ដានីយ៉ែល 2:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ពួកខាល់ដេ គេទូលឆ្លើយដល់ស្តេច ជាភាសាអារ៉ាមថា បពិត្រព្រះករុណា សូមឲ្យទ្រង់មានព្រះជន្មតរៀងទៅ សូមទ្រង់មានបន្ទូលប្រាប់សុបិននោះមកយើងខ្ញុំ ជាបាវបំរើចុះ នោះយើងខ្ញុំនឹងកាត់ស្រាយថ្វាយទ្រង់ជ្រាប ព្រះគម្ពីរខ្មែរសាកល ពួកខាល់ដេទាំងនោះក៏ទូលស្ដេច ជាភាសាអើរ៉ាមថា៖ “ព្រះរាជាអើយ សូមឲ្យព្រះករុណាមានព្រះជន្មរស់ជារៀងរហូត! សូមប្រាប់សុបិននោះដល់បាវបម្រើរបស់ទ្រង់ចុះ នោះយើងខ្ញុំនឹងបង្ហាញការកាត់ស្រាយ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ពួកខាល់ដេទូលស្តេចវិញ (ជាភាសាអារ៉ាម) ថា៖ «បពិត្រព្រះករុណា សូមឲ្យទ្រង់មានព្រះជន្មយឺនយូរជាអង្វែងតរៀងទៅ! សូមព្រះករុណាប្រាប់ពីសុបិននោះមកយើងខ្ញុំ ជាបាវបម្រើចុះ យើងខ្ញុំនឹងកាត់ស្រាយថ្វាយព្រះករុណា»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគ្រូទាយទូលស្ដេចវិញជាភាសាអារ៉ាម ថា៖ «បពិត្រព្រះរាជា សូមទ្រង់មានព្រះជន្មគង់នៅជាយូរអង្វែងតរៀងទៅ! សូមព្រះករុណាមានរាជឱង្ការឲ្យយើងខ្ញុំដឹងផងថា ព្រះករុណាទ្រង់សុបិនយ៉ាងណា យើងខ្ញុំនឹងកាត់ស្រាយអត្ថន័យថ្វាយ»។ អាល់គីតាប ពួកគ្រូទាយជម្រាបស្ដេចវិញជាភាសាអារ៉ាមថា៖ «សូមស្តេចរស់នៅអស់កល្បជាយូរអង្វែងតរៀងទៅអើយ! សូមស្តេចមានប្រសាសន៍ឲ្យយើងខ្ញុំដឹងផងថាស្តេចសុបិនយ៉ាងណា យើងខ្ញុំនឹងកាត់ស្រាយអត្ថន័យជូន»។ |
លុះព្រឹកឡើងទ្រង់មានព្រះទ័យវិតក្កណាស់ ទើបចាត់គេឲ្យទៅហៅពួកហោរ នឹងពួកអ្នកប្រាជ្ញ នៅស្រុកអេស៊ីព្ទមក រួចទ្រង់សំដែងប្រាប់សុបិននោះដល់គេ តែគ្មានអ្នកណាមួយអាចនឹងកាត់ស្រាយថ្វាយទ្រង់បានឡើយ។
ដ្បិតនៅថ្ងៃនេះ លោកបានចុះទៅសំឡាប់គោ នឹងចៀម ហើយសត្វយ៉ាងធាត់ៗជាច្រើន ក៏បានអញ្ជើញពួកបុត្រាទាំងប៉ុន្មាន នៃព្រះករុណា ព្រមទាំងពួកមេទ័ព នឹងអ័បៀថើរដ៏ជាសង្ឃផង មើល គេកំពុងតែលៀងលោមគ្នា នៅចំពោះមុខលោក ដោយបន្លឺវាចាថា សូមឲ្យស្តេចអ័ដូនីយ៉ាប្រកបដោយសេចក្ដីចំរើនចុះ
ដូច្នេះ បាតសេបាក៏ក្រាបផ្កាប់មុខដល់ដី គោរពចំពោះស្តេច ទូលថា បពិត្រព្រះករុណា សូមឲ្យព្រះអម្ចាស់នៃខ្ញុំម្ចាស់បានប្រកបដោយសេចក្ដីចំរើនជានិច្ចតទៅ។
ឯអេលាគីម ជាកូនហ៊ីលគីយ៉ា នឹងសេបណា ហើយយ៉ូអា ក៏ឆ្លើយតបទៅរ៉ាបសាកេថា សូមលោកមានប្រសាសន៍ជាភាសាអារ៉ាម មកយើងខ្ញុំប្របាទវិញ ដ្បិតយើងខ្ញុំស្តាប់បាន សូមកុំមានប្រសាសន៍ជាភាសារបស់ពួកយូដា ឲ្យពួកបណ្តាជនដែលនៅលើកំផែងស្តាប់ផងនោះឡើយ
រួចមក នៅក្នុងរាជ្យអើថាស៊ើកសេស នោះប៊ីសឡាំ មីត្រាដាត ថាបេល នឹងគូកនរបស់គេ ក៏ធ្វើសំបុត្រផ្ញើទៅអើថាស៊ើកសេស ជាស្តេចពើស៊ី មានសេចក្ដីកត់ទុកជាអក្សរតាមភាសាអារ៉ាម
តែខ្ញុំទូលដល់ស្តេចថា សូមឲ្យព្រះករុណាប្រកបដោយសេចក្ដីចំរើនចុះ ធ្វើដូចម្តេចមិនឲ្យទូលបង្គំមានទឹកមុខព្រួយបាន បើទីក្រុង ជាទីមានផ្នូរខ្មោចរបស់ពួកឰយុកោរបស់ទូលបង្គំនៅតែគ្រាំគ្រា ហើយទ្វារក៏ឆេះអស់ហើយដូច្នេះ
ឯអេលាគីម សេបណា នឹងយ៉ូអា ក៏ឆ្លើយតបទៅរ៉ាបសាកេថា សូមមានប្រសាសន៍ ជាភាសាអើរ៉ាមមកយើងខ្ញុំប្របាទវិញ ដ្បិតយើងខ្ញុំស្តាប់បាន សូមកុំមានប្រសាសន៍ជាភាសាយូដាមកយើងខ្ញុំ ឲ្យពួកបណ្តាជនដែលនៅលើកំផែងស្តាប់ផងនោះឡើយ
អញលើកទីសំគាល់របស់ពួកមនុស្សភូតភរចោលចេញ ហើយក៏ធ្វើឲ្យគ្រូទាយទៅជាឆ្កួត ជាពួកអ្នកដែលបំបែរមនុស្សមានប្រាជ្ញាឲ្យវិលទៅក្រោយ ឲ្យចំណេះរបស់គេទៅជាល្ងីល្ងើវិញ
គឺជាមនុស្សកំឡោះៗដែលឥតមានខ្ចោះអ្វីសោះ ជាអ្នកដែលមានរូបរាងល្អ ហើយចេះស្ទាត់ក្នុងគ្រប់ទាំងចំណេះ ឆាប់យល់ខាងសេចក្ដីជ្រៅជ្រះ មានគំនិតវាងវៃ នឹងអស់ទាំងអ្នកដែលមានដំរិះ អាចធ្វើការងារក្នុងដំណាក់ស្តេចបាន ក៏ប្រាប់ឲ្យលោកបង្រៀនគេតាមវិជ្ជានឹងភាសារបស់សាសន៍ខាល់ដេ
គេទូលឆ្លើយម្តងទៀតថា សូមតែឲ្យព្រះករុណាមានបន្ទូលប្រាប់សប្តិនោះដល់យើងខ្ញុំ ជាបាវបំរើទ្រង់ នោះយើងខ្ញុំនឹងកាត់ស្រាយថ្វាយទ្រង់ជ្រាប
លំដាប់នោះ ដានីយ៉ែល ដែលមានឈ្មោះថា បេលថិស្សាសារ លោកត្រូវងឿងនៅ១សំទុះ ហើយគំនិតរបស់លោកក៏នាំឲ្យបារម្ភព្រួយ តែស្តេចទ្រង់មានបន្ទូលថា បេលថិស្សាសារអើយ កុំឲ្យសុបិននេះ ឬសេចក្ដីសំរាយបាននាំឲ្យអ្នកបារម្ភព្រួយឡើយ នោះបេលថិស្សាសារទូលតបថា បពិត្រព្រះអម្ចាស់ជីវិតនៃទូលបង្គំ សូមឲ្យសុបិននេះបានកើតដល់ពួកអ្នកដែលស្អប់ទ្រង់វិញចុះ ហើយសេចក្ដីសំរាយបានដល់ពួកសត្រូវរបស់ទ្រង់ដែរ
នោះពួកគ្រូមន្តអាគម គ្រូអង្គុយធម៌ ពួកខាល់ដេ នឹងគ្រូទាយក៏មក ហើយយើងបានប្រាប់សុបិននោះដល់គេ តែគេមិនបានកាត់ស្រាយឲ្យយើងយល់ន័យសោះ
ឱបេលថិស្សាសារជាមេនៃពួកគ្រូមន្តអាគមអើយ ដោយព្រោះយើងដឹងថា មានវិញ្ញាណនៃព្រះដ៏បរិសុទ្ធសណ្ឋិតនៅលើអ្នក ហើយថាគ្មានការអាថ៌កំបាំងណា ដែលធ្វើឲ្យអ្នកពិបាកចិត្តឡើយ បានជាយើងសូមឲ្យអ្នកប្រាប់ពីការជាក់ស្តែង ដែលយើងបានឃើញក្នុងសុបិន ហើយកាត់ស្រាយឲ្យយើងផង
រីឯអគ្គមហេសី ព្រះនាងក៏យាងចូលទៅក្នុងរោងលៀង ដោយឮព្រះបន្ទូលនៃស្តេច នឹងពួកសេនាបតីរបស់ទ្រង់ ព្រះនាងទូលដល់ស្តេចថា បពិត្រព្រះករុណា សូមទ្រង់មានព្រះជន្មចំរើននៅជាយឺនយូរ សូមកុំឲ្យគំនិតទ្រង់នាំឲ្យមានព្រះទ័យវិតក្កឡើយ ក៏កុំឲ្យព្រះភក្ត្រទ្រង់ផ្លាស់ប្រែទៅដូច្នេះដែរ
ខណៈនោះ អស់ទាំងពួកអ្នកប្រាជ្ញរបស់ស្តេចក៏ចូលមក តែគេមើលអក្សរនោះមិនបានឡើយ ក៏មិនអាចនឹងស្រាយន័យថ្វាយស្តេចបានដែរ
នោះដានីយ៉ែល លោកទូលតបថា បពិត្រព្រះករុណា សូមទ្រង់បានប្រកបដោយព្រះជន្មចំរើនជាយឺនយូរចុះ
ពួកអធិបតី នឹងពួកចៅហ្វាយទាំងនោះ ក៏នាំគ្នាចូលទៅគាល់ស្តេច ទូលដូច្នេះថា បពិត្រព្រះរាជាដារីយុស សូមឲ្យទ្រង់បានប្រកបដោយព្រះជន្មចំរើនជាយឺនយូរតទៅ
ពួកអធិបតីក្នុងនគរ ពួកចៅហ្វាយខេត្ត ពួកភូឈួយ ពួកបាឡាត់ នឹងពួកចៅហ្វាយស្រុក បានជំនុំព្រមគ្នា ចង់តាំងព្រះរាជឱង្ការ១ច្បាប់ គឺជាសេចក្ដីបំរាមយ៉ាងតឹងរ៉ឹងថា បើអ្នកណានឹងសូមអ្វីពីព្រះណា ឬពីមនុស្សណាក៏ដោយ វៀរតែសូមពីព្រះរាជាក្នុងរវាង៣០ថ្ងៃ នោះនឹងត្រូវបោះចោលទៅក្នុងរូងសិង្ហ
ហើយបណ្តាមនុស្សដែលដើរហែមុខក្រោយ គេស្រែកឡើងថា ហូសាណា ដល់ព្រះវង្សហ្លួងដាវីឌ ព្រះអង្គដែលយាងមកដោយនូវព្រះនាមព្រះអម្ចាស់ ទ្រង់ប្រកបដោយព្រះពរ ហូសាណា នៅស្ថានដ៏ខ្ពស់បំផុត
នោះសាំយូអែលប្រាប់ដល់បណ្តាជនថា ចូរមើល អ្នកនេះដែលព្រះយេហូវ៉ាទ្រង់បានតាំងឡើង ថាគ្មានអ្នកណា ក្នុងពួកបណ្តាជន ឲ្យដូចជាគាត់ទេ បណ្តាជនទាំងឡាយក៏បន្លឺវាចាឡើងថា ជយោព្រះករុណា។