ដានីយ៉ែល 5:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះឃើញថា មានវិញ្ញាណយ៉ាងវិសេស មានដំរិះ នឹងយោបល់ ក៏មានចំណេះចេះកាត់ស្រាយសប្តិ នឹងដោះស្រាយប្រស្នា ហើយកែសេចក្ដីដ៏ជ្រាលជ្រៅ នៅក្នុងខ្លួនអ្នកនោះ ដែលស្តេចទ្រង់ប្រទានឈ្មោះថា បេលថិស្សាសារ ដូច្នេះ សូមឲ្យគេហៅដានីយ៉ែលនោះមកឥឡូវ លោកនឹងបកប្រែសេចក្ដីថ្វាយទ្រង់។ ព្រះគម្ពីរខ្មែរសាកល ពីព្រោះវិញ្ញាណដ៏វិសេស និងចំណេះដឹង ព្រមទាំងការយល់ដឹង ការកាត់ស្រាយយល់សប្តិ ការដោះប្រស្នា និងការដោះស្រាយបញ្ហាដ៏លំបាក ឃើញមាននៅក្នុងគាត់ គឺនៅក្នុងដានីយ៉ែលដែលស្ដេចបានប្រទានឈ្មោះគាត់ថា បេលថិស្សាសារ។ ឥឡូវនេះ សូមហៅដានីយ៉ែលមក ហើយគាត់នឹងបង្ហាញការបកស្រាយនោះ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រោះឃើញថា នៅក្នុងអ្នកនោះមានវិញ្ញាណមួយដ៏វិសេស មានចំណេះជ្រៅជ្រះ និងមានយោបល់ចេះកាត់ស្រាយសុបិន ដោះស្រាយប្រស្នា និងដោះស្រាយបញ្ហាស្មុគស្មាញបាន។ ស្ដេចប្រទានឈ្មោះឲ្យអ្នកនោះថា បេលថិស្សាសារ ដូច្នេះ សូមឲ្យគេហៅដានីយ៉ែលនោះមក លោកនឹងកាត់ស្រាយន័យថ្វាយព្រះករុណា»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រោះឃើញថា បុរសនោះជាមនុស្សមានប្រាជ្ញាវាងវៃដ៏អស្ចារ្យ មានចំណេះជ្រៅជ្រះ ប៉ិនប្រសប់ខាងរិះគិតពិចារណា ហើយចេះកាត់ស្រាយសុបិន កាត់ប្រស្នា និងដោះស្រាយបញ្ហាដ៏ស្មុគស្មាញបានផង។ លោកនោះគឺដានីយ៉ែល ដែលព្រះបិតារបស់ព្រះករុណាប្រទាននាមថា បេលថិស្សាសារ ដូច្នេះ សូមឲ្យគេហៅលោកដានីយ៉ែលនោះមក លោកនឹងពន្យល់អត្ថន័យថ្វាយព្រះករុណាជាមិនខាន»។ អាល់គីតាប ព្រោះឃើញថា បុរសនោះជាមនុស្សមានប្រាជ្ញាវាងវៃដ៏អស្ចារ្យ មានចំណេះជ្រៅជ្រះ ប៉ិនប្រសប់ខាងរិះគិតពិចារណា ហើយចេះកាត់ស្រាយសុបិន កាត់ប្រស្នា និងដោះស្រាយបញ្ហាដ៏ស្មុគស្មាញបានផង។ គាត់នោះគឺដានីយ៉ែល ដែលបិតារបស់ស្តេចប្រទាននាមថា បេលថិស្សាសារ ដូច្នេះ សូមឲ្យគេហៅដានីយ៉ែលនោះមក គាត់នឹងពន្យល់អត្ថន័យជូនស្តេចជាមិនខាន»។ |
មនុស្សសុចរិតជាអ្នកចាំផ្លូវដល់អ្នកជិតខាង តែផ្លូវរបស់មនុស្សអាក្រក់រមែងនាំឲ្យវង្វេងវិញ។
អ្នកណាដែលមានដំរិះរមែងសំចៃទុកនូវពាក្យសំដី ហើយអ្នកណាដែលមានយោបល់ នោះក៏តែងតែមានចិត្តត្រជាក់ដែរ។
មើល ឯងមានប្រាជ្ញាលើសជាងដានីយ៉ែលទៅទៀត គ្មានការសំងាត់ណា ដែលលាក់កំបាំងនឹងឯងសោះ
