យេរេមា 51:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតព្រះនៃពួកអ៊ីស្រាអែល នឹងពួកយូដា គឺជាព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មិនបានព្រាត់ប្រាសពីគេឡើយ ទោះបើស្រុកគេមានពេញ ដោយទោស ចំពោះព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលក៏ដោយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតព្រះនៃពួកអ៊ីស្រាអែល និងពួកយូដា គឺជាព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គមិនបានព្រាត់ប្រាសពីគេឡើយ ទោះបើស្រុកគេមានពេញដោយទោស ចំពោះព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលក៏ដោយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រោះពួកគេប្រព្រឹត្តខុសចំពោះព្រះដ៏វិសុទ្ធ នៃជនជាតិអ៊ីស្រាអែល ពាសពេញក្នុងស្រុក។ ប៉ុន្តែ ព្រះអម្ចាស់នៃពិភពទាំងមូល ដែលជាព្រះ របស់ជនជាតិអ៊ីស្រាអែល និងជនជាតិយូដា ទ្រង់មិនបោះបង់ចោលប្រជារាស្ត្រ របស់ព្រះអង្គឡើយ។ អាល់គីតាប ព្រោះពួកគេប្រព្រឹត្តខុសចំពោះអុលឡោះជាម្ចាស់ដ៏វិសុទ្ធ នៃជនជាតិអ៊ីស្រអែល ពាសពេញក្នុងស្រុក។ ប៉ុន្តែ អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ដែលជាម្ចាស់ របស់ជនជាតិអ៊ីស្រអែល និងជនជាតិយូដា ទ្រង់មិនបោះបង់ចោលប្រជារាស្ត្រ របស់ទ្រង់ឡើយ។ |
មួយទៀត ម៉ាន៉ាសេទ្រង់បានកំចាយឈាម ដែលឥតទោសជាច្រើន ទាល់តែបានធ្វើឲ្យក្រុងយេរូសាឡិមពេញដោយឈាមនោះ ចាប់តាំងពីម្ខាងទៅដល់ម្ខាង នេះក្រៅពីអំពើបាបដែលទ្រង់បានធ្វើ ដែលនាំឲ្យពួកយូដាធ្វើតាម ដោយប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា
ដ្បិតយើងខ្ញុំជាបាវបំរើគេមែន តែព្រះនៃយើងខ្ញុំមិនបានបោះបង់ចោលយើងខ្ញុំ កំពុងដែលនៅបំរើគេនោះទេ គឺបានផ្តល់សេចក្ដីសប្បុរសមកយើងខ្ញុំ ឲ្យបានរស់ឡើងវិញបន្តិច នៅភ្នែកនៃពួកស្តេចសាសន៍ពើស៊ីផង ដើម្បីនឹងតាំងព្រះវិហារនៃព្រះរបស់យើងខ្ញុំ ហើយជួសជុលទីបាក់បែកឡើងវិញ ព្រមទាំងឲ្យមានកំផែង នៅស្រុកយូដា នឹងក្រុងយេរូសាឡិមឡើងផង
ឱពួកយ៉ាកុបនឹងពួកអ៊ីស្រាអែលអើយ ចូរនឹកចាំពីសេចក្ដីទាំងនេះចុះ ដ្បិតឯងជាអ្នកបំរើរបស់អញ អញបានសូនបង្កើតឯង ដូច្នេះ ឯងជាអ្នកបំរើរបស់អញ ឱពួកអ៊ីស្រាអែលអើយ អញនឹងមិនភ្លេចឯងឡើយ
ដ្បិតអញ ជាយេហូវ៉ា គឺជាព្រះនៃឯង ជាព្រះដែលបង្ក្រាបសមុទ្រក្នុងកាលដែលរលកកំរើកឡើងឮសន្ធឹក នាមអញ គឺយេហូវ៉ា ជាព្រះនៃពួកពលបរិវារ
គេនឹងហៅពួកនោះថា ជាជនជាតិបរិសុទ្ធ គឺជាពួកដែលព្រះយេហូវ៉ាទ្រង់ប្រោសលោះ នោះឯងនឹងបានហៅថា ទីក្រុងដែលគេស្វែងរក ជាទីក្រុងដែលមិនត្រូវបង់ចោលឡើយ។
តើទ្រង់បានបោះបង់ចោលពួកយូដាជាដាច់ខាតឬ តើព្រះហឫទ័យទ្រង់ស្អប់ខ្ពើមក្រុងស៊ីយ៉ូនឬអី ហេតុអ្វីបានជាទ្រង់វាយយើងរាល់គ្នា ហើយមិនឲ្យជាឡើងវិញសោះ យើងខ្ញុំបានរង់ចាំ ថានឹងបានសេចក្ដីសុខ តែឥតមានអ្វីល្អមកឡើយ ក៏សង្ឃឹមនឹងបានជា តែមើល បានតែសេចក្ដីភ័យវិញ
ហេតុអ្វីបានជាទ្រង់ត្រូវដូចជាមនុស្សស្រឡាំងកាំង គឺដូចជាមនុស្សខ្លាំងពូកែដែលពុំអាចនឹងជួយសង្គ្រោះបានឡើយផង ប៉ុន្តែ ឱព្រះយេហូវ៉ាអើយទ្រង់គង់កណ្តាលយើងខ្ញុំរាល់គ្នា ហើយយើងខ្ញុំក៏បានហៅតាមព្រះនាមទ្រង់ដែរ សូមកុំលះចោលយើងខ្ញុំឡើយ។
នោះមុនដំបូងអញនឹងសងអំពើទុច្ចរិត នឹងអំពើបាបរបស់គេ១ជា២ ពីព្រោះគេបានធ្វើឲ្យស្រុកអញទៅជាស្មោកគ្រោក ដោយសាកសពនៃរូបព្រះគួរខ្ពើម ហើយបានបំពេញស្រុកជាមរដករបស់អញ ដោយរបស់គួរខ្ពើមឆ្អើមរបស់គេ។
ដ្បិតគេបានបោះបង់ចោលអញ ហើយបានបង្អាប់ទីនេះ ព្រមទាំងដុតកំញាននៅទីនេះថ្វាយដល់ព្រះដទៃ ជាព្រះដែល ទោះទាំងខ្លួនគេ ពួកព្ធយុកោគេ ឬពួកស្តេចសាសន៍យូដា ក៏មិនបានស្គាល់ផង ហើយបានធ្វើឲ្យទីនេះពេញ ដោយឈាមនៃមនុស្ស ដែលឥតមានទោសដែរ
ហេតុនោះ ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលពីដំណើរពួកហោរាដូច្នេះថា មើលអញនឹងចិញ្ចឹមគេដោយស្លែង ហើយនឹងឲ្យគេផឹកទឹកពុល ដ្បិតមានសេចក្ដីល្មើសចំពោះព្រះ បានចេញពីពួកហោរានៅក្រុងយេរូសាឡិមទៅពេញក្នុងស្រុកហើយ។
ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា បើអាចនឹងវាស់ផ្ទៃមេឃខាងលើ ហើយស្ទង់ឫសផែនដីនៅខាងក្រោមបាន នោះអញនឹងបោះបង់ចោលពូជអ៊ីស្រាអែល ដោយព្រោះអស់ទាំងការដែលគេបានប្រព្រឹត្តដែរ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ឱយ៉ាកុប ជាអ្នកបំរើរបស់អញអើយ កុំឲ្យខ្លាចឲ្យសោះ ដ្បិតអញនៅជាមួយនឹងឯងហើយ អញនឹងធ្វើឲ្យអស់ទាំងនគរដែលអញបានបណ្តេញឯងទៅនោះ បានផុតអស់រលីងទៅ តែអញនឹងមិនបំផុតឯងអស់រលីងទេ គឺនឹងគ្រាន់តែវាយផ្ចាលឯង តាមខ្នាតប៉ុណ្ណោះ ប៉ុន្តែអញមិនទុកឲ្យឯងនៅជាឥតទោសឡើយ។
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា នៅគ្រានោះ គឺនៅវេលានោះឯង គេនឹងរកសេចក្ដីទុច្ចរិតរបស់ពួកអ៊ីស្រាអែល តែនឹងមិនប្រទះទេ ហើយរកអំពើបាបរបស់ពួកយូដា តែនឹងមិនឃើញឡើយ ពីព្រោះអញនឹងអត់ទោសដល់ពួកអ្នកដែលអញទុកឲ្យសល់នៅ។
ឯចំណែករបស់ពួកយ៉ាកុប មិនមែនដូច្នោះទេ ដ្បិតគឺទ្រង់ដែលជបសូនរបស់សព្វសារពើ ហើយសាសន៍អ៊ីស្រាអែលជាពូជអំបូរដែលជាមរដករបស់ទ្រង់ ព្រះនាមទ្រង់ គឺជាព្រះយេហូវ៉ានៃពួកពលបរិវារ។
ទ្រង់មានបន្ទូលសួរខ្ញុំថា កូនមនុស្សអើយ ឯងឃើញឬទេ តើពួកវង្សយូដារាប់ការគួរស្អប់ខ្ពើមទាំងនោះ ដែលគេប្រព្រឹត្តនៅទីនេះថាជាការស្រាលឬអី ដ្បិតគេបានធ្វើឲ្យស្រុកនេះមានពេញដោយសេចក្ដីច្រឡោត ហើយបានបែរជាបណ្តាលឲ្យអញខឹងម្តងទៀត ហើយមើល គេលើកមែកឈើប្រណម្យនៅច្រមុះគេផង
ទ្រង់មានបន្ទូលតបមកខ្ញុំថា សេចក្ដីទុច្ចរិតរបស់ពូជពង្សអ៊ីស្រាអែល នឹងយូដា នោះធំក្រៃលែងណាស់ ស្រុកនេះក៏ពេញដោយឈាម ហើយទីក្រុងមានពេញដោយសេចក្ដីវៀចកោងដែរ ដ្បិតគេថា ព្រះយេហូវ៉ាបានបោះបង់ចោលស្រុកនេះហើយ ព្រះយេហូវ៉ាទ្រង់មើលមិនឃើញទេ
ប៉ុន្តែ ពួកកូនចៅអ៊ីស្រាអែលនឹងមានចំនួនដូចជាខ្សាច់នៅសមុទ្រ ដែលនឹងវាល់ ឬរាប់មិនបានឡើយ រួចក្រោយមក នឹងកើតមានដូច្នេះ គឺពាក្យដែលបានពោលទុកថា ឯងរាល់គ្នាមិនមែនជារាស្ត្រអញទេ នោះនឹងផ្លាស់ទៅជាថា ឯងរាល់គ្នាជាកូននៃព្រះដ៏មានព្រះជន្មរស់នៅវិញ
ចូរប្រាប់ដល់ពួកបងប្អូនប្រុសរបស់ឯងថា «អាំមី» ហើយដល់បងប្អូនស្រីថា «រូហាម៉ា»ចុះ។
ក្រែងអញសំរាតឲ្យនាងនៅខ្លួនទទេ ហើយធ្វើឲ្យត្រឡប់ដូចជានៅថ្ងៃដែលកើតមកវិញ ឲ្យនាងបានដូចជាទីរហោស្ថាន គឺដូចជាដីហួតហែង ព្រមទាំងសំឡាប់នាងដោយខះស្រេកផង
ឱពួកកូនចៅអ៊ីស្រាអែលអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ ដ្បិតព្រះយេហូវ៉ាទ្រង់មានរឿងនឹងពួកអ្នកស្រុកនេះ ពីព្រោះគ្មានសេចក្ដីពិត ឬសេចក្ដីសប្បុរស ក៏ឥតមានអ្នកណាស្គាល់ព្រះ នៅក្នុងស្រុកនេះឡើយ
មានសុទ្ធតែការប្រទេចផ្តាសា ភូតកុហក កាប់សំឡាប់ លួចប្លន់ ហើយផិតគ្នាទទេ គេរឹបជាន់ ហើយកំចាយឈាមតៗគ្នា
តើមានអ្នកណាជាព្រះឲ្យដូចទ្រង់ ដែលទ្រង់អត់ទោសចំពោះអំពើទុច្ចរិត ហើយក៏បំភ្លេចអំពើរំលងរបស់សំណល់នៃមរដកទ្រង់ ទ្រង់មិនផ្ងំសេចក្ដីខ្ញាល់ទុកជានិច្ចទេ ពីព្រោះទ្រង់សព្វព្រះហឫទ័យនឹងសេចក្ដីសប្បុរសវិញ
ទ្រង់នឹងសំរេចតាមសេចក្ដីពិតដល់យ៉ាកុប នឹងតាមសេចក្ដីសប្បុរសដល់អ័ប្រាហាំ ដូចជាទ្រង់បានស្បថនឹងពួកព្ធយុកោយើងរាល់គ្នា ចាប់តាំងពីបុរាណមកនោះ។:៚
នៅថ្ងៃនោះ អញនឹងធ្វើឲ្យពួកចៅហ្វាយនៃសាសន៍យូដា បានដូចជាជើងក្រាន មានភ្លើងឆេះនៅកណ្តាលឧស ហើយដូចជាចន្លុះឆេះនៅកណ្តាលកណ្តាប់ស្រូវ គេនឹងបន្សុសអស់ទាំងសាសន៍នៅព័ទ្ធជុំវិញ ទោះទាំងខាងឆ្វេង នឹងខាងស្តាំផង រួចពួកក្រុងយេរូសាឡិមនឹងអាស្រ័យនៅក្នុងកន្លែងរបស់គេម្តងទៀត គឺនៅក្រុងយេរូសាឡិមនោះឯង
នៅថ្ងៃនោះ ព្រះយេហូវ៉ាទ្រង់នឹងការពារពួកអ្នក នៅក្រុងយេរូសាឡិម ហើយនៅថ្ងៃនោះ អ្នកណាក្នុងពួកគេដែលខ្សោយ នោះនឹងបានដូចជាដាវីឌវិញ ហើយពួកវង្សរបស់ដាវីឌនឹងបានដូចជាព្រះ គឺដូចជាទេវតានៃព្រះយេហូវ៉ា នៅចំពោះមុខគេ។
ព្រះយេហូវ៉ាទ្រង់នឹងបានស្រុកយូដាទុកជាចំណែកមរដកនៃទ្រង់ នៅក្នុងស្រុកបរិសុទ្ធ ហើយទ្រង់នឹងរើសយកក្រុងយេរូសាឡិមទៀត
ដ្បិតព្រះយេហូវ៉ាទ្រង់មិនបោះបង់ចោលរាស្ត្រទ្រង់ឡើយ ដោយព្រោះទ្រង់យល់ដល់ព្រះនាមទ្រង់ដ៏ជាធំ ពីព្រោះព្រះយេហូវ៉ាបានសព្វព្រះហឫទ័យ នឹងយកអ្នករាល់គ្នា ធ្វើជារាស្ត្ររបស់ទ្រង់