញុំទេ គឺជាព្រះវរបិតា ដែលចាត់ឲ្យខ្ញុំមក ទ្រង់បានបង្គាប់ខ្ញុំ ពីសេចក្ដីដែលខ្ញុំត្រូវនិយាយ ហើយពីពាក្យដែលខ្ញុំត្រូវប្រាប់វិញ
តើអ្នកមិនជឿថា ខ្ញុំនៅក្នុងព្រះវរបិតា ហើយព្រះវរបិតាគង់នៅក្នុងខ្ញុំទេឬអី អស់ទាំងពាក្យដែលខ្ញុំប្រាប់ដល់អ្នករាល់គ្នា នោះខ្ញុំមិនមែនប្រាប់ ដោយអាងខ្លួនខ្ញុំទេ គឺជាព្រះវរបិតាដែលគង់ក្នុងខ្ញុំ ទ្រង់ធ្វើការទាំងនោះវិញ
គឺខ្ញុំធ្វើបង្គាប់ព្រះវរបិតាវិញ ដើម្បីឲ្យលោកីយបានដឹងថា ខ្ញុំស្រឡាញ់ដល់ទ្រង់ ចូរយើងក្រោកឡើងចេញពីទីនេះទៅ។
គេនឹងប្រព្រឹត្តការទាំងនោះ ដល់អ្នករាល់គ្នា ដោយព្រោះគេមិនស្គាល់ព្រះវរបិតាឬខ្ញុំទេ
ឱព្រះវរបិតាដ៏សុចរិតអើយ លោកីយមិនស្គាល់ទ្រង់ទេ តែទូលបង្គំស្គាល់ទ្រង់ ហើយពួកអ្នកនេះក៏ដឹងថា ទ្រង់បានចាត់ឲ្យទូលបង្គំមកដែរ
នេះជាជីវិតដ៏នៅអស់កល្បជានិច្ច គឺឲ្យគេបានស្គាល់ដល់ទ្រង់ដ៏ជាព្រះពិតតែ១ នឹងព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់បានចាត់ឲ្យមកផង
លោកក៏មកឯព្រះយេស៊ូវទាំងយប់ទូលថា លោកគ្រូ យើងខ្ញុំដឹងថា លោកជាគ្រូមកពីព្រះពិត ដ្បិតគ្មានអ្នកណាអាចនឹងធ្វើទីសំគាល់ ដែលលោកធ្វើទាំងនេះបានទេ លើកតែព្រះគង់នៅជាមួយប៉ុណ្ណោះ
អ្នកណាដែលទទួលសេចក្ដីបន្ទាល់របស់ទ្រង់ នោះបានបោះត្រា យល់ព្រមថា ព្រះទ្រង់ពិតត្រង់មែន
មានម្នាក់ទៀតដែលធ្វើបន្ទាល់ពីខ្ញុំ ហើយខ្ញុំដឹងថា សេចក្ដីបន្ទាល់ ដែលអ្នកនោះធ្វើពីខ្ញុំក៏ពិតប្រាកដមែន
ខ្ញុំបានមកដោយនូវព្រះនាមរបស់ព្រះវរបិតាខ្ញុំ តែអ្នករាល់គ្នាមិនទទួលខ្ញុំទេ បើសិនជាមានអ្នកណាទៀតមក ដោយនូវឈ្មោះរបស់ខ្លួនគេ នោះអ្នករាល់គ្នានឹងទទួលអ្នកនោះវិញ
គេនិយាយថា អ្នកនេះ តើមិនមែនឈ្មោះយេស៊ូវ ជាកូនយ៉ូសែប ដែលយើងស្គាល់ឪពុកម្តាយគាត់ទេឬអី ចុះដូចម្តេចឡើយបានជាគាត់និយាយថា គាត់ចុះពីស្ថានសួគ៌មកដូច្នេះ
ព្រះយេស៊ូវមានបន្ទូលឆ្លើយថា ទោះបីខ្ញុំធ្វើបន្ទាល់ពីខ្លួនខ្ញុំ គង់តែសេចក្ដីបន្ទាល់នោះក៏ពិតដែរ ព្រោះខ្ញុំដឹងជាខ្ញុំមកពីណា ហើយទៅឯណាផង តែអ្នករាល់គ្នាមិនដឹងជាខ្ញុំមកពីណា ឬទៅឯណាទេ
តែបើខ្ញុំជំនុំជំរះដែរ នោះសេចក្ដីជំនុំជំរះរបស់ខ្ញុំជាពិតវិញ ពីព្រោះខ្ញុំមិននៅតែឯងទេ គឺមានព្រះវរបិតា ដែលចាត់ឲ្យខ្ញុំមក ទ្រង់គង់ជាមួយផង
នោះគេទូលសួរថា តើព្រះវរបិតាអ្នកនៅឯណា ព្រះយេស៊ូវទ្រង់ឆ្លើយថា អ្នករាល់គ្នាមិនស្គាល់ខ្ញុំ ឬព្រះវរបិតាខ្ញុំទេ បើសិនជាអ្នករាល់គ្នាបានស្គាល់ខ្ញុំ នោះនឹងស្គាល់ដល់ព្រះវរបិតាខ្ញុំដែរ
ខ្ញុំមានសេចក្ដីជាច្រើនដែលត្រូវនិយាយ ហើយជំនុំជំរះពីដំណើរអ្នករាល់គ្នា ប៉ុន្តែព្រះអង្គដែលចាត់ឲ្យខ្ញុំមក ទ្រង់ពិតប្រាកដ ហើយសេចក្ដីអ្វីដែលខ្ញុំបានឮពីទ្រង់ នោះខ្ញុំក៏ប្រាប់ដល់មនុស្សលោកដែរ
ព្រះយេស៊ូវមានបន្ទូលថា បើព្រះជាព្រះវរបិតានៃអ្នករាល់គ្នាមែន នោះអ្នកនឹងបានស្រឡាញ់ខ្ញុំ ដ្បិតខ្ញុំចេញពីព្រះមក ហើយក៏មកដល់ មិនមែនមកដោយអាងខ្លួនខ្ញុំទេ គឺព្រះអង្គបានចាត់ឲ្យខ្ញុំមកទេតើ
ដ្បិតកំពុងដែលខ្ញុំដើរចុះឡើង មើលប្រដាប់ប្រដា ដែលអ្នករាល់គ្នាគោរពបូជា នោះខ្ញុំឃើញមានអាសនា១ ដែលមានចារិកថា «ព្រះដ៏ពុំស្គាល់» ដូច្នេះ ខ្ញុំនឹងប្រាប់ដល់អ្នករាល់គ្នាពីព្រះ ដែលអ្នករាល់គ្នាគោរពបូជា ដោយឥតស្គាល់នោះឯង
ហើយដោយព្រោះគេមិនចូលចិត្តនឹងស្គាល់ដល់ព្រះសោះ បានជាទ្រង់ប្រគល់គេទៅតាមគំនិតចោលម្សៀតវិញ ដើម្បីឲ្យបានសំរេចការដែលមិនគួរគប្បីធ្វើ
ទេ មិនមែនឡើយ សូមឲ្យព្រះបានរាប់ជាពិត ហើយគ្រប់ទាំងមនុស្សជាភូតភរវិញចុះ ដូចមានសេចក្ដីចែងទុកមកថា «ឲ្យទ្រង់បានរាប់ជាសុចរិត ក្នុងកាលដែលទ្រង់មានបន្ទូល ហើយឲ្យទ្រង់បានឈ្នះ ក្នុងកាលដែលគេជំនុំជំរះទ្រង់»
រីឯព្រះ ទ្រង់ស្មោះត្រង់ បានជាពាក្យសំដីដែលយើងខ្ញុំនិយាយនឹងអ្នករាល់គ្នា នោះមិនមែនថា «បាទ» ផង «ទេ» ផងឡើយ
ដ្បិតគឺជាព្រះ ដែលមានបន្ទូលបង្គាប់ ឲ្យមានពន្លឺភ្លឺចេញពីសេចក្ដីងងឹត ទ្រង់បានបំភ្លឺមកក្នុងចិត្តយើងខ្ញុំ ឲ្យយើងខ្ញុំមានរស្មីពន្លឺនៃដំណើរស្គាល់សិរីល្អរបស់ព្រះ ដែលនៅព្រះភក្ត្រនៃព្រះយេស៊ូវគ្រីស្ទ។
ដោយសេចក្ដីសង្ឃឹមដល់ជីវិតដ៏នៅអស់កល្បជានិច្ច ដែលព្រះដ៏មិនចេះភូត ទ្រង់បានសន្យាមុនអស់ទាំងកល្ប
ដើម្បីឲ្យយើងរាល់គ្នា ដែលបានរត់មកចាប់កាន់សេចក្ដីសង្ឃឹម ដែលដាក់នៅមុខយើង ទុកជាទីជ្រកកោន បានសេចក្ដីកំឡាចិត្តឡើងជាខ្លាំង ដោយសារសេចក្ដីទាំង២មុខនេះដ៏មិនចេះប្រែប្រួល ដែលខាងឯសេចក្ដីទាំង២នោះ ព្រះទ្រង់កុហកពុំបានទេ
អ្នកណាដែលជឿដល់ព្រះរាជបុត្រានៃព្រះ នោះមានសេចក្ដីបន្ទាល់នៅក្នុងខ្លួនហើយ តែអ្នកណាដែលមិនជឿដល់ព្រះសោះ នោះឈ្មោះថា បានធ្វើឲ្យទ្រង់ទៅជាអ្នកកុហកវិញ ពីព្រោះមិនបានជឿដល់សេចក្ដីបន្ទាល់ ដែលទ្រង់បានធ្វើពីដំណើរព្រះរាជបុត្រានៃទ្រង់