យេរេមា 10:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះទ្រង់បានបង្កើតផែនដី ដោយឫទ្ធិតេជះរបស់ទ្រង់ ទ្រង់បានតាំងលោកីយឡើង ដោយសារប្រាជ្ញារបស់ទ្រង់ ហើយបានលាតផ្ទៃមេឃ ដោយសារយោបល់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបានបង្កើតផែនដី ដោយឫទ្ធិតេជះរបស់ព្រះអង្គ ព្រះអង្គបានតាំងលោកិយ៍ឡើង ដោយសារប្រាជ្ញារបស់ព្រះអង្គ ហើយបានលាតផ្ទៃមេឃ ដោយសារយោបល់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯព្រះអម្ចាស់វិញ ព្រះអង្គបានសូនផែនដី ដោយឫទ្ធានុភាពរបស់ព្រះអង្គ ព្រះអង្គបានបង្កើតពិភពលោក ដោយព្រះប្រាជ្ញាញាណរបស់ព្រះអង្គ ព្រះអង្គបានលាតសន្ធឹងផ្ទៃមេឃ ដោយព្រះតម្រិះរបស់ព្រះអង្គ។ អាល់គីតាប រីឯអុលឡោះវិញ ទ្រង់បានសូនផែនដី ដោយអំណាចរបស់ទ្រង់ ទ្រង់បានបង្កើតពិភពលោក ដោយប្រាជ្ញាញាណរបស់ទ្រង់ ទ្រង់បានលាតសន្ធឹងផ្ទៃមេឃ ដោយតម្រិះរបស់ទ្រង់។ |
រីឯនៅផែនដីនោះមិនទាន់មានអ្វីដុះនៅឡើយទេ ក៏មិនទាន់មានតិណជាតិណានៅវាលដែរ ពីព្រោះព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មិនបានបង្អុរភ្លៀងមកលើផែនដីសោះ ហើយក៏គ្មានមនុស្សណានឹងភ្ជួររាស់ដីផង
ពីព្រោះអស់ទាំងព្រះនៃសាសន៍ដទៃ សុទ្ធតែជារូបទទេ តែឯព្រះយេហូវ៉ាវិញ ទ្រង់បានបង្កើតផ្ទៃមេឃ
ក៏ហ៊ុមអង្គដោយពន្លឺ ដូចជាទ្រង់ព្រះភូសា គឺទ្រង់ដែលលាតផ្ទៃមេឃ ដូចជាលាតបារាំ
ឱព្រះយេហូវ៉ាអើយ អស់ទាំងស្នាដៃរបស់ទ្រង់មាន ច្រើនប្រការណាស់ហ្ន៎ ទ្រង់បានធ្វើទាំងអស់ដោយប្រាជ្ញា ផែនដីបានពេញដោយរបស់ដែលទ្រង់បង្កើត
សេចក្ដីស្មោះត្រង់របស់ទ្រង់ ក៏ស្ថិតស្ថេរនៅ គ្រប់ទាំងដំណមនុស្សតទៅ ទ្រង់បានប្រតិស្ឋានផែនដី ហើយផែនដីក៏តាំងនៅជាប់
ដ្បិតទ្រង់បានប្រតិស្ឋានផែនដីនៅលើសមុទ្រ ហើយបានតាំងឲ្យមាំមួននៅលើទឹកទាំងពួង។
ផ្ទៃមេឃបានកើតមក ដោយសារព្រះបន្ទូលព្រះយេហូវ៉ា ហើយពួកបរិវារនៅលើនោះ បានកើតដោយសារខ្យល់ ពីព្រះឱស្ឋទ្រង់
ទ្រង់ធ្វើឲ្យសូរសន្ធឹកនៃសមុទ្របានស្ងប់ឈឹង ព្រមទាំងសូរសន្ធឹកនៃរលក នឹងការជ្រួលជ្រើមនៃបណ្តាជនទាំងឡាយផង
ទ្រង់ក៏ស្អាងទីបរិសុទ្ធនៃទ្រង់ ដូចជាអស់ទាំងកំពូលខ្ពស់ គឺដូចជាផែនដីដែលទ្រង់បានតាំងឲ្យជាប់ ជាដរាបនោះផង។
ព្រះយេហូវ៉ាទ្រង់ជាអ្នកគ្រប់គ្រង ទ្រង់ប្រដាប់អង្គដោយភាពដ៏រុងរឿងឧត្តម ព្រះយេហូវ៉ាទ្រង់ប្រដាប់អង្គ ដោយតេជានុភាព ព្រមទាំងក្រវាត់អង្គ ដោយសេចក្ដីនោះដែរ ឯលោកីយនោះបានតាំងមាំមួន នឹងរង្គើមិនបានឡើយ
ព្រះយេហូវ៉ាបានប្រតិស្ឋានផែនដី ដោយសារប្រាជ្ញា ក៏បានតាំងផ្ទៃមេឃដោយសារយោបល់ដែរ
តើអ្នកណាបានឡើងទៅឯស្ថានសួគ៌ រួចត្រឡប់ចុះមកវិញ តើអ្នកណាបានកើបប្រមូលខ្យល់ក្តាប់នៅដៃអាវ តើអ្នកណាបានដក់ក្របួចអស់ទាំងទឹក នៅក្នុងថ្នក់អាវរបស់ខ្លួន តើអ្នកណាបានប្រតិស្ឋានចុងផែនដីទាំងប៉ុន្មាន តើព្រះអង្គនោះមានព្រះនាមជាអ្វី ហើយព្រះរាជបុត្រារបស់ទ្រង់តើមានព្រះនាមជាអ្វី បើឯងដឹង ចូរប្រាប់មក។
ឱព្រះយេហូវ៉ានៃពួកពលបរិវារជាព្រះនៃសាសន៍អ៊ីស្រាអែល ដែលគង់ពីលើចេរូប៊ីនអើយ គឺទ្រង់តែ១ព្រះអង្គ ដែលជាព្រះនៃអស់ទាំងសាសន៍នៅផែនដី ទ្រង់បានបង្កបង្កើតផ្ទៃមេឃ នឹងផែនដី
គឺព្រះដែលគង់ពីលើរង្វង់ផែនដី ហើយមនុស្សនៅផែនដីប្រៀបដូចជាកណ្តូបវិញ គឺទ្រង់ដែលលាតផ្ទៃមេឃ ដូចជាលាតបារាំ ហើយសន្ធឹងទៅ ដូចជាត្រសាលសំរាប់អាស្រ័យនៅ
ឯព្រះដ៏ជាព្រះយេហូវ៉ា ជាព្រះដែលបានបង្កើតអស់ទាំងជាន់ផ្ទៃមេឃ ហើយបានលាតផង គឺជាព្រះដែលបានក្រាលផែនដី នឹងរបស់សព្វសារពើដែលចេញពីនោះមក គឺព្រះអង្គដែលប្រទានឲ្យប្រជាជាតិទាំងប៉ុន្មាន នៅផែនដីមានដង្ហើម ព្រមទាំងឲ្យមនុស្សទាំងឡាយដែលដើរក្នុងលោកមានវិញ្ញាណផង ទ្រង់មានបន្ទូលថា
ព្រះយេហូវ៉ា ជាព្រះដែលប្រោសលោះឯង គឺជាព្រះដែលជបសូនឯង តាំងពីនៅក្នុងផ្ទៃម្តាយ ទ្រង់មានបន្ទូលដូច្នេះថា អញជាយេហូវ៉ា ជាព្រះដែលបង្កើតរបស់សព្វសារពើ អញលាតសន្ធឹងផ្ទៃមេឃតែម្នាក់ឯង ហើយបានក្រាលផែនដីដោយខ្លួនអញ
អញបានរៀបចំផែនដី ហើយបង្កើតមនុស្សឲ្យអាស្រ័យនៅ គឺដៃអញដែលបានលាតផ្ទៃមេឃ ហើយអញបានបង្គាប់ដល់អស់ទាំងពលបរិវារ ដែលនៅលើស្ថាននោះដែរ
ដ្បិតព្រះយេហូវ៉ាដែលបានបង្កើតផ្ទៃមេឃ ជាព្រះដែលទ្រង់សូនធ្វើ ហើយប្រតិស្ឋានផែនដី ក៏តាំងឡើង មិនមែនបង្កើតមកឲ្យនៅទទេទេ គឺបានជបសូនបង្កើតឲ្យជាទីអាស្រ័យនៅ ទ្រង់មានបន្ទូលដូច្នេះថា គឺអញនេះជាយេហូវ៉ា ឥតមានព្រះឯណាទៀតឡើយ
អើ ដៃអញបានដាក់ឫសនៃផែនដី ហើយដៃស្តាំរបស់អញបានលាតផ្ទៃមេឃ កាលណាអញហៅ នោះទាំង២ក៏ឈរឡើងជាមួយគ្នា
ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ដល់វេលាដែលគាប់ចិត្តអញ នោះអញបានឆ្លើយដល់ឯង ហើយនៅថ្ងៃសំរាប់សង្គ្រោះ នោះអញបានជួយឯង អញនឹងទំនុកបំរុងឯង ហើយតាំងឯងឡើងទុកជាសេចក្ដីសញ្ញាដល់បណ្តាជន ប្រយោជន៍នឹងរៀបចំផែនដីឡើង ឲ្យគេបានគ្រងទី ដែលចោលស្ងាត់ ទុកជាមរដក
កាលណាទ្រង់បព្ចោញព្រះសៀង នោះមានទឹកសន្ធឹកនៅលើមេឃ ទ្រង់ធ្វើឲ្យចំហាយឡើងពីចុងផែនដីទាំងអស់ ក៏បង្កើតផ្លេកបន្ទោរ សំរាប់ជូនភ្លៀងមក ហើយបព្ចោញខ្យល់ពីឃ្លាំងរបស់ទ្រង់ផង
ឯព្រះរបស់ពួកយ៉ាកុបមិនមែនដូចវាទេ គឺទ្រង់ដែលបានបង្កើតរបស់សព្វសារពើវិញ ហើយសាសន៍អ៊ីស្រាអែល ជាពូជអំបូរដែលជាមរដករបស់ទ្រង់ ព្រះនាមទ្រង់ គឺជាព្រះយេហូវ៉ានៃពួកពលបរិវារ។
ក្នុងអស់ទាំងព្រះឥតប្រយោជន៍របស់សាសន៍ដទៃ តើមានណាមួយបង្អុរឲ្យមានភ្លៀងធ្លាក់មកបានឬ តើផ្ទៃមេឃនឹងឲ្យធ្លាក់ភ្លៀង១មេបានឬទេ ឱព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំអើយ តើមិនមែនជាទ្រង់វិញទេឬអី ដូច្នេះ យើងខ្ញុំនឹងទន្ទឹងចាំតែទ្រង់ ដ្បិតគឺទ្រង់ហើយដែលបានធ្វើគ្រប់ការទាំងនេះ។
អញបានបង្កើតផែនដី នឹងមនុស្ស ហើយសត្វដែលនៅលើផែនដីទាំងប៉ុន្មាន ដោយសារឫទ្ធិដ៏ធំ នឹងដៃលើកសំរេចរបស់អញ ក៏ប្រគល់ដល់អ្នកណាដែលអញគិតឃើញថាគួរ
ឱព្រះអម្ចាស់យេហូវ៉ាអើយ មើល ទ្រង់បានបង្កើតផ្ទៃមេឃ នឹងផែនដី ដោយសារព្រះចេស្តាដ៏ធំរបស់ទ្រង់ នឹងព្រះពាហុដ៏លើកសំរេច គ្មានអ្វីដែលពិបាកពេកដល់ទ្រង់ទេ
នេះជាព្រះបន្ទូលយ៉ាងធ្ងន់នៃព្រះយេហូវ៉ា ពីដំណើរអ៊ីស្រាអែល។ ព្រះយេហូវ៉ា ជាព្រះដែលបានលាតផ្ទៃមេឃ ហើយដាំឫសនៃផែនដី ព្រមទាំងបង្កបង្កើតវិញ្ញាណនៅក្នុងខ្លួនមនុស្សផង ទ្រង់មានបន្ទូលដូច្នេះថា
គ្រប់របស់ទាំងអស់បានកើតមកដោយសារទ្រង់ ហើយក្នុងបណ្តារបស់ដែលបានបង្កើតមកទាំងប៉ុន្មាន នោះគ្មានអ្វីណាមួយកើតមកក្រៅពីទ្រង់ឡើយ
ដ្បិតគឺទ្រង់ហើយ ដែលបង្កើតគ្រប់ទាំងអស់ ទាំងរបស់នៅស្ថានសួគ៌ នឹងនៅផែនដី ទាំងរបស់ដែលមើលឃើញ ហើយដែលមើលមិនឃើញផង ទោះបើជារាជ្យ ឬអំណាចជាព្រះអម្ចាស់ ឬអំណាចគ្រប់គ្រង ឬអំណាចណាក៏ដោយ នោះសុទ្ធតែកើតមកដោយសារទ្រង់ ហើយសំរាប់ទ្រង់ទាំងអស់ផង