ទំនុកតម្កើង 16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ទំនុកនៃស្តេចដាវីឌ។ 1 ឱព្រះអង្គអើយ សូមការពារទូលបង្គំផង ដ្បិតទូលបង្គំយកទ្រង់ជាទីពឹង 2 ខ្ញុំបានទូលដល់ព្រះយេហូវ៉ាថា ទ្រង់ជាព្រះអម្ចាស់នៃទូលបង្គំ ក្រៅពីទ្រង់ ទូលបង្គំរកសេចក្ដីល្អមិនបានឡើយ 3 ចំណែកពួកបរិសុទ្ធដែលនៅផែនដី នោះជាពួកប្រសើរ ដែលគាប់ចិត្តទូលបង្គំគ្រប់ជំពូក 4 ឯពួកអ្នកដែលអាល័យតែតាមព្រះដទៃ នោះសេចក្ដីទុក្ខលំបាកនឹងចំរើនជាច្រើនឡើងដល់គេ ទូលបង្គំមិនព្រមច្រួចឈាមថ្វាយដល់ព្រះទាំងនោះឡើយ ក៏មិនព្រមទាំងចេញឈ្មោះរបស់ព្រះទាំងនោះ ដោយបបូរមាត់ទូលបង្គំផង 5 ព្រះយេហូវ៉ាទ្រង់ជាចំណែកនៃមរដក ហើយជាចំណែកក្នុងពែងរបស់ទូលបង្គំ គឺទ្រង់ហើយ ដែលត្រួតមើលចំណែកទូលបង្គំ 6 ខ្សែរង្វាស់បានធ្លាក់នៅទីកន្លែងគាប់ចិត្តឲ្យទូលបង្គំ អើ ទូលបង្គំបានទទួលមរដកល្អណាស់ 7 ទូលបង្គំនឹងសរសើរដល់ព្រះយេហូវ៉ា ដែលទ្រង់ជួយគំនិតទូលបង្គំ អើ ចិត្តក៏បង្គាប់ដល់ទូលបង្គំនៅវេលាយប់ដែរ 8 ទូលបង្គំបានតាំងព្រះយេហូវ៉ា នៅមុខទូលបង្គំជាដរាប ហើយដោយព្រោះទ្រង់គង់នៅខាងស្តាំទូលបង្គំ បានជាទូលបង្គំមិនត្រូវរង្គើឡើយ 9 ហេតុនោះចិត្តទូលបង្គំអរសប្បាយ ហើយកិត្តិយសនៃទូលបង្គំបានរីករាយឡើង រូបសាច់នៃទូលបង្គំក៏នឹងនៅដោយសាន្តត្រាណដែរ 10 ដ្បិតទ្រង់មិនទុកឲ្យព្រលឹងទូលបង្គំ នៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ទេ ក៏មិនព្រមឲ្យ អ្នកបរិសុទ្ធរបស់ទ្រង់ឃើញសេចក្ដីពុករលួយដែរ 11 ទ្រង់នឹងបង្ហាញឲ្យទូលបង្គំឃើញផ្លូវជីវិតវិញ នៅចំពោះទ្រង់មានសេចក្ដីអំណរដ៏ពោរពេញ នៅព្រះហស្តស្តាំទ្រង់មានសេចក្ដីអរសប្បាយ ជាដរាបតទៅ។ |
© BFBS/UBS 1954, 1962. All Rights Reserved.
Bible Society in Cambodia