រីឯមនុស្សកំឡោះទាំង៤នាក់នេះ ព្រះទ្រង់ប្រទានឲ្យគេមានដំរិះ ហើយឲ្យបានឆ្លៀវឆ្លាតក្នុងគ្រប់ទាំងចំណេះនឹងប្រាជ្ញា ឯដានីយ៉ែល លោកក៏មានយោបល់ក្នុងអស់ទាំងការជាក់ស្តែង នឹងការយល់សប្តិផង
ឯចៅហ្វាយលើពួកកំរៀវ លោកឲ្យមានឈ្មោះផ្សេងវិញ គឺលោកឲ្យដានីយ៉ែលមានឈ្មោះថា បេលថិស្សាសារ ឲ្យហាណានាមានឈ្មោះថា សាដ្រាក់ ឲ្យមីសាអែលមានឈ្មោះថា មែសាក់ ហើយក៏ឲ្យអ័សារាមានឈ្មោះថា អ័បេឌ-នេកោ។
ស្តេចទ្រង់មានបន្ទូលសួរដានីយ៉ែល ដែលលោកមានឈ្មោះជា បេលថិស្សាសារ ថា តើអ្នកអាចនឹងប្រាប់សប្តិ ដែលយើងបានឃើញនោះ ហើយកាត់ស្រាយឲ្យយើងផងបានឬ
លំដាប់នោះ ដានីយ៉ែល ដែលមានឈ្មោះថា បេលថិស្សាសារ លោកត្រូវងឿងនៅ១សំទុះ ហើយគំនិតរបស់លោកក៏នាំឲ្យបារម្ភព្រួយ តែស្តេចទ្រង់មានបន្ទូលថា បេលថិស្សាសារអើយ កុំឲ្យសុបិននេះ ឬសេចក្ដីសំរាយបាននាំឲ្យអ្នកបារម្ភព្រួយឡើយ នោះបេលថិស្សាសារទូលតបថា បពិត្រព្រះអម្ចាស់ជីវិតនៃទូលបង្គំ សូមឲ្យសុបិននេះបានកើតដល់ពួកអ្នកដែលស្អប់ទ្រង់វិញចុះ ហើយសេចក្ដីសំរាយបានដល់ពួកសត្រូវរបស់ទ្រង់ដែរ
លុះក្រោយមក ដានីយ៉ែល ដែលមានឈ្មោះ បេលថិស្សាសារ តាមព្រះនាមព្រះនៃយើង បានចូលមកចំពោះយើង ជាអ្នកដែលមានវិញ្ញាណរបស់ព្រះដ៏បរិសុទ្ធ សណ្ឋិតនៅលើខ្លួន យើងក៏ប្រាប់សុបិននោះដល់គាត់ថា
យើងបានឮនិយាយពីលោកថា មានវិញ្ញាណនៃពួកព្រះសណ្ឋិតលើលោក ហើយថាមានពន្លឺ យោបល់ នឹងប្រាជ្ញាស្រួចស្រាល់នៅក្នុងខ្លួនលោក
ប៉ុន្តែចំណែកលោក យើងបានឮថា លោកប៉ិនប្រសប់នឹងប្រែសេចក្ដី ហើយកែន័យដ៏ជ្រាលជ្រៅបាន ឥឡូវនេះ បើលោកអាចនឹងមើលអក្សរនេះ ហើយប្រែន័យសេចក្ដីឲ្យយើងស្តាប់បាន នោះលោកនឹងបានស្លៀកពាក់សំពត់ពណ៌ស្វាយ ហើយមានខ្សែមាសពាក់នៅកផង ក៏នឹងបានតាំងឡើងជាអ្នកគ្រប់គ្រងទី៣ក្នុងនគរ។
រួចមកដានីយ៉ែលបានត្រឡប់ជាកំពូលលើពួកអធិបតី នឹងពួកចៅហ្វាយទាំងប៉ុន្មាន ដ្បិតលោកមានវិញ្ញាណយ៉ាងស្រួចស្រាល់ ហើយស្តេចទ្រង់គិតនឹងតាំងលោក ឲ្យត្រួតលើនគរទាំងមូល។
ដូច្នេះ ពួកអធិបតី នឹងពួកចៅហ្វាយក៏ស្វែងរកហេតុពីដំណើររាជការផែនដី ឲ្យទាស់នឹងដានីយ៉ែល តែគេរកឱកាស ឬកំហុសអ្វីមិនបានឡើយ ក៏មិនឃើញមានថ្លស់ធ្លោយ ឬទោសទាស់អ្វីដែរ ពីព្រោះលោកជាមនុស្សស្មោះត្រង់
ខ្ញុំក៏ខំធ្វើការនោះឯង ទាំងតយុទ្ធតាមឫទ្ធិបារមីទ្រង់ ដែលបណ្តាលឡើងក្នុងខ្ញុំដោយព្រះចេស្តា